Paris Peace Accords 23 Oct. 1991

Wednesday, April 5, 2017

សង្គម​ស៊ីវិល៖ បញ្ជី​ឈ្មោះ ​បោះឆ្នោត ​ថ្មី​ ល្អ​ប្រសើរ​ ជាង​បញ្ជី​ បោះ​ឆ្នោត​ កាល​ពី​ឆ្នាំ ​២០១៣ | Civil society: Voter registration better than the one of 2013

ពី​ឆ្វេង៖ លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក គឹម ឈន អ្នក​សម្របសម្រួល​នៃ​អង្គការ​ខុមហ្រ្វែល (COMFREL) និង​លោក កង សាវាង្ស អ្នក​អង្កេត​នៃ​អង្គការ​ខុមហ្រ្វែល នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៣ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Cheu Sideth
ពី​ឆ្វេង៖ លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក គឹម ឈន អ្នក​សម្របសម្រួល​នៃ​អង្គការ​ខុមហ្រ្វែល (COMFREL) និង​លោក កង សាវាង្ស អ្នក​អង្កេត​នៃ​អង្គការ​ខុមហ្រ្វែល នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៣ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Cheu Sideth

សង្គម​ស៊ីវិល៖ បញ្ជី​ឈ្មោះ ​បោះឆ្នោត ​ថ្មី​ ល្អ​ប្រសើរ​ ជាង​បញ្ជី​ បោះ​ឆ្នោត​ កាល​ពី​ឆ្នាំ ​២០១៣

RFA / វិទ្យុ អាស៊ី សេរី | ៥ មេសា ២០១៧


ក្រុម​អង្គការ​ មិន​មែន ​រដ្ឋាភិបាល ​ដែល​ធ្វើ​ការ ​លើ​ប្រព័ន្ធ​ បោះឆ្នោត ​រក​ឃើញ​ ថា, បញ្ជី​ឈ្មោះ​ បោះឆ្នោត​ថ្មី​ ដែល​បម្រើ ​ឲ្យ​ការ​ បោះឆ្នោត​ ជ្រើសរើស ​ក្រុម​ប្រឹក្សា​ ឃុំ-​សង្កាត់ ឆ្នាំ​២០១៧​នេះ គឺ​ មាន​ភាព​ល្អ​ប្រសើរ បើ ​ធៀប​នឹង​ បញ្ជី​ឈ្មោះ​ចាស់ កាល​ពី​ឆ្នាំ​ ២០១៣។  គណបក្ស​ នយោបាយ ​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម ​បើក​យុទ្ធនាការ​ ស្វែង​រក ​សំឡេង​ឆ្នោត ​សម្រាប់​ ការ​ជ្រើសរើស​ សមាជិក​ ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ ទី​៤​នេះ រយៈពេល ១៤​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ ទី​២ ខែ​មិថុនា ខាង​មុខ។


អ្នក​ជំនាញ​លើ​កិច្ចការ​បោះឆ្នោត​ពី​ស្ថាប័ន​អង្គការ​មិន​មែន​រដ្ឋាភិបាល​អះអាង​ថា ថ្វី​បើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​សម្រាប់​អាណត្តិ​នេះ មាន​ភាព​ល្អ​ឥត​ខ្ចោះ​យ៉ាង​ណា​ក្ដី បញ្ហា​នេះ​ក៏​មិន​ទាន់​ប្រាកដ​ថា អាច​នឹង​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​តាម​ផ្លូវ​នយោបាយ ឬ​អាច​ឈាន​ទៅ​បញ្ចប់​ការ​តវ៉ា​អំពី​លទ្ធផល​ឆ្នោត​ពី​គណបក្ស​នយោបាយ​បាន​នៅ​ឡើយ​ដែរ។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) ឲ្យ​ដឹង​ថា ការ​បញ្ចប់​ភាព​ស្មុគស្មាញ​រឿង​បញ្ជី​ឈ្មោះ​មួយ​មុខ​នេះ មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ដំណើរ​ការ​បោះឆ្នោត​ឈប់​ខ្វែង​គំនិត​គ្នា​ឡើយ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មេសា នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក សំ គន្ធាមី បញ្ជាក់​ថា មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ជា​មូលហេតុ​នាំ​ឲ្យ​បញ្ហា​រឿង​បោះឆ្នោត​នេះ មិន​ទាន់​អាច​បញ្ចប់​ការ​តវ៉ា​រឿង​លទ្ធផល​ឆ្នោត​នេះ៖ «ការ​វាយ​តម្លៃ​លើ​ការ​បោះឆ្នោត​មិន​មែន​ស្ថិត​តែ​នៅ​លើ​បញ្ជី​មួយ​ទេ។ យើង​មើល​ពេល​ដោះស្រាយ​បណ្ដឹង​ពេល​ចុះ​ឈ្មោះ​បេក្ខជន ពេល​ឃោសនា​បោះឆ្នោត​តិច​ទៀត​នេះ ពេល​ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​រាប់​សន្លឹក​ឆ្នោត ទាំង​អស់​នេះ​បូក​សរុប​ទៅ​បាន​យើង​ធ្វើ​ការ​វាយ​តម្លៃ​កើត»

របាយការណ៍​ស្ដីពី​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ដែល​ចេញ​ដោយ​អង្គការ​ខុមហ្វ្រែល រក​ឃើញ​ថា អត្រា​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​មាន​កំណើន ៨៩,៣%។ ទន្ទឹម​នឹង​នេះ បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ក្នុង​អាណត្តិ​នេះ ក៏​មាន​គុណភាព​ល្អ​រហូត​ដល់ ៩៨% ដែរ។ តួលេខ​នេះ ត្រូវ​បាន​អង្គការ​ខុមហ្រ្វែល ចាត់​ទុក​ថា បើ​ធៀប​នឹង​បញ្ជី​បោះ​ឆ្នោត​ចាស់​កាល​ពី​ឆ្នាំ​២០១៣ គឺ​ល្អ​ជាង និង​មាន​គុណភាព​ជាង។

ប្រទេស​កម្ពុជា នឹង​ចាប់​ផ្ដើម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ មាត្រា ៦៨ ចែង​ថា ការ​ឃោសនា​បោះឆ្នោត​គឺ​ជា​សកម្មភាព​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​ជា​សាធារណៈ។ ច្បាប់​នេះ បាន​កំណត់​ការ​ឃោសនា​យ៉ាង​ច្រើន​បាន ២​ដង ក្នុង​អំឡុង​ពេល​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត​រយៈពេល ១៤​ថ្ងៃ។

ទាក់ទិន​រឿង​នេះ លោក កង សាវាង្ស មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល ឲ្យ​ដឹង​ថា ការ​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស។ ក៏ប៉ុន្តែ​សវនកម្ម​នេះ​ពុំ​បាន​គ្រប់​ដណ្ដប់​ចំពោះ​អ្នក​ចំណាក​ស្រុក​ជាង ១​លាន​នាក់​ទេ។ យ៉ាង​ណា​អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​រូប​នេះ មាន​សុទិដ្ឋិនិយម​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ពេល​នេះ គឺ​លែង​មាន​ឈ្មោះ​ស្ទួន បញ្ហា​បាត់​ឈ្មោះ ឬ​មាន​ឈ្មោះ​ខ្មោច​ទៀត​ហើយ៖ «សម្រាប់​ខុមហ្វ្រែល លទ្ធភាព​ក្នុង​ការ​សិក្សា​គឺ​សិក្សា​បាន​តែ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ទេ។ អ៊ីចឹង​បើ​យើង​ដក់​ប្រជាពលរដ្ឋ​លោក​ចំណាក​ស្រុក​ទៅ​វា​នឹង​ប្រហាក់ប្រហែល​គ្នា​ហើយ។ វា​អាច​លម្អៀង​គ្នា​នៅ​ក្នុង​កម្រិត​ថា កម្រិត​លម្អៀង ២​ភាគរយ»

បើ​ទោះ​ជា​របាយការណ៍​នេះ បង្ហាញ​ពី​ភាព​សុក្រឹត​បែប​នេះ​ក៏​ដោយ​ចុះ ទន្ទឹម​នឹង​នេះ បញ្ហា​ខ្លះ​នៅ​មាន​ភាព​ឆក​ល្វែង​មួយ​ចំនួន​ដែរ។ ពលរដ្ឋ​ដែល​ពុំ​បាន​ដឹង​ពី​ព័ត៌មាន​ស្ដីពី​ការ​បោះឆ្នោត នៅ​តែ​មាន​អត្រា​ខ្ពស់​នៅ​ឡើយ រហូត​ដល់​ជាង ៥៥​ភាគរយ។ ក្រៅ​ពី​នេះ ៦៧​ភាគរយ​ផ្សេង​ទៀត ម្ចាស់​ឆ្នោត​មិន​ខ្វល់ខ្វាយ​ព្យាយាម​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាដើម។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ស្វាគមន៍​របាយការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ពេល​នេះ។ លោក​បន្ត​ថា ផ្អែក​លើ​កិច្ចការ​បោះ​ឆ្នោត​នេះ គ.ជ.ប មាន​ជំនឿ​តាំង​ពី​មុន​មក​ហើយ​ថា បើ​ទោះ​ជា​ដំណើរ​ការ​នៃ​លទ្ធផល​វា​មិន​អាច​ល្អ​ឥត​ខ្ចោះ ក៏​ការ​សម្រេច​បាន​នៅ​ពេល​នេះ គឺ​ជា​ការ​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ខ្លះ​ដែរ៖ «គ.ជ.ប. មាន​ជំនឿ​ចិត្ត​ខ្លួន​ឯង​តាំង​ពី​មុន​មក​ថា អ្វី​ដែល​ជា​កំណែ​ទម្រង់​សមិទ្ធផល​ទី​១ គឺ​បញ្ជី​ឈ្មោះ​ដ៏​សុក្រឹត​ល្អ​ប្រសើរ បើ​ទោះ​បី​ជា​គ្មាន​ការ​ចុះ​ឈ្មោះ​ណា​ដែល​ល្អ​ឥត​ខ្ចោះ​ក៏ដោយ ប៉ុន្តែ​ការ​ឆ្លុះ​បញ្ចាំង​នៃ​របាយការណ៍​នេះ​បញ្ជាក់​ថា អាច​ទទួល​យក​បាន»

ស្រប​ពេល​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា មាន​ការវិវត្តន៍​ទៅ​រក​ភាព​វិជ្ជមាន​ជាង​អាណត្តិ​មុនៗ​ក្ដី សម្រាប់​អាណត្តិ​ទី​៤ នេះ​វិញ គណបក្ស​ប្រឆាំង​បាន​រក​ឃើញ​សំណុំ​រឿង​ជាង ៣០០​បណ្ដឹង ដែល​មាន​ជន​បរទេស​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ដូច​ពលរដ្ឋ​កម្ពុជា ដែរ។ ប៉ុន្តែ​បណ្ដឹង​ទាំង​នេះ ត្រូវ​បាន គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រានចោល៕


1 comment:

  1. eToro is the most recommended forex broker for new and professional traders.

    ReplyDelete