ក្បួនហែរបស់គណបក្សសង្គ្រោះជាតិ (ឆ្វេង) និងគណបក្សប្រជាជនកម្ពុជា ឃោសនារកសំឡេងឆ្នោតសម្រាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នារាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។ |
សហរដ្ឋ អាមេរិក ស្នើឲ្យ រដ្ឋាភិបាល កម្ពុជា ធានា សេរីភាព ពលរដ្ឋ ក្នុងរដូវកាល បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ២០ ឧសភា ២០១៧
ក្រសួង ការបរទេស សហរដ្ឋ អាមេរិក បានអំពាវនាវ ឲ្យរដ្ឋាភិបាល កម្ពុជា ជៀសវាង ការគំរាមកំហែង ផ្នែកនយោបាយ ខណៈ គណបក្ស នយោបាយ បានបើក យុទ្ធនាការ រយៈពេល ពីរសប្ដាហ៍ សម្រាប់ ការឃោសនា បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី៤។
អ្នកនាំពាក្យ សម្រាប់ តំបន់ អាស៊ី ខាងកើត នៃក្រសួង ការបរទេស សហរដ្ឋ អាមេរិក អ្នកស្រី អាលីសា អែដវឺតស៍ (Alicia Edwards) បានថ្លែង ពីទីក្រុង វ៉ាស៊ីនតុន ថា, សហរដ្ឋ អាមេរិក ជំរុញ ឲ្យរដ្ឋាភិបាល កម្ពុជា ដើម្បី ធានា ថា, គ្មាន ការគំរាមកំហែង លើបរិយាកាស នយោបាយ និងស្នើឲ្យ រដ្ឋាភិបាល គោរព សេរីភាព បញ្ចេញមតិ របស់ ប្រជាពលរដ្ឋ កម្ពុជា ទាំងអស់។ នេះ បើ យោងតាម ទីភ្នាក់ងារ សារព័ត៌មាន សហរដ្ឋ អាមេរិក អេភី (AP)។
មន្ត្រីនាំពាក្យរបស់គណបក្សកាន់អំណាច លោក សុខ ឥសាន យល់ថា សភាពការណ៍នយោបាយមុនការបោះឆ្នោតនេះ គឺកំពុងដំណើរការល្អ គ្មានការគំរាមកំហែងទេ។
ទោះបីជាយ៉ាងណា ក្រុមសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ដែលឃ្លាំមើលប្រទេសកម្ពុជា អះអាងថា រដ្ឋាភិបាលកំពុងប្រើប្រព័ន្ធតុលាការដើម្បីគំរាមកំហែងអ្នករិះគន់រដ្ឋាភិបាល និងគូប្រកួតនយោបាយ។ ការអះអាងនេះ ត្រូវមន្ត្រីរដ្ឋាភិបាលតែងតែច្រានចោល។
នៅប៉ុន្មានថ្ងៃមុនការចាប់ផ្ដើមយុទ្ធនាការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ប្រទេសកម្ពុជា នឹងមានសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជា របស់លោកដែលកាន់អំណាចជាង ៣ទសវត្សរ៍ ចាញ់ឆ្នោត។
រីឯលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ វិញ ក៏ព្រមានដែរថា កងកម្លាំងប្រដាប់អាវុធរបស់លោក នឹង «វ៉ៃឲ្យបែកធ្មេញ» ដល់ជនណាដែលតវ៉ាលទ្ធផលបោះឆ្នោតពេលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ថា ការអំពាវនាវរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលនេះ នឹងជំរុញឲ្យអ្នកបោះឆ្នោតកម្ពុជា សម្រេចចិត្តដោយគ្មានការភ័យខ្លាចដោយសារការគំរាមកំហែង។
អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ បានថ្លែងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា ការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី៤ មិថុនា មានសារសំខាន់ ដោយសារមូលហេតុមួយ គឺវានឹងជាការស្ទាបស្ទង់កម្លាំងគាំទ្រសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំក្រោយ។
កាលពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រ ៦០ភាគរយពីអ្នកបោះឆ្នោត ហើយគណបក្សប្រឆាំងបានជាង ៣០ភាគរយ ក៏ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០១៣ ធ្វើឲ្យគណបក្សកាន់អំណាចបាត់សំឡេងគាំទ្រជាង ២០អាសនៈ ដោយសារការកើនឡើងនូវសំឡេងគាំទ្ររបស់គណបក្សប្រឆាំង៕
No comments:
Post a Comment