Paris Peace Accords 23 Oct. 1991

Tuesday, May 30, 2017

[Vietnamization: Logging, Border, Stung Treng] ជនជាតិ​ដើម​ ភាគ​តិច ​កួយ​ នៅ​ស្រុក​ ថាឡាបរិវ៉ាត់​ ថា​ បទល្មើស ព្រៃឈើ​ កើត​ឡើង​ ដោយ​បើក​ចំហ | Ethnic minority Kuoy of Tha Lap Rivath says illegal logging increased with abandon

ជនជាតិ​ដើម​ភាគ​តិច​កួយ លោក អ៊ុក ម៉ៅ ចង្អុល​បង្ហាញ​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​យក​ដី​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។ RFA/Men Sothyr
ជនជាតិ​ដើម​ភាគ​តិច​កួយ លោក អ៊ុក ម៉ៅ ចង្អុល​បង្ហាញ​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​យក​ដី​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។ RFA/Men Sothyr

ជនជាតិ​ដើម​ ភាគ​តិច ​កួយ​ នៅ​ស្រុក​ ថាឡាបរិវ៉ាត់​ ថា​ បទល្មើស ព្រៃឈើ​ កើត​ឡើង​ ដោយ​បើក​ចំហ

RFA / វិទ្យុ អាស៊ី សេរី | ៣០ ឧសភា ២០១៧



ជនជាតិ​ដើម​ ភាគតិច​ កួយ រស់​នៅ​ ឃុំ​ សំអាង ស្រុក​ ថាឡាបរិវ៉ាត់ ខែត្រ​ ស្ទឹងត្រែង អះអាង​ ថា, សកម្មភាព ​ដឹកជញ្ជូន​ឈើ និង​ការ​ កាប់​រាន​ដី​ ព្រៃ​សហគមន៍​ ភ្នំ​ ជម្រក​សត្វ កំពុង​ កើត​មាន​ឡើង​ ពេញ​បន្ទុក និង​ដោយ ​បើក​ចំហ​ នៅ​អំឡុង​ ឃោសនា​ បោះឆ្នោត។

សកម្មភាព​ កាប់ និង​ដឹក​ជញ្ជូន​ ឈើ​នោះ បាន​គំរាមកំហែង ​​ដល់​ដើម​ឈើ​ ផលិត​ជ័រ​ទឹក ដែល​ជា​ឆ្នាំង​បាយ ​របស់​ ជនជាតិ​ដើម​ ភាគតិច​ កួយ រាប់​ម៉ឺន​ ដើម ​នៅ​តំបន់​នោះ។


ជនជាតិ​ដើម​ភាគ​តិច​កួយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ថា អាជ្ញាធរ​ឃុំ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​ប្រធាន​សហគមន៍ គ្មាន​ឆន្ទៈ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ បើ​ទោះ​បី​ជា​អ្នក​ភូមិ​បាន​រាយការណ៍​ករណី​នេះ​ច្រើន​សា​ក្ដី។

ពួកគេ​អះអាង​ថា  មន្ត្រី​ពាក់ព័ន្ធ​ទាំង​នោះ​បាន​មើល​រំលង​គោលការណ៍​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​សម្បត្តិ​ធម្មជាតិ និង​មិន​បាន​បំពេញ​តួនាទី​ការពារ​ព្រៃឈើ​នោះ​ទេ បែរ​ជា​ចោទ​ពលរដ្ឋ​អ្នក​ឈឺ​ឆ្អាល​រឿង​បញ្ហា​ព្រៃ​ឈើ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ទៅ​វិញ។

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ម៉ាស៊ីន​អារ​ឈើ​ប្រមាណ ១០​គ្រឿង​ត្រូវ​បាន​គេ​ដឹក​ចូល​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ។ លោក​ថា ស្ទើរ​រៀងរាល់​យប់ មាន​រថយន្ត​សាំយ៉ុង​ប្រមាណ ១០​គ្រឿង​បាន​ដឹក​ជញ្ជូន​ឈើ​គ្រឿង​ផ្ទះ​ចេញ​ពី​ព្រៃ​សហគមន៍ និង​មាន​ឈ្មួញ​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន ដោយ​ដឹក​ជញ្ជូន​បន្ត​ទៅ​ខែត្រ​ក្រចេះ។

លោក​បារម្ភ​ថា ដើម​ឈើ​ទាល ដែល​ជា​ប្រភេទ​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគ​តិច កំពុង​បាត់​បង់​បណ្តើរៗ​ដោយសារ​ឈ្មួញ​បាន​សម្រុក​កាប់ និង​អារ​ច្រៀក​ធ្វើ​គ្រឿង​ផ្ទះ។ លោក​សង្ស័យ​ថា មូលហេតុ​ដែល​បទល្មើស​ព្រៃឈើ​កើត​មាន​ដោយ​បើក​ជំហរ​នៅ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ដោយសារ​អាជ្ញាធរ​មូលដ្ឋាន ខ្លាច​បាត់បង់​ការ​គាំទ្រ។

លោក​កត់សម្គាល់​ថា នៅ​គ្រា​ដែល​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ជនល្មើស​កំពុង​អារ​ឈើ និង​ដឹក​ជញ្ជូន​ឈើ ក្រុម​ជនល្មើស​បាន​បង្ហើប​ថា ពួកគេ​អាច​អារ​ឈើ និង​ដឹក​ជញ្ជូន​បាន​ត្រូវ​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ៖ «ព្រៃ​សហគមន៍​គេ​កាប់​ឆ្លៀត​ឱកាស​ពេល​បោះឆ្នោត​ហ្នឹង រដ្ឋ​អំណាច​គេ​ទុក​យក​សន្លឹក​ឆ្នោត គេ​ចេះ​តែ​បណ្ដោយ​ឲ្យ​កាប់​ទាក់​ទង​ដល់​មេ​ឃុំ​គាត់​ថា ចាំ​ទាក់ទង​ទៅ​មេ​ព្រៃ គាត់​ថា ចាំ​គាត់​ទំនេរ​សិន។ គេ​កាប់​រាន​យក​ដី តែ​បើ​ឈើ​ធំ គេ​អារ​ចេញ​ជា​គ្រឿង​ផ្ទះ»

ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់​ហិកតារ (៤.៤៤៦,១៦​ហិកតារ) ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៥។ សហគមន៍​បាន​ស្នើ​សុំ​បន្ត​ទៀត​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ចុះ​បញ្ជី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ជា​ដី​ព្រៃ​សមូហភាព តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា។

ចំណែក​មេ​ឃុំ​សំអាង លោក ញៀន ផុន ទទួល​ស្គាល់​ថា ដី​ព្រៃ​សហគមន៍​បាន​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ឯកជន ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា អស់​ប៉ុន្មាន​ហិកតារ​នោះ​ទេ។ ចំណែក​សកម្មភាព​កាប់​ឈើ​មាន​តម្លៃ​នៅ​តំបន់​នោះ អាជ្ញាធរ​ឃុំ​ពុំ​បាន​ទទួល​ព័ត៌មាន​ករណី​នេះ​​ទេ។ លោក​ថា កន្លង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​សហគមន៍​ផង បាន​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ និង​បាន​ធ្វើ​កិច្ច​សន្យា​ច្រើន​ករណី៖ «ឥឡូវ​វា​មិន​ទាន់​ដឹង​រឿង​នោះ​ទេ តែ​បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​នឹង​ចាត់​វិធានការ​យក​កម្លាំង​ទៅ​រក​មើល»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រមទាំង​លុបបំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុករាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ក៏ប៉ុន្តែ​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​អះអាង​ថា សារាចរ​នេះ​គឺ​មាន​តែ​ក្នុង​ក្រដាស តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ គឺ​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​អភិរក្ស​ព្រៃឈើ​របស់​ខ្លួន។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល រក​ឃើញ​ថា អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ទាក់ទិន​បទល្មើស​ព្រៃ​ឈើ បាន​ចាក់ឫស​ជ្រៅ​ក្នុង​សង្គម ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ មិន​បាន​អនុវត្ត​ខ្លឹមសារ​សារាចរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ បង្ក​ឲ្យ​ពលរដ្ឋ​កាន់​អស់​ជំនឿ។

លោក​សម្ដែង​ការ​អស់​សង្ឃឹម​លើ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ ខណៈ​បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ពេញ​បន្ទុក៖ «ការ​កាប់​បំផ្លាញ​ព្រៃឈើ​យើង​ឃើញ​ថា ដូចជា​មិន​មាន​ចំណាត់​ការ​ជា​ដុំ​កំភួន​អ៊ីចឹង។ យើង​ធ្លាប់​ដឹង​ថា សហគមន៍ ឬ​មួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​គាត់​តែងតែ​រាយការណ៍​មក​យើង​ថា មាន​ការ​កាប់​បំផ្លាញ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ដូចជា​មិន​សូវ​ធ្វើការ​យក​ចិត្ត​ទុក​ដាក់ និយាយ​ទៅ​ថា ម៉ូយ​ប្រចាំ អ៊ីចឹង​បទល្មើស​គឺ​នៅ​តែ​កើត​មាន»

លោក ហូ សំអុល រក​ឃើញ​ថា បើ​ទោះ​បី​ជា​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​របស់​រដ្ឋ​រាន​យក​ដី​អស់​រាប់ពាន់​ហិកតារ​ក្តី ក៏​ពុំ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ចេញ​មុខ​ចាប់​ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ដាក់​ទោសទណ្ឌ​ដែរ។ បញ្ហា​នេះ​លោក​បញ្ជាក់​ថា ហាក់ជា​សញ្ញា​បង្ហាញ​ថា មន្ត្រី​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ការពារ​ព្រៃ​របស់​រដ្ឋ និង​ព្រៃ​សហគមន៍​ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់៕






No comments:

Post a Comment