Paris Peace Accords 23 Oct. 1991

Thursday, April 20, 2017

លោក ហ៊ុន សែន រិះគន់​ អ្នក​អត្ថាធិប្បាយ​ ច្បោលៗ​ ហ៊ាន​រិះគន់​ គោល​នយោបាយ ​រដ្ឋាភិបាល | Hun Sen criticizes those who dare to criticize govt policies

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ រាជធានី​ភ្នំពេញ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន រិះគន់​ អ្នក​អត្ថាធិប្បាយ​ ច្បោលៗ​ ហ៊ាន​រិះគន់​ គោល​នយោបាយ ​រដ្ឋាភិបាល

RFA / វិទ្យុ អាស៊ី សេរី | ២០ មេសា ២០១៧


លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់ ​អ្នក​អត្ថាធិប្បាយ ​ដែល​ហ៊ាន ​និយាយ ​រិះគន់ ​ច្បោលៗ​ ពី​គោល ​នយោបាយ និង​សកម្មភាព​ របស់​ រដ្ឋាភិបាល។  លោក ហ៊ុន សែន ហៅ​ ការ​អត្ថាធិប្បាយ ច្បោលៗ​ ថា​ ជា​រឿង​ គួរ​ឲ្យ​ ខ្មាស​អៀន។  អ្នក​ស្រាវជ្រាវ​ ការ​អភិវឌ្ឍ​សង្គម​ យល់​ថា, អ្នក​អត្ថាធិប្បាយ ​រិះគន់ ​ច្បោលៗ​ដោយសារ​ រដ្ឋាភិបាល​ មិន​ បាន​បង្ហាញ ​តម្លាភាព។


ការ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់ ហើយ​មេ​ដឹកនាំ​គណបក្ស​ធំ​ចំនួន​ពីរ​នៅ​កម្ពុជា ក៏​ចាប់​ផ្ដើម​បង្កើន​ការ​បង្អួត​គោល​នយោបាយ​រៀងៗ​ខ្លួន។

ថ្លែង​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកជន​មួយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្អួត​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ។ លោក ហ៊ុន សែន លើក​ឡើង​ថា គោល​នយោបាយ​ដែល​រដ្ឋាភិបាល​លោក​ដាក់​ចេញ មិន​មែន​ជា​ការ​លេង​សើច​ទេ។ លោក​ចាត់​ទុក​ការ​ធ្វើ​អត្ថាធិប្បាយ​រិះគន់​គោល​នយោបាយ​រដ្ឋាភិបាល​របស់​លោក ថា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាស​អៀន និង​ស្នើ​ឲ្យ​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេសា នេះ កុំ​ឲ្យ​អត្ថាធិប្បាយ​ច្បោលៗ និង​និយាយ​ខុស​ការពិត​ដោយ​បំពាន៖ «ខ្លួន​ម្នាក់​ចេះ​ដឹង​គ្រប់​វិស័យ​ទាំងអស់ រាប់​ទាំង​មិន​ទាន់​ស្គាល់​ថា តើ​ក្រសួង​គេ​មាន​ច្បាប់ និង​អនុក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ស្ថាប័ន​ហ្នឹង មិន​ទាន់​ស្គាល់​មុខងារ​នៃ​ស្ថាប័ន​នោះ ប៉ុន្តែ​គេ​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ ជា​រឿង​គួរ​ឲ្យ​ខ្មាស​អៀន»

ក្រៅ​ពី​គោល​នយោបាយ​ដែល​បាន​ដាក់​ចេញ លោក​នាយក​រដ្ឋមន្ត្រី​យល់​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ក៏​ដើរ​បាន​ល្អ​តាម​គោល​នយោបាយ​ដែរ។ បើ​ទោះ​បី​ជា​គោល​នយោបាយ​លើ​វិស័យ​សុខាភិបាល រង​ការ​រិះគន់​ជា​បន្តបន្ទាប់​តាំង​ពី​ប្រជាពលរដ្ឋ​រហូត​ដល់​វេជ្ជបណ្ឌិត ក៏​លោក​នាយក​រដ្ឋមន្ត្រី​យល់​ថា វិស័យ​នេះ​មាន​សកម្មភាព​ល្អ​ដូច​គោល​នយោបាយ​សុខាភិបាល​ដែរ។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ និង​សង្គម បណ្ឌិត មាស នី មើល​ឃើញ​ថា អ្នក​អត្ថាធិប្បាយ​ខ្លះ​ច្បោលៗ​ដូច​លោក​នាយក​រដ្ឋមន្ត្រី​មើល​ឃើញ​ដែរ។ ក៏ប៉ុន្ដែ​លោក មាស នី ថា​ពេល​ខ្លះ​ការ​អត្ថាធិប្បាយ​រិះគន់​ច្បោលៗ ដោយសារ​តែ​រដ្ឋាភិបាល​មិន​សូវ​បាន​បង្ហាញ​តម្លាភាព​គ្រប់គ្រាន់។

លោក​បន្ត​ថា បើ​រដ្ឋាភិបាល​មាន​សមត្ថភាព​បង្ហាញ​ពី​ទិន្នន័យ​ច្បាស់លាស់​ប្រកប​ដោយ​តម្លាភាព អ្នក​អត្ថាធិប្បាយ ឬ​អ្នក​វិភាគ ងាយ​នឹង​ផ្ដល់​អនុសាសន៍​ល្អៗ តែ​បើ​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​តម្លាភាព​ត្រឹមត្រូវ ការ​វិភាគ​បាន​ត្រឹម​ប៉ាន់ស្មាន​តែ​ប៉ុណ្ណោះ៖ «អ្នក​រិះគន់​ពេល​ខ្លះ យើង​មាន​ការ​ពិបាក​ណាស់ ដោយសារ​រដ្ឋាភិបាល​យើង​ហ្នឹង​មិន​បាន​ផ្ដល់​តម្លាភាព​សម្រាប់​សង្គម​ជាតិ​របស់​ខ្លួន​ឯង។ ចឹង ពេល​ខ្លះ​ការ​វិភាគ​បាន​ត្រឹម​តែ​ការ​ប៉ាន់​ប្រមាណ​ទៀត ហើយ​ពេល​ខ្លះ ទិន្នន័យ​ហ្នឹង​ទៀត មិន​ហ៊ាន​យក​ទៅ​និយាយ​ទៀត ដោយសារ​ខ្លាច​អី? ខ្លាច​កាលណា​និយាយ​ទៅ​ខុស គេ​ចោទ​ប្រកាន់​ថា​យើង​បំផ្លើស​ព័ត៌មាន​ទៅ អាច​ជា​ជាប់​គុក អាច​ទៅ​ស្លាប់​អ៊ីចឹង​ទៅ»

បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ចាត់​ទុក​សកម្មភាព និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ថា​ល្អ និង​ដើរ​យ៉ាង​រលូន ប៉ុន្តែ​លោក មាស នី យល់​ថា ដើម្បី​ឲ្យ​សង្គម​មួយ​រីក​ចម្រើន លុះត្រា​តែ​រដ្ឋាភិបាល​ចេះ​រៀបចំ​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ និង​ចេះ​ទទួល​ស្គាល់​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន។ លោក​ថា សង្គម​ស៊ីវិល​ក៏​គួរ​ទទួល​យក​ចំណុច​ខ្សោយ​របស់​ខ្លួន​ដែរ មិន​មែន​ តែ​ រដ្ឋាភិបាល ​ទេ៖ «បើ​សិន​ជា​យើង​នៅ​រស់​ក្នុង​សង្គម​មួយ​ដែល​រិះគន់​គ្នា​អត់​បាន កាលណា​រិះគន់​គឺ​ត្រូវ​បាន​ចោទ​ប្រកាន់​អី​ទៅ អា​ហ្នឹង​វា​ធ្វើ​ឲ្យ​ថ្ងៃ​ក្រោយ​ទៅ យើង​មិន​ចង់​ប្រើ​ពាក្យ​ថា ឲ្យ​រដ្ឋាភិបាល​ជិះ​សេះ​លែង​ដៃ ក៏ប៉ុន្ដែ​យើង​ជួយ​ទាញ​កន្លុះ ហ្នឹង​ឲ្យ​វា​បាន​ឆេះ​ទៅ សង្គម​យើង​វា​ដើរ​ទៅ​មុខ ទាន់​គេ​ទាន់​ឯង​ហើយ ព្រោះ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ទោះ​បី​យើង​ខំ​ប្រឹង​ប៉ិន​ណេះ​ក៏ដោយ ប៉ុន្តែ​យើង​នៅ​តែ​ជា​ប្រទេស​មួយ​ក្រីក្រ​ក្រោយ​គេ នៅ​ក្នុង​តំបន់​ប្រទេស​ទាំង​១០ អា​ហ្នឹង​ត្រូវ​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​យើង​ផង»

កន្លង​ទៅ អ្នក​វិភាគ​យល់​ថា គោល​នយោបាយ​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ គឺ​ល្អ​ចាប់​តាំង​ពី​គោល​នយោបាយ​យុទ្ធសាស្ត្រ​ត្រីកោណ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​១ ទី​២ និង​ដំណាក់កាល​ទី​៣ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា ការ​អនុវត្ត​តាម​គោល​នយោបាយ​ទាំងនេះ​នៅ​មិន​ទាន់​ល្អ​ទាំងស្រុង​នោះ​ទេ ទាមទារ​ឲ្យ​មាន​ស្ថាប័ន​មួយ​ដើម្បី​ឃ្លាំ​មើល​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​រង​ការ​រិះគន់​ខ្លាំង គឺ​គោល​នយោបាយ​ក្នុង​វិស័យ​សុខាភិបាល។ កាល​នៅ​មាន​ជីវិត លោក​បណ្ឌិត កែម ឡី ធ្លាប់​លើក​ឡើង​ថា វិស័យ​សុខាភិបាល​មិន​គួរ​ត្រឹម​តែ​កែ​ទម្រង់​ទេ វិស័យ​មួយ​នេះ​គួរ​តែ​ធ្វើ​បដិវត្ត៕

No comments:

Post a Comment