![]() |
| ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី ថ្លែងក្នុងសន្និសីទកាសែត នារាជធានីភ្នំពេញ នៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៧។ RFA/Kher Sonorng |
បក្សនយោបាយ និងសង្គមស៊ីវិល ថា គ.ជ.ប.រឹតត្បិត សិទ្ធិសេរីភាព ក្នុងការ ហែក្បួន ឃោសនា បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ១៩ ឧសភា ២០១៧
នៅមុន យុទ្ធនាការ ឃោសនា បោះឆ្នោត មួយថ្ងៃ គឺ នៅថ្ងៃ ទី១៩ ឧសភា, គ.ជ.ប. បានធ្វើ សន្និសីទ កាសែត ណែនាំ គណបក្ស នយោបាយ អំពី ការហែក្បួន និងការ ចុះចែក ខិត្តប័ណ្ណ ក្នុងផ្សារ ក្នុងអំឡុងពេល ឃោសនា បោះឆ្នោត ដោយត្រូវ រក្សា សណ្ដាប់ធ្នាប់ ល្អ តាមដងផ្លូវ, ទីប្រជុំជន, ទីសាធារណៈ និងគោរព,ច្បាប់ ចរាចរណ៍។ នីតិវិធីនេះ មានតែ មន្ត្រី គណបក្ស កាន់អំណាច តែ ប៉ុណ្ណោះ ដែលពេញចិត្ត នឹងសេចក្ដី ណែនាំនេះ។
គណបក្សនយោបាយមួយចំនួន និងសង្គមស៊ីវិល ចាត់ទុកថា គ.ជ.ប កំពុងកម្រិត និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ។
ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី ថ្លែងថា សេចក្ដីណែនាំអំពីការហែក្បួនឃោសនារបស់ គ.ជ.ប មានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពចំពោះការផ្សព្វផ្សាយ និងការឃោសនារបស់គណបក្សនយោបាយ។ អ្នកស្រីបន្តថា ការរឹតត្បិតនេះគឺមានការកាត់បន្ថយការហែក្បួនសល់តែ ២ថ្ងៃ ដែលនៅសល់តែសកម្មភាពឃោសនាធម្មតា ប៉ុន្តែសកម្មភាពឃោសនាធម្មតានេះទៀតសោត បានកម្រិតទាំងចំនួនមនុស្ស ទោចក្រយានយន្ត រថយន្ត និងសូម្បីតែចូលចែកខិត្តប័ណ្ណក្នុងផ្សារក៏ត្រូវមានការសុំអនុញ្ញាតពីអ្នកគ្រប់គ្រងផ្សារដែរ ប្រសិនបើលើសពីចំនួនកំណត់ខាងលើគឺរាប់ទុកជាការហែក្បួនឃោសនាដែលល្មើសទៅនឹងបទបញ្ញត្តិដែលថា ការហែក្បួនឃោសនាត្រូវកំណត់តែ២ដង។
អ្នកស្រីចោទជាសំណួរថា ប្រហែលជាប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ ឡើងខ្ពស់ពេកទេដឹងទើបមានការរឹតត្បិតយ៉ាងនេះ៖ «ចំពោះគណបក្សសង្គ្រោះជាតិ យើងចង់ឲ្យបានទូលំទូលាយ ចង់ផ្ញើសារដល់ប្រជាពលរដ្ឋ ចង់ឲ្យប្រជាពលរដ្ឋចូលរួម អ្នកគាំទ្រគាត់ចង់ចូលរួមហែក្បួន ដើម្បីបង្ហាញឲ្យឃើញថា យុទ្ធនាការរបស់សង្គ្រោះជាតិ គឺមានពលរដ្ឋច្រើនណាស់ដែលគាំទ្រ ការកំណត់ចំនួនបែបនេះ យើងធ្វើសកម្មភាពវាមិនបានហ៊ឹកហ៊ាក់ បានតិចតួច។»
ចំណែកអគ្គលេខាធិការរងនៃគណបក្សហ្វុនស៊ិនប៉ិច លោក ថន ចន្ថា យល់ថា សេចក្ដីណែនាំអំពីការហែក្បួនឃោសនាពុំមានការពន្យល់ច្បាស់លាស់ ដែលនាំឲ្យលោកបារម្ភអំពីការបកស្រាយតាមចិត្តនៅពេលអនុវត្តក្នុងរដូវកាលឃោសនា។
ប៉ុន្តែទោះជាមានការបារម្ភយ៉ាងណាក្ដី មន្ត្រីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ឆៅ វ៉ាន់ដេត បានឯកភាពចំពោះនីតិវិធីដែលរៀបចំដោយគ.ជ.ប។ លោកយល់ថា គ.ជ.ប សម្រេចធ្វើអ្វីមួយគឺមានហេតុផល និងផ្អែកទៅលើច្បាប់៖ «ការណែនាំរបស់គ.ជ.ប បន្ថែមនេះទៅលើច្បាប់ទៅលើបទបញ្ជាទេ សេចក្ដីណែនាំនេះគឺគណបក្សប្រជាជនកម្ពុជា អាចទទួលយកបាន។ ហែក្បួន ១០នាក់វាមានទំហំ និងធាតុផ្សំ ខាងគណបក្សគេប្រហែលជាមិនយល់ ឬមិនបានមើលខាងលើគេចាប់យកតែចំនួនហើយគេមានប្រតិកម្មតាមធាតុពិតគេមាន ២ចំណុច យើងមើលទៅអត់មានអីទេ។ គណបក្សប្រជាជនមានតែអនុវត្ត និងធ្វើតាមសេចក្ដីណែនាំរបស់ គ.ជ.ប ប៉ុណ្ណោះ។»
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា (ស្ដាំ)
ថ្លែងក្នុងសន្និសីទកាសែត នារាជធានីភ្នំពេញ នៅថ្ងៃទី១៩ ឧសភា
ឆ្នាំ២០១៧។ RFA/Kher Sonorng
RFA/Kher Sonorng
មន្ត្រី ផ្នែកអង្កេត នៃគណៈកម្មាធិការ ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា យល់ថា មិន គួរណា ហាមប្រាម មិនឲ្យ គណបក្ស នយោបាយ ហែក្បួន នៅតំបន់ ទីប្រជុំជន ទាំងនោះ ទៀតឡើយ ព្រោះ ថា, គ.ជ.ប. បានបន្ថយ រយៈពេល ឃោសនា នៅត្រឹម ១៤ថ្ងៃ ទៅហើយ។ លោក ថា នីតិវិធី ឃោសនានេះ បានរឹតត្បិត សិទ្ធិសេរី គណបក្ស នយោបាយក្នុងការប្រមូលផ្ដុំនិងការហែក្បួន។
សម្រាប់អ្នកដែលធ្វើខុសពីគោលការណ៍ណែនាំការឃោសនា គ.ជ.ប នឹងចាត់វិធានការតាមច្បាប់បោះឆ្នោតឃុំ-សង្កាត់ និងច្បាប់បោះឆ្នោតតំណាងរាស្ត្រ ដែលមានទោសបញ្ញត្តិ និងការផាកពិន័យពី៥លានរៀល រហូតដល់ ៣០លានរៀល៕


No comments:
Post a Comment