Paris Peace Accords 23 Oct. 1991

Friday, March 31, 2017

[Vietnamization: Military] សង្គម​ស៊ីវិល ​និង​បក្ស​ប្រឆាំង ​បារម្ភ​ ពី​ការ​ ប្រើប្រាស់​ ជំនួយ ​សម្ភារៈ ​យោធា​ បរទេស ​ខុស​គោលដៅ | Civil society, opposition party worry about misuse of military equipment from foreign countries

Related:

...
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ (ពី​ស្ដាំ​ទី​៣) និង​គណៈប្រតិភូ​ចិន ពេល​ចូល​រួម​បិទ​វគ្គ​លំហាត់​យោធា​កម្ពុជា-ចិន នា​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ (ពី​ស្ដាំ​ទី​៣) និង​គណៈប្រតិភូ​ចិន ពេល​ចូល​រួម​បិទ​វគ្គ​លំហាត់​យោធា​កម្ពុជា-ចិន នា​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth

សង្គម​ស៊ីវិល ​និង​បក្ស​ប្រឆាំង ​បារម្ភ​ ពី​ការ​ ប្រើប្រាស់​ ជំនួយ ​សម្ភារៈ ​យោធា​ បរទេស ​ខុស​គោលដៅ

RFA / វិទ្យុ អាស៊ី សេរី | ៣១ មិនា ២០១៧


មន្ត្រី​ អង្គការ​ សង្គម​ស៊ីវិល និង​គណបក្ស ​ប្រឆាំង ព្រួយ​បារម្ភ​ ពី​ការ​ ប្រើប្រាស់​ ជំនួយ ​សម្ភារៈ​ យោធា​ បរទេស ​ខុស​គោលដៅ ដែល​អាច​ ប៉ះពាល់ ​ដល់​ការ​ បោះឆ្នោត ​ឃុំ-​សង្កាត់ នៅ​ខែ​ មិថុនា ខាង​មុខ។  ក្ដី​បារម្ភ​នេះ កើត​ឡើង​ ក្រោយ​ពេល ​កម្ពុជា បាន​ទទួល​ ជំនួយ ​ជា​សម្ភារៈ ឬ​គ្រឿង​បរិក្ខារ​ យោធា​ យ៉ាង​ច្រើន​ សន្ធឹកសន្ធាប់ ​ពី​ប្រទេស​ កូរ៉េ ខាងត្បូង។


នេះ​ជា​លើក​ទី​បី​ហើយ ដែល​កម្ពុជា ទទួល​បាន​ជំនួយ​យោធា​ពី​ប្រទេស​កូរ៉េខាងត្បូង ចាប់​តាំង​ពី​ឆ្នាំ​២០១០។ ជំនួយ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា រួម​មាន​រថយន្ត​យោធា​តូច ធំ ចំនួន ២០៨​គ្រឿង និង​គ្រឿងចក្រ​វិស្វកម្ម​គ្រប់​ប្រភេទ​ចំនួន ១៤​គ្រឿង។  កាល​ពី​ឆ្នាំ​២០១០ ប្រទេស​នេះ​ក៏​បាន​ផ្ដល់​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ១៨៨​គ្រឿង គ្រឿងចក្រ​គ្រប់​ប្រភេទ​ចំនួន ៦៦ នាវា​ល្បាត​ប្រភេទ វ៉ាយ.យូ.ប៊ី (YUB) ចំនួន ៣​គ្រឿង និង​សម្ភារៈ​ការិយាល័យ​មួយ​ចំនួន​ទៀត។ ដោយ​ឡែក​កាល​ពី​ឆ្នាំ​២០១២ ជា​ឆ្នាំ​ដែល​កម្ពុជា បាន​រៀបចំ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ប្រទេស​នេះ​ក៏​បាន​ផ្ដល់​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ២១២​គ្រឿង គ្រឿងចក្រ​វិស្វកម្ម ២៩​គ្រឿង និង​សម្ភារៈ​បម្រើ​ឲ្យ​ការងារ​ការិយាល័យ​មួយ​ចំនួន​ទៀត​ផង។

ថ្លែង​ក្នុង​ពិធី​ផ្ទេរ​ប្រគល់​សម្ភារៈ​ជំនួយ​យោធា លោក ទៀ បាញ់ បញ្ជាក់​ថា ការ​ផ្ទេរ​ប្រគល់​សម្ភារៈ​ជំនួយ​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ខួប​លើក​ទី​២០ នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​កូរ៉េខាងត្បូង។ លោក​ថា ជំនួយ​យោធា​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ថែម​ទៀត​នូវ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២ លើ​វិស័យ​ការពារ​ជាតិ ជា​ពិសេស​សំដៅ​លើក​កម្ពស់​សមត្ថភាព​ក្នុង​វិស័យ​សន្តិសុខ​នៅ​កម្ពុជា។

ក្រៅ​ពី​ការ​ព្យាយាម​ធានា​ថា សម្ភារៈ​យោធា​ទាំង​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង «ទិស​ដៅ​ ត្រឹមត្រូវ» លោក ទៀ បាញ់ ក៏​មិន​បាន​ភ្លេច​ថ្លែង​សារ​ក្រើន​រំឭក​អំពី​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​សម្ភារៈ​យោធា​ទាំង​នេះ​ដើម្បី​ការពារ​រដ្ឋាភិបាល​ពី​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​ណា​មួយ​តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ និង​ការ​បង្ក​រូបភាព​ចលាចល​នានា​ក្នុង​សង្គម។

​សារ​របស់​លោក ទៀ បាញ់ ពាក់ព័ន្ធ​នឹង​លទ្ធភាព​ប្រើប្រាស់​ជំនួយ​យោធា​ទាំង​នេះ ដើម្បី​យក​ទៅ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​នេះ បណ្ដាល​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មាន​ក្តី​បារម្ភ។ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត បញ្ជាក់​ថា សារ​របស់​លោក ទៀ បាញ់ នេះ​នឹង​បង្ក​ឲ្យ​មាន​បរិយាកាស​អវិជ្ជមាន​មួយ ព្រោះ​វា​ហាក់​ដូច​ជា​ការ​ដំឡើង​សាច់ដុំ​មួយ​ដែរ​នៅ​មុន​ពេល​បោះឆ្នោត។ សម្រាប់​កម្ពុជា លោក​ថា លទ្ធភាព​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នេះ គឺ​មិន​អាច​កើត​មាន​ឡើង​នោះ​ឡើយ។
អំ សំអាត ៨៥៥ ២០១៧
ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA Photo: RFA
លោក អំ សំអាត កត់សម្គាល់​ឃើញ​ថា កន្លង​មក​ភាគ​ច្រើន​ឲ្យ​តែ​ជិត​ដល់​ពេល​បោះឆ្នោត ឬ​ក្រោយ​ពេល​បោះឆ្នោត​ម្ដងៗ គឺ​តែងតែ​មាន​ការ​ផ្ដល់​ជា​អំណោយ​យោធា​បែប​នេះ ជាក់ស្ដែង​ដូចជា​ពី​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ចិន ជាដើម។ លោក​ក៏​បាន​ដាក់​ក្ដី​មន្ទិល​ថា ជំនួយ​យោធា​ទាំង​អស់​នេះ អាច​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ធ្វើ​ការ​ទប់​ស្កាត់ ឬ​ក៏​គំរាមកំហែង​ណា​មួយ ប្រសិនបើ​មាន​ការ​ទាមទារ ឬ​តវ៉ា​ណា​មួយ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

លោក អំ សំអាត៖ «បើ​ជា​រូបភាព វា​ជា​ការ​ផ្ដល់​ជំនួយ ប៉ុន្តែ​បើសិនជា​ស្មារតី​នៃ​ការ​ប៉ះពាល់​វិញ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ស្មារតី​របស់​អ្នក​បោះឆ្នោត ដែល​គាត់​អាច​នឹង​គិត​ផ្សេងៗ ព្រោះ​កន្លង​មក គឺ​ធ្លាប់​មាន​ការ​បារម្ភ​ទាក់ទង​ទៅ​នឹង​ការ​ឧបត្ថម្ភ​ឧទ្ធម្ភាគចក្រ ឬ​ក៏​ការ​ចល័ត​ទ័ព ឬ​ការ​ចល័ត​សព្វាវុធ​ផ្សេងៗ​ទៀត​ផង»

​លោក អំ សំអាត ស្នើ​ថា បើសិនជា​អាច​ធ្វើ និង​ចរចា​បាន​ជាមួយ​ប្រទេស​ម្ចាស់​ជំនួយ កម្ពុជា​គួរ​ជ្រើសរើស​ពេល​វេលា​ឲ្យ​ឆ្ងាយ​ពី​កាលបរិច្ឆេទ​ការ​បោះឆ្នោត ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ ឬ​បង្កើត​ជា​រូបភាព​អវិជ្ជមាន​នានា​ក្នុង​ចំណោម​អ្នក​បោះឆ្នោត។
យ៉ាងណាមិញ សម្រាប់​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី ទទូច​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ ជាពិសេស​យោធា ត្រូវ​តែ​អព្យាក្រឹត និង​គោរព​តាម​គោលការណ៍​ច្បាប់ ឬ​ក្រមសីលធម៌​ជាដើម។

លោក សំ គន្ធាមី៖ «យើង​ពិនិត្យ​មើល​កងកម្លាំង​ប្រដាប់​អាវុធ ជា​ពិសេស​យោធា បើសិនជា​កងកម្លាំង​ប្រដាប់​អាវុធ​អព្យាក្រឹត គោរព​តាម​ច្បាប់​ក្រម​សីលធម៌ នោះ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​យើង​ទទួល​ជំនួយ​យោធា​ពី​បរទេស។ ជំនួយ​វា​មិន​ប៉ះពាល់​ទេ បើសិនជា​យើង​អនុវត្ត​ទៅ​តាម​ច្បាប់ ហើយ​យោង​ទៅ​តាម​អព្យាក្រឹតភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ជា​រឿង​ល្អ​ដែរ ដែល​គេ​ផ្តល់​ជំនួយ​មក​ស្រុក​យើង»

​ដោយ​ឡែក មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ស្នើ​ឲ្យ​ក្រសួង​ការពារ​ជាតិ ប្រើប្រាស់​សម្ភារៈ​ជំនួយ​យោធា​ទាំង​នោះ​ឲ្យ​ចំ​គោលដៅ ដើម្បី​រក្សា​នូវ​ការ​ការពារ​ប្រទេស​ជាតិ​បូរណភាព​ទឹក​ដី កុំ​ឲ្យ​មាន​ការ​គំរាមកំហែង​ពី​ប្រទេស​ជិត​ខាង ហើយ​ត្រូវ​ចៀសវាង​យក​សម្ភារៈ​ជំនួយ​យោធា​ទាំង​នោះ​ទៅ​ទប់ស្កាត់​លើ​ចលនា​ប្រជាធិបតេយ្យ។ ទោះ​ជា​ក្នុង​ស្ថានភាព​ណា​ក៏ដោយ លោក​ស្នើ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភិតភ័យ ឬ​ទទួល​អារម្មណ៍​ពី​ការ​គំរាមកំហែង​ណា​មួយ។

លោក យឹម សុវណ្ណ«សំខាន់​ការ​ផ្ដល់​ជំនួយ​យោធា​ហ្នឹង យក​មក​ការពារ​ប្រទេស យក​មក​ការពារ​ការ​គំរាមកំហែង​ពី​ខាង​ក្រៅ និង​យក​មក​ការពារ​បូរណភាព​ទឹក​ដី​កុំ​ឲ្យ​មាន​ការ​ឈ្លានពាន​ពី​បណ្ដា​ប្រទេស​ជិត​ខាង។ នេះ​គឺជា​ការ​ល្អ។ ក៏ប៉ុន្តែ​បើសិនជា​យក​សម្ភារៈ​នេះ​យក​មក​ដើម្បី​គ្រាន់តែ​ទប់ស្កាត់​ទៅ​លើ​ចលនា​ប្រជាធិបតេយ្យ អា​នោះ​គឺជា​រឿង​មួយ​ដែល​យើង​គួរតែ​ចៀសវាង ព្រោះ​ប្រទេស​យើង​អនុវត្ត​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស»


យឹម សុវណ្ណ ២០១៦ ៨៥៥
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​បក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Sorn Chanratha RFA/Sorn Chanratha
 
ផ្ទុយ​ពី​ការ​យល់​ឃើញ​ខាង​លើ​នេះ មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា យល់​ឃើញ​ថា ជំនួយ​ជា​សម្ភារៈ​យោធា​របស់​កូរ៉េខាងត្បូង​នេះ មិន​មាន​ឥទ្ធិពល​ទៅ​លើ​ការ​បោះឆ្នោត ឬ​ធ្វើ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​អ្វី​ឡើយ។ លោក​ថា ជំនួយ​នេះ​អាច​ជា​ជំនួយ​ដែល​ឧបត្ថម្ភ​គាំទ្រ​ដល់​កិច្ច​ការពារ​ជាតិ​របស់​ប្រទេស​កម្ពុជា និង​ការពារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​មាន​ស្មារតី​កាន់​តែ​រឹង​មាំ​សម្រាប់​ការ​បោះ​ឆ្នោត​ទៅ​វិញ​ទេ។

​កាល​ពី​ឆ្នាំ​២០១៤ ប្រទេស​កូរ៉េខាងត្បូង ធ្លាប់​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ផ្សាយ​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ហិង្សា​លើ​កម្មករ​កាត់​ដេរ​សំលៀកបំពាក់​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ។ សារព័ត៌មាន​អន្តរជាតិ គ្លបល ផូស្តិ៍ (Global Post) កាល​នោះ​ផ្សាយ​ថា កូរ៉េខាងត្បូង​ធ្លាប់​បាន​ព្យាយាម​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​សម្ងាត់​តាម​រយៈ​ស្ថានទូត​កូរ៉េ​នៅ​ភ្នំពេញ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើ​ប្រាស់​កម្លាំង​យោធា​ពី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ដែល​ដឹកនាំ​ដោយ​កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដើម្បី​ការពារ​ផលប្រយោជន៍​វិនិយោគ​របស់​ខ្លួន។ ហេតុការណ៍​នេះ​បណ្ដាល​ឲ្យ​មាន​ព្រឹត្តិការណ៍​បង្ក្រាប​ពី​កម្លាំង​ចម្រុះ​រដ្ឋាភិបាល​មក​លើ​បាតុករ​នៅ​ក្បែរ​រោងចក្រ យ៉ាក ជីង និង​លើ​ផ្លូវ​វ៉េងស្រេង។ ជា​លទ្ធផល​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ៥​នាក់​បាត់​បង់​ជីវិត និង​របួស​ប្រមាណ ៤០​នាក់។

ការ​ប្រើប្រាស់​កម្លាំង​ចម្រុះ​រួម​ទាំង​យោធា​ពី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម នៅ​ក្នុង​ហេតុការណ៍​បង្ក្រាប​នេះ នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​អន្តរជាតិ​ថា រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​កម្មករ​និយោជិត​វិស័យ​កាត់​ដេរ​ជា​ភេវករ ដែល​ជា​ករណី​រំលោភ​បំពាន​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ។ ក្រោយ​ហេតុការណ៍​បង្ក្រាប​នេះ ប្រទេស​កូរ៉េខាងត្បូង មិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ណា​មួយ​ចំពោះ​អំពើ​ហិង្សា​ពី​សំណាក់​យោធា​រដ្ឋាភិបាល​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​ឡើយ។ អាស៊ីសេរី ព្យាយាម​ស្នើ​សុំ​ការ​បក​ស្រាយ​ពី​ស្ថានទូត​កូរ៉េខាងត្បូង ប្រចាំ​ទីក្រុង​ភ្នំពេញ តាម​សារ​អេឡិចត្រូនិក ជុំវិញ​បញ្ហា​ខាង​លើ​នេះ ក៏ប៉ុន្តែ​ពុំ​ទទួល​បាន​ក៏​ឆ្លើយតប​ណា​មួយ​ឡើយ៕




No comments:

Post a Comment