Paris Peace Accords 23 Oct. 1991

Thursday, May 25, 2017

លោក ហ៊ុន សែន ស្នើ​គ.ជ.ប. ​ពិនិត្យ​មើល​ សារ​នយោបាយ ​របស់​លោក កឹម សុខា | Hun Sen requests NEC to look into Kem Sokha's political message

លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ RFA
លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ RFA

លោក ហ៊ុន សែន ស្នើ​គ.ជ.ប. ​ពិនិត្យ​មើល​ សារ​នយោបាយ ​របស់​លោក កឹម សុខា

RFA / វិទ្យុ អាស៊ី សេរី | ២៥ ឧសភា ២០១៧


លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ គ..ប. ឲ្យ​តម្រង់​ទិស​ ពិនិត្យ​ ពាក្យ​សម្ដី​ របស់​ ប្រធាន​ គណបក្ស​ ប្រឆាំង លោក កឹម សុខា ដែល​និយាយ​ ថា, រដ្ឋាភិបាល ​ដំឡើង ​ប្រាក់​បៀវត្សរ៍​ មន្ត្រី​ រាជការ និង​ទម្លាក់​ ថ្លៃ​ភ្លើង​ ព្រោះ​ គណបក្ស​ ប្រឆាំង​ ទាមទារ។  ប៉ុន្តែ​ អ្នក​នាំ​ពាក្យ គ..ប. ស្នើ​ឲ្យ​ គណបក្ស​ ប្រជាជន​ កម្ពុជា ដាក់​ពាក្យ​បណ្ដឹង ទើប គ..ប. ប្រជុំ​ ពិនិត្យ​មើល​ ករណី​នេះ។  បើ​ មិន​ ដូច្នេះ​ទេ គ..ប. មិន​ ចាត់ការ​ ឡើយ។


ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន យល់​ថា ពាក្យ​សម្ដី​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ដែល​ថា​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ និង​ទម្លាក់​ថ្លៃ​ភ្លើង ព្រោះ​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​នោះ ជា​ការ​បញ្ឆេះ​កំហឹង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ការ​បញ្ឆេះ​កំហឹង​ហ្នឹង នឹង​កើត​ឡើង​ដោយ​របៀប​ណា​ទេ

លោក ហ៊ុន សែន ថ្លែង​ដូចនេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គ្រិស្តបរិស័ទ ដើម្បី​សុខដុមនីយកម្ម​វិស័យ​គ្រិស្ដសាសនា​នៅ​កម្ពុជា នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ ថ្ងៃ​ទី​២៥ ឧសភា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទាំង​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​មិន​ដែល​បាន​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ​ធ្វើ​ឲ្យ​ប្រាក់​ខែ​កម្មករ​កើន​ឡើង និង​មិន​បាន​ចូលរួម​បង្កើត​ការងារ​ពលរដ្ឋ​ទេ។ ប៉ុន្តែ​ប្រធាន​គណបក្ស​ប្រឆាំង មាន​តែ​ដើរ​ប្រាប់​សហគមន៍​អន្តរជាតិ​ឲ្យ​កាត់​ជំនួយ​ពី​កម្ពុជា ប្រាប់​ឈ្មួញ​បរទេស​មិន​ឲ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា និង​ដឹកនាំ​ធ្វើ​បាតុកម្ម

ប្រតិកម្ម​របស់​លោក ហ៊ុន សែន ដែល​វាយ​បក​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បែប​នេះ ក្រោយ​មួយ​ថ្ងៃ​ដែល​លោក កឹម សុខា ប្រាប់​អ្នក​គាំទ្រ​ក្នុង​ការ​ជួបជុំ​មួយ​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​និយាយ​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ថា ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ​ដល់ ១​លាន​រៀល​ក្នុង​មួយ​ខែ ការ​ទម្លាក់​ថ្លៃ​ភ្លើង​ឲ្យ​នៅ​ត្រឹម ៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ហើយ​នៅ​ពេល​នេះ ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ដូច​ទៅ​នឹង​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មែន។

លោក កឹម សុខា ថែម​អះអាង​ថា ការ​ផ្តល់​ថវិកា ៥០​ម៉ឺន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​ជាដើម គឺ​អាច​ធ្វើ​បាន​ពិត​ប្រាកដ ប្រសិន​បើ​បក្ស​នេះ​បាន​ជាប់​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល

អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា ប្រាប់​ថា បើ​គ្រាន់​តែ​ជា​សម្ដី​របស់​លោក ហ៊ុន សែន គ..ប មិន​មាន​ចំណាត់ការ​បើក​ការ​ស៊ើប​អង្កេត​លើ​ខ្លឹមសារ​ពាក្យ​សម្ដី​របស់​លោក កឹម សុខា ទោះ​ស្ថិត​ក្នុង​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្ដី។ លោក​ថា គ..ប. អាច​ពិនិត្យ​លើ​រឿង​នេះ លុះត្រា​តែ​មាន​គណបក្ស​នយោបាយ​ដាក់​ពាក្យ​ប្ដឹង​ទាស់​មក គ...។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ដឹង​ថា គណបក្ស​នឹង​ប្ដឹង​ករណី​លោក កឹម សុខា ទៅ គ..ប. ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​នេះ​ស្ថិត​ក្នុង​ការ​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​របស់​គណបក្ស។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ សុំ​មិន​ឆ្លើយតប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត ទៅ​បោះឆ្នោត​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។

កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ក្នុង​ចំណោម​យន្តការ​ទាំង ៧​ចំណុច​របស់​គណបក្ស​ប្រឆាំង​ដែល​ឃោសនា ក្នុង​នោះ​រួម​មាន ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ ១​លាន​រៀល​ក្នុង​មួយ​ខែ ដំឡើង​ប្រាក់​ខែ​កម្មករ​កម្មការិនី ១៦០​ដុល្លារ​ក្នុង​មួយ​ខែ និង​ការ​បញ្ចុះ​ថ្លៃ​ភ្លើង ៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ជាដើម ដែល​នេះ​ជា​របៀបវារៈដែល​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា​នឹង​ធ្វើ បើ​គណបក្ស​ខ្លួន​ឈ្នះ​ឆ្នោត។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ កម្មករ​កម្មការិនី និង​ការ​បញ្ចុះ​ថ្លៃ​ភ្លើង គឺ​ជា​គុណសម្បត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ពន្យល់​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ជា​គោល​នយោបាយ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អនុវត្ត ក៏​ម្ចាស់​ឆ្នោត​មិន​ទទួល​បាន​ផល​ប្រយោជន៍​ដែរ។ ជាង​ទៅ​ទៀត លោក​ថា បើ​គណបក្ស​ប្រឆាំង​មិន​បាន​លើក​ឡើង​ករណី​នេះ មិន​ប្រាកដ​ថា​គណបក្ស​កាន់​អំណាច​យក​មក​អនុវត្ត​នោះ​ទេ

អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដែល​ជា​ពេល​គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​ដល់​ថ្ងៃ​បោះឆ្នោត គ..ប តាមដាន​ស្តាប់​សារ​នយោបាយ​អ្នក​នយោបាយ​គ្រប់​គណបក្ស ប៉ុន្តែ​បើ​គ្មាន​គណបក្ស​នយោបាយ​ណា​ប្ដឹង​ទាស់​ទៅ​នឹង​សម្ដី​របស់​អ្នក​នយោបាយ​ណា​មួយ​នោះ​ទេ គ..ប មិន​ចាត់ការ ឬ​បើក​ការ​ស៊ើប​អង្កេត​លើ​ពាក្យ​សម្ដី​របស់​អ្នក​នយោបាយ​ទាំងនោះ​ទេ៕

No comments:

Post a Comment