អនុប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។ |
លោក សុខ ទូច ថា, មន្ត្រី ឃុំ-សង្កាត់ មានចំណេះដឹង ទាប មិនអាច អភិវឌ្ឍ មូលដ្ឋានបាន
RFA / វិទ្យុ អាស៊ី សេរី | ៣០ ឧសភា ២០១៧
អនុប្រធាន រាជបណ្ឌិត្យ សភា កម្ពុជា យល់ថា, មន្ត្រី នៅតាម ឃុំ-សង្កាត់ មានចំណេះដឹង ទាប ដែលមិន អាច អភិវឌ្ឍ នៅតាម ជនបទ ដោយខ្លួនឯង បានទេ, ហើយ ចាំបាច់ ត្រូវតែ មានក្រសួង អភិវឌ្ឍន៍ ជនបទ ទើប អាចធ្វើ ផ្លូវ , ធ្វើ ប្រឡាយមេ, ឬអភិវឌ្ឍ ពីឃុំមួយ ទៅឃុំ មួយទៀត បាន។ ការលើកឡើងនេះ ជាការ ឆ្លើយតប ទៅនឹង គណបក្ស ប្រឆាំង ដែលមាន គម្រោង ចង់កាត់ ក្រសួង អភិវឌ្ឍន៍ ជនបទ ចោល នៅពេល គណបក្សនេះ ឈ្នះឆ្នោត ដឹកនាំ រដ្ឋាភិបាល។
អនុប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងថា គោលនយោបាយទម្លាក់ថវិកា ៥០ម៉ឺនដុល្លារអាមេរិករបស់គណបក្សសង្គ្រោះជាតិ ទៅតាមឃុំ-សង្កាត់នីមួយៗ គ្រាន់តែជាទ្រឹស្ដីតែប៉ុណ្ណោះ។ លោក សុខ ទូច ដែលមានងារជាបណ្ឌិតសភាចារ្យ យល់ថា មន្ត្រីថ្នាក់ឃុំ-សង្កាត់មិនមានចំណេះដឹងស្មើមន្ត្រីនៅក្រសួងអភិវឌ្ឍន៍ជនបទ ទេ ហើយបើទោះជាលុបក្រសួងអភិវឌ្ឍន៍ជនបទ មួយចោល ក៏មិនទាន់ឆ្លើយតបនឹងតម្រូវការថវិកាគ្រប់គ្រាន់សម្រាប់ទម្លាក់ឲ្យឃុំ-សង្កាត់ដូចគណបក្សសង្គ្រោះជាតិ សន្យានោះដែរ។ បើតាមគោលនយោបាយគណបក្សប្រឆាំងនេះ ក្រុមបណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា បារម្ភពីការកាត់ប្រាក់ខែរបស់មន្ត្រីរាជការដើម្បីយកទៅដំឡើងថវិកានៅឃុំ-សង្កាត់ឲ្យបាន ៥០ម៉ឺនដុល្លារក្នុងមួយឃុំ-សង្កាត់។
លោក សុខ ទូច ថ្លែងថា៖ «ទៅលុបរបៀបម៉េច? បើឃុំ-សង្កាត់មានចំណេះដឹងតូចជាងអភិវឌ្ឍន៍ជនបទ ទៅទៀត! ហើយបើលុបចោល ឧទាហរណ៍មន្ត្រីរាជការនៅរាជបណ្ឌិត្យសភាកម្ពុជា គេរើសចាប់ពីថ្នាក់អនុបណ្ឌិត (Master) ឡើងទៅ នៅឃុំ-សង្កាត់មានដាក់ឯណា? ដែលឃើញអ្នកដែលកំពុងតែអង្គុយនេះសុទ្ធតែអនុបណ្ឌិត (Master) ឡើងទៅ សុទ្ធតែប្រឡងទៀត ប៉ុណ្ណឹងចង់ពិបាកផង ហើយទម្រាំផងថាយើងចង់លុបក្រសួងមួយ ដែលចំណេះដឹងខ្ពស់ ដែលគេរើសចាប់ពីបរិញ្ញាបត្រទៅ ហើយបើលុបទៅ ហើយសួរថា យ៉ាងម៉េច? ពីព្រោះក្រសួងមួយចំណាយ ៤០លាន ពី ៣៥ ទៅ ៤០លាន ក្រសួងអភិវឌ្ឍន៍ជនបទ។»
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសប្រាប់ពលរដ្ឋនៅអំឡុងហែឃោសនាបក្សតាមឃុំ-សង្កាត់ថា គណបក្សប្រឆាំងមានគម្រោងលុបក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបង្វែរថវិកាទាំងនោះយកទៅឲ្យមន្ត្រីតាមឃុំ-សង្កាត់ អភិវឌ្ឍឃុំ-សង្កាត់ដោយខ្លួនឯង ដោយមិនចាំបាច់មានមន្ត្រីនៅថ្នាក់ជាតិដើម្បីទៅអភិវឌ្ឍនៅតាមមូលដ្ឋាននោះទេ។
ក្រុមបណ្ឌិតដែលមានទាំងបណ្ឌិតប្រវត្តិសាស្ត្រ បណ្ឌិតសេដ្ឋកិច្ច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ជាដើម បានជួបជជែកជាមួយតំណាងគណបក្សនយោបាយចំនួន៤ នៅព្រឹកថ្ងៃទី២៩ ឧសភា នៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូលស្ដីពីគោលនយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ នៅរាជបណ្ឌិត្យសភាកម្ពុជា។ តំណាងគណបក្សនយោបាយទាំង៤ ដែលចូលរួមមានតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
តំណាងគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដែលមិនសូវជាមានឱកាសបានឆ្លើយតបនឹងការលើកឡើងរបស់លោក សុខ ទូច ប្រាប់អ្នកសារព័ត៌មានក្រោយកម្មវិធីថា លោកបណ្ឌិត សុខ ទូច មិនគួរមើលងាយមន្ត្រីនៅតាមឃុំ-សង្កាត់នោះទេ។ ចំពោះថវិកាដែលគណបក្សសង្គ្រោះជាតិ សន្យា ៥០ម៉ឺនដុល្លារឲ្យឃុំនីមួយៗ លោក សុន ឆ័យ ថាមិនមែនយកតែពីការលុបចោលក្រសួងអភិវឌ្ឍន៍ជនបទ ទាំងស្រុងនោះទេ គឺកាត់ចេញពីគ្រប់ស្ថាប័នថ្នាក់ជាតិដែលកន្លងមកលោកថា បានចាយវាយខុសគោលដៅច្រើនណាស់ ហើយថវិកាទាំងនោះក៏មិនយកពីការកាត់បៀវត្សរ៍របស់មន្ត្រីរាជការដែរ។ លោក សុន ឆ័យ អះអាងថា គណបក្សសង្គ្រោះជាតិ នឹងបញ្ចេញគោលនយោបាយប្រាក់ខែមន្ត្រីរាជការនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨៖ «យើងមិនត្រូវមាក់ងាយសមត្ថភាពអ្នកមូលដ្ឋានទេបាទ! ព្រោះអ្នកមូលដ្ឋានគេដឹងអ្វីដែលគេចង់បានជាង ព្រោះកន្លងមកយើងច្រើនតែដាក់ថ្នាំខុស។ យើងអត់ដឹងអ្នកមូលដ្ឋានគេចង់បានអីផង! យើងយកមកបែងចែកថ្នាក់លើហ្នឹង។»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏មិនយល់ស្របនឹងគំនិតលោក សុខ ទូច ដែរ។ លោក សុខ ឥសាន យល់ថា ការអភិវឌ្ឍភូមិឃុំ និងការធ្វើនយោបាយ មិនចាំបាច់ទាល់តែអ្នកមានសញ្ញាបត្រធំៗទេ៖ «បើនយោបាយផ្អែកទៅលើសញ្ញាបត្រអត់ទៅរួចទេ។ វាត្រូវតែផ្អែកទៅលើឧត្តមគតិស្នេហាជាតិ ស្រឡាញ់ប្រទេសពិតៗ។ ប៉ុល ពត មិនមែនជាកូនអ្នកស្រែអវិជ្ជាទេ។ ប៉ុល ពត រៀនស្រុកបារាំង។ ខៀវ សំផន សញ្ញាបត្រ ៧-៨។ មូលហេតុអ្វីបង្កើតប្រល័យពូជសាសន៍សម្លាប់ប្រជាជាតិឯង។ អានេះហើយវាបញ្ជាក់ថា អត់មានសញ្ញាបត្រយកជាមូលដ្ឋាន ឧត្តមគតិជាមូលដ្ឋាន។»
បណ្ឌិតសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា លោក គី សេរីវុឌ្ឍន៍ រកឃើញថា ទោះ ១០ឆ្នាំខាងមុខទៀត ក៏ការទម្លាក់ថវិកា ៥០ម៉ឺនដុល្លារទៅតាមឃុំ-សង្កាត់ ទៅមិនរួចដែរ។ ក្រុមបណ្ឌិតជាវាគ្មិននៃរាជបណ្ឌិត្យសភាកម្ពុជា សុទ្ធតែមើលឃើញថា ការសន្យាលុបក្រសួងអភិវឌ្ឍន៍ជនបទ និងការសន្យាទម្លាក់ថវិកា ៥0ម៉ឺនដុល្លារ គឺគណបក្សប្រឆាំងធ្វើមិនបានទេ។ ក្រុមបណ្ឌិត និងតំណាងគណបក្សប្រជាជនកម្ពុជា យល់ថា បើបក្សកាន់អំណាចចាញ់ឆ្នោត នឹងកើតសង្គ្រាម។ លោក គី សេរីវុឌ្ឍន៍ ថានឹងមានដល់ទៅសង្គ្រាមសេដ្ឋកិច្ចឯណោះ ក៏ប៉ុន្ដែតំណាងគណបក្ស ៣ផ្សេងទៀតធានាថាគ្មានសង្គ្រាមនោះទេ។
តំណាងគណបក្សហ៊្វុនស៊ិនប៉ិច លោក ផាន់ សិទ្ធី និងតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម ស៊ុនឌឿន លើកឡើងស្រដៀងគ្នាថា សង្គ្រាមទាល់តែមានទ័ពទាំងសងខាង។ បើម្ខាងគ្មានទ័ព និងអាវុធ លោក សាម ស៊ុនឌឿន បារម្ភថា កងទ័ពអាចរាកៃកាំភ្លើងតម្រង់បាញ់ទៅអ្នកបញ្ជាឲ្យបាញ់វិញ ព្រោះខាងមុខគឺជាប្រជាជន និងជាសាច់ញាតិរបស់កងទ័ព។ល។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរីថា ការទម្លាក់លុយកន្លះលានដុល្លារ និងការលុបក្រសួងអភិវឌ្ឍន៍ជនបទ នឹងមិនប៉ះពាល់ដល់មន្ត្រីរាជការក្នុងក្រសួងនោះទេ ហើយត្រូវការអ្នកជំនាញខាងអភិវឌ្ឍន៍ជនបទបន្ថែមទៀត ដើម្បីយកទៅអភិវឌ្ឍនៅជនបទតាមឃុំ-សង្កាត់។
លោក សុន ឆ័យ បន្ថែមថា លុយដែលចាយវាយខុសគោលដៅតាមក្រសួង នឹងត្រូវទម្លាក់ទៅតាមជនបទវិញទាំងអស់៕
No comments:
Post a Comment