រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងក្នុងពិធីទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជា មកពីប្រទេសស៊ូដង់ និងប្រទេសម៉ាលី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Cheu Sideth |
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ ទាមទារ ឲ្យរដ្ឋមន្ត្រី ការពារជាតិ កម្ពុជា លាលែង ពីតំណែង
RFA / វិទ្យុ អាស៊ី សេរី | ១៧ ឧសភា ២០១៧
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ទាមទារឲ្យលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ ចុះចេញពីតំណែងមកធ្វើជាឧបករណ៍ផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញប្រសើរជាងដោយសារលោកកំពុងធ្វើការខុសតួនាទី។
លោក ហ្វីល រ៉ូប៊ឺតសុន៖ «លោក ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ មិនត្រូវជាប់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញជនស៊ីវិល ឬការធ្វើបាតុកម្មរបស់ជនស៊ីវិលនោះទេ។ យោធាត្រូវតែនៅអព្យាក្រឹត្យមិនលម្អៀង ហើយផ្ដោតការងាររបស់ខ្លួនខាងកិច្ចការការពារប្រទេសពីការឈ្លានពានរបស់ប្រទេសដទៃ មិនមែនមកធ្វើជាញញួរដើម្បីវាយប្រហារក្រុមអ្នកតវ៉ាដោយសន្តិវិធីនោះឡើយ។ ខ្ញុំគិតថា លោក ទៀ បាញ់ គួរមើលលក្ខខណ្ឌការងាររបស់ខ្លួនម្ដងទៀត។ ប្រសិនបើការងាររបស់គាត់គ្រាន់តែធ្វើជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា ក្នុងការប្រើកងកម្លាំងដើម្បីវាយប្រហារក្រុមអ្នកតវ៉ាប៉ុណ្ណោះទេ ដូច្នេះគាត់គួរតែចុះចេញទៅហើយ រកការងារថ្មីធ្វើទៅវិញទៅ។»
ការថ្លែងរបស់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រូបនេះ ធ្វើឡើងក្រោយពីលោក ទៀ បាញ់ បានគំរាមជាសាធារណៈថា នឹងវ៉ៃជនណាដែលហ៊ានក្រោកតវ៉ាលទ្ធផលក្រោយការបោះឆ្នោតឲ្យបែកធ្មេញតែម្តង។
លោក ទៀ បាញ់ ព្រមានថា លោកមិនអាចបណ្ដែតបណ្ដោយឲ្យមានការតវ៉ាណាមួយក្រោយការបោះឆ្នោតអាចកើតឡើងបានទៀតនោះទេ៖ «ពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាតមកទាមទារនេះ ទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ លើកនេះមិនទុកទេ ប្រាប់ឲ្យហើយ គឺនិយាយគ្នាត្រង់អ៊ីចឹងតែម្ដង ថាម៉េចថាចុះ រឿងពិតត្រូវនិយាយគ្នាអ៊ីចឹង មិនអុនញ្ញាតជាដាច់ខាត។»
លោក ហ្វីល រ៉ូប៊ឺតសុន អះអាងថា ការព្រមានរបស់លោក ទៀ បាញ់ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ផ្ទុយពីកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងជាការគំរាមកំហែងដល់នីតិរដ្ឋរបស់កម្ពុជា។
ប៉ុន្តែអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការគំរាមរបស់លោក ទៀ បាញ់ ធ្វើឡើងដោយត្រឹមត្រូវក្នុងកិច្ចការពាររដ្ឋាភិបាលស្របច្បាប់៖ «កងកម្លាំងប្រដាប់អាវុធគឺជាកងកម្លាំងរបស់ជាតិ។ អ៊ីចឹងពេលណា គណបក្សណាមួយជាប់ឆ្នោតបានបង្កើតរាជរដ្ឋាភិបាលទៅជារាជរដ្ឋាភិបាលរបស់ជាតិ។ អ៊ីចឹងហើយកងទ័ពជាតិត្រូវតែការពាររាជរដ្ឋាភិបាលរបស់ជាតិ។ គាត់និយាយត្រឹមត្រូវតាមតួនាទីកងកម្លាំងប្រដាប់អាវុធរបស់ជាតិ។ គាត់មិនបានគំរាមកំហែង ឬមានចេតនាអាក្រក់ណាមួយទេ គឺថាចង់ទប់ស្កាត់រាល់បាតុភាពអសកម្មទាំងឡាយណាដែលចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។»
ទោះជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលសង្គមបានហៅការគំរាមរបស់លោក ទៀ បាញ់ ថាជាការរំលោភអំណាច និងរំលោភដល់ដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលមានអំណាចក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេស។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា សារព្រមានប្រើអំពើហិង្សារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គឺជាសារបែបញុះញង់ បង្កភាពចលាចលដល់សន្តិសុខជាតិ។
លោកជំរុញឲ្យសមត្ថកិច្ចទីក្រុងភ្នំពេញ ចាត់វិធានការទៅលើបញ្ហានេះជាបន្ទាន់ ដើម្បីរក្សាភាពស្ងប់ស្ងាត់នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនៅពេលខាងមុខ៖ «នេះជាការញុះញង់បង្កឲ្យមានភាពវឹកវរ។ នេះជាបទល្មើសព្រហ្មទណ្ឌ។»
ជាងនេះទៅទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ ជំរុញឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន និងកងយោធពលខេមរភូមិន្ទឆ្នាំ១៩៩៨ ដើម្បីយោធាត្រូវរក្សាអព្យាក្រឹតភាពរបស់ខ្លួនក្នុងមុខនាទីសកម្មភាពការងារ ហើយហាមឃាត់ការប្រើមុខងារ និងសម្ភារៈរបស់រដ្ឋដើម្បីបម្រើក្នុងសកម្មភាពគណបក្សនយោបាយ៕
He is Hun Sen's dog. Who dares to touch him. Only the CIA can take him down but Donald Drump has bigger problem to deal with now back home.
ReplyDeleteFYI: Tea Banh pretty much owned the entire Cambodian Navy and the whole Koh Kong military district. His relatives runs all important military posts there. It's his own fiefdom in a way.
ReplyDeleteIn a professional armed force, such nepotism must not be allowed. It's a seed of power struggle.