របាយការណ៍ដែលមានចំណងជើងថា “សេរីភាពសារព័ត៌មានឆ្នាំ២០១៧ (FREEDOM OF THE PRESS 2017)” របស់អង្គការ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។ Screenshot |
Freedom House ចាត់ចំណាត់ថ្នាក់ កម្ពុជា ជាប្រទេស គ្មាន សេរីភាព សារព័ត៌មាន
RFA / វិទ្យុ អាស៊ី សេរី | ២៩ មេសា ២០១៧
អង្គការ ឃ្លាំមើល សេរីភាព ពិភពលោក ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដែលមាន មូលដ្ឋាន ក្នុងសហរដ្ឋ អាមេរិក បានឲ្យ ចំណាត់ថ្នាក់ កម្ពុជា ថា ជាប្រទេស គ្មាន សេរីភាព ក្នុងចំណោម ប្រទេស ចំនួន ៤០ប្រទេស នៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក នេះ។
អង្គការ ហ្វ្រ៊ីដឹម ហៅស៍ ដាក់ចំណាត់ថ្នាក់ ស្ថានភាព សេរីភាព សារព័ត៌មាន ជារួម នៅប្រទេស កម្ពុជា ថា «ពុំមាន សេរីភាព»។ របាយការណ៍ សេរីភាព សារព័ត៌មាន ឆ្នាំ២០១៧ ចេញផ្សាយ នៅថ្ងៃសុក្រ ទី២៨ មេសា បង្ហាញ ថា, ពិន្ទុ សរុប នៃសេរីភាព សារព័ត៌មាន កម្ពុជា សម្រាប់ ឆ្នាំ២០១៧ នេះ បានធ្លាក់ចុះ មួយលេខទៀត ទៅក្នុងកម្រិត រឹតតែ អាក្រក់ ជាងឆ្នាំមុន គឺ ឆ្នាំ២០១៦។
ពិន្ទុសរុបសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៧ នេះ គឺ ៧០ លើ ១០០ ដែល ០ មានន័យថា មានភាពសេរីបំផុត ហើយ ១០០ មានន័យថា ពុំមានសេរីភាព។ ពិន្ទុរបស់កម្ពុជា នេះ បានធ្លាក់ចុះមួយលេខ បើប្រៀបធៀបនឹងពិន្ទុនៃសេរីភាពសារព័ត៌មានរបស់ខ្លួនកាលពីឆ្នាំ២០១៦ កន្លងទៅ ដែលកម្ពុជា ទទួលបានពិន្ទុសរុប ៦៩ លើ ១០០។ ដូចគ្នានេះដែរ ពិន្ទុបរិយាកាសផ្លូវច្បាប់ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាននៅកម្ពុជា ក៏បានធ្លាក់ចុះមួយលេខរឹតតែអាក្រក់ជាងឆ្នាំ២០១៦ កន្លងទៅផងដែរ គឺពីលេខ ២៣ លើ ៣០ ក្នុងឆ្នាំ២០១៦ មកនៅលេខ ២៤ លើ ៣០ ក្នុងឆ្នាំ២០១៧ នេះ ដែល ០ មានន័យថា ប្រសើរបំផុត ហើយ ៣០ មានន័យថាអាក្រក់បំផុត។ ដោយឡែកពិន្ទុបរិយាកាសនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺនៅដដែល។
របកគំហើញសំខាន់ៗជាសកលដែលរបាយការណ៍នេះរកឃើញ បញ្ជាក់ថា សេរីភាពសារព័ត៌មានជាសកលក្នុងឆ្នាំ២០១៦ បានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ ស្របពេលដែលមានការគំរាមកំហែងមិនឈប់ឈរទៅលើអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដែលមិនធ្លាប់មានពីមុនមក។ របាយការណ៍ឲ្យដឹងថា ករណីទាំងនេះកើតមានឡើងទាំងនៅក្នុងប្រទេសប្រជាធិបតេយ្យធំៗ និងទាំងនៅក្នុងប្រទេសផ្ដាច់ការនិយមនានា ក្នុងគោលដៅដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយទាំងមូល រាប់ទាំងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលមិនស្ថិតក្នុងយុត្តាធិការនៃប្រទេសដែលរដ្ឋគ្រប់គ្រងផងដែរ។
របាយការណ៍រកឃើញបន្ថែមថា ៤៥ភាគរយនៃប្រជាជនពិភពលោកទាំងមូល កំពុងរស់នៅក្នុងប្រទេសដែលស្ថានភាពបរិយាកាសនៃប្រព័ន្ធផ្សព្វផ្សាយពុំមានសេរីភាព ក្នុងនោះប្រទេស និងទឹកដីចំនួន ១០ ដែលត្រូវបានចាត់ទុកថាមានស្ថានភាពសេរីភាពសារព័ត៌មានអាក្រក់បំផុតជាងគេនៅលើពិភពលោកនោះ គឺប្រទេសអាហ្សែរបៃហ្សាន (Azerbaijan) តំបន់គ្រីមៀរ (Crimea) ប្រទេសគុយបា (Cuba) ប្រទេសហ្គីណេ (Equatorial Guinea) អេរីត្រេ (Eritrea) អ៊ីរ៉ង់ (Iran) កូរ៉េខាងជើង (North Korea) ស៊ីរី (Syria) ទួរមេនីស្ថាន (Turkmenistan) និងប្រទេសអ៊ូប៊ែរគីស្ថាន (Uzbekistan)។
របាយការណ៍បន្តថា អ្នកនយោបាយក្នុងប្រទេសប្រជាធិបតេយ្យមួយចំនួន ដូចជានៅប្រទេសប៉ូឡូញ (Poland) និងហុងគ្រី (Hungary) ជាដើម ព្យាយាមបង្កើតព្រឹត្តិការណ៍ព័ត៌មានក្នុងគោលដៅធ្វើឲ្យទន់ខ្សោយប្រព័ន្ធផ្សព្វផ្សាយប្រពៃណីរបស់រដ្ឋ ហើយប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនមកលើអ្នកផ្សាយព័ត៌មានសាធារណៈ។ ពួកគេបានព្យាយាមបង្កើនឲ្យមានការយកចិត្តទុកដាក់លើប្រព័ន្ធព័ត៌មានឯកជនដែលស្និទ្ធនឹងខ្លួន។
ដោយឡែកនៅសហរដ្ឋអាមេរិក របាយការណ៍គូសបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបន្តុះបង្អាប់វិស័យសារព័ត៌មាន ដោយបដិសេធតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះពាក្យសម្ដី និងសកម្មភាពនានារបស់ខ្លួន។
ក្រៅពីរបកគំហើញសំខាន់ៗខាងលើនេះ របាយការណ៍ក៏បានរំលេចដែរថា មន្ត្រីនានាក្នុងប្រទេសដែលមានលក្ខណៈគ្រប់គ្រងតាមបែបផ្ដាច់ការនិយម ដូចជាប្រទេសទួរគី (Turkey) អេត្យូពី (Ethiopia) និងវេណេហ៊្សួអេឡា (Venezuela) ជាដើម បានយកភាពវឹកវរផ្នែកនយោបាយ និងសង្គមមកធ្វើជាលេសក្នុងការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយដែលឯករាជ្យ ឬមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។
ដូចគ្នានេះដែរ អាជ្ញាធរក្នុងប្រទេសជាច្រើនក្នុងតំបន់សាហារ៉ា-អាហ្វ្រិក (Sub-Sahara Africa) មជ្ឈិមបូព៌ា (Middle East) និងអាស៊ី បានពង្រីកវិសាលភាពច្បាប់ ដើម្បីរឹតត្បិតការបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត (Internet) ឬបិទចោលទាំងស្រុងតែម្តងសេវាទូរគមនាគមន៍ ក្នុងពេលដែលមានព្រឹត្តិការណ៍សំខាន់ៗ ដូចជានៅមុនពេលបោះឆ្នោត ឬក្នុងអំឡុងពេលដែលមានការតវ៉ានានា។
ក្នុងចំណោមប្រទេសនានាដែលទទួលរងនូវការធ្លាក់ចុះខ្លាំងបំផុតនៃសេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០១៧ នេះ រួមមាន ប្រទេសប៉ូឡូញ (Poland) ទួរគី (Turkey) ប៊ូរុនឌី (Burundi) ហុងគ្រី (Hungary) បូលីវី (Bolivia) ស៊ែប (Serbia) និងសាធារណរដ្ឋប្រជាធិបតីកុងហ្គោ (Democratic Republic of Congo)៕
No comments:
Post a Comment