អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា (រូបកណ្ដាល) ពេលនាំមកកាន់សាលាឧទ្ធរណ៍ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។ RFA/Rann Samnang |
តុលាការ កំពូល នឹងប្រកាស សាលដីកា សូម នៅក្រៅឃុំ របស់លោក នី ចរិយា នៅចុង ខែមីនា
RFA / វិទ្យុ អាស៊ី សេរី | ២៤ មិនា ២០១៧
តុលាការ កំពូល បានបើក ការជំនុំជម្រះ លើបណ្ដឹង សាទុក្ខ របស់ លោក នី ចរិយា ក្នុងសំណុំរឿង សមគំនិត សូកប៉ាន់ សាក្សី នៅព្រឹក ថ្ងៃទី២៤ ខែមីនា។ លោក ឃឹម ប៉ុណ្ណ ដែលទទួល ភារៈ ដឹកនាំ ការកាត់ក្ដី ក្នុងសំណុំរឿង អាស្រូវ ស្នេហា រវាង អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ជាមួយ ប្រធាន គណបក្ស ប្រឆាំង គឺ លោក កឹម សុខា សម្រេច លើកពេល ប្រកាស សាលដីកា រឿងក្ដីនេះ នៅដំណាច់ ខែមីនា ខាងមុខ។
មេធាវីការពារសិទ្ធិជនត្រូវចោទ គឺលោក សំ សុគង់ រំពឹងថា នៅថ្ងៃប្រកាសសាលដីកាដែលនៅសល់ពេលប្រមាណ ១សប្ដាហ៍ខាងមុខទៀតនេះ តុលាការអាចនឹងពិចារណាឲ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំបណ្ដោះអាសន្នដូចការស្នើសុំ។
ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅខាងមុខបរិវេណតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៤ ខែមីនា លោក សំ សុគង់ មានសុទិដ្ឋិនិយមថា តុលាការប្រហែលជាផ្ដល់លទ្ធភាពឲ្យលោក នី ចរិយា បាននៅក្រៅឃុំបណ្ដោះអាសន្នដូចការស្នើសុំ។ លោកបន្តថា នៅក្នុងបន្ទប់ជំនុំជម្រះលោកបានជម្រាបជូនអង្គសវនាការថា មូលហេតុដែលលោកប្ដឹងសាទុក្ខមកកំពូលនៅពេលនេះប្រឆាំងការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍នោះ ព្រោះកូនក្ដីរបស់ខ្លួនមានជំងឺប្រចាំកាយដែលត្រូវការពេលព្យាបាលនៅខាងក្រៅជាចាំបាច់។ ម្យ៉ាងទៀតលោក នី ចរិយា សន្យាសហការជាមួយតុលាការជានិច្ច៖ «ខ្ញុំសង្ឃឹមថា ឯកឧត្ដមក្រុមប្រឹក្សាជំនុំជម្រះ ក៏ដូចជាលោកជំទាវ និងឯកឧត្ដមជាចៅក្រមប្រឹក្សាជំនុំជម្រះនឹងពិចារណាយ៉ាងល្អិតល្អន់អំពីបញ្ហាផ្លូវច្បាប់ ក៏ដូចជាភស្តុតាង ហើយនិងសម្រេចឲ្យកូនក្តីខ្ញុំបាននៅក្រៅឃុំបណ្ដោះអាសន្ន។»
លោក នី ចរិយា អគ្គលេខាធិការរងនៃ គ.ជ.ប. និងមន្ត្រីសមាគមអាដហុក (Adhoc) ចំនួន ៤រូបផ្សេងទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីអំឡុងខែមេសា ឆ្នាំ២០១៦។អ្នកទាំង ៥ រងការចោទប្រកាន់ថា មានជាប់ទាក់ទិនបទចោទសូកប៉ាន់សាក្សី និងសមគំនិតអំពើសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហារបស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
សវនាការដែលប្រើពេលប្រហែលជា ៣០នាទី លោក ឃឹម ប៉ុណ្ណ ដែលទទួលភារៈកាត់ក្តីរឿងនេះ សម្រេចលើកពេលប្រកាសសាលដីកាភ្លាមៗ ទៅថ្ងៃទី៣១ ខែមីនា ក្រោយស្ដាប់សេចក្ដីសន្និដ្ឋានរួច។ ប៉ុន្តែតំណាងមហាអយ្យការលោក អ៊ុក គឹមសិទ្ធិ ជំទាស់ទៅនឹងសេចក្ដីសន្និដ្ឋានចុងក្រោយរបស់លោក សំ សុគង់ ហើយស្នើឲ្យតុលាការរក្សាសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។ កាលពីខែតុលា ឆ្នាំ២០១៦ សភាស៊ើបសួរសាលាឧទ្ធរណ៍សម្រេចបដិសេធបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់មេធាវីលោក សំ សុគង់ ម្ដងរួចមកហើយ។
ដោយឡែក ការជំទាស់របស់លោក អ៊ុក គឹមសិទ្ធិ នៅក្នុងអង្គសវនាការកាលពីព្រឹកថ្ងៃទី២៣ ខែមីនា នេះវិញ ក្រៅពីទិដ្ឋភាពច្បាប់ហើយ ជាងនេះទៅទៀត ការលើកយកយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ មកសំអាងហេតុរបស់លោក សំ សុគង់ ត្រូវបានតំណាងមហាអយ្យការលោក អ៊ុក គឹមសិទ្ធិ យល់ឃើញថា នេះជាការដាក់គំនាបមកលើតុលាការ។
ផ្ទុយពីនេះ លោក សំ សំគង់ មេធាវីការពារសិទ្ធិឲ្យជនត្រូវចោទយល់ឃើញថា ការលើកពីអង្គហេតុថ្ងៃច័ន្ទពណ៌ខ្មៅនេះ មកសំអាងហេតុគឺមិនទាន់ខុសអ្វីឡើយព្រោះយុទ្ធនាការនេះ គឺពាក់ព័ន្ធនឹងការទាមទារឲ្យដោះលែងមន្ត្រីអាដហុក និងលោក នី ចរិយា នេះហើយ។ មិនតែប៉ុណ្ណោះ បើតុលាការដោះលែងនោះ ការទាមទារនេះនឹងពុំមានទៀតទេ ហើយបញ្ហាប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គមដូចអាជ្ញាធរ និងតុលាការចោទប្រកាន់នោះនឹងពុំមានទៀតឡើយ៖ «យើងឃើញថាថ្ងៃច័ន្ទពណ៌ខ្មៅនេះ គោលបំណងដែលសំខាន់ដែលពលរដ្ឋគាត់ព្រឹត្តិការណ៍ថ្ងៃច័ន្ទគឺគោលដៅគឺគាត់ស្នើសុំឲ្យមានការដោះលែង។ ដោះលែងមន្ត្រីសមាគមអាដហុក ទាំង ៤នាក់ និងលោក នី ចរិយា ម្នាក់ដែរគឺគោលបំណងអ៊ីចឹង។»
នៅថ្ងៃបើកសវនាការនេះ កម្លាំងនគរបាលត្រូវបានដាក់ពង្រាយយ៉ាងច្រើនតាំងពីខាងក្រៅរបងតុលាការខាងក្នុងនៃបរិវេណតុលាការ និងនៅក្នុងបន្ទប់សវនាការថែមទៀតផង។ អ្នកកាសែត និងអ្នកសង្កេតការណ៍ត្រូវបានរឹតបន្តឹងក្នុងការចេញចូលស្ដាប់ការកាត់ក្ដីខុសពីលើកមុនៗ បើទោះជាជាសវនាការនេះធ្វើឡើងជាសាធារណៈក្ដី។ ទូរស័ព្ទម៉ាស៊ីនថតរូប និងថតសំឡេង ត្រូវដកហូតទាំងអស់ សូម្បីកាន់ចូលត្រឹមបរិវេណដែលពុំមែនជាបន្ទប់ជំនុំជម្រះក៏ដោយចុះ។
អ្នកឃ្លាំមើលសវនាការនៃអង្គការផ្នែកសិទ្ធិមនុស្សចាត់ទុកថា ការរឹតត្បិតសិទ្ធិសេរីភាពដ៏តឹងតែងដូចនេះ មិនត្រឹមតែតុលាការទេដែលរងការរិះគន់ លើសពីនេះទៅទៀត នឹងធ្វើឲ្យបក្សកាន់អំណាចអាចនឹងត្រូវបាត់បង់ជំនឿចិត្តពីពលរដ្ឋថែមទៀតផង៕
No comments:
Post a Comment