Paris Peace Accords 23 Oct. 1991

Tuesday, May 30, 2017

មន្ត្រី ​រដ្ឋាភិបាល ​ចាត់​ទុក ​របាយការណ៍​ អង្គការ​ លើកលែង​ទោស ​អន្តរជាតិ​ ថា​ មាន​ចរិត​ នយោបាយ | Gov't official determines report of Amnesty International to be politically motivated

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth

មន្ត្រី ​រដ្ឋាភិបាល ​ចាត់​ទុក ​របាយការណ៍​ អង្គការ​ លើកលែង​ទោស ​អន្តរជាតិ​ ថា​ មាន​ចរិត​ នយោបាយ

RFA / វិទ្យុ អាស៊ី សេរី | ៣០ ឧសភា ២០១៧


មន្ត្រី​ រដ្ឋាភិបាល​ ចាត់​ទុក ​របាយការណ៍ ​របស់ ​អង្គការ​ លើកលែង​ទោស ​អន្តរជាតិ (Amnesty International) ដែល​រិះគន់​ រដ្ឋាភិបាល​ កម្ពុជា ថា ​កំពុង ​ប្រើប្រាស់​ ប្រព័ន្ធ​ តុលាការ ​ដើម្បី ​ធ្វើ​បាប​ បក្ស​ប្រឆាំង និង​អ្នក​ ការពារ​ សិទ្ធិ​មនុស្ស​នោះ ថា​ ជា​របាយការណ៍ ​ដែល​មាន​ ចរិត​ នយោបាយ។  ទោះ​ជា​ យ៉ាង​ណា មន្ត្រី​ ការពារ​ សិទ្ធិ​មនុស្ស ថា, ​របាយការណ៍ ​របស់ ​អង្គការ​ លើកលែង​ទោស​ អន្តរជាតិ​នេះ ឆ្លុះ​បញ្ចាំង​ ពី​ការពិត​ នៅ​កម្ពុជា។


ប្រតិកម្ម​ភ្លាមៗ​របស់​មន្ត្រី​រដ្ឋាភិបាល​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​លើកលែង​ទោស​អន្តរជាតិ ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​៣០ ឧសភា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​ដើម្បី​គាប​សង្កត់​បក្ស​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​លើ​រដ្ឋាភិបាល។

ក្នុង​របាយការណ៍​កម្រាស់ ៤០​ទំព័រ​មាន​ចំណង​ជើង​ថា «តុលាការ​នៃ​ភាព​អយុត្តិធម៌៖ ការ​បង្ក្រាប​ភាព​សកម្ម​តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ក្នុង​ប្រទេស​កម្ពុជា» អង្គការ​លើកលែង​ទោស​អន្តរជាតិ រៀបរាប់​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដាក់​គំនាប​ទៅ​លើ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស សមាគម​អាដហុក (ADHOC) និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ព្រម​ទាំង​ការ​ប្រើប្រាស់​តុលាការ​កាត់​ទោស​តំណាង​សហជីព​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច នៅ​ក្បែរ​បញ្ជាការដ្ឋាន​ទ័ព​អាកាស​ឆត្រ​យោង​៩១១ ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាល​ពី​ដើម​ឆ្នាំ​២០១៤។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​រក​ឃើញ​ថា ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក មាន​មន្ត្រី សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ២៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ខណៈ​អ្នក​ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​ផ្លូវ​ច្បាប់។ អង្គការ​លើកលែង​ទោស​អន្តរជាតិ លើក​ឡើង​ថា អ្នក​ទាំងអស់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ដោយសារ​តែ​និន្នាការ​នយោបាយ និង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​ដែរ​ថា សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំងអស់​នេះ ជាពិសេស​សេរីភាព​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ជាដើម ក៏​ត្រូវ​បាន​គេ​រំលោភ​បំពាន។

អង្គការ​លើកលែង​ទោស​អន្តរជាតិ ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​បាប​បក្ស​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស គោរព​ឯករាជភាព​របស់​តុលាការ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំងអស់​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង និង​បញ្ឈប់​ការ​ប្រើប្រាស់​ការ​ឃ្លាំ​មើល​របស់​តុលាការ ធ្វើ​ជា​មធ្យោបាយ​រឹតត្បិត​លើ​សកម្មភាព​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សហជីព។

អង្គការ​លើកលែង​ទោស​អន្តរជាតិ លើក​ឡើង​ថា ក្នុង​បរិបទ​ដែល​កម្ពុជា កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ ស្ថានភាព​អាច​នឹង​កាន់​តែ​អាក្រក់​ថែម​ទៀត​ក៏​ថា​បាន បើ​រដ្ឋាភិបាល​នៅ​តែ​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​របស់​ខ្លួន​នោះ។

ប្រតិកម្ម​ទៅ​នឹង​ការ​អះអាង​នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​របាយការណ៍​នេះ​ថា​មាន​ចរិត​នយោបាយ ជាជាង​ជា​របាយការណ៍​ដែល​ចូលរួម​ចំណែក​កសាង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ ផ្ទុយ​ទៅ​វិញ លោក​ថា​រដ្ឋាភិបាល​កំពុង​ធ្វើ​តាម​ច្បាប់«យើង​មិន​សូវ​ចាប់​អារម្មណ៍​ទេ​ចំពោះ​ការ​វាយ​តម្លៃ​នេះ ពីព្រោះ​វា​មិន​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ជា​ដំណើរការ​របស់​តុលាការ ដែល​ឈរ​ទៅ​លើ​អង្គ​ហេតុ​ដែល​ជន​នោះ​ប្រព្រឹត្ត»


កន្លង​ទៅ ពលរដ្ឋ​មួយ​ចំនួន ពិសេស​អ្នក​ទទួល​រង​អំពើ​អយុត្តិធម៌​ដោយ​ការ​សម្រេច​របស់​តុលាការ បាន​ចាត់​ទុក​តុលាការ​កម្ពុជា ថា​ជា​តុលាការ​តេឡេ មាន​ន័យ​ថា ជា​តុលាការ​ដែល​រង់ចាំ​ស្តាប់​តែ​បញ្ជា ឬ​ធ្វើ​តាម​ការ​ណែនាំ​របស់​អ្នក​មាន​អំណាច។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក សំ ច័ន្ទគា យល់​ថា របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា។ លោក​ថា បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​បែងចែក​អំណាច​តុលាការ​ដាច់​ស្រឡះ​ពី​អំណាច​នីតិប្រតិបត្តិ ឬ​រដ្ឋាភិបាល​ក្តី ប៉ុន្តែ​តុលាការ​នៅ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទទួល​រង​ឥទ្ធិពល​ពី​អ្នក​នយោបាយ​មាន​អំណាច«យើង​ឃើញ​ថា​មួយ​រយៈ​នេះ ស្ថាប័ន​ទាំង​៣ លែង​ជា​មុំ​ចង្ក្រាន​ហើយ វា​ទៅ​ជា​បង្គោល​របង​វិញ ដើម្បី​ការពារ​អំណាច​ឲ្យ​រដ្ឋាភិបាល​វិញ ហ្នឹង​ហើយ​យើង​មើល​ឃើញ​ថា ប្រព័ន្ធ​តុលាការ​អត់​រឹងមាំ​ទេ ឋិត​ក្រោម​ការ​ចាត់ចែង ឬ​បញ្ជា​របស់​អ្នក​មាន​អំណាច​ទៅ​វិញ»

កន្លង​ទៅ​ឲ្យ​តែ​មាន​របាយការណ៍​រិះគន់​រដ្ឋាភិបាល​កម្ពុជា ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​រិះគន់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ជាដើម​នោះ មន្ត្រី​រដ្ឋាភិបាល​តែង​ចាត់​ទុក​ថា​ជា​របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត ឬ​ជា​របាយការណ៍​ព្រៃ ជាដើម។

ទោះ​ជា​យ៉ាង​ណា លោក សំ ច័ន្ទគា យល់​ថា រដ្ឋាភិបាល​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​ការ​រិះគន់​របស់​អង្គការ​ជាតិ និង​អន្តរជាតិ ហើយ​ធ្វើ​ការ​កែ​តម្រូវ​បើ​មើល​ឃើញ​ថា ខ្លួន​ពិត​ជា​មាន​កំហុស​ឆ្គង​មែន​នោះ៕

No comments:

Post a Comment