Paris Peace Accords 23 Oct. 1991

Monday, March 6, 2017

លោក ហ៊ុន សែន ព្រមាន​ បញ្ចេញ​ សារ​សន្ទនា​ ជាមួយ​ លោក កឹម សុខា បន្ថែម​ទៀត | Hun Sen threatens to release more conversations with Kem Sokha

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev

លោក ហ៊ុន សែន ព្រមាន​ បញ្ចេញ​ សារ​សន្ទនា​ ជាមួយ​ លោក កឹម សុខា បន្ថែម​ទៀត

RFA / វិទ្យុ អាស៊ី សេរី | មីនា ២០១៧


ការ​ប្រកាន់​ ជំហរ​ «មិន​ឈ្លោះ, មិន​ឆ្លើយ, មិន​ឆ្លង» ​របស់ ​ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ លោក កឹម សុខា ចំពោះ​ ការ​ទម្លាយ​សារ​ សំឡេង​ ទូរស័ព្ទ​ ឆ្លើយឆ្លង ​របស់​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​កំពុង​ ធ្វើ​ ឲ្យ​លោក ហ៊ុន សែន ក្តៅ​ស្លឹក​ត្រចៀក​ កាន់​តែ ​ខ្លាំង។  លោក ហ៊ុន សែន ព្រមាន​ នៅ​ថ្ងៃ​ ទី​៦ មីនា ថា នឹង​ទម្លាយ​ សារ​ឆ្លើយឆ្លង ​រវាង ​លោក​ ជាមួយ​ លោក កឹម សុខា បន្ត​ទៀត បើ​ លោក កឹម សុខា មិន​ព្រម​ ទទួល​ស្គាល់​ ការពិត។


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹម​តែ​មិន​បង្ហាញ​ពី​បំណង​ចាត់​វិធានការ​ទប់ស្កាត់ ឬ​បើក​ការ​ស៊ើប​អង្កេត​តាម​ចាប់​ខ្លួន​ម្ចាស់​គណនី​ ហ្វេសប៊ុក (Facebook) ឈ្មោះ សីហា ដែល​ហ៊ាន​បញ្ចេញ​សារ​ ឆ្លើយឆ្លង​ របស់​លោក និង​លោក កឹម សុខា ប៉ុណ្ណោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ លោក​បាន​ចេញ​មុខ​ទទួល​ស្គាល់​សំឡេង​របស់​លោក ហើយ​បែរ​ជា​ខឹង​លោក កឹម សុខា ដែល​ប្រកាន់​ជំហរ​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង ចំពោះ​ការ​លេច​ធ្លាយ​សារ​នេះ។

ការ​ប្រកាស​គំរាម​ទម្លាយ​សារ​ឆ្លើយឆ្លង​ជាមួយ​លោក កឹម សុខា នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​បក្ស​ប្រឆាំង​ថ្លែង​ថា គណបក្ស​មិន​ចាប់​អារម្មណ៍​នឹង​ការ​បែក​ធ្លាយ​សារ​សំឡេង​សម្ងាត់ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ជា​សំឡេង​សន្ទនា​រវាង​លោក និង​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​ពេល​ជាមួយ​គ្នា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏​បាន​សរសេរ​របៀប​ឌឺដង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក កុំ​ឲ្យ​ពលរដ្ឋ​ឲ្យ​តម្លៃ​ទៅ​លើ​សារ​ដែល​គេ​បាន​ទម្លាយ​នោះ ហើយ​ដែល​លោក សម រង្ស៊ី ចាត់​ទុក​ថា​ជា​ការ​កាត់​ត​យក​មក​ផ្សព្វផ្សាយ ដើម្បី​បំបែក​បំបាក់​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន វិញ​បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា សំឡេង​ដែល​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សីហា បាន​បញ្ចេញ​នោះ គឺ​ពិត​ជា​សំឡេង​របស់​លោក ១០០%។ លោក​ថែម​ទាំង​បបួល​លោក កឹម សុខា ទៅ​ស្បថ​នៅ​ព្រះអង្គ​ដងកើ មុខ​ព្រះបរមរាជវាំង​ទៀត​ផង បើ​លោក កឹម សុខា មិន​ទទួល​ស្គាល់​សំឡេង​របស់​ខ្លួន។

ប្រហែល​ជា​ដោយសារ​ភាព​ព្រងើយ​កន្តើយ និង​ការ​ឌឺដង​របៀប​បញ្ឈឺ​ចិត្ត​នេះ​ហើយ ទើប​លោក ហ៊ុន សែន មិន​អាច​ទប់​កំហឹង ហើយ​ចាប់​ផ្ដើម​ព្រមាន​ទម្លាយ​សារ​ឆ្លើយឆ្លង​ជាមួយ​លោក កឹម សុខា ឲ្យ​អស់៖ «អ្នក​ឯង​ចង់​សាក​អី បើ​ចង់​សាក​ខ្ញុំ​ទម្លាយ​ទាំងអស់ តាំង​ពី​ក្នុង Whatsapp SMS តិច​អ្នក​ឯង​ថា​ខ្ញុំ​ជា​មនុស្ស​មិន​បាន​ការ គ្រាន់​តែ​ឯកសារ​ដែល​ស្តុក​ដែល​អ្នក​ឯង SMS មក​ខ្ញុំ អ្នក​ឯង Whatsapp មក​ខ្ញុំ អ្នក​ឯង Telegrams មក​ខ្ញុំ អ្នក​ឯង Line មក​ខ្ញុំ អ្នក​ឯង​ចង់​ឲ្យ​ខ្ញុំ​បញ្ចេញ​អី? ខ្ញុំ​នឹង​បញ្ចេញ​ឲ្យ​អ្នក​ឯង​មើល​ទាំងអស់។ នៅ​ស្រុក​ខ្មែរ​មាន​អ្នក​ណា​ជេរ ហ៊ុន សែន ថា​អាយ៉ង ក៏ប៉ុន្តែ​មក​ធ្វើ​អាយ៉ង​របស់ ហ៊ុន សែន មាន​ឈ្មោះ​ថា​ម៉េច? និយាយ​ឲ្យ​ច្បាស់ អ្នក​ឯង​កុំ​ព្រហើន»

ក្រៅ​ពី​ថ្លែង​គំរាម​ទម្លាយ​សារ​ឆ្លើយឆ្លង​ទាំងអស់​ជាមួយ​លោក កឹម សុខា លោក ហ៊ុន សែន ក៏​និយាយ​ឌឺដង​ទៅ​ឲ្យ​លោក សម រង្ស៊ី ដែល​លោក​ថា​បាន​ចេញ​មុខ​និយាយ​ជំនួស​លោក កឹម សុខា និង​ចោទ​ថា​សារ​សំឡេង​ឆ្លើយឆ្លង​ទាំងនោះ​ជា​ការ​កាត់​ត។

ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ថ្លែង​គំរាម​ទម្លាយ​សារ​ឆ្លើយឆ្លង​របស់​លោក កឹម សុខា នៅ​ភ្នំពេញ នៅ​ឯ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ឯណោះ​វិញ ក្នុង​ពេល​ថ្លែង​ទៅ​កាន់​មន្ត្រី​សកម្មជន និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​បាន​លើក​ឡើង​ពី​ការ​បែក​ធ្លាយ​សារ​សំឡេង​ឆ្លើយឆ្លង​ជាមួយ​លោក ហ៊ុន សែន នោះ​ទេ។ ប្រធាន​ថ្មី​បក្ស​ប្រឆាំង​រូប​នេះ ថ្លែង​តែ​ពី​ការ​ពង្រឹង​គណបក្ស ដើម្បី​ឈាន​ដល់​ការ​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប៉ុណ្ណោះ។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា លោក​មិន​មាន​អ្វី​ត្រូវ​ឆ្លើយតប​ចំពោះ​ការ​គំរាម​របស់​លោក ហ៊ុន សែន នោះ​ទេ។ លោក​បញ្ជាក់​ថា កិច្ចការ​ដែល​បក្ស​ប្រឆាំង​ត្រូវ​ធ្វើ​ចំពោះ​មុខ គឺ​រៀបចំ​បេក្ខជន រៀបចំ​សារ​នយោបាយ និង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ពេល​ខាង​មុខ។ លោក យឹម សុវណ្ណ សង្កត់​ធ្ងន់​ដែរ​ថា បក្ស​ប្រឆាំង​មិន​មាន​ការ​បារម្ភ​ពី​ការ​បែកបាក់​ផ្ទៃ​ក្នុង ដោយសារ​ការ​ទម្លាយ​សារ​ឆ្លើយឆ្លង​នេះ​ទេ៖ «ដំណើរការ​ទៅ​ធម្មតា ថ្នាក់​ដឹកនាំ​ជួប​គ្នា ចុះ​ទៅ​ធ្វើ​ការ​ជាមួយ​គ្នា​តាម​ធម្មតា ដូច​ឃើញ​រូបភាព​កាល​ពី​ព្រឹក​មិញ​នេះ ឃើញ​ថ្នាក់​ដឹកនាំ​មាន​លោក កឹម សុខា មាន​លោកស្រី ជូឡុង សូមូរ៉ា គាត់​អញ្ជើញ​ចុះ​ទៅ​ខេត្ត​កណ្ដាល ដើម្បី​ទៅ​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស»


ទាក់ទង​ផ្លូវ​ច្បាប់​វិញ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន មាន​ប្រសាសន៍​ថា ច្បាប់​ទូរគមនាគមន៍​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ហៅ​ទូរស័ព្ទ​ទៅ​ភាគី​មួយ​ទៀត​ថត​សំឡេង​ភាគី​មួយ​ទៀត​បាន​ឡើយ បើ​មិន​មាន​ការ​ព្រមព្រៀង​របស់​ភាគី​មួយ​ទៀត។ ចំពោះ​ការ​បញ្ចេញ​សំឡេង​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​វិញ លោក​ថា​ជា​រឿង​ខុស​ច្បាប់ បើ​ភាគី​មួយ​ទៀត​មិន​ព្រមព្រៀង៖ «បើ​សិន​ជា​អត់​មាន​ព្រមព្រៀង​ទេ​ដូចជា​ខុស ព្រោះ​អី​គេ​អត់​ព្រម​ផង! ប៉ុន្តែ​បើ​ទូរស័ព្ទ​វា​មាន​ករណី​២។ ទី​១ បើ​អ្នក​ឯង​ខល (Call) មក​ខ្ញុំ ខ្ញុំ​មាន​សិទ្ធិ​ថត ព្រោះ​អ្នក​ឯង​ចូល​ផ្ទះ​ខ្ញុំ។ តែ​បើ​សិន​យើង​ខល (Call) ទៅ​គេ ហើយ​យើង​លួច​ថត ហ្នឹង​អត់​ត្រូវ​ទេ ទាល់​តែ​យើង​ប្រាប់​គេ។ បើ​តាម​ទូរស័ព្ទ​អត់​បញ្ចេញ​បាន​ទេ បញ្ចេញ​ទាល់​តែ​មាន​ការ​ព្រមព្រៀង។ នេះ​បើ​យោង​តាម​ច្បាប់​ទូរគមនាគមន៍»

ការ​លួច​ថត​សំឡេង និង​បញ្ចេញ​សារ​ឆ្លើយឆ្លង​របស់​បុគ្គល​ឯកជន កំពុង​ក្លាយ​ជា​ជំងឺ​សង្គម​ថ្មី​មួយ​ទៀត​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ចាប់​តាំង​ពី​មាន​ការ​ទម្លាយ​សារ​ឆ្លើយឆ្លង​បុគ្គល​ឯកជន​រយៈពេល​ជិត ១​ឆ្នាំ​នេះ​មក គេ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្តិ​បាន​ម្នាក់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយសារ​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង​ជា​បន្តបន្ទាប់​នេះ បាន​ធ្វើ​ឲ្យ​លោក កឹម សុខា មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ទៀត ត្រូវ​បាន​តុលាការ​កាត់​ទោស និង​រហូត​មក​ទល់​ពេល​នេះ អ្នក​ខ្លះ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ឡើយ៕

1 comment:

  1. Anonymous9:01 AM

    Don't forget, Mr. Hun Sen still have last year sex recording of Kem Sokha's trip in Bangkok. If he releases it, Kem Sokha will be finished. For now, he just wants to control Kem Sokha.

    ReplyDelete