![]() |
| លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងខួបទី១០ នៃទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ Photo courtesy of PM Hun Sen's Facebook Page |
សមាជិក សភា អាស៊ាន ស្នើ គ.ជ.ប. ចាត់វិធានការ ការថ្លែងសារ គំរាម របស់ មន្ត្រី ជាន់ខ្ពស់ បក្សប្រជាជន
RFA / វិទ្យុ អាស៊ី សេរី | ១៧ ឧសភា ២០១៧
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានស្នើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ធ្វើជាគំរូដល់ប្រជាពលរដ្ឋដើម្បីបញ្ចប់ការគំរាមកំហែង និងស្នើឲ្យ គ.ជ.ប ចាត់វិធានការដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
ក្នុងសារផ្ញើទៅកាន់សារព័ត៌មាននៅថ្ងៃទី១៧ ឧសភា លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជាប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី ថ្លែងថា សាររបស់លោក ហ៊ុន សែន និងលោក ទៀ បាញ់ គឺជាការគំរាមកំហែងយ៉ាងច្បាស់ដល់គណបក្សប្រឆាំង និងដល់ជនទាំងឡាយដែលហ៊ានរិះគន់ដល់គណបក្សកាន់អំណាច មានសភាពគួរឲ្យព្រួយបារម្ភណាស់ ហើយការគំរាមកំហែងទាំងនោះធ្វើឲ្យប៉ះពាល់ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ លោកបន្តថា ទោះបីនេះមិនមែនជាលើកទី១ដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្រើសារគំរាមកំហែងទាំងនេះក៏ដោយ ក៏ការដែលរដ្ឋមន្ត្រីការពារជាតិ ត្រូវបានអនុញ្ញាតឲ្យប្រើភាសាបែបនេះ ខណៈការបោះឆ្នោតខិតជិតចូលមកដល់ បានបង្ហាញថា រដ្ឋាភិបាលនៅតែមានបំណងបន្តក្ដោបក្ដាប់អំណាចតទៅទៀត។
លោកបញ្ជាក់នៅក្នុងសារនេះទៀតថា វាជាពេលចាំបាច់បំផុតដែលអាជ្ញាធរ រួមទាំង គ.ជ.ប ត្រូវតែចាត់វិធានការជាវិជ្ជមានដើម្បីធានាថា ការបោះឆ្នោតអាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ និងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា អាចបង្ហាញសេចក្ដីប្រាថ្នាផ្នែកនយោបាយរបស់ខ្លួន ដោយមិនមានការភ័យខ្លាចពីសុវត្ថិភាព។ លោក ហ៊ុន សែន គួរធ្វើជាគំរូល្អដោយបញ្ចប់ការគំរាមកំហែង។ លោកថា ភាពស្របច្បាប់នៃដំណើរការបោះឆ្នោតកាន់តែខិតទៅរកភាពស្រពេចស្រពិល ហើយសហគមន៍អន្តរជាតិ នឹងឃ្លាំមើលអ្វីដែលនឹងកើតឡើងនៅថ្ងៃទី៤ ខែមិថុនា។
ឆ្លើយតបទៅនឹងមតិរិះគន់របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សពីសាររបស់អ្នកដឹកនាំគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប នឹងធ្វើការពិនិត្យលើសាររបស់អ្នកនយោបាយចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ មិថុនា ដែលជាអំឡុងពេលឃោសនាបោះឆ្នោត ដោយឡែករឿងដែលកើតឡើងនៅមុន ឬក្រោយថ្ងៃឃោសនាគឺជាបន្ទុករបស់អាជ្ញាធរ៖ «បើសិនជាភាគីណាមិនសុខចិត្តលើកបញ្ហានេះត្រូវប្ដឹងទៅអាជ្ញាធរ រវាង គ.ជ.ប និងអាជ្ញាធរយើងចែកប្រក្រតីទិនច្បាស់លាស់។ ចំពោះអនុសាសន៍ទាំងឡាយ ពិសេសការចង់ឲ្យមានការបោះឆ្នោតឲ្យមានបរិយាកាសល្អ ជាចំណុចល្អប្រសើរហើយ។»
ទាក់ទងបញ្ហានេះដែរ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា លោក ឆាលស៍ សានទីអេហ្គោ កំពុងប្រាសចាកពីក្រមអាស៊ានដែលបានលូកលាន់បញ្ហាផ្ទៃក្នុងកម្ពុជា និងមិនគោរពធម្មនុញ្ញអាស៊ាន។ លោកថា កម្ពុជាមិនដែលលូកលាន់អ្នកនយោបាយរបស់ប្រទេសហ្វីលីពីន ឡើយ។ លោកហៅការរិះគន់នេះ ថាជាការលើកឡើងមិនមែនជាការសម្ដែងមតិពិត ប៉ុន្តែជាការលើកឡើងក្នុងនិន្នាការនយោបាយប្រឆាំងរដ្ឋាភិបាលប្រឆាំងគណបក្សនយោបាយតែប៉ុណ្ណោះ៖ «គាត់នៅឆ្ងាយពីកម្ពុជា គាត់អត់យល់ អត់ដឹងអំពីសាររបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលបានលើកឡើងជាសាធារណៈនោះទេ។ គាត់យល់ច្រឡំទាំងអស់ ហើយគាត់យល់ច្រឡំថា អ្វីដែលគណបក្សប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលជាអ្នកប្រឆាំងជាមួយសិទ្ធិមនុស្ស ប្រឆាំងនឹងដំណើរការនៃការបោះឆ្នោត ប្រឆាំងនឹងសិទ្ធិសេរីភាពនៃការបោះឆ្នោត។»
អាស៊ីសេរី មិនអាចទាក់ទងលោក ឈុំ សុជាត អ្នកនាំក្រសួងការពារជាតិ ដើម្បីឆ្លើយតបបញ្ហានេះបានទេ នៅថ្ងៃទី១៧ ឧសភា។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ
បាញ់ ថ្លែងក្នុងពិធីទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជា
មកពីប្រទេសស៊ូដង់ និងប្រទេសម៉ាលី កាលពីថ្ងៃទី៩ ខែមិថុនា
ឆ្នាំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
កាលពីថ្ងៃទី១០ ឧសភា ក្នុងខួបទី១០ នៃទិវាអតីតយុទ្ធជនកម្ពុជា លោក ហ៊ុន សែន ព្រមានជាថ្មីថា សង្គ្រាមកើតឡើងវិញ ប្រសិនបើបក្សខ្លួនចាញ់ឆ្នោត ឬពលរដ្ឋមិនខំថែរក្សាអ្វីដែលមាននៅក្នុងដៃ។ លោកថា លោកខំប្រឹងកសាងសន្តិភាព និងបង្រួបបង្រួមជាតិយ៉ាងលំបាកមកឲ្យប្រទេសកម្ពុជា ដ៏កម្សត់ ប៉ុន្តែបែរជាមានក្រុមមួយមកសាងគ្រោះឲ្យជាតិទៅវិញ។ លោកថា បើគណបក្សលោកមិនបានកាន់អំណាចបន្តទៀតទេ សង្គ្រាមនឹងផ្ទុះឡើងជាថ្មីនៅកម្ពុជា។
ជុំវិញសារប្រកាសសង្គ្រាមនេះ នៅជិតការបោះឆ្នោត ត្រូវបានព្រះសង្ឃ អ្នកនយោបាយជើងចាស់ និងតំណាងរាស្ត្រក្នុងសង្គមប្រជាធិបតេយ្យ និងមន្ត្រីកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកថា ជាសារទាល់ច្រក ជាសារហួសសម័យ គ្មានប្រសិទ្ធភាព និងបង្ហាញនូវភាពកំសាកខាងផ្នែកនយោបាយក្នុងឆាកជាតិ និងអន្តរជាតិ៕


No comments:
Post a Comment