លោក សម រង្ស៊ី ចូលរួមកម្មវិធីទូរទស្សន៍អាស៊ីសេរី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។ RFA |
លោក សម រង្ស៊ី ថា, បក្ស កាន់អំណាច កំពុង ចង់រំលាយ បក្សសង្គ្រោះជាតិ
RFA / វិទ្យុ អាស៊ី សេរី | ៣ មីនា ២០១៧
លោក សម រង្ស៊ី ចោទប្រកាន់ ថា, គណបក្ស ប្រជាជន កម្ពុជា និងរដ្ឋាភិបាល របស់លោក ហ៊ុន សែន កំពុង តែ រកលេស ចង់រំលាយ គណបក្ស សង្គ្រោះជាតិ ចោល ដើម្បី ជៀសវាង ការប្រកួតប្រជែង ដោយសេរី និងយុត្តិធម៌ ក្នុងការ បោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ។ ប៉ុន្តែ អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា ច្រានចោល ការចោទប្រកាន់នេះ, ហើយ ថ្លែងផ្លែផ្កា ថា, ការលើកឡើង របស់លោក សម រង្ស៊ី អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ ព្រោះ មិនចង់ ឲ្យអ្នក សារព័ត៌មាន ភ្លេចឈ្មោះ របស់លោក ប៉ុណ្ណោះ ត្បិត អី នៅពេលនេះ លោក សម រង្ស៊ី បាត់បង់ អ្វីៗ អស់ហើយ។
ក្រោយគណបក្ស សង្គ្រោះជាតិ ធ្វើសមាជ ជ្រើសរើស ប្រធាន គណបក្ស សង្គ្រោះជាតិថ្មី ជាលោក កឹម សុខា, អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ ចាស់ គឺ លោក សម រង្ស៊ី អំពាវនាវ ទៅសហគមន៍ អន្តរជាតិ ឲ្យជួយ ការពារ សិទ្ធិ គណបក្ស សង្គ្រោះជាតិ និងចូលរួម ជំរុញ ឲ្យមាន ការបោះឆ្នោត ត្រឹមត្រូវ។
អាស៊ីសេរី មិនអាច សុំ ការបំភ្លឺ ពីលោក សម រង្ស៊ី ចំពោះ ការចោទថា, គណបក្ស ប្រជាជន កម្ពុជា ចង់រំលាយ គណបក្ស សង្គ្រោះជាតិ នោះទេ នៅថ្ងៃ ទី៣ ខែមីនា។ រីឯ អ្នកនាំពាក្យ គណបក្ស លោក យឹម សុវណ្ណ សូម មិនធ្វើ ការអធិប្បាយ ចំពោះ ការលើកឡើង របស់ អតីត ប្រធាន បក្ស របស់ ខ្លួនទេ។ ទោះ យ៉ាងនេះក្តី លោក យឹម សុវណ្ណ ថា, គូប្រកួត របស់ គណបក្សលោក តែងចង់ ឲ្យគណបក្ស សង្គ្រោះជាតិ បែកបាក់ ចុះទន់ខ្សោយ។ ជាងនេះ ទៅទៀត លោក យល់ថា, ច្បាប់ ស្ដីពី គណបក្ស នយោបាយ ដែលគណបក្ស កាន់អំណាច កែប្រែថ្មី កំពុង រឹតត្បិត គណបក្ស សង្គ្រោះជាតិ ក្នុងការ ចូលរួម ប្រកួតប្រជែង ក្នុងការ បោះឆ្នោត។
ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា កាន់តែខិតជិតមកដល់ លោក ហ៊ុន សែន ព្រមានប្រើកម្លាំងយោធាចំពោះបក្សនយោបាយណាដែលចង់កម្ចាត់រដ្ឋាភិបាលរបស់លោក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងគំរាមជាញឹកញាប់ថា បើបក្សរបស់លោកចាញ់ឆ្នោតនឹងមានសង្គ្រាម ជាពិសេសលោកតែងអះអាងពីកម្លាំងយោធារបស់លោកត្រៀមទប់ស្កាត់រួចជាស្រេចរាល់ការប៉ុនប៉ងណាមួយដែលចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក។
ទោះជាយ៉ាងណា ទាំងអ្នកវិភាគនយោបាយ និងឃ្លាំមើលសិទ្ធិមនុស្សអោយដឹងថា គេមិនឃើញមានសកម្មភាពណាមួយ ឬក្រុមណាមានអំណាច និងអាវុធដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ហើយថា ការព្រមានរបស់លោក ហ៊ុន សែន គឺជាការគំរាមគេឯងច្រើនជាង។
ថ្មីៗនេះដែរ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានលើកដៃអនុម័តទាំងស្រុងលើសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដោយគ្មានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំងឡើយ ខណៈច្បាប់នេះបានរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា ជាច្បាប់សំដៅដាក់សម្ពាធលើគណបក្សប្រឆាំង។
ទោះយ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា គណបក្សកាន់អំណាច និងរដ្ឋាភិបាលគ្មានចេតនារំលាយគណបក្សសង្គ្រោះជាតិ ឬគណបក្សនយោបាយណាមួយឡើយ។ ផ្ទុយទៅវិញ លោកថា រដ្ឋាភិបាលកំពុងរៀបចំការបោះឆ្នោតដើម្បីឲ្យមានការប្រព្រឹត្តទៅដោយរលូន។ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក សម រង្ស៊ី គណបក្សប្រជាជនកម្ពុជា កំពុងតែរកលេសចង់រំលាយគណបក្សសង្គ្រោះជាតិ លោក សុខ ឥសាន ប្រាប់ទៅលោក សម រង្ស៊ី ថា ការព្រួយបារម្ភនេះ គ្មានខ្លឹមសារដូចមុនទៀតឡើយ ព្រោះលោក សម រង្ស៊ី មិនមែនជាប្រធានគណបក្សសង្គ្រោះជាតិ ទៀតទេ។
ផ្ទុយទៅវិញ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) មិនយល់ដូចការអះអាងរបស់លោក សុខ ឥសាន នោះទេ។ លោកថា ច្បាប់គណបក្សនយោបាយថ្មី បានផ្ដល់សិទ្ធិអំណាចខ្លាំងក្នុងការបញ្ឈប់ ឬផ្អាកសកម្មភាពគណបក្សនយោបាយ។ ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ អាចប្ដឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សនយោបាយថែមទៀតផង ដែលជារឿងមិនល្អសម្រាប់សង្គមប្រជាធិបតេយ្យសេរីពហុបក្ស ធានាដោយរដ្ឋធម្មនុញ្ញ។
ស្រដៀងទៅនឹងលោក សម រង្ស៊ី ដែលអំពាវនាវទៅសហគមន៍អន្តរជាតិ ជួយការពារសិទ្ធិគណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមការបោះឆ្នោត និងជំរុញឲ្យមានការបោះឆ្នោតត្រឹមត្រូវ លោក គល់ បញ្ញា យល់ថា សហគមន៍អន្តរជាតិ តាមរយៈសន្ធិសញ្ញាសន្តិភាព ២៣ តុលា ទីក្រុងប៉ារីស នៅតែមានកាតព្វកិច្ចចូលរួមដើម្បីធានាឲ្យភាគីដែលប្រកួតប្រជែងនៃការបោះឆ្នោត ការដោះស្រាយទំនាស់នយោបាយ ដោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងគោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕
Let's stop being victimized days in days out
ReplyDeleteby Traitor & Warlord Hun Sen.
Should Hun Sen decommission the CNRP or
abolish the 2017 / 2018 elections, the Khmer people with the leadership of the CNRP MUST
at ALL costs roll out its Plan B !!! ⚔️⚔️⚔️
If we don't do it now, then when ?
Scam Rainsy, you are destroying CNRP by talking stupid, giving Mr. Hun Sen legal causes to sue. Can you just shut up?
ReplyDelete