Paris Peace Accords 23 Oct. 1991

Wednesday, May 31, 2017

លោក ប្រាក់ សុខុន៖ កម្ពុជា​ នឹង​មិនមាន​ សង្គ្រាម​ទេ ​ព្រោះ ​មាន​គោល នយោបាយ ​អព្យាក្រឹត | Prak Sokhon: Cambodia will not have war because of its policy of neutrality

រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា​ លោក​ ប្រាក់​ សុខុន​ ធ្វើ​បឋកថា​ស្តីពី «ស្ថានការណ៍​ពិភពលោក​បច្ចុប្បន្ន​ និង​អាទិភាព​នយោបាយ​ការបរទេសកម្ពុជា​» នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៣០​ ខែ ឧសភា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

លោក ប្រាក់ សុខុន៖ កម្ពុជា​ នឹង​មិនមាន​ សង្គ្រាម​ទេ ​ព្រោះ ​មាន​គោល នយោបាយ ​អព្យាក្រឹត

VOA / វីអូអេ | ៣០ ឧសភា ២០១៧

ទាក់​ទិន​ នឹង​ការ​ ប្រជែង​ ឥទ្ធិពល ​របស់​ សហរដ្ឋ​ អាមេរិក​  និង​ចិន​ ក្នុង​តំបន់ ​អាស៊ី ប៉ាស៊ីហ្វិក​ ក៏ដូច​ ជា​កម្ពុជា​​, លោក​ ប្រាក់​  សុខុន​ ថ្លែង​ថា​ ​ កម្ពុជា​ ជា​ប្រទេស​ តូច​, ត្រូវតែ ​ព្យាយាម​ សម្រប​សម្រួល​ តាម​ការ ​បត់​បែន​ របស់ ​មហា​អំណាច​ ទាំង​ពីរ។​

នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ចូល​មក​ដល់​ក្នុង​រយៈ​ពេល​តែ​ប្រាំថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ ​លោក​ ​ប្រាក់ សុខុន​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បាន​ថ្លែង​ប្រាប់​ក្រុម​យុវជនកម្ពុជា​ពី​គោល​នយោបាយ​ការ​បទេស​អព្យាក្រឹត​របស់​កម្ពុជា​ ក្នុង​ការ​រក្សា​តុល្យភាព​អំណាច​រវាង​មហា​អំណាច​ចិន​និង​អាមេរិក។​

ថ្លែង​ទៅ​កាន់​ក្រុម​យុវជន​ជាង​៤០០​នាក់​នៃ​សហភាព​សហព័ន្ធ​យុវជន​របស់​កូនប្រុស​លោក​ ​ហ៊ុន សែន​ លោក​ ​ប្រាក់ សុខុន​ ​បាន​រៀបរាប់​ពី​ការ​ងើប​ឡើង​វិញ​របស់​ប្រទេស​កម្ពុជា​ ក្រោយ​ការ​ដួល​រលំ​នៃ​សម័យ​អង្គរ​ ​ការ​ចេញ​ផុត​ពី​អាណានិគម​និយម​បារាំង​ របប​ខ្មែរ​ក្រហម​ និងការ​ច្បាំង​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​វិល​ត្រឡប់​មកវិញ​ រហូត​ដល់​ប្រទេស​កម្ពុជា​មាន​ឯក​ភាព​ជាតិមក​ដល់​សព្វ​ថ្ងៃ​នេះ​ ​បន្ទាប់​ពីការ​ដាក់​ចេញ​គោលនយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន។​

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ដោយ​ហេតុ​កម្ពុជា​ ​ប្រកាន់​យក​ជំហរ​នយោបាយ​អព្យាក្រឹត​ក្នុង​កិច្ច​ការ​នយោបាយ​បរទេស​របស់​ខ្លួន​ ប្រទេស​ដែល​ធ្លាប់​ហែកហួរ​ដោយ​សង្គ្រាម​និង​ជម្លោះ​ សឹងតែ​រលាយ​ខ្លួន​មួយ​នេះ​ រក្សា​បាន​សន្តិភាព​អស់​រយៈពេល​ជាង​ ២០​ ឆ្នាំ​មកហើយ​ ក្រោយ​ការបោះឆ្នោត​ជាតិរៀប​ចំ​ដោយ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៩៣។​

លោក​ ​ប្រាក់ សុខុន​ បាន​បន្ថែម​ ថា៖​

«​ឥឡូវហ្នឹង​យើង​ទៅមាន​ស្អី​ ឥឡូវ​យើង​ប្រកាន់​នយោបាយ​ អព្យាក្រឹត្យ​តាំងពី​១៩៩៣​ មកដល់​ម៉ោង​ហ្នឹង​ ២៤​ ឆ្នាំ​ ហើយ​ មាន​អី​ឯណ៎ា!​ មាន​សង្គ្រាម​ទេ? អត់​ទេ​ ពី​សង្គ្រាម​រប៉េះរប៉ោះ​ ស្បែក​ខ្លា​ហ្នឹង​ ឥឡូវ​មក​ដល់​ប្រទេស​ ឯកភាព​ជាតិ​ទាំងមូល​ហើយ​តើ​!​ សុខសន្តិភាព​រហូត​ហើយ​តើ​! មានស្អី?»
រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងការបរទេស​លោក ប្រាក់ សុខុន។ (ឡេង ឡែន/VOA)
រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងការបរទេស​លោក ប្រាក់ សុខុន។ (ឡេង ឡែន/VOA)
 

នៅ​ពេលឆ្លើយ​សំណួរ​របស់​អ្នកចូលរួម​ដែល​បាន​សួរ​អំពី​ការណ៍​ដែល​កម្ពុជា​អាច​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​វិញម្តងទៀត​ ប្រសិន​បើមាន​ជម្លោះ​ក្នុង​តំបន់​ ដែល​មាន​ប្រទេស​មហា​អំណាច​ពាក់ព័ន្ធ​ លោក​ប្រាក់​ សុខុន​ ពន្យល់​ថា​ គោល​នយោបាយ​អព្យាក្រឹត​នឹង​មិន​នាំ​កម្ពុជា​វិល​ទៅរក​សង្គ្រាម​នោះ​ទេ​ ប្រសិន​បើ​មិន​មាន​ការ​ជ្រៀត​ជ្រែក​ពី​បរទេស។ ​

«ខ្ញុំ​សូមកែបន្តិច​ មិនមែន​ការប្រកាន់​នយោបាយ​អព្យាក្រឹត​ មិន​ចូល​បក្ស​សម្ព័ន្ធ​ហ្នឹង​នាំ​ឲ្យ​ប្រទេស​ មាន​សង្គ្រាម​ទេ​ មិន​មែន​ទេ​ ដោយសារ​តែ​គេ​ចាក់​ប្រទេស​កម្ពុជា​យើង​ឲ្យ​ចូលបក្ស​សម្ព័ន្ធ​ហ្នឹង​ហើយ​ ដែល​កើត​សង្គ្រាម​នោះ​។ រដ្ឋប្រហារ​លន់ ​នល់​។ ដោយសារ​តែ​គេ​ទើសទែង​ ហើយ​ចុះ​របប​លន់​ នល់​ចូល​ទៅ​ ជាមួយ​អាមេរិក​ឈប់​ចូលបក្ស​សម្ព័ន្ធ​ បាន​សន្តិភាព​ទេ?​ មានណា​ប្រាំឆ្នាំ​ រួញ​ទៅ​ៗ​ នៅសល់​តែ​ទីក្រុង​ភ្នំពេញ​ហ្នឹង​ ច្បាំង​មួយ​ប្រទេស​ ងាប់​អស់ប៉ុន្មាន​សែន?»

ក្រោយ​ពី​កិច្ច​ប្រជុំ​កំពូល​ក្រុម​ប្រទេស​អាស៊ាន​ នៅ​ទីក្រុង​ភ្នំពេញ​ នា​ឆ្នាំ​២០១២​ អ្នក​វិភាគ​នា​នា​យល់​ថា​នយោបាយ​ការបទេស​របស់​ប្រទេស​កម្ពុជា​ ហាក់​ដូច​ជា​លម្អៀង​ទៅ​កាន់​ប្រទេស​កុម្មុយនិស្ត​ចិន​ ច្រើន​ជាង​ប្រទេស​មហា​អំណាច​អាមេរិក។​ ​ម្យ៉ាងទៀត​តែ​ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ នឹង​កម្ចី​ការ​ប្រាក់​ទាប​របស់​ ​ជា​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេស​ដ៏ក្រីក្រ​ក្នុង​អាស៊ាន​មួយ​នេះ។​

ទាក់​ទិន​នឹង​ការ​ប្រជែង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ និង​ចិន​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ក៏ដូច​ជា​កម្ពុជា លោក​ ប្រាក់​ សុខុន​ ថ្លែង​ថា​ ​កម្ពុជា​ជា​ប្រទេស​តូច​ត្រូវតែ​ព្យាយាម​សម្រប​សម្រួល​តាម​ការ​បត់​បែន​របស់​មហា​អំណាច​ទាំង​ពីរ។​

«អញ្ចឹង​អព្យាក្រឹត​ នៅ​អព្យាក្រឹត​រឿង​គឺ​ថា​ យើង​ប្រៀប​ថា​ដូច​ចិន​ និង​អាមេរិក​ ជា​នាវា​ធំ​ពីរ​ដែល​កំពុង​ បើកបរ​នៅ​លើ​មហាសមុទ្រ​នេះ។ បើ​គាត់​បើក​បរ​ដោយ​ស្រួល​ទាំងពីរ​នាក់​ហ្នឹង​ទៅ​ មិន​សូវមាន​រលក​ទេ​ តែបើគាត់​ឈ្លោះ​គ្នា​រលក​ធំ​ ហើយ​រលកធំ​ប៉ះពាល់​នរណា​? ប៉ះពាល់​អាទូក​តូចៗ​ របស់​យើង​នេះ​ កម្ពុជា​ ហើយ​និងប្រទេស​ផ្សេងៗ​ ដែល​ជាទូក​តូចៗ​នេះ»

លោក​ថ្លែង​បន្តថា​ កម្ពុជា​ មិន​មាន​សិទ្ធិ​អ្វី​ទៅ​បញ្ជា​ប្រទេស​មហាអំណាច​ធំៗ​ទាំង​ពីរ​នេះ​ ​ទៅ​ធ្វើ​អ្វី​ដែល​កម្ពុជា​ចង់បាន​នោះឡើយ ​ដូច្នេះ​កម្ពុជា​ ចង់ឃើញ​មហាអំណាច​ទាំងពីរ​មាន​ទំនាក់​ទំនង​ល្អ​ ដែល​នឹង​ហុច​ប្រយោជន៍​ដល់​កម្ពុជា​ និង​បណ្តា​ប្រទេស​តូចៗ​ផ្សេង​ទៀត។ លោក​បាន​កោត​សរ​សើរ​ប្រទេស​ចិន​ និង​អាមេរិក​ ដែល​ជា​អ្នកវិនិយោគ​ ម្ចាស់​ជំនួយ​ និង​អ្នកទិញ​ផលិត​ផល​ពី​កម្ពុជា​ ដ៏​ធំ​ផង​ដែរ។​

បញ្ហា​អព្យាក្រឹតភាព​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​បញ្ហា​រសើប​ខ្លាំង​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក។ ​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយបារម្ភ​ ​នៅ​ពេល​ដែល​សម្ដេច​សីហនុ​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​នឹង​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ១៩៥៨។​

នៅ​ទសវត្សរ៍​ ១៩៥០​ ​ការ​មិន​ទទួល​ស្គាល់​ប្រទេស​ចិន​ជា​ចំណុច​ស្នូល​ក្នុង​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​ចុង​បូព៌ា​។ នៅ​ពេល​ដែល​សម្ដេច​សីហនុ​នៃ​ប្រទេស​កម្ពុជា​ ​និង​ព្រះអង្គ​ម្ចាស់​ Souvanna Phouma​ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ឡាវ​នា​សម័យ​នោះ​ ​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន ​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​ការ​អាក់អន់ចិត្ត។​

នេះ​បើតាម​បទ​សម្ភាសន៍​មួយ​ធ្វើឡើង​ ដោយ VOA ​ជាមួយ​លោក William J. Rust  ​អ្នកជំនាញ​ខាង​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ ​និង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដែលបាន​បោះ​ពុម្ព​សៀវភៅ​មួយ​ក្បាលមាន​ចំណង​ជើង​ ថា៖ ​«លោក​ ប្រធានាធិបតី Eisenhower​និង​កម្ពុជា៖​ ​ការទូត សកម្មភាព​សម្ងាត់​ និង​ប្រភព​នៃ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​ពីរ»

លោក​ ឈាង​ វណ្ណារិទ្ធិ​ ​អ្នក​ស្រាវជ្រាវ​នៅ​ឯវិទ្យាស្ថាន​ស្រាវជ្រាវ  ​ISEAS YUSOF ISHAK​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​សឹង្ហបុរី​ និង​ធ្វើការ​សិក្សាស្រាវជ្រាវ​អំពី​ទំនោរ​សេដ្ឋកិច្ច​ និង​ការ​អភិ​វឌ្ឍ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ ថា​ ទោះជា​កម្ពុជា​ ប្រកាស​ថា​ខ្លួន​មាន​គោល​នយោបាយ​អព្យាក្រឹត​ តែ​ប្រទេស​នេះ​នៅតែ​ត្រូវគេ​មើល​ឃើញ​មាន​ភាពលម្អៀង​បន្តិច​បន្តួច​ទៅ​កាន់​ប្រទេស​ចិន។​
លោក​ ឈាង​ វណ្ណារិទ្ធិ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​ ១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​។ (ហ៊ាន សុ​ជាតា​/ VOA)
លោក​ ឈាង​ វណ្ណារិទ្ធិ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​ ១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​។ (ហ៊ាន សុ​ជាតា​/ VOA)
 
លោក​ ឈាង​ វណ្ណារិទ្ធិ​ ​បាន​បន្ថែម​ថា៖

«ការ​អនុវត្ត​ជាក់​ស្តែង​នៅក្នុង​គោលនយោបាយ​ការបរទេស​កម្ពុជា​យើង​គឺ​ ហៅថា​ នៅ​មាន​លំអៀង​ទៅ​ខាង​ចិន​ខ្លះ​ ក្នុងន័យ​ផលប្រយោជន៍​សេដ្ឋកិច្ច​ ហើយ​យើង​រាង​ដាច់​ឆ្ងាយ​ពី​សហរដ្ឋ​អាមេរិក​ ដោយ​សារ​មាន​ហៅថា​ ភាពចម្រូង​ចម្រាស​ ក៏ដូចជា​ភាព​ខុស​គ្នា​ទាក់​ទង​ទៅនឹង​បញ្ហា​សិទ្ធិមនុស្ស​ បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ​ហ្នឹង​ជាដើម​ ដូច្នេះ​ហ្នឹង​គឺ​ជា​បញ្ហា​រាំងស្ទះ​មួយ​ ដែលពុំអាច​អនុញ្ញាត​ឲ្យ​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ល្អ​ជាមួយ​គ្នា​ ឬ​ក៏​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា»

អ្នក​ស្រាវជ្រាវ​រូប​នេះ​ថ្លែង​បន្ត​ថា​ កម្ពុជា​ នៅតែ​អាចរក្សា​ជំហរ​អព្យាក្រឹត​ក្នុងទំនាក់​ទំនង​ការ​បរទេស​របស់​ខ្លួន​បាន​ ហើយ​អាចបន្ថយ​ការពឹងផ្អែក​ទៅលើ​ប្រទេស​ចិន​បាន​ ប្រសិនបើ​កម្ពុជា​ រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ និង​ប្រទេស​ផ្សេង​ទៀត​ ដែល​ព្យាយាម​បង្កើន​ទំនាក់​ទំនង​នយោបាយ​អន្តរជាតិ​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។​

«យើង​អាច​ធ្វើ​ទៅបាន​ ពីព្រោះ​ថា​ក្នុង​កាលៈ​ទេសៈ​នេះ​ គឺ​មាន​អាស៊ាន​ ដែល​ជា​សសរ​ស្ដម្ភ​មួយ​ដ៏​សំខាន់​ នៅ​ក្នុង​តំបន់​ ហើយ​យើង​មាន​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​គេចាប់​អារម្មណ៍​ខ្ពស់​ចំពោះ​កម្ពុជា​ ក៏ដូចជា​តំបន់​អាស៊ី​អាគ្នេយ៍​ ជាពិសេស​ប្រទេស​ជប៉ុន​។ យើង​ឃើញ​ថា​ ប្រទេស​ជប៉ុន​ អូស្ត្រាលី​ ហើយ​នឹង​ឥណ្ឌា​ គឺ​ជា​តួអង្គ​ថ្មី​ នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍​យើង​នេះ។​ យើង​គិតថា​ ប្រសិន​បើ​ជា​មាន​ប្រទេស​ធំៗ​ច្រើន​ចាប់​អារម្មណ៍​ចំពោះ​កម្ពុជា​ ​ចាប់​អារ​ម្មណ៍​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍​ យើង​អាច​ថា​ តំបន់​យើង​នេះ​ អាច​មាន​លំនឹង​ និង​ភាព​អព្យាក្រឹត​ល្អ​ជាង​សម័យ​ សង្គ្រាម​ត្រជាក់​ ក្នុង​ទសវត្សរ៍​ទី​ ៦០​ និង​ ៧០​នោះ​បាទ»

ក្នុង​បាឋកថា​នយោបាយ​ការបរទេស​ក្នុង​ និង​ក្រៅប្រទេស​នៅ​ចំពោះ​មុខ​យុវជន​រាប់​រយ​នាក់​ នា​មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ លោក​ ប្រាក់ សុខុន​ ក៏​បាន​រំឭក​ឡើង​វិញពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម​ និង​ការស្វែងរក​សន្តិភាព​ពិតប្រាកដ​មកដល់​ប្រទេស​កម្ពុជា។​

នៅ​មុន​ការ​អធិប្បាយ​អំពី​ស្ថានភាព​នយោបាយ​នៅកម្ពុជា​ លោក​ប្រាក់​ សុខុន​ បាន​ពន្យល់​ក្រុម​យុវជន​អំពី​បម្រែបម្រួល​នៃ​ស្ថាន​នយោបាយ​សកល​ ក្រោយ​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​លោក​ លើក​ទីពីរ​ រួមមាន​ការ​កើត​ឡើង​សង្គ្រាម​ត្រជាក់​ និង​ការ​ប្រែប្រួល​ដ៏​ជ្រាលជ្រៅ​នៃ​តុល្យការ​កម្លាំង​ និងការ​រៀប​ចំ​ឡើងវិញ​នូវ​ប្រព័ន្ធ​អភិបាលកិច្ចពិភពលោក​ ក្នុង​រយៈពេល​ ២៥​ឆ្នាំ​ បន្ទាប់​ពី​សង្គ្រាម​ត្រជាក់​បាន​បញ្ចប់​ទៅ​នៅ​ឆ្នាំ១៩៩១។​ ក្រោយ​ការបញ្ចប់​ទៅ​នៃ​សង្គ្រាម​ត្រជាក់​នោះ​ មានការ​ងើបឡើង​នៃ​តួអង្គ​ថ្មីៗ​ ក្នុង​ប្រព័ន្ធ​ដឹកនាំ​នយោបាយ សេដ្ឋកិច្ច​ នយោបាយ​ ពិភពលោក​ ដែល​រួមមាន​ប្រទេស​ ប្រេស៊ីល​ ប្រទេស​រុស្ស៊ី​ ឥណ្ឌា​ ចិន​ និង​អាហ្រ្វិក​ខាង​ត្បូង។​

តាម​បទ​បង្ហាញ​របស់​លោក​ ​ប្រាក់ សុខុ​ន​ បាន​ឲ្យ​ដឹង​ថា​ អាមេរិក​នៅតែ​មាន​ឧត្តមភាព​លើសគេ​ ខាង​នយោបាយ​ យោធា​ សេដ្ឋកិច្ច​ បច្ចេក​វិទ្យា​ វិទ្យាសាស្ត្រ​ និងវប្បធម៌​ តែ​អា​មេរិក​រងនូវ​វិបត្តិ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ និង​បំណុល​សាធារណៈ​ ដែល​បណ្តាល​មកពី​ការ​ជាប់​ផុង​ក្នុងសង្គ្រាម​នៅ​អ៊ីរ៉ាក់​ និង​អាហ្វ​ហ្គានីស្ថាន។ សហរដ្ឋ​អាមេរិក​ចុះខ្សោយ​ ឯ​ប្រទេស​ផ្សេង​ទៀត​ក៏​ឡើង​ខ្លាំង។

ដោយ​ឡែក​ ​សម្រាប់​លោក​ ​មាស​ នី​ ​អ្នក​សិក្សាស្រាវ​ជ្រាវ​កិច្ច​អភិវឌ្ឍន៍សង្គម​ ថ្លែង​ប្រាប់​ VOA​ថា​លោក​យល់ថា​ នយោ​បាយ​ការបរទេស​កម្ពុជា​ បាន​បរាជ័យ​ជាច្រើន​ជំនាន់​មក​ហើយ។ ​លោក​មាន​ប្រសាសន៍​ថា​ បើ​ធៀប​នឹង​ប្រទេស​ក្បែរ​ខាង​កម្ពុជា​គឺ​ថៃ​ និង​វៀតណាម​ បាន​អនុវត្ត​គោលនយោបាយ​ការបរទេស​ដោយ​ស្មើភាព​ នាំឲ្យ​លំ​ហូរ​ជាច្រើន​នៃ​វិនិយោគទុន​បរទេស​ តែ​សម្រាប់​កម្ពុជា​ គឺ​ចិន​បាន​ក្តោប​ក្តាប់​សេដ្ឋ​កិច្ច​កម្ពុជា​ដោយ​ហេតុ​ថា​ប្រទេស​ក្រីក្រ​នេះ​ខកខាន​មិន​បាន​អនុវត្ត​នយោបាយ​ការបរទេស​ដោយ​ឈរលើ​គោល​ការណ៍​សមភាព។​

«អីចឹង​ ការណ៍​ដែល​យើង​ពឹង​ទៅ​លើ​តែ​មហា​អំណាច​មួយ​នេះ​ គឺ​យើង​អាច​មាន​ការ​ខាត​បង់​ ទាំង​វិស័យ​សេដ្ឋកិច្ច​ ទាំង​វិស័យ​នយោបាយ។ នយោបាយ​បាន​ន័យ​ថា​ យើង​ត្រូវ​តែកាន់​ជើង​ចិន​បាន​ចិន​សប្បាយ​ចិត្ត​។ វិស័យ​សេដ្ឋកិច្ច​វិញ​ គឺ​ចិន​ត្រូវ​ក្តោបក្តាប់​សេដ្ឋកិច្ច​នៅស្រុក​ខ្មែរ​ទាំងអស់»

យ៉ាង​ណាក៏​ដោយ​ រដ្ឋមន្ត្រី​ ក្រសួង​ការបរទេស​កម្ពុជា​ លោក​ ​ប្រាក់​ សុខុន​ ​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​បង្កើន​ធនធាន​មន្ត្រី​ការទូត​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ឥត​ងាករេ​លើ​សមរភូមិ​ការទូត ហើយ​ថា​ មន្រ្តី​ការទូត​ទាំង​នោះ​នឹង​ការពារ​កេរ្តិ៍​ឈ្មោះ​ និង​កិត្យានុភាព​ របស់​កម្ពុជា​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា៕



No comments:

Post a Comment