ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ លោក ណី សំអុល ឡើងការពារនៅក្នុងសម័យប្រជុំទៀងទាត់លើកទី៣៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ Screenshot |
«មន្ត្រី អ.ស.ប. យកបញ្ហា សិទ្ធិមនុស្ស នៅកម្ពុជា ធ្វើជាឧបករណ៍ បង្ខូចឈ្មោះ រដ្ឋាភិបាល»
RFA | ១១ មិនា ២០១៧
តំណាង រដ្ឋាភិបាល ផ្នែកសិទ្ធិ មនុស្ស ប្រចាំ នៅអង្គការ សហប្រជាជាតិ ក្នុងទីក្រុង ហ្សឺណែវ ប្រតិកម្ម ចំពោះ សេចក្ដី ថ្លែងការណ៍ របាយការណ៍ ប្រចាំឆ្នាំ ផ្ទាល់មាត់ របស់ មន្ត្រី ការិយាល័យ ឧត្ដមស្នងការ និងអគ្គលេខាធិការ នៃអង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ថា បានជ្រើសរើស យកតែ ជ្រុងម្ខាង នៃបញ្ហា, ហើយ លាបពណ៌ អវិជ្ជមាន ចំពោះ ស្ថានភាព សិទ្ធិមនុស្ស នៅក្នុងប្រទេស កម្ពុជា ដែលប្រាសចាក ទាំងស្រុង ទៅនឹងអ្វី បានកើតឡើង ជាក់ស្ដែង។
តំណាង រដ្ឋាភិបាល ផ្នែកសិទ្ធិ មនុស្ស ប្រចាំ ទីក្រុង ហ្សឺណែវ ប្រតិកម្ម ចំពោះ សេចក្ដី ថ្លែងការណ៍ ផ្ទាល់មាត់ របស់ អ្នករាយការណ៍ ផ្នែកសិទ្ធិមនុស្ស នៃឧត្ដមស្នងការ អង្គការសហប្រជាជាតិ ថាយកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ធ្វើជាឧបករណ៍បង្ខូចឈ្មោះរដ្ឋាភិបាលនៅពេលដែលមានការបោះឆ្នោតម្ដងៗ។
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ លោក ណី សំអុល បានឡើងការពារនៅក្នុងសម័យប្រជុំទៀងទាត់លើកទី៣៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី៩ ខែមីនា នៅហ្សឺណែវ ប្រទេសស្វីស (Geneva) ថា សេចក្ដីថ្លែងការណ៍ផ្ទាល់មាត់នោះ បានមើលរំលងពីការវិវឌ្ឍន៍ និងការតាំងចិត្តដ៏សុចរិតរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្សមានជាអាទិ ការបន្តអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលជាមួយនឹងការិយាល័យឧត្ដមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សសម្រាប់រយៈពេល ២ឆ្នាំទៀត។
ផ្ទុយទៅវិញ ដោយផ្អែកលើព័ត៌មានខ្វះចន្លោះ ដោយជ្រើសរើសបញ្ហាកង្វះខាតដែលមិនឆ្លើយតបនឹងភាពជាក់ស្ដែងខ្លះៗ ហើយបង្ខំឲ្យគណៈប្រតិភូធ្វើការឆ្លើយតបដូចជា កម្ពុជានៅតែបន្តប្ដេជ្ញាការពារសិទ្ធិបុគ្គល និងសេរីភាពនៃការបញ្ចេញមតិ។ ក៏ប៉ុន្តែសេរីភាពនៃការបញ្ចេញមតិនេះ មិនមែនជាសិទ្ធិដាច់ខាតនោះទេ ហើយសិទ្ធិនេះគួរតែបានប្រើប្រាស់ប្រកបដោយទំនូលខុសត្រូវក្រោមយុត្តាធិការច្បាប់ និងបញ្ញត្តិដែលកំពុងអនុវត្ត។ ដូច្នេះអ្នកប្រើប្រាស់សិទ្ធិមិនគួរលាក់ខ្លួនក្រោមម្លប់សិទ្ធិមនុស្សដើម្បីបង្កអស្ថិរភាពសម្រាប់គោលបំណងពិសពុលរបស់ខ្លួនឡើយ។
លោក ណី សំអុល៖ «នៅកម្ពុជា ច្បាប់ត្រូវបានអនុវត្តដោយមិនរើសមុខចំពោះគណបក្សនយោបាយ អង្គភាព ឬបុគ្គលណាមួយឡើយ។ ចំណែកដំណើរការបង្កើតច្បាប់ រួមទាំងច្បាប់ស្ដីពីវិសោធនកម្មស្ដីពីគណបក្សនយោបាយ ត្រូវបានប្រព្រឹត្តិទៅស្របនឹងរដ្ឋធម្មនុញ្ញ រួមទាំងក្រឹត្យក្រម និងបទដ្ឋានអន្តរជាតិ។ ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស ឬក៏ជាសមាជិកនៃអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារទាក់ទងនឹងសិទ្ធិមនុស្សមិនមានន័យថា ពួកគេរួចផុតពីការកាត់ទោសសម្រាប់ការប្រព្រឹត្តខុសច្បាប់នោះទេ។ ក្នុងន័យនេះ វាជាការខុសច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលអំពាវនាវឲ្យរដ្ឋាភិបាលអន្តរាគមន៍ក្នុងដំណើរការរបស់តុលាការ។ យើងខ្ញុំសង្កេតឃើញថា អង្គភាពខ្លះបានអនុវត្តស្តង់ដារពីរ និងវិធីសាស្ត្ររើសអើងចំពោះរដ្ឋាភិបាលពេលដែលនិយាយដល់បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។»
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា សុំការបំភ្លឺពីបញ្ហានេះបាននៅឡើយ នៅថ្ងៃទី១១ ខែមីនា។
កាលពីពេលថ្មីៗនេះ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិឯកជនរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប.) លោក ចូសេហ្វ ខាន់ណាតាឈី (Joseph Cannataci) បានបង្ហាញរបាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៨ ខែមីនា នៅទីក្រុងហ្សឺណែវ ដោយបានរិះគន់ច្បាប់ឈ្លបយកការណ៍ ដូចជាលបលួចស្ដាប់ និងថតសំឡេងរបស់អ្នកដទៃ ដែលរដ្ឋាភិបាលមួយចំនួនបានបង្កើតឡើង និងស្នើឲ្យរដ្ឋាភិបាលនៅជុំវិញពិភពលោកគោរពសិទ្ធិឯកជន ដោយត្រូវចាត់ទុកវាជាសិទ្ធិសកលនៅសម័យបច្ចេកវិទ្យាទំនើប។
លោក ជឿជាក់ ថា, វិធានខ្លះ ក្នុងច្បាប់នេះ មានចរិត នយោបាយ ដោយអ្នក នយោបាយ ត្រូវ បានគេ មើលឃើញ ថា មានចេតនា ធ្វើអ្វីមួយ បើ ទោះជា ច្បាប់នោះ មិន ផ្ដល់ប្រយោជន៍ នៅពេល អនុវត្ត ជាក់ស្ដែង ក៏ដោយ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា បញ្ជាក់ថា ការលើកឡើងនេះស្ថិតនៅក្នុងការសង្ខេបរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសជាង ៤០ នៅទូទាំងពិភពលោកដែលប្រមូលបាន។
សម្រាប់ ស្ថានភាព នៅប្រទេស កម្ពុជា ឧត្ដមស្នងការ អង្គការ សហប្រជាជាតិ ទទួលបន្ទុក ផ្នែកសិទ្ធិមនុស្ស លោក ហ្សែត រ៉ាអេដ អាល់ហួសេន (Zeid Ra’ad Al Hussein) គូសបញ្ជាក់ពីការគំរាមកំហែងសិទ្ធិសេរីភាពបញ្ចេញមតិរបស់គណបក្សប្រឆាំង និងប្រជាពលរដ្ឋ ដោយការប្រើតុលាការក្នុងរយៈពេលមុនការបោះឆ្នោត។ រិះគន់ពីការអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវអនុម័តដោយរដ្ឋសភា គ្មានការប្រឹក្សាយោបល់ជាសាធារណៈ ដែលច្បាប់នេះអាចត្រូវប្រើសម្រាប់រំលាយគណបក្សប្រកួតប្រជែង ហើយថា ច្បាប់នេះប្រាសចាកឆ្ងាយពីបទដ្ឋានសិទ្ធិមនុស្សនៃសេរីភាពប្រមូលផ្តុំ។
ការបន្តឃុំខ្លួន ជាង ១០ខែ ដោយគ្មាន ភស្តុតាង ត្រឹមត្រូវ លើអ្នក ការពារ សិទ្ធិមនុស្ស ដែលបម្រើការ នៅសមាគម អាដហុក (ADHOC) ក៏ត្រូវ បានគេ លើកឡើង នៅក្រុម ប្រឹក្សា សិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ ក្នុងក្រុង ហ្សឺណែវ ដែរ។
លោក សង្កត់ធ្ងន់ ថា, ការបោះឆ្នោតដែលគួរឲ្យទុកចិត្តបាន លុះត្រាតែធានាថា តុលាការត្រូវតែប្រកាន់ភាពឯករាជ្យ និងមិនកាន់ជើងខាងណា ហើយសេរីភាពបញ្ចេញមតិនៃការប្រមូលផ្តុំដោយអហិង្សា និងការបង្កើតសមាគម គឺត្រូវការពារឲ្យបាន៕
No comments:
Post a Comment