នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ចូលរួមវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ |
នាយក អង្គការ លោក សៀ ភារម្យ ត្រូវ តុលាការខេត្ត កំពង់ស្ពឺ កោះហៅ រឿងព្រហ្មទណ្ឌ
RFA / វិទ្យុ អាស៊ី សេរី | ១១ ឧសភា ២០១៧
នាយក ប្រតិបត្តិ នៃអង្គការ ក្រុមការងារ ពិសេស សិទ្ធិលំនៅឋាន លោក សៀ ភារម្យ ត្រូវ បានចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្ត កំពង់ស្ពឺ កោះហៅ ទៅសាកសួរ ពីបទព្រហ្មទណ្ឌ នៅព្រឹកថ្ងៃ ទី១១ ខែ ឧសភា។
លោក សៀ ភារម្យ ឲ្យដឹង ក្រោយកិច្ចស៊ើបសួរ នោះ ថា, ចៅក្រម ស៊ើបសួរលោក ហង្ស ស៊ីថា កោះហៅលោក តាមដីកា បញ្ជូន របស់ ព្រះរាជអាជ្ញា សាលាដំបូង ខេត្ត កំពង់ស្ពឺ ដែលស្នើសុំ ឲ្យឃុំខ្លួនលោក បណ្ដោះអាសន្ន ក្រោមបទចោទ ថា, លោក បានក្លែងបន្លំ ឯកសារ សាធារណៈ, ប្រើប្រាស់ ឯកសារក្លែង, និងបទឆបោក ក្នុងសំណុំរឿង ដី ជាអំណោយទាន មួយកន្លែង នៅក្នុងស្រុក គងពិសី ខេត្ត កំពង់ស្ពឺ។ ប៉ុន្តែ ចៅក្រម មិនឃុំខ្លួនលោក ព្រោះ មិនមាន ភស្តុតាង មានទម្ងន់ គ្រប់គ្រាន់។
លោក សៀ ភារម្យ៖ «ជាលទ្ធផល គឺ ចៅក្រម ស៊ើបសួរ បានសម្រេច មិន ឃុំខ្លួន បណ្ដោះអាសន្ន តាមការ ស្នើសុំ ដីកាបញ្ជូន របស់ ព្រះរាជអាជ្ញា សាលាដំបូង ខេត្ត កំពង់ស្ពឺ។ ដូច្នេះ ខ្ញុំ យល់ឃើញ ថា, នេះ ជាការសម្រេចចិត្ត មួយ ដ៏ត្រឹមត្រូវ របស់លោក ចៅក្រម ស៊ើបសួរ ដែលគាត់ ជាប្រធាន តុលាការ កំពង់ស្ពឺ ថ្មី ដោយគាត់ ធ្វើការ សម្រេចចិត្ត មិន តាមការ ស្នើសុំ របស់ ព្រះរាជអាជ្ញា, ហើយ យើង ក៏សូម ថ្លែងអំណរគុណ ដល់ចៅក្រមដែរ ដែលមាន សុភវិនិច្ឆ័យ ត្រឹមត្រូវ ក្នុងការពិនិត្យយ៉ាងលម្អិតស៊ីជម្រៅអំពីករណីព្រហ្មទណ្ឌនេះ។»
លោកបញ្ជាក់បន្ថែមថា ម្ដាយធំរបស់លោកមុនពេលស្លាប់បានផ្ដល់ដីជាអំណោយមួយកន្លែងក្នុងផ្សារត្រាំខ្នារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប៉ុន្តែលោកត្រូវបានភាគីម្ខាងទៀត ចោទថា បានក្លែងលិខិតប្រគល់ដី។ ទោះជាយ៉ាងនេះក្ដី លោកបានឈ្នះក្ដីរដ្ឋប្បវេណីជាម្ចាស់កម្មសិទ្ធិ កាលពីថ្ងៃទី៧ ខែមេសា។ នៅពេលលោកចូលទៅជួបចៅក្រមនោះ ក៏មានពលរដ្ឋពីសហគមន៍មានបញ្ហាដីធ្លីនៅភ្នំពេញ ប្រមាណ ៣០នាក់ ទៅឃ្លាំមើល និងគាំទ្រលោកនៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺ ដែរ៕
No comments:
Post a Comment