ទំព័រហ្វេសប៊ុក (Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០១៧។ Screenshot |
«ការចុច Likes ទំព័រ ហ្វេសប៊ុក លោក ហ៊ុន សែន បានពីក្រៅ ប្រទេស ច្រើនជាង ក្នុងស្រុក»
RFA / វិទ្យុ អាស៊ី សេរី | ៣០ មិនា ២០១៧
គិតមក ត្រឹមថ្ងៃ ទី២៩ ខែមីនា នេះ ទំព័រ ហ្វេសប៊ុក (Facebook) លោក ហ៊ុន សែន កើនចំនួន «Likes» រហូត ដល់ជិត ៧,៣លាន (៧.២៦២.០៩៧)។ ក្នុងចំណោមនេះ ចំនួន Likes តិចជាង ពាក់កណ្ដាល ឬស្មើ នឹងជាង ៣,៦លាន (៣.៦២៤.២៣១) ឬស្មើ នឹង ៤៩,៩% បានមក ពីក្នុងប្រទេស កម្ពុជា។ ចំនួន ជាង ពាក់កណ្ដាល ទៀត នៃអ្នកចុច likes ឬស្មើ នឹងជិត ៣,៧លាន (៣.៦៣៧.៨៦៦) ឬស្មើ នឹង ៥០,១% គឺ បានមក ពីក្រៅប្រទេស ដូចជាប្រទេស ឥណ្ឌា (India), ហ្វីលីពីន (Philippines), ឥណ្ឌូនេស៊ី (Indonesia), មីយ៉ាន់ម៉ា (Myanmar), ប៉ាគីស្ថាន (Pakistan), អាហ្វហ្គានីស្ថាន (Afghanistan), បង់ក្លាដេស (Bangladesh), អ៊ីរ៉ាក់ (Iraq), និងនីហ្សេរីយ៉ា (Nigeria) ជាដើម។
ប្រទេសឥណ្ឌា (India) ដែលស្ទើរ តែ គ្មាន ខ្មែរ រស់នៅ សោះ មានអ្នក ចុច likes ទំព័រ ហ្វេសប៊ុក លោក ហ៊ុន សែន ជិត ១លាន នាក់ (៨៤៩.៥៨០), ហ្វីលីពីន (Philippines) ជិត ៨សែន (៧៦៨.៨៨៨), ឥណ្ឌូនេស៊ី (Indonesia) ជាង ៤សែន (៤០៤.៤១៩), មីយ៉ាន់ម៉ា ជិត ២,៥សែន (២៤៣.៦២៤), ដែលប្រទេស ទាំងនេះ ល្បី ខាងមាន មនុស្ស ស៊ីឈ្នួល ចាំអង្គុយ ចុច likes ឲ្យម្ចាស់ ហ្វេសប៊ុក ដែលត្រូវការ ចំនួន likes តាមរយៈ ការទិញ ជាជាង ការចុច likes តាមការ ចូលចិត្ត ពិតប្រាកដ។ មុខរបរ ស៊ីឈ្នួល អង្គុយចុច likes ឬឈ្មោះ ថា «click farms» នេះ ជារបរ នៅប្រទេស ដែលប្រជាជន មានប្រាក់ ចំណូលទាប។ ជាទូទៅ គេ អាចទិញ likes បាន ១ពាន់ likes ដោយចំណាយ ប្រាក់ ត្រឹមតែ ១ដុល្លារ ប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការកើនឡើងចំនួន likes លើទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន រហូតដល់ជិត ៧,៣លាននេះ លោក សម រង្ស៊ី កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ត្រូវបានកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដកស្រង់សម្ដីតាមរយៈសារអេឡិចត្រូនិក (E-mail) ថា, «ឥឡូវនេះបង្ហាញឲ្យឃើញកាន់តែច្បាស់ជាងមុនហើយ ថាការកើនឡើងប្រជាប្រិយនេះ គឺបានមកពីការទិញ។ ការធ្វើបែបនេះគឺដូចក្មេងបៀមដៃ និងគួរឲ្យអស់សំណើចខ្លាំងណាស់។»
លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជា ផ្ដន្ទាទោសដោយកំបាំងមុខ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លើករណីបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសាធារណៈលើហ្វេសប៊ុក (Facebook) ដែលលោក បានសរសេរ កាលពីថ្ងៃ ទី៩ ខែមីនា ឆ្នាំ២០១៦ ថា, «ថ្ងៃនេះ មានធ្លាយ ព័ត៌មាន មួយ តាមរយៈ កាសែត ភ្នំពេញ ប៉ុស្តិ៍ ពីមតិ ចូលចិត្ត ឬ likes ក្លែងក្លាយ នៅលើទំព័រ ហ្វេសប៊ុក របស់លោក ហ៊ុន សែន។» លោក ថា ចំនួន likes មួយចំនួន ធំ លើហ្វេសប៊ុក លោក ហ៊ុន សែន គឺ បានមកពីការទិញ ឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើតគណនីក្លែងក្លាយ ដែលផ្ដល់មតិ like ឬចូលចិត្តឲ្យលោក ហ៊ុន សែន។ លោក សម រង្ស៊ី សរសេរបន្ត ថា, អ្នកគេជួលធ្វើបែបនេះ ច្រើនជាងគេនៅប្រទេសឥណ្ឌា និងប្រទេសហ្វីលីពីន។
លោក សម រង្ស៊ី កាលណោះចាត់ទុកសាលក្រមតុលាការថា ជាការបិទបាំង ការបោកបញ្ឆោតប្រជាពលរដ្ឋ និងដាក់ទោសទណ្ឌលោក ដោយសារលោកហ៊ានលាតត្រដាងការពិត។
កាលពីចុងឆ្នាំ២០១៦ មានការបែកធ្លាយសារទំនាក់ទំនងរវាងចៅ និងតា តាមបណ្ដាញហ្វេសប៊ុកដែលគេសង្ស័យថា ជាការសន្ទនាគ្នារវាងកញ្ញា ធី សុវណ្ណថា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សារពីចៅបានសរសេរ ថា, «Facebook របស់តា ជាមធ្យមបាន likes ជិត ៣.០០០ likes ចំនួននេះមិនអាចលើ សម រង្ស៊ី ទេ។ ចៅអាចធ្វើឲ្យ Facebook page របស់តា បាន ១ម៉ឺន likes ក្នុងមួយថ្ងៃ។ ចៅនឹងជួបជំនួយការតា និងប្រាប់ពីវិធីនេះ តែត្រូវប្រាប់គាត់ឲ្យលាក់ចំណេះដែលចៅប្រាប់ឲ្យជិត។» ទាំងកញ្ញា ធី សុវណ្ណថា និងលោក ហ៊ុន សែន មិនបានប្រតិកម្មបដិសេធ ឬទទួលស្គាល់សារបែកធ្លាយនេះទេ។ លោក ហ៊ុន សែន ក៏មិនបានបញ្ជាឲ្យមានការស៊ើបអង្កេតករណីបែកធ្លាយសារនេះនោះដែរ៕
No comments:
Post a Comment