Paris Peace Accords 23 Oct. 1991

Saturday, March 25, 2017

«គណបក្ស​ ប្រឆាំង​ មិន​តម្រូវ​ ឲ្យ​ក្រសួង​ មហាផ្ទៃ​ ផ្ដល់​សុពលភាព ​ម្ដង​ទៀត​ ដល់​បក្ស​ នោះ​ទេ» | "Opposition party doesn't need Interior Ministry to re-recognize its validity"

ពី​ឆ្វេង៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
ពី​ឆ្វេង៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha

«គណបក្ស​ ប្រឆាំង​ មិន​តម្រូវ​ ឲ្យ​ក្រសួង​ មហាផ្ទៃ​ ផ្ដល់​សុពលភាព ​ម្ដង​ទៀត​ ដល់​បក្ស​ នោះ​ទេ»

RFA / វិទ្យុ អាស៊ី សេរី | ២៥ មិនា ២០១៧



មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​តែ​ អះអាង ​ថា, សមាជ​ បក្ស​ ធ្វើ​ឡើង ​ត្រឹមត្រូវ​ តាម​លក្ខន្តិកៈ​បក្ស។  មន្ត្រី​ សង្គម​ស៊ីវិល ​យល់​ ថា, ការ​ធ្វើ​ សមាជ​ ជា​រឿង ​ផ្ទៃក្នុង​ គណបក្ស​ សង្គ្រោះ​ជាតិ និង​គ្មាន​ អ្វី​ ខុស​ឆ្គង​ ឡើយ។


លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​សុក្រ ទី​២៤ ខែ​មីនា អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ដល់​ក្រសួង​មហាផ្ទៃ រួច​រាល់​ហើយ អំពី​ការ​កែប្រែ​សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​នេះ។ ប្រសិនបើ​ក្រសួង​មហាផ្ទៃ យល់​ថា មាន​កំហុស​ឆ្គង​ដូច​ការ​អះអាង​មែន​នោះ ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​ក្រសួង​មិន​ជូន​ដំណឹង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹង​តាំង​ពី​ពេល​នោះ?

លោក អេង ឆៃអ៊ាង«ដូចជា​ក្រសួង​មហាផ្ទៃ កាល​ណា​មើល​ឃើញ​ថា ខុស​ច្បាប់​យ៉ាង​ម៉េច ត្រូវ​ប្រាប់​មក​គណបក្ស​សាមី ដើម្បី​ឲ្យ​យើង​កែសម្រួល ឬ​ក៏​ដោះស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង។ ប៉ុន្តែ​លិខិត​របស់​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា នេះ គឺ​មិន​បាន​បញ្ជាក់​ច្បាស់​កំហុស​ដែល​គេ​មើល​ឃើញ​ថា យើង​ខុស​នោះ​ទេ ហើយ​ក៏​គេ​អត់​មាន​ប្រាប់​ឲ្យ​យើង​កែតម្រូវ​អ្វី​នោះ​ដែរ គ្រាន់តែ​ស្នើ​សុំ​ឲ្យ​យើង​ដក​ពាក្យ​ស្លោក​ដែល​ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ​នេះ​ចេញ»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​វិសាមញ្ញ​មួយ កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​អាច​ឈាន​ទៅ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រោយ​ពី​សមាជ​ភ្លាម គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ អំពី​ការ​ជ្រើសតាំង​សមាសភាព​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ភ្លាមៗ​នោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ផ្ញើ​លិខិត​អបអរ​សាទរ​លោក កឹម សុខា ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក សម រង្ស៊ី ដែល​បាន​លា​ឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ទើប​តែ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧ ក្រសួង​មហាផ្ទៃ ចេញ​លិខិត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លើក​ឡើង​ថា សមាជ​វិសាមញ្ញ​បោះឆ្នោត​ជ្រើសតាំង​លោក កឹម សុខា ជា​ប្រធាន និង​លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អនុវត្ត​ផ្ទុយ​នឹង​លក្ខន្តិកៈ​គណបក្ស។

ក្រសួង​មហាផ្ទៃ ចេញ​លិខិត​ច្រានចោល​លទ្ធផល​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​សារ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ លុប​ចោល​ពាក្យ​ស្លោក «ដូរ​ មេឃុំ​ បម្រើ​បក្ស, ដាក់​ មេឃុំ​ បម្រើ​រាស្ត្រ»

លោក ហ៊ុន សែន៖ «មិន​ទាន់​បាន​អី​ផង បង្អាប់​គេ​ទៅ​ហើយ! ភាសា​ហ្នឹង​ភាសា​វ៉ៃ​គេ។ ដូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ អា​ហ្នឹង​អា​មេ​ឃុំ​បម្រើ​បក្ស រាល់​ថ្ងៃ​ក្រែង​មេ​ឃុំ​គណបក្ស​ប្រជាជន? អ្នក​ឯង​ចាប់​ផ្ដើម​វ៉ៃ​គេ​ពី​ឥឡូវ​ទៅ​ហើយ មិន​ទាន់​បាន​អី​ផង។ វា​បង្ក​ហេតុ​អ៊ីចឹង​បាន​វា​មិន​សុខ​ហ្នឹង​ណា៎! រួច​ទាល់​តែ​ដល់​គេ​ញោះ...! ទេ! បើ​ត្រូវ​ញោះ ក៏​ញោះ​ដែរ​វ៉ី!»

ទោះ​ជា​យ៉ាង​នេះ​ក្តី គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​ព្រម​លុបចោល​ពាក្យ​ស្លោក​នេះ ហើយ​នៅ​តែ​អនុញ្ញាត​ឲ្យ​សកម្មជន​បក្ស​របស់​ខ្លួន ប្រើ​ពាក្យ​ស្លោក​នេះ ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា វា​គ្រាន់តែ​ជា​ពាក្យស្លោក​ប៉ុណ្ណោះ និង​ពាក្យ​ស្លោក​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​ប្រើ​ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​កាល​ពី​ឆ្នាំ​២០១២ ដោយ​គ្មាន​ការ​ហាមឃាត់​អ្វី​នោះ​ដែរ។

នៅ​ក្នុង​លិខិត​ដដែល​របស់​ក្រសួង​មហាផ្ទៃ ក្រសួង​នេះ​ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដក​ចេញ​នូវ​ពាក្យ​ស្លោក "ដូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ" នេះ​ផង​ដែរ។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​តស៊ូ​មតិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ការ​ធ្វើ​សមាជ​ជ្រើសរើស​មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​រឿង​ផ្ទៃក្នុង​របស់​គណបក្ស​នយោបាយ មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​កែសម្រួល​លក្ខន្តិកៈ​របស់​ខ្លួន​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​ដែល​បក្ស​មួយ​នេះ​ជួប​ប្រទះ។

លោក កន សាវាង្ស៖ «លើកលែង​តែ​ក្នុង​គណបក្ស​មាន​ការ​ប្ដឹងផ្ដល់ បើសិនជា​គណបក្ស​ហ្នឹង​មាន​ការ​ប្ដឹងផ្ដល់​គ្នា ឬ​ការ​មិន​សុខ​ចិត្ត​អី ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ទើប​ក្រសួង​មហាផ្ទៃ​ថា អាច​ទទួល​យក​បាន ឬ​មិន​បាន ប៉ុន្តែ​រឿង​នេះ​ជា​រឿង​ផ្ទៃក្នុង​គណបក្ស វា​មិន​អាច​ក្រសួង​មហាផ្ទៃ ឆ្លើយ​ថា​ទទួល​យក​បាន ឬ​មិន​បាន​ទេ ព្រោះ​យើង​មើល​ក្នុង​រដ្ឋធម្មនុញ្ញ ឬ​ក្នុង​ច្បាប់​អត់​មាន​ចំណុច​ណា​មួយ​ដែល​បង្ហាញ​ថា ក្រសួង​មហាផ្ទៃ ត្រូវ​តែ​ទទួល​យក ឬ​មិន​ទទួល​យក​លក្ខន្តិកៈ​ផ្ទៃក្នុង​របស់​គេ​កែ​នោះ​ទេ វា​អត់​បង្ហាញ​ឲ្យ​ច្បាស់លាស់»

​ចំពោះ​ពាក្យស្លោក​របស់​បក្ស​ប្រឆាំង "ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ" វិញ លោក កន សាវាង្ស យល់​ឃើញ​ថា វា​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ ព្រោះ​លោក​មិន​ទាន់​មើល​ឃើញ​ថា ការ​ប្រើ​ពាក្យ​ស្លោក​នេះ​បាន​បង្ក​បញ្ហា​អសន្តិសុខ​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ​នោះ​ឡើយ។

ទាក់ទង​នឹង​ការ​យល់​ខ្វែង​គ្នា​អំពី​ភាព​ស្រប​ច្បាប់​នៃ​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ អ្នកនាំពាក្យ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ផ្ញើ​លិខិត​ស្នើ​សុំ​ជួប​ជាមួយ​លោក ស ខេង ឬ​តំណាង​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​សមស្រប។ ជា​ការ​ឆ្លើយ​តប រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ចាត់​តាំង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន ដើម្បី​ទទួល​ជួប​ជាមួយ​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ខាង​មុខ នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ៕

No comments:

Post a Comment