នាយកជាន់ខ្ពស់ផ្នែកបោះពុម្ពផ្សាយរបាយការណ៍សកលនៃអង្គការ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) អ្នកស្រី សារាហ៍ រ៉េពូគី (Sarah Repucci) ផ្តល់បទសម្ភាសន៍អំពីការចេញផ្សាយរបាយការណ៍សេរីភាពសារព័ត៌មានឆ្នាំ២០១៧ នាសារមន្ទីរសារព័ត៌មាន (Newseum) រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។ |
Freedom House ព្រួយបារម្ភ យ៉ាងខ្លាំង ថា, បក្សប្រជាជន ព្យាយាម រឹតត្បិត ប្រព័ន្ធ ផ្សព្វផ្សាយ
RFA / វិទ្យុ អាស៊ី សេរី | ២ ឧសភា ២០១៧
អង្គការ ឃ្លាំមើល សេរីភាព សារព័ត៌មាន ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) សម្ដែងក្តី ព្រួយបារម្ភ យ៉ាងខ្លាំង ថា, គណបក្ស កាន់អំណាច ព្យាយាម រឹតត្បិត ប្រព័ន្ធ ផ្សព្វផ្សាយ កាន់តែ ខ្លាំងឡើងៗ នៅមុនពេល បោះឆ្នោត។ អង្គការនេះ រកឃើញ ថា ដោយសារតែ មានការ បាត់បង់ ប្រជាប្រិយភាព នៃសន្លឹកឆ្នោត កាលពីឆ្នាំ ២០១៣ កន្លងទៅ, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រើ គ្រប់ មធ្យោបាយ ដើម្បី បង្ក្រាប ប្រព័ន្ធ ផ្សព្វផ្សាយ ធ្វើយ៉ាងណា ឲ្យចុះខ្សោយ នៅមុន ការបោះឆ្នោត មកដល់ នាពេល ខាងមុខ។
អ្នកស្រី សារាហ៍ រ៉េពូគី (Sarah Repucci) នាយក ជាន់ខ្ពស់ ផ្នែកបោះពុម្ពផ្សាយ របាយការណ៍ សកល អង្គការ ហ្វ្រ៊ីដឹម ហៅស៍ ថ្លែង ថា, អង្គការ របស់ អ្នកស្រី កំពុង តាមដាន មើលការ បោះឆ្នោត ខាងមុខនេះ យ៉ាងយកចិត្ត ទុកដាក់ ជាទីបំផុត។ អ្នកស្រី ថា មានករណី បង្ក្រាប លើប្រព័ន្ធ ផ្សព្វផ្សាយ នៅក្នុងប្រទេស កម្ពុជា នៅពេល ដែលមាន ការបោះឆ្នោត កាលពីអាណត្តិ មុនៗ។ ហើយ រឿងរ៉ាវ ទាំងនេះ ក៏បាន កើតមានឡើង នៅក្នុងប្រទេស ជាច្រើន ជុំវិញ ពិភពលោក។
ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍សេរីភាពសារព័ត៌មានឆ្នាំ២០១៧ នៅឯសារមន្ទីរសារព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមេសា ថា អ្នកស្រី សារាហ៍ រ៉េពូគី (Sarah Repucci) មានប្រសាសន៍ថា ខណៈដែលប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា មានការរឹតត្បិតខ្លាំងរួចជាស្រេចទៅហើយនោះ អ្នកស្រីមានការព្រួយបារម្ភថា នឹងមានការរឹតត្បិតខ្លាំងជាងនេះបន្ថែមទៀតនាពេលខាងមុខនេះ៖ «យើងត្រូវរង់ចាំមើលថា តើនឹងមានរឿងអ្វីខ្លះកើតឡើង? ក៏ប៉ុន្តែមានការបារម្ភយ៉ាងខ្លាំងថា គណបក្សកាន់អំណាចនឹងរឹតតែចង់គ្រប់គ្រងសារនយោបាយរបស់ខ្លួន ហើយចង់គ្រប់គ្រងលំហូរព័ត៌មានក្នុងអំឡុងពេលរដូវកាលបោះឆ្នោតនេះ ក្នុងគោលបំណងដើម្បីឲ្យសារនយោបាយរបស់ខ្លួនស្ថិតក្នុងក្រសែភ្នែករបស់ប្រជាជន និងដើម្បីធានាថា គណបក្សប្រឆាំងនឹងមិនមានឱកាសធ្វើបានដូចខ្លួនកំពុងធ្វើយ៉ាងដូច្នេះទេ។ ដូច្នេះហើយ ពួកគេនឹងជ្រើសរើសយកវិធីរឹតត្បិតនានាដូចជា រឹតត្បិតការបញ្ចេញមតិតាមអនឡាន (Online) ឬចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារជាដើម។ ហើយទាំងអស់នេះ គឺជារឿងរ៉ាវដែលយើងកំពុងតាមដានមើលក្នុងឆ្នាំនេះ។»
អ្នកស្រីមានប្រសាសន៍ថា មានរបបជាច្រើននៅជុំវិញពិភពលោក ចោទប្រកាន់សង្គមស៊ីវិល ឬប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានការគាំទ្រពីបរទេស ឬដែលទទួលថវិកាពីបរទេស ថាមានគោលបំណងដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ក្នុងករណីជាច្រើន ការចោទប្រកាន់ទាំងនេះ គឺជាការចោទប្រកាន់ខុសពីការពិត។ អ្នកស្រីថា សង្គមស៊ីវិលកំពុងធ្វើកិច្ចការដ៏សំខាន់ក្នុងប្រទេសកម្ពុជា ហើយថាអ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ដើម្បីធានានូវលំហូរព័ត៌មាន ដែលជាមធ្យោបាយតែមួយគត់ដែលប្រជាជនអាចទទួលបាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ជាការសំខាន់ខ្លាំងណាស់ដែលថា បរិយាកាសនេះនឹងនៅតែបើកចំហតាមដែលអាចធ្វើទៅបាន ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរីនៅប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ អ្នកស្រីក៏បានផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានវ័យក្មេងក្នុងប្រទេសកម្ពុជា ថា ពួកគេគួរព្យាយាមទទួលបានព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវទទួលយកទស្សនៈអំពីប្រព័ន្ធផ្សព្វផ្សាយចម្រុះ និងទទួលព័ត៌មានពីគ្រប់ប្រភពច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកស្រីថា នេះគឺជាមធ្យោបាយតែមួយគត់ដែលពួកគេអាចស្វែងយល់បានពិតប្រាកដ អំពីអ្វីដែលកើតមានឡើងក្នុងប្រទេសរបស់ពួកគេ ហើយថា ធ្វើដូច្នេះ ពួកគេអាចចូលរួមធ្វើឲ្យមានការផ្លាស់ប្ដូរបាន។
របាយការណ៍អង្គការ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) អំពីសេរីភាពសារព័ត៌មានឆ្នាំ២០១៧ បានដាក់ចំណាត់ថ្នាក់ស្ថានភាពសេរីភាពសារព័ត៌មានជារួមនៅប្រទេសកម្ពុជា ថា «ពុំមាន សេរីភាព»។ របាយការណ៍ដដែលនេះបង្ហាញថា ពិន្ទុសរុបនៃសេរីភាពសារព័ត៌មានកម្ពុជា សម្រាប់ឆ្នាំ២០១៧ នេះ បានធ្លាក់ចុះមួយលេខទៀតទៅក្នុងកម្រិតរឹតតែអាក្រក់ជាងឆ្នាំមុន គឺឆ្នាំ២០១៦។ កម្ពុជា ជាប់លេខ៣៣ ក្នុងចំណោមប្រទេសចំនួន៤០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលេខ១៥២ ក្នុងចំណោម ១៩៩ប្រទេសក្នុងពិភពលោក៕
No comments:
Post a Comment