Paris Peace Accords 23 Oct. 1991

Saturday, June 17, 2017

លោក ប្រ៊ែដ អាដាម ថា​ លោក ហ៊ុន សែន ​ទេ​ ជា​អ្នក​ បង្កើត ​ឲ្យ​មាន​ ចំណង ​កម្មពៀរ | Brad Adams says it is Hun Sen rather who instigates the sins

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។

លោក ប្រ៊ែដ អាដាម ថា​ លោក ហ៊ុន សែន ​ទេ​ ជា​អ្នក​ បង្កើត ​ឲ្យ​មាន​ ចំណង ​កម្មពៀរ

RFA / វិទ្យុ អាស៊ី សេរី | ១៧ មិថុនា​ ២០១៧


ប្រមុខ​ រដ្ឋាភិបាល ​កម្ពុជា លោក ហ៊ុន សែន បាន​ចោទ​ អង្គការ​ ឃ្លាំមើល​ សិទ្ធិមនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​ និយាយ​ តែ​ អាក្រក់ ​ពី​រដ្ឋាភិបាល មិន​ចេះ​ សរសើរ​អ្វី​ ដែល​ល្អ ដូចជា ​ដំណើរការ​ បោះឆ្នោត ​ឃុំ-​សង្កាត់ ​កន្លង​ទៅ ដែល​ស្ថានទូត ​បរទេស ​មួយ​ចំនួន​ ចាត់​ទុក​ ថា ប្រព្រឹត្តទៅ​ បាន​ល្អ។


លោក ហ៊ុន សែន មិន​យល់ ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក ប្រ៊ែដ អាដាម (Brad Adams) ចងកម្មចងពៀរ​ជាមួយ​លោក​ម្ល៉េះ! ប៉ុន្តែ​លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា អង្គការ​លោក​នឹង​លើក​សរសើរ​រដ្ឋាភិបាល ប្រសិនបើ​ចេះ​កែ​ឥរិយាបថ​បច្ចុប្បន្ន។

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រាប់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា អ្នក​ដែល​បង្កើត​ឲ្យ​មាន​កម្មពៀរ គឺ​លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​ឯ​ណោះ​ទេ មិន​មែន​ខាង​អង្គការ​សិទ្ធិមនុស្ស​នោះ​ទេ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា លោក​រីករាយ​នឹង​ដក​ខ្លួន​ប្រសិនបើ​ស្ថានភាព ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អ​ប្រសើរ៖ «ខ្ញុំ​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​ឈប់​រំលោភ​សិទ្ធិមនុស្ស។ បើ​អស់​មាន​រឿង​នេះ​កើត​ឡើង​ត​ទៀត តើ​ខ្ញុំ​មាន​អ្វី​ទៀត​ដែល​ត្រូវ​និយាយ​រិះគន់? កន្លង​មក​អ្វី​ដែល​ខ្ញុំ​លើក​ឡើង គឺ​សុទ្ធតែ​ផ្អែក​លើ​ការ​ពិត។ លោក ហ៊ុន សែន ខ្លួន​ឯង​ទេ ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​កម្មពៀរ​ទាំង​អស់​នេះ គឺ​គាត់​ហ្នឹង​ឯង​ជា​អ្នក​បង្កើត​ឲ្យ​មាន​បញ្ហា​ទាំង​នេះ»

លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន សែន ផ្លាស់ប្ដូរ​ឥរិយាបថ​ខ្លួនឯង និង​កែ​ចរិត​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់។ បើ​គាត់​ឈប់​ចាប់​មនុស្ស​ដាក់​គុក​ដាក់​ច្រវាក់ ឈប់​គំរាមកំហែង​គេ​ឯង និង​បង្គាប់​ឲ្យ​មនុស្ស​របស់​គាត់​ឈប់​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដទៃ​ជាដើម បើ​គាត់​អាច​ធ្វើ​រឿង​ទាំង​អស់​នេះ​បាន តើ​អង្គការ​សិទ្ធិមនុស្ស​នៅ​មាន​អី​ទៀត ដែល​អាច​និយាយ​រិះគន់​បាន​នោះ? ដូច្នេះ​ទាំង​អស់​នេះ​គឺ​ស្ថិត​នៅ​លើ​លោក ហ៊ុន សែន ខ្លួន​ឯង​ឯ​ណោះ​ទេ! ប្រសិនបើ​លោក ហ៊ុន សែន មាន​ឆន្ទៈ​កែប្រែ​ឥរិយាបថ និង​ការ​ប្រព្រឹត្ត​របស់​គាត់ និង​កែលំអ​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ខ្ញុំ​នឹង​សាទរ ហើយ​លើក​សរសើរ​ចំណុច​វិជ្ជមាន​ទាំង​នេះ​ទាំង​ត្រេកអរ​បំផុត។

កាល​ពី​ថ្ងៃ​១៥ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក ប្រ៊ែដ អាដាម ឈប់​ចងកម្មចងពៀរ​នឹង​រដ្ឋាភិបាល​កម្ពុជា។ លោក ហ៊ុន សែន ចោទ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថា​មិន​ដែល​និយាយ​ល្អ​ពី​រដ្ឋាភិបាល​កម្ពុជា សូម្បី​តែ​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ថ្មីៗ​នេះ ដែល​ស្ថានទូត​បរទេស​មួយ​ចំនួន រួម​ទាំង​ស្ថានទូត​សហរដ្ឋអាមេរិក​ផង​ថា ប្រព្រឹត្ត​ទៅ​បាន​ល្អ ក៏​លោក ប្រ៊ែដ អាដាម ថា​អាក្រក់៖ «អា​ហ្នុង​ស្អី​ក៏​មិន​ល្អ​ដែរ អា​ហ្នុង​នោះ! ទាល់តែ​ថា គណបក្ស​ប្រជាជន​រលាយ​តែម្ដង បាន​អា​ហ្នឹង​ថា​ល្អ! សូម​ផ្ដាំ​ទៅ ប្រ៊ែដ អាដាម អើយ! ល្មម​កែ​ខ្លះ​ទៅ អី​ក៏​ចងកម្មចងពៀរ​មាំ​ម្ល៉េះ?»

​តប​ទៅ​នឹង​ចំណុច​នេះ​ដែរ លោក ប្រ៊ែដ អាដាម ផ្តាំ​ទៅ​លោក ហ៊ុន សែន ឲ្យ​មើល​របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ឲ្យ​បាន​ចប់​ទាំង​ស្រុង មុន​នឹង​ចោទ​លោក​ថា ចងកម្មចងពៀរ​នឹង​រដ្ឋាភិបាល​កម្ពុជា។ លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា មិន​ខុស​ពី​ស្ថានទូត​អាមេរិក លោក​ពេញ​ចិត្ត​នឹង​ដំណើរការ​ល្អ និង​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​បោះ​ឆ្នោត។ ប៉ុន្តែ​ស្ថានភាព​ទូទៅ​នៃ​ដំណើរការ​បោះឆ្នោត​មិន​អាច​ទទួល​យក​បាន​ទេ ដោយសារ​លោក ហ៊ុន សែន បាន​គំរាមកំហែង​ថា នឹង​មាន​សង្គ្រាម​ក្រោយ​ការ​បោះឆ្នោត បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត និង​ដោយសារ​មាន​ការ​គំរាម​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង ដូចជា​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ទៀ បាញ់ ដែល​ព្រមាន​បំបែក​ធ្មេញ​អ្នក​តវ៉ា​លទ្ធផល​បោះ​ឆ្នោត និង​ភាព​មិន​ស្មើគ្នា​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​ចាប់​មន្ត្រី គ.ជ.ប ដាក់​ពន្ធនាគារ​ជាដើម។

លោក ប្រ៊ែដ អាដាម លើក​ឡើង​ថា ដើម្បី​ស្តា​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ រួម​ទាំង​ការ​គោរព​សិទ្ធិមនុស្ស​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ និង​រក​ដំណោះស្រាយ ដើម្បី​ឲ្យ​លោក សម រង្ស៊ី អាច​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សេរី និង​សុវត្ថិភាព រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដែល​ជា​ឧបករណ៍​នយោបាយ​របស់​លោក ហ៊ុន សែន ដើម្បី​គាត់​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ឲ្យ​ស្មើ​មុខ​ស្មើ​មាត់​គ្នា។

លោក​បញ្ជាក់​ទៀត​ថា ការ​បោះឆ្នោត​ជាតិ ដែល​គ្មាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចូលរួម​នឹង​ត្រូវ​ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​បែប​នេះ នឹង​ត្រូវ​ចាត់​ទុក​ថា ជា​រដ្ឋាភិបាល​ខ្វះ​ភាព​ស្រប​ច្បាប់។ លោក​ប្រមើល​មើល​ឃើញ​ថា កាល​ណា​សម្ពាធ​កាន់​តែ​កើន​ឡើង​ខ្លាំង​ជុំវិញ​បញ្ហា​នេះ នឹង​មាន​ដំណោះស្រាយ​ក្នុង​រូបភាព​ណា​មួយ​ដែល​ធានា​ដល់​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ទៅ​ប្រទេស​កម្ពុជា វិញ នៅ​មុន​ពេល​បោះឆ្នោត​ខាង​មុខ​ជាក់​ជា​មិន​ខាន៕



No comments:

Post a Comment