Paris Peace Accords 23 Oct. 1991

Tuesday, May 30, 2017

គ.ជ.ប​. ថា, ​គ្មាន​ សិទ្ធិ​ បញ្ជា​ ឲ្យ​រោងចក្រ​ អនុញ្ញាត​ ឲ្យ​កម្មករ​ ឈប់​ ៣​ថ្ងៃ​ ដើម្បី​ ទៅ​បោះឆ្នោត | NEC says it has no authority to order factories to allow workers 3 days off for voting

ក្រុម​កម្មករ​ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។
ក្រុម​កម្មករ​ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។

គ.ជ.ប​. ថា, ​គ្មាន​ សិទ្ធិ​ បញ្ជា​ ឲ្យ​រោងចក្រ​ អនុញ្ញាត​ ឲ្យ​កម្មករ​ ឈប់​ ៣​ថ្ងៃ​ ដើម្បី​ ទៅ​បោះឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ៣០ ឧសភា ២០១៧

 

គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត (គ.ជ.ប.) អះអាង ថា, ខ្លួន​ មាន​សិទ្ធិ​ គ្រាន់តែ​ អំពាវនាវ​ ទៅ​ម្ចាស់​ រោងចក្រ, សហគ្រាស ជួយ​សម្រួល​ ឲ្យ​កម្មករ បាន​ឈប់​ សម្រាក​ ដើម្បី​ ទៅ​បោះឆ្នោត​ ជ្រើសរើស ​ក្រុមប្រឹក្សា​ ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ ទី​៤ ខែ​មិថុនា ទេ, ប៉ុន្តែ​ ពុំ​ មាន​សិទ្ធិ​ បង្គាប់​បញ្ជា ​ទៅ​ក្រុមហ៊ុន​ រោងចក្រ​ ទាំង​នោះ​ ថា ត្រូវ​តែ អនុញ្ញាត ឲ្យ​កម្មករ​ ឈប់​ ទៅ​បោះឆ្នោត ​នោះ​ទេ។  រី​ឯ​ មន្ត្រី​ សង្គម​ស៊ីវិល និង​សហជីព សម្ដែង​ ការ​សោកស្ដាយ។


ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ខិត​ជិត​ចូល​មក​ដល់​នោះ ខាង គ.ជ.ប និង​ក្រសួង​ការងារ នៅ​តែ​មិន​ទាន់​អាច​ចេញ​សេចក្ដី​ណែនាំ​ជូន​រោងចក្រ​សហគ្រាស​ស្ដីពី​ការ​ឈប់​សម្រាក​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​កម្មករ កម្មការិនី​មាន​ឱកាស​ទៅ​បំពេញ​កាតព្វកិច្ច​បោះឆ្នោត នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា នៅ​តាម​ឃុំ-​សង្កាត់ ដែល​ខ្លួន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែង​ថា ច្បាប់​បោះឆ្នោត​ថ្មី​នេះ គឺ គ.ជ.ប មាន​សិទ្ធិ​ត្រឹមតែ​អំពាវនាវ​ប៉ុណ្ណោះ ប៉ុន្តែ​ពុំ​មាន​សិទ្ធិ​ដាក់​កំហិត​ទៅ​ថៅកែ​រោងចក្រ សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា ត្រូវ​តែ​ផ្ដល់​ថ្ងៃ​ឈប់​សម្រាក​រយៈពេល ៣​ថ្ងៃ​ដល់​កម្មករ កម្មការិនី ដើម្បី​បាន​ទៅ​ចូល​រួម​បោះឆ្នោត​នោះ​ទេ។ យ៉ាង​ណា​ក្តី លោក ហង្ស ពុទ្ធា បន្ត​ថា គ.ជ.ប បាន​ត្រឹមតែ​ជួយ​សម្រួល​នៅ​តាម​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ សង្កាត់ ឲ្យ​កម្មករ​មាន​សិទ្ធិ​បោះឆ្នោត​មុន​គេ ដោយ​គ្រាន់តែ​បង្ហាញ​ប័ណ្ណ​កម្មករ។

​ការ​ឆ្លើយ​តប​នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ សហជីព​សេរី​កម្មករ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ គ.ជ.ប ជួយ​ជំរុញ​ទៅ​គ្រប់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំង​អស់​នៅ​កម្ពុជា  អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក ៣​ថ្ងៃ ព្រម​ទាំង​បើកប្រាក់​ឈ្នួល​មុន​កំណត់ ដើម្បី​ឲ្យ​ពួកគាត់​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៤ មិថុនា។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៣០ ឧសភា ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល។

​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា  លោក​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​លើក​ឡើង​របស់ គ.ជ.ប.។ លោក​បន្ត​ថា ខាង​អង្គការ​សង្គម​ស៊ីវិល អស់​លទ្ធភាព​ក្នុង​ការ​តស៊ូ​មតិ​ហើយ ដោយសារ​ការ​បោះឆ្នោត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់។ ទោះ​យ៉ាង​ណា លោក​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ពលរដ្ឋ​ដែល​អាច​បាត់បង់​សិទ្ធិ​បោះឆ្នោត​ដោយសារ​គ្មាន​ពេល​វេលា។

​រី​ឯ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ក៏​បាន​រិះគន់​ក្រសួង​ការងារ និង​ស្ថាប័ន គ.ជ.ប ថ្មី​នេះ​ថា ពុំ​បាន​ឆ្លុះ​បញ្ចាំ​ពី​ស្ថានភាព​របស់​កម្មករ​ឡើយ។ លោក អាត់ ធន់ បន្ត​ថា លោក​ពិត​ជា​សោកស្ដាយ ប្រសិនបើ​កម្មករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ត្រូវ​បាត់បង់​សិទ្ធិ​បោះឆ្នោត ខណៈ​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​នៅ​ក្រៅ​ប្រទេស​ប្រឈម​ការ​បាត់បង់​សិទ្ធិ​បោះឆ្នោត​រួច​ទៅ​ហើយ​នោះ។

លោក​ថា គ.ជ.ប ត្រូវ​ធានា​ថា ពលរដ្ឋ​គ្រប់រូប​ត្រូវ​មាន​សិទ្ធិ​បោះឆ្នោត ឲ្យ​សម​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ដោយ​មិន​គួរ​យក​លេស​ថា ឥឡូវ​នេះ​កម្មករ​គេ​អនុញ្ញាត​ឲ្យ​បោះឆ្នោត​នៅ​ទីតាំង​កន្លែង​រស់​នៅ​ក៏​បាន ឬ​ស្រុក​កំណើត​ក៏​បាន​ឡើយ។

ប្រទេស​កម្ពុជា មាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​ជាង ១​ពាន់ (១.០៧៩) និង​មាន​កម្លាំង​ពលកម្ម​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​ជិត ៨​សែន​នាក់ ដែល​ភាគ​ច្រើន​ជា​កូនចៅ​របស់​អ្នក​ស្រុកស្រែ​ចម្ការ។ ដោយសារ​តែ​នៅ​ពេល​បោះឆ្នោត​ម្តងៗ កម្មករ​មួយ​ចំនួន​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​បោះឆ្នោត ទើប​បណ្ដាល​ឲ្យ​មាន​ការ​បារម្ភ​ថា ប្រសិនបើ​ថៅកែ​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ឈប់សម្រាក​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ទេ កម្មករ​ទាំង​អស់​នោះ​នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន៕







1 comment:

  1. Anonymous1:50 AM

    Why didn't the f....monkey Hun Sen's regime make such laws ?
    Remember it took only ONE week for monkey Hun to
    make law outlawing Mr. Sam Rainsy !!!

    ReplyDelete