Paris Peace Accords 23 Oct. 1991

Tuesday, March 7, 2017

បក្ស​ប្រឆាំង៖ គ្មាន ​ច្បាប់ ​ហាម ​មិន​ឲ្យ​ ប្រើ​ពាក្យ​ស្លោក​ «​ដូរ​ មេ​ឃុំ​ បម្រើ​បក្ស​, ដាក់ ​មេ​ឃុំ​ បម្រើ​រាស្ត្រ» | Opposition party: No law prohibits use of slogan "Change commune chief serving party, Put in commune chief serving people"

ពី​ឆ្វេង៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
ពី​ឆ្វេង៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha

បក្ស​ប្រឆាំង៖ គ្មាន ​ច្បាប់ ​ហាម ​មិន​ឲ្យ​ ប្រើ​ពាក្យ​ស្លោក​ «​ដូរ​ មេ​ឃុំ​ បម្រើ​បក្ស​, ដាក់ ​មេ​ឃុំ​ បម្រើ​រាស្ត្រ»

RFA / វិទ្យុ អាស៊ី សេរី | ៧ មីនា ២០១៧

 

គណបក្ស​ ប្រឆាំង និង​អ្នក​ច្បាប់​ ថា, ពាក្យ​ស្លោក «ដូរ ​មេ​ឃុំ​ បម្រើ​បក្ស​, ដាក់​ មេ​ឃុំ​ បម្រើ​រាស្ត្រ» មិន​មាន​ ចរិត​ ញុះញង់, បង្កហេតុ, និង​ប្រមាថ​ នោះ​ទេ។  ការ​លើក​ឡើង​នេះ បន្ទាប់ ​ពី​គណបក្ស​ កាន់​អំណាច ​ព្រមាន​ប្ដឹង ​គណបក្ស ​ប្រឆាំង បើ​ មិន​ព្រម​ កែតម្រូវ​ ខ្លឹមសារ​ ថា«ដូរ ​មេ​ឃុំ​ បម្រើ​បក្ស​, ដាក់​ មេ​ឃុំ​ បម្រើ​រាស្ត្រ»   ទេ​នោះ។

ពាក្យស្លោក «ដូរ ​មេ​ឃុំ​ បម្រើ​បក្ស​, ដាក់​ មេ​ឃុំ​ បម្រើ​រាស្ត្រ» ដែល​បាន​រំលេច ​នៅ​ខាង​លើ​ គោលនយោបាយ ​អាទិភាព ៥​ ចំណុច របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ បាន​ក្លាយ​ ជា​ផ្ទាំង​ស៊ីប​ថ្មី​ របស់​ គណបក្ស ​ប្រជាជន​ កម្ពុជា។


អនុ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ពាក្យ​ស្លោក «ដូរ ​មេ​ឃុំ​ បម្រើ​បក្ស​, ដាក់​ មេ​ឃុំ​ បម្រើ​រាស្ត្រ» នេះ គ្មាន​ ន័យ​អាក្រក់ ​នោះ​ទេ, ពោល​ គឺ​ ជា​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ ឲ្យ​មេ​ឃុំ​ ដែល​ទទួល​បាន​ ការ​គាំទ្រ​ ពី​ប្រជាពលរដ្ឋ​ នៅ​ពេល​បោះឆ្នោត ធ្វើ​ការងារ ​បម្រើ​ ប្រជាពលរដ្ឋ, កុំ​ ឲ្យ ​បម្រើ​បក្ស​ តែ ប៉ុណ្ណោះ។

លោក អេង ឆៃអ៊ាង បន្ត​ថា ពាក្យ​ស្លោក​នេះ គេ​អាច​ហាម​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ យក​មក​ប្រើ​បាន តែ​គេ​ក៏​មិន​អាច​ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​យក​មក​ប្រើ​បាន​ទេ ព្រោះ​ពាក្យ​ស្លោក​នេះ កើត​ចេញ​ពី​ប្រជាពលរដ្ឋ៖ «ពាក្យ​នេះ​មិន​មែន​គណបក្ស​សង្គ្រោះ​ជាតិ ប្រើ​ទេ គឺ​ប្រជាពលរដ្ឋ​អ្នក​ប្រើ។ ឥឡូវ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាំង​អស់ គឺ​គេ​យក​មក​ប្រើ គេ​យក​មក​និយាយ​គ្រប់ៗ​គ្នា អ៊ីចឹង​ហើយ​សូម​អោយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​យល់​បញ្ហា​នេះ។ ពាក្យ​នេះ​អត់​មាន​ច្បាប់​ណា​ហាម​ឃាត់​មិន​អោយ​គេ​យក​មក​ប្រើប្រាស់​ដែរ ព្រោះ​ពាក្យ​នេះ​មិន​មែន​ជា​ពាក្យ​ជេរ​ប្រមាថ និង​ពាក្យ​អសុរោះ​អី​នោះ​ទេ»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​អ្នកនាំពាក្យ​របស់​ខ្លួន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កែតម្រូវ​ជា​បន្ទាន់​នូវ​ខ្លឹមសារ "ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ" ដែល​ស្ថិត​នៅ​ក្នុង​គោលនយោបាយ​អាទិភាព ៥​ចំណុច​របស់​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ដាក់​ចេញ​ក្នុង​សមាជ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា កន្លង​មក។

សេចក្ដី​ថ្លែងការណ៍​នោះ បាន​ចាត់​ទុក​ខ្លឹមសារ "ដូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ" របស់​បក្ស​ប្រឆាំង​ថា មាន​ចរិត​ញុះញង់ បង្កហេតុ និង​ប្រមាថ​មើល​ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស ហើយ​បក្ស​កាន់​អំណាច​ថា មន្ត្រី​មូលដ្ឋាន​ទាំង​នោះ​បាន​ខិតខំ​បម្រើ​រាស្ត្រ ស្រប​តាម​តួនាទី​របស់​ខ្លួន ដោយ​មិន​មាន​ការ​រើសអើង​និន្នាការ​នយោបាយ​សោះ​ឡើយ។ បន្ថែម​ពី​នេះ បក្ស​កាន់​អំណាច​ទាមទារ​ឲ្យ​បក្ស​ប្រឆាំង​កែតម្រូវ​ខ្លឹមសារ​នោះ​ជា​បន្ទាន់ ដើម្បី​រក្សា​បរិយាកាស​ល្អ និង​សន្តិសុខ​របស់​ប្រទេស។ ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​កែ​តម្រូវ​សារ​នយោបាយ​ដែល​មាន​ខ្លឹមសារ​ថា "ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ" ទេ​នោះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ។

​លិខិត​ថ្លែងការណ៍​នេះ បាន​ចេញ​ផ្សព្វផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី​៦ ខែ​មីនា បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ដោយ​ឌឺដង​ចំពោះ​ខ្លឹមសារ​សារ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ទន្ទឹមគ្នា​នេះ​ដែរ ចៅ​សង្កាត់​តាខ្មៅ លោក ជៀម ខូយ មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ធ្វើ​ញត្តិ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ដោយ​ថ្កោលទោស និង​បដិសេធ​ដាច់​អហង្ការ​ចំពោះ​គណបក្ស​ប្រឆាំង ដែល​ប្រើ​ពាក្យ​មេ​ឃុំ​បម្រើ​បក្ស។ ក្នុង​ញត្តិ​នោះ​បន្ត​ថា ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ទាំង​ងងឹតងងល់ គ្មាន​មូលដ្ឋាន​គតិយុត្តិ គ្មាន​សច្ចធម៌ ផ្ទុយ​ពី​ការ​ពិត​ទាំង​ស្រុង។ ចៅ​សង្កាត់​រូប​នេះ​ស្នើ​ឲ្យ​បក្ស​ប្រឆាំង​កែ​តម្រូវ និង​ដក​ចេញ​នូវ​ពាក្យ​ស្លោក​នោះ​ជា​បន្ទាន់។

ទោះបីជា​យ៉ាង​នេះ​ក្ដី ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន យល់​ឃើញ​ថា ពាក្យ​ស្លោក​នេះ បើ​តាម​ផ្លូវច្បាប់​ដូចជា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​ជា​រឿង​ធម្មតា​សម្រាប់​ការ​ឃោសនា​នយោបាយ។

ទាក់ទង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា បើ​តាម​ច្បាប់​បោះ​ឆ្នោត គណបក្ស​នយោបាយ​មាន​សេរីភាព​អាច​បង្កើត​សារ​នយោបាយ​បាន លើកលែងតែ​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ ឬ​ស្ថិរភាព​ជាតិ។ លោក​បន្ត​ថា ពាក្យ "ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ" គឺ​ដូច​ជា​មិន​មាន​ន័យ​ធ្ងន់ធ្ងរ៖ «វា​ប៉ះពាល់​ដល់​មេ​ឃុំ​មេ​អី ធម្មតា​តិចតួច​ហើយ​ជៀស​មិន​រួច​ទេ ប៉ះពាល់​ដោយសារ​មេ​ឃុំ​បច្ចុប្បន្ន​នេះ វា​លក្ខណៈ​របៀប​អ៊ីចឹង​ណា! ក្នុង​សារ​ហ្នឹង ប៉ុន្តែ​គ្រាន់​តែ​ថា ពាក់ព័ន្ធ​ទៅ​ដល់​ស្ថិរភាព​នយោបាយ ស្ថិរភាព​សន្តិសុខ​ជាតិ ខ្ញុំ​មើល​ទៅ​ដូចជា​មិន​ធ្ងន់ធ្ងរ​ពេក​ប៉ុន្មាន​ទេ»

​លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ដែរ​ថា ប្រសិនបើ​ពាក្យ​ស្លោក​ណា​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៃ​សង្គម​នោះ នឹង​រលាយ​សាបសូន្យ​ទៅ​វិញ ប៉ុន្តែ​បើ​ពាក្យ​ស្លោក​ណា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៃ​សង្គម​នោះ គឺ​ឋិតថេរ​រស់​រវើក​ជា​រៀង​រហូត។ ទោះ​បី​ជាំ​យ៉ាង​ណា​ក៏ដោយ​ចុះ លោក អេង ឆៃអ៊ាង មិន​បញ្ជាក់​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​សម្រេច​កែតម្រូវ ឬ​ដក​ពាក្យ​ស្លោក "ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ" នេះ​ចេញ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕




No comments:

Post a Comment