បង្គោលរណបលេខ២ ឋិតនៅចន្លោះបង្គោលព្រំដែនលេខ ៩៤ និង ៩៥ នាភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលគណៈកម្មការចម្រុះព្រំដែននៃប្រទេសកម្ពុជា និងវៀតណាម បោះកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥។ |
អ្នកវិភាគ ស្នើឲ្យ ដោះស្រាយ បញ្ហា ជូនពលរដ្ឋ មុននឹងបន្ត បោះបង្គោល ព្រំដែន
RFA |
កិច្ចប្រជុំលើក ទី៩ ស្ដីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រវាង បណ្ដាខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម បានវាយតម្លៃ ថា, ការកំណត់ ខណ្ឌសីមា និងបោះបង្គោល ព្រំដែន គោក រវាង ប្រទេស ទាំងពីរ រហូត មកដល់ ពេលបច្ចុប្បន្ននេះ សម្រេចបាន ប្រមាណ ៨៤%។ ប៉ុន្តែ អ្នកវិភាគ ស្នើឲ្យ ដោះស្រាយ បញ្ហា ជូនពលរដ្ឋ រស់នៅ តាមព្រំដែន ជាមុនសិន មុន នឹងបន្ត បោះបង្គោល និងបោះតម្រុយ បង្គោល ព្រំដែន។
កម្ពុជា-វៀតណាម បានជំរុញ ឲ្យបណ្ដាខេត្ត ជាប់ព្រំដែន នៃប្រទេស ទាំងពីរ ត្រូវ សហការគ្នា, ថែរក្សា, និងការពារ បង្គោលព្រំដែន និងបង្គោល តម្រុយ ព្រំដែន ដែលបាន បោះរួច មិន ឲ្យមាន ការបំផ្លិចបំផ្លាញ។
នៅក្នុងសេចក្ដី ប្រកាស រួម ជាផ្លូវការ ស្ដីពី «កិច្ចប្រជុំ លើកទី៩ កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍ រវាង បណ្ដាខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម» កាលពីថ្ងៃទី១៥ ខែមីនា កម្ពុជា-វៀតណាម បានសម្រេចថា ភាគីទាំងពីរនឹងត្រូវខិតខំបន្តរក្សាការគ្រប់គ្រងព្រំដែនត្រឹមត្រូវតាមសន្ធិសញ្ញា និងការព្រមព្រៀងស្ដីពីព្រំដែនដែលប្រទេសទាំងពីរបានចុះហត្ថលេខា។
ក្នុងករណីមានហេតុការណ៍ និងបាតុភាពអ្វីមួយកើតឡើងនៅតំបន់ព្រំដែន បណ្ដាខេត្តជាប់ព្រំដែនត្រូវពិភាក្សាគ្នា និងសហការគ្នាដោះស្រាយភ្លាម ដោយមិនទុកឲ្យបញ្ហារីករាលដាលបង្កផលប៉ះពាល់ដល់ទំនាក់ទំនងជាប្រពៃណីល្អរវាងប្រទេសទាំងពីរ និងបង្កការរាំងស្ទះដល់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឡើយ ដោយឈរលើស្មារតីយោគយល់គ្នាទៅវិញទៅមក និងសន្តិវិធី។
បណ្ដាខេត្ត ជាប់ព្រំដែន ផ្ដល់សហប្រតិបត្តិការឲ្យល្អប្រសើរដល់ក្រុមការងារបច្ចេកទេសនៅក្នុងការចុះស្រាវជ្រាវ និងវាស់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ។ បណ្ដាខេត្តជាប់ព្រំដែនបន្តសហការ និងសម្របសម្រួលដោះស្រាយបញ្ហាបាក់ដីច្រាំងទន្លេ ឬព្រែកនៅតាមបណ្ដោយព្រំដែន ដោយឈរលើក្របខ័ណ្ឌច្បាប់ដែលបានព្រមព្រៀងគ្នា ការយោគយល់គ្នា និងឆន្ទៈមិនបំពានគ្នា ដើម្បីផលប្រយោជន៍ និងសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានទស្សនៈថា ការបោះបង្គោលព្រំដែនកម្ពុជា កំពុងនៅមានភាពចម្រូងចម្រាសច្រើន ដោយសារពុំទាន់មានឯកភាពជាតិផ្ទៃក្នុង ដែលធ្វើឲ្យរដ្ឋាភិបាលបន្តទទួលរងនូវការទិតៀនរិះគន់ និងមានការតវ៉ាពីប្រជាពលរដ្ឋ ដោយសារការបាត់បង់ដី បង្គោលខិតចូល ជាដើម ប៉ុន្តែមិនដែលឃើញពលរដ្ឋវៀតណាម តវ៉ានោះទេ។ បញ្ហានេះ បានធ្វើឲ្យមានចម្ងល់ថា តើមានអ្វីចំណេញ អ្វីខាត ដែលជំរុញឲ្យមានការបោះបង្គោលឲ្យឆាប់ចប់នេះ? បញ្ហានេះ រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហា និងអប់រំផ្សព្វផ្សាយឲ្យពលរដ្ឋបានយល់។
លោកថា បញ្ហាព្រំដែនគឺមានប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដីជាង ១ពាន់គីឡូម៉ែត្រ គឺខេត្តស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ រតនគិរី តាកែវ ជាដើម នៅតែមានបញ្ហា និងការតវ៉ាដោយសារតែភាពមិនច្បាស់លាស់ក្នុងការរំកិលព្រំដែនចេញចូល៖ «រដ្ឋាភិបាលគាត់អះអាងថា កន្លែងព្រំដែនត្រូវហើយ ប៉ុន្តែពលរដ្ឋនៅកន្លែងដែលរស់នៅនោះ គាត់ថាត្រូវអី? បើជីដូនជីតាគាត់ធ្លាប់ធ្វើស្រែនៅខាងមុខនោះ បង្គោលនេះម៉េចបានចូលដី ៥០០ម៉ែត្រ ៣០០ម៉ែត្រអ៊ីចឹង ការប្រកែកគ្នាឈ្លោះគ្នាកន្លងមកអ្នកនយោបាយឈ្លោះគ្នាតែនៅលើផែនទីទេ ប៉ុន្តែអត់ដែលបាននាំគ្នាចុះទៅ មើលនៅលើផែនដីហ្នឹងឲ្យច្បាស់លាស់ ហើយឲ្យមានការយល់ស្រប ឬឯកភាពគ្នា។»
សេចក្ដីប្រកាសរួមជាផ្លូវការដែលមាន ៩ទំព័រ ជាលទ្ធផលនៃកិច្ចប្រជុំនេះ មានខ្លឹមសារសរុបទាំងអស់មានចំនួន ១៦ចំណុច ដែលភាគច្រើនលើកឡើងអំពីបញ្ហាព្រំដែននោះ កិច្ចប្រជុំក៏បានលើកឡើងអំពីទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្ដូរអាជីវកម្ម ពាណិជ្ជកម្ម និងសេវាកម្មរវាងបណ្ដាខេត្តជាប់គ្នា ជំរុញកសាងផ្សារព្រំដែន រោងចក្រ សហគ្រាស សណ្ឋាគារ តំបន់សេដ្ឋកិច្ចពិសេស។ល។ ភាគីទាំងពីរនឹងជំរុញល្បឿនកសាងស្ពានជ្រៃធំ-ឡុងប៊ិញ ជាស្ពានឆ្លងកាត់ព្រំដែនរវាងខេត្តកណ្ដាល និងខេត្តអានយ៉ាង ដើម្បីដំណើរការឆ្នាំ២០១៧ នេះ ព្រមទាំងបង្ការទប់ស្កាត់បទល្មើសគ្រប់រូបភាពនៅតាមបណ្ដាព្រំដែន បង្កើនការអភិវឌ្ឍទេសចរណ៍នៅតាមបណ្ដាព្រំដែន។ ក្រៅពីនោះ ភាគីទាំងពីរក៏បានឯកភាពសម្រេចឲ្យបានឆាប់នូវបទបញ្ជាផ្ទៃក្នុង ដើម្បីឲ្យសន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកយុត្តិធម៌ក្នុងវិស័យព្រហ្មទណ្ឌ និងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតដែលបានចុះហត្ថលេខា និងបានចូលជាធរមានកាលពីចុងឆ្នាំ២០១៦៕
No comments:
Post a Comment