Paris Peace Accords 23 Oct. 1991

Tuesday, May 9, 2017

[Vietnamization: Environmental destruction, Logging, Military, Border] សហភាព ​អឺរ៉ុប​ ស្នើ​ កម្ពុជា ​និង​វៀតណាម​ ស៊ើប​អង្កេត​ ករណី​ ជួញដូរ​ ឈើ​ខុស​ច្បាប់​ ជា​បន្ទាន់ | EU requests that Cambodia, Vietnam investigate case of illegal timber trade immediately

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA

សហភាព ​អឺរ៉ុប​ ស្នើ​ កម្ពុជា ​និង​វៀតណាម​ ស៊ើប​អង្កេត​ ករណី​ ជួញដូរ​ ឈើ​ខុស​ច្បាប់​ ជា​បន្ទាន់

RFA / វិទ្យុ អាស៊ី សេរី | ៨ ឧសភា ២០១៧


សហភាព​ អឺរ៉ុប ប្រចាំ​ ប្រទេស ​កម្ពុជា អំពាវនាវ ​ឲ្យ​អាជ្ញាធរ​ នៃ​ប្រទេស​ កម្ពុជា និង​វៀតណាម ស៊ើប​អង្កេត​ ករណី​ ជួញដូរ​ឈើ​ ដែល​កាប់​ចេញ​ ពី​ក្នុង​តំបន់ ​ព្រៃ​អភិរក្ស ​នៃ​ប្រទេស ​កម្ពុជា។  មន្ត្រី​ រដ្ឋាភិបាល​ កម្ពុជា ឆ្លើយតប​ ថា មិន​មាន​ ករណី ​ដូចនេះ​ កើត​ឡើង​ នោះ​ទេ។  ចំណែក​ សកម្មជន ​បរិស្ថាន​វិញ​ ថា, បទល្មើស​ ព្រៃ​ឈើ​នេះ​ កើត​មាន ​យូរ​ហើយ និង​ជា​រៀង​ រាល់​ថ្ងៃ , ហើយ ​ស្នើ​ឲ្យ​ អាជ្ញាធរ​ មាន​ឆន្ទៈ​ ពិត​ប្រាកដ​ ក្នុង​ការ​បង្ក្រាប, រួច​ស្នើ​ ដល់​សហភាព​ អឺរ៉ុប ដាក់​សម្ពាធ ​ដល់​រដ្ឋាភិបាល ​ទាំង​ពីរ ដើម្បី​ ជំរុញ​ ការ​ទប់ស្កាត់​ ការ​កាប់​ឈើ​ ដោយ​ខុស​ច្បាប់។


ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) យល់​ថា សកម្មភាព​កាប់​ឈើ​ដែល​ពិពណ៌នា​នៅ​ក្នុង​របាយការណ៍​របស់ អ៊ី.អាយ.អេ (EIA) គឺ​ជា​ការ​ព្រួយ​បារម្ភ​ធ្ងន់ធ្ងរ នៅ​ពេល​និយាយ​ដល់​សារសំខាន់​នៃ​ឧទ្យាន​ជាតិ​វីរជ័យ សម្រាប់​ភាព​សម្បូរ​បែប​នៃ​សត្វ និង​រុក្ខជាតិ និង​ការ​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន។

អង្គការ​ការពារ​បរិស្ថាន​អន្តរជាតិ​ឈ្មោះ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ហៅ​កាត់​ថា អ៊ីអាយអេ (EIA) នៅ​ថ្ងៃ ​ទី​៨ ឧសភា បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​មួយ​បង្ហាញ​ពី​អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​ឃុបឃិត​គ្នា​ទទួល​យក​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ការ​បើក​ផ្លូវ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​នៅ​ប្រទេស​កម្ពុជា ហើយ​អនុញ្ញាត​ឲ្យ​ដឹក​ឈើ​ចេញ​ឆ្លង​ទៅ​ប្រទេស​វៀតណាម។ បន្ថែម​ពី​លើ​នេះ អាជ្ញាធរ​វៀតណាម បាន​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​សម្របសម្រួល​ផ្នែក​ឯកសារ​ផ្លូវ​ច្បាប់ ដើម្បី​ប្រែ​ក្លាយ​ឈើ​ខុស​ច្បាប់​ដែល​ដឹក​ចេញ​ពី​កម្ពុជា ទៅ​ជា​ឈើ​ស្រប​ច្បាប់ សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ទី​បី ពិសេស​សហភាព​អឺរ៉ុប។

ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA Photo courtesy of EIA
 
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា ថ្លែង​ប្រាប់​អាស៊ីសេរី តាម​រយៈ​អ៊ីមែល​នៅ​ថ្ងៃ​ទី​៨ ឧសភា ថា សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម ស៊ើប​អង្កេត​ជា​បន្ទាន់​នូវ​សកម្មភាព​ខុស​ច្បាប់​ដែល​បាន​រក​ឃើញ​ដោយ​អង្គការ​ស៊ើប​អង្កេត​បរិស្ថាន (EIA) និង​ចាត់​វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​បុគ្គល និង​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​ឈើ​ដោយ​ខុស​ច្បាប់ ហើយ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​ចាត់​វិធានការ​ថែម​ទៀត ដើម្បី​ការពារ​កុំ​ឲ្យ​មាន​សកម្មភាព​ខុស​ច្បាប់​ទាំងនេះ​កើត​ឡើង​ទៀត​នា​ពេល​អនាគត។

បើ​យោង​តាម​ការ​ស៊ើប​អង្កេត​របស់​អង្គការ​ស៊ើប​អង្កេត​បរិស្ថាន (EIA) គណៈកម្មាធិការ​នៃ​ខេត្ត​យ៉ាឡាយ (Gia Lai) នៃ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦ បាន​ចេញ​កូតា​ឲ្យ​ក្រុមហ៊ុន​វៀតណាម ចំនួន ១៦ អាច​នាំ​ចូល​ឈើ​ចំនួន ៣០​ម៉ឺន​ម៉ែត្រ​គូប​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។ អាជ្ញាធរ​នៃ​ខេត្ត​នេះ ក៏​បាន​បង្កើត​ក្រុម​ភ្នាក់ងារ​មួយ ដើម្បី​ធានា​ថា​គ្មាន​ឈើ​នាំ​ចេញ​លក់​នៅ​ក្រៅ​ប្រទេស​ដែល​កាប់​ចេញ​ពី​ប្រទេស​វៀតណាម។

សកម្មជន​បរិស្ថាន​កម្ពុជា លោក អ៊ូច ឡេង និង​ជា​ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ថា ការ​ដែល​វៀតណាម បើក​ផ្លូវ​ឲ្យ​នាំ​ចូល​ឈើ​នេះ ធ្វើ​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​កម្ពុជា។

លោក​បន្ត​ទៀត​ថា អាជ្ញាធរ​កម្ពុជា គួរ​យក​ការ​រក​ឃើញ​របស់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) នេះ ទៅ​ស្រាវជ្រាវ​បន្ថែម ដើម្បី​ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ឆ្នាំ​២០១៦ បាន​បង្កើត​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ហើយ​បាន​អនុញ្ញាត​ប្រើ​គ្រាប់​រ៉ុកកែត​បាញ់​ដាក់​ជន​ល្មើស​ព្រៃ​ឈើ។ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ហាម​មិន​ឲ្យ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម។
ក៏ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​បរិស្ថាន​ជាតិ និង​អន្តរជាតិ តាមដាន​ឃើញ​ថា ឈើ​នៅ​តែ​ត្រូវ​បាន​គេ​កាប់​នៅ​តំបន់​ហាមឃាត់ ហើយ​នាំ​ចេញ​ទៅ​វៀតណាម។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ Cambodia’s Timber Trade លោក ម៉ាកឺស ហាដជី (Marcus Hardtke) មាន​ប្រសាសន៍​ថា គ្រាប់​រ៉ុកកែត​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ក្ដែងៗ​ឲ្យ​បាញ់​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ គឺ​ជា​គ្រាប់​រ៉ុកកែត​ប្រភេទ​ផាវ ដែល​ឮ​តែ​សំឡេង​រន្ទឺ ប៉ុន្តែ​អត់​មាន​ប្រសិទ្ធភាព​ទេ។

ទិន្នន័យ​របស់​អង្គការ​ស៊ើប​អង្កេត​បរិស្ថាន (EIA) បង្ហាញ​ថា ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក ឈើ​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ត្រូវ​អាជ្ញាធរ​វៀតណាម ជួយ​ប្រែ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ ដែល​វា​មាន​តម្លៃ​ជាង ១៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០
គំនរ​ឈើ​ដែល​ដឹក​ពី​ប្រទេស​កម្ពុជា ទៅ​ស្តុក​ទុក​នៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of EIA Photo courtesy of EIA
ចំណែក​របាយការណ៍​របស់​អង្គការ Forest Trades ក៏​បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ឈើ​មាន​តម្លៃ ១២១​លាន​ដុល្លារ​ទៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល ៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ថ្លែង​នៅ​ថ្ងៃ​ទី​៨ ឧសភា ថា ក្រសួង​កំពុង​សិក្សា​លម្អិត​អំពី​ការ​រក​ឃើញ​របស់​អង្គការ​ស៊ើប​អង្កេត​បរិស្ថាន

ចំណែក​លោក ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ឲ្យ​ដឹង​ថា លោក​បាន​អាន​ព័ត៌មាន​ស្ដីពី​របាយការណ៍​របស់​អង្គការ​ស៊ើប​អង្កេត​បរិស្ថាន (EIA) ក៏ប៉ុន្តែ​លោក​វាយ​តម្លៃ​ថា ការ​រក​ឃើញ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត

លោក ម៉ាកឺស ហាដជី (Marcus Hardtke) នៃ​អង្គការ Cambodia’s Timber Trade ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា ទំនង​នៅ​តែ​បន្ត​ប្រើ​យុទ្ធសាស្ត្រ​បែប​ប្រកែក​ដូច​កូន​ក្មេង។

ទោះ​ជា​យ៉ាង​ណា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា លើក​ឡើង​ថា សហភាព​អឺរ៉ុប លើក​ទឹក​ចិត្ត​ចំពោះ​សកម្មភាព​ដែល​អាជ្ញាធរ​កម្ពុជា បាន​ធ្វើ​កន្លង​មក ដើម្បី​ការពារ​បណ្ដាញ​តំបន់​ព្រៃ​អភិរក្ស​នៅ​ប្រទេស​កម្ពុជា ហើយ​ត្រូវ​ខំ​ប្រឹង​ធ្វើ​កិច្ចការ​នេះ​បន្ថែម​ទៀត។

សកម្មជន​បរិស្ថាន លោក អ៊ូច ឡេង លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​តាំង​ចិត្ត​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ រដ្ឋាភិបាល​ពិត​ជា​អាច​ធ្វើ​បាន

លោក​បន្ថែម​ថា សហភាព​អឺរ៉ុប គួរ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម ដើម្បី​បញ្ចប់​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់ ហើយ​លោក​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប ឈប់​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម ដែល​ត្រូវ​គេ​រក​ឃើញ​ថា បាន​នាំ​ចេញ​ឈើ​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា នោះ​ការ​កាប់​ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស នឹង​អាច​ទប់ស្កាត់​បាន។

នៅ​ថ្ងៃ​ទី​១១ ឧសភា សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​វៀតណាម គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដៃគូ​ស្ម័គ្រ​ចិត្ត​ស្ដីពី​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ អភិបាលកិច្ច និង​ពាណិជ្ជកម្ម ឬ FLEGT [Voluntary Partnership Agreement (VPA) on Forest Law Enforcement, Governance and Trade]

លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា បដិសេធ​មិន​បកស្រាយ​លើ​កិច្ចព្រមព្រៀង​នេះ ដោយ​លោក​ថា ក្រុម​ការងារ​របស់​លោក​នៅ​ប្រទេស​កម្ពុជា មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ចរចា​រឿង​នេះ។

ទោះ​ជា​យ៉ាង​ណា លោក​ធានា​ថា​នឹង​ពាំនាំ​នូវ​របាយការណ៍​របស់​អង្គការ អ៊ី.អាយ.អេ (EIA) នេះ​ឲ្យ​ក្រុម​ការងារ​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​បែលហ្ស៉ិក (Belgium) ដែល​ធ្វើ​កិច្ចការ​នេះ​បាន​ដឹង។

នៅ​ថ្ងៃ​ទី​៨ ឧសភា នេះ អ្នក​នាំ​ពាក្យ​នៃ​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល មិន​ទាន់​ឆ្លើយតប​នឹង​អ៊ីមែល​របស់​អាស៊ីសេរី នៅ​ឡើយ៕


No comments:

Post a Comment