Paris Peace Accords 23 Oct. 1991

Wednesday, March 22, 2017

លោក ហ៊ុន សែន ផ្លាស់ប្ដូរ​ ការងារ​ សំខាន់ៗ ​របស់​លោក សុខ អាន ឲ្យ​នៅ​ក្រោម​ ក្រសួង​ ជំនាញ | Hun Sen moves prominent duties of Sok An's to relevant ministries of expertise

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth

លោក ហ៊ុន សែន ផ្លាស់ប្ដូរ​ ការងារ​ សំខាន់ៗ ​របស់​លោក សុខ អាន ឲ្យ​នៅ​ក្រោម​ ក្រសួង​ ជំនាញ

RFA / វិទ្យុ អាស៊ី សេរី | ២២ មិនា ២០១៧


លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ ​ទី​២២ ខែ​មីនា បាន​ប្រកាស​ រំសាយ ​មុខ​ងារ​ មួយ​ចំនួន​ ដែល​លោក សុខ អាន អតីត ​រដ្ឋមន្ត្រី​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី​ ធ្លាប់​គ្រប់គ្រង។  ក្នុង​ពេល​ ជាមួយ​គ្នា លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ ដាក់​ស្ថាប័ន​ មួយ​ចំនួន ​ដែល​ឋិត​ក្រោម​ ការ​គ្រប់គ្រង​ របស់​លោក សុខ អាន ឲ្យ​​ឋិត​នៅ​ក្រោម​ ចំណុះ​ក្រសួង​ជំនាញ​វិញ។

អ្នក​ឃ្លាំមើល​ ការ​អភិវឌ្ឍ​ សង្គម​ ស្វាគមន៍ ​ចំពោះ​ ចំណាត់​ការ​ ថ្មី​នេះ, ប៉ុន្តែ​ បារម្ភ​ ខ្លាច​ ការងារ​ មួយ​ចំនួន ​អាច​ មិន​ សូវ​មាន​ ប្រសិទ្ធភាព​ បើ​ មន្ត្រី​ជំនាញ​ មិន​ បំពេញ​ ការងារ​ ឲ្យ​បាន​ស្រុះគ្នា ឬ​មើល​បំណាំ​គ្នា។


ក្រុម​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ជំរុញ​ ឲ្យ​​ក្រសួង​ ជំនាញ​ ដែល​ទទួល​បាន​ការងារ ដែល​ធ្លាប់​គ្រប់គ្រង​ដោយ លោក សុខ អាន ពី​មុន​មក ត្រូវ​ចេះ​បត់បែន និង​បំពេញ​ការងារ​ដោយ​រក្សា​ប្រយោជន៍​ជាតិ​ជា​ធំ និង​មិន​ត្រូវ​ មើល​បំណាំ​គ្នា​ ទើប​ អាច​ធ្វើ​ ឲ្យ​​ការងារ ​មាន​ប្រសិទ្ធភាព។

អ្នក​សិក្សា​ ការ​អភិវឌ្ឍ​ សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា,  ការ​បែង​ចែង​ ការងារ​ ទៅ​ឲ្យ​​ ក្រសួង​ ជំនាញ​ គ្រប់គ្រង​គឺ​ជា​ជម្រើស​ល្អ​មួយ ដើម្បី​ ចៀសវាង​ មន្ត្រី​ ក្ដោបក្ដាប់​ អំណាច​ ផ្ដាច់​មុខ   និង​ការ​ដឹកនាំ​ ដែល​មាន​ ក្បាល​ធំ។  ប៉ុន្តែ​ លោក មាស នី បារម្ភ​ដែរ​ថា តាម​ទម្លាប់​នៃ​ការ​បំពេញ​ការងារ​កន្លង​ទៅ បណ្ដា​ក្រសួង​ទាំង​ឡាយ​តែង​ជួប​ប្រទះ​ការ​មើល​បំណាំ​គ្នា ការងារ​គ្មាន​ការ​បត់បែន ដែល​ធ្វើ​ឲ្យ​​ការងារ​ គ្មាន ​ប្រសិទ្ធភាព។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ប្រកាស​នៅ​ចំពោះ​មុខ​គរុ​និស្សិត​ដែល​ទទួល​សញ្ញាប័ត្រ​ជា​ច្រើន​រយ​នាក់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា លោក ប៊ិន ឈិន ដែល​កំពុង​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ស្ដីទី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នឹង​កាន់​ការងារ​ផ្នែក​សាលាក្ដី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ស្រប​គ្នា​នេះ​សាលា​រាជ​បណ្ឌិត្យ​សភា​កម្ពុជា អាកាសចរ​ស៊ីវិល ត្រូវ​ស្ថិត​ក្រោម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែរ។ គណៈកម្មការ​គ្រប់គ្រង​ផ្លូវ​ដែក ត្រូវ​ប្រគល់​ជូន​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល ជា​អ្នកគ្រប់គ្រង។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន នឹង​ធ្វើ​ជា​ប្រធាន​កាយឫទ្ធិ​ជាតិ​កម្ពុជា។ ស្ថាប័ន​គណៈ​វិស្វកម្ម ត្រូវ​ប្រគល់​ជូន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។  រី​ឯ​ សាលា​ភូមិន្ទ​ រដ្ឋបាល​ ត្រូវ ឋិត​ក្រោម​ ការ​គ្រប់គ្រង​ របស់​ ក្រសួង​ មុខងារ​ សាធារណៈ, ខណៈ​ សាលា​វិជ្ជាជីវៈ​ តុលាការ គឺ ​ត្រូវ​ ប្រគល់​ ឲ្យ​ក្រសួង​ យុត្តិធម៌​ ជា​អ្នក​ ទទួល​បន្ទុក។

ចំណែក​អាជ្ញាធរ​ជាតិ​ធំៗ​ចំនួន​២ គឺ​អាជ្ញាធរ​ព្រះវិហារ និង​អាជ្ញាធរ​អប្សរា នឹង​ត្រូវ​ដាក់​អោយ​ឋិត​ក្រោម​ចំណុះ​ក្រសួង​ជំនាញ​មួយ គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​អ្នកស្រី ភឿង សកុណា ជា​រដ្ឋមន្ត្រី។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ស្ដី​បន្ទោស​ធ្ងន់ៗ ដល់​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល​អធិប្បាយ​ជុំវិញ​តួនាទី​មួយ​ចំនួន​របស់​លោក សុខ អាន៖ «ពេល​ខ្លះ​មិនមែន​អ្នក​សារព័ត៌មាន​ខុស​ទេ ប៉ុន្តែ​យើង (អ្នកនាំពាក្យ) អ្នក​ផ្ដល់​ព័ត៌មាន​ឲ្យ​គេ​ខុស។ រួច​អ្នក​មាន​ចេតនា​អាក្រក់​ក៏​ពង្រីក​ថែម​ទៅ! អត់​មាន​ដូរ​អ្វី​ទាំង​អស់ វា​ទៅ​ជា​ឆ្កួត​អស់​អ៊ីចឹង​ទៅ! ឥឡូវ​ដើម្បី​កែ ចាក់​មួយ​ម្ជុល​បាត់​ឆ្កួត...»

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក មាស នី លើក​ឡើង​ទៀត​ថា ក្រសួង​សាមី​ដែល​ទទួល​បាន​តួនាទី​, ហើយ​ គួរ​បំពេញ​ ការងារ​ ដោយ​ការ​ទទួល​ខុស​ត្រូវ និង​ឯករាជ្យ​ពោល​គឺ​មិន​ចាំបាច់​ទាល់​តែ​នាយក​រដ្ឋមន្ត្រី​លូក​ដៃ​ទើប​បំពេញ​ការងារ​ដូច​ពេល​កន្លង​ទៅ​នោះ​ឡើយ។

ទាក់ទង​នឹង​ការងារ​របស់​លោក សុខ អាន នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា មន្ត្រី​ចំនួន​២ នឹង​ចូល​ទៅ​បំពេញ​ការងារ​របស់​លោក សុខ អាន ក្នុង​ក្របខ័ណ្ឌ​គណបក្ស​រួម​មាន​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន នឹង​កាន់​តំណែង​ ជា​ប្រធាន ​ក្រុម​ការងារ​ ខេត្ត​ របស់ ​គណបក្ស​ ប្រជាជន​ នៅ​ក្នុង​ខេត្ត​ តាកែវ ចំណែក​អតីត​នាយខុទ្ទកាល័យ​​របស់​លោក សុខ អាន, គឺ លោក ជា វ៉ាន់ដេត នឹង​បំពេញ​អាសនៈ​តំណាងរាស្ត្រ​របស់​លោក សុខ អាន នៅ​ខេត្ត​តាកែវ ដែរ។


លោក សុខ អាន ដែល​រដ្ឋាភិបាល​ប្រកាស​ថា បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា បាន​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អស់​រយៈពេល​ជាង ២០​ឆ្នាំ។  លោក ​គឺ​ជា​មន្ត្រី​ដៃ​ស្ដាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​បាន​កាន់​ក្ដាប់​តួនាទី​សំខាន់ៗ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ជា​ច្រើន៕






No comments:

Post a Comment