អ្នកនាំពាក្យរដ្ឋសភាពីខាងគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ (ឆ្វេង) និងអ្នកនាំពាក្យរដ្ឋសភាពីខាងគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ថ្លែងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Cheu Sideth |
គណបក្ស សង្គ្រោះជាតិ គ្រោងស្នើ រដ្ឋសភា ទម្លាក់ថវិកា ៥០ម៉ឺន ដុល្លារ ទៅគ្រប់ ឃុំ-សង្កាត់
RFA / វិទ្យុ អាស៊ី សេរី | ៨ មិថុនា ២០១៧
មន្ត្រី គណបក្ស សង្គ្រោះជាតិ បញ្ជាក់ ជាថ្មី ទៀត ថា, ពួកគេ កំពុង រៀបចំ សេចក្តីព្រាង ស្នើថវិកា ទៅក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ ពិនិត្យកញ្ចប់ ថវិកា ជាតិ ឆ្នាំ២០១៨ ពីលទ្ធភាព ពិចារណា ទម្លាក់ ថវិកាជាតិ ចំនួន ៥០ម៉ឺន ដុល្លារ សហរដ្ឋអាមេរិក ទៅគ្រប់ ឃុំ ទូទាំង ប្រទេស។ ការលើកឡើងនេះ ធ្វើឡើង ក្នុងសន្និសីទ សារព័ត៌មាន ក្រោយពេល បញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ នៅរដ្ឋសភា នៅព្រឹកថ្ងៃ ទី៨ មិថុនា។
ក្រោយពេលបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា តំណាងគណបក្សនយោបាយធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឆ្លើយតបទៅនឹងសំណួរអ្នកកាសែតអំពីគម្រោងស្នើទម្លាក់ថវិកាជាតិចំនួន ៥០ម៉ឺនដុល្លារទៅគ្រប់ឃុំ-សង្កាត់នៅទូទាំងប្រទេស។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សំណើនេះ គឺស្ថិតនៅក្នុងសេចក្តីព្រាងនៅឡើយ។ លោកថា បន្ទាប់ពីបញ្ចប់សេចក្តីព្រាង នឹងដាក់លិខិតជាផ្លូវការទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយពិនិត្យលើកញ្ចប់ថវិកាជាតិឆ្នាំ២០១៨ ដើម្បីទម្លាក់ថវិកាចំនួន ៥០ម៉ឺនដុល្លារទៅកាន់គ្រប់ឃុំ-សង្កាត់ទាំងអស់៖ «អ៊ីចឹងជាគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ យើងនឹងស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីវិភាជថវិកាជាតិ ដើម្បីយកទៅអភិវឌ្ឍភូមិឃុំ។ ប្រសិនបើគណបក្សកាន់អំណាចលោកមិនយល់ព្រម គឺជារឿងរបស់គាត់។»
ថវិកាចំនួន ៥០ម៉ឺនដុល្លារ គឺជាគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលបានដាក់ចេញក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដោយសន្យាថានឹងទម្លាក់ថវិកាទាំងនេះទៅគ្រប់ឃុំ-សង្កាត់ទាំងអស់ នៅពេលដែលខ្លួនជាប់ឆ្នោតដឹកនាំរាជរដ្ឋាភិបាលនៅឆ្នាំ២០១៨ ខាងមុខ ដើម្បីធានាការអភិវឌ្ឍពិតប្រាកដនៅថ្នាក់មូលដ្ឋាន។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានដែរថា លោកមិនទាន់ដឹងថា រដ្ឋសភានឹងអនុម័ត ឬមិនអនុម័តគម្រោងថវិកានេះបែបណាទេ ព្រោះត្រូវពិនិត្យលើថវិកាជាតិជាក់ស្តែងនៅឆ្នាំ២០១៨ ប៉ុន្តែលោកយល់ថាជារឿងមួយដែលពិបាក៖ «ចង់ឆ្លើយទៅប្អូនវិញថា តើរដ្ឋសភាបោះឆ្នោតឲ្យ ឬមិនបោះឆ្នោតឲ្យ គឺចាំមើលថវិកាចាំយើងជជែកគ្នាក្រៅ ថាតើថវិកាហ្នឹងយ៉ាងម៉េច?»
លោកបញ្ជាក់ថា ថវិកាដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ឬអភិវឌ្ឍនៅតាមមូលដ្ឋាន មិនចាំបាច់តែទម្លាក់ប្រាក់ទៅថ្នាក់ឃុំទាំងស្រុងនោះដែរ ពីព្រោះថ្នាក់ជាតិបានបែងចែកថវិកាទៅឲ្យថ្នាក់ឃុំ ស្រុក និងថ្នាក់ខេត្ត តាមរយៈក្រសួងពាក់ព័ន្ធ ជាដើម។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មើលឃើញថា ប្រសិនបើមានតម្រូវការ និងផែនការអភិវឌ្ឍន៍នៅតាមបណ្ដាឃុំ-សង្កាត់ជាក់លាក់ ការទម្លាក់ថវិកាចំនួន ៥០ម៉ឺនដុល្លារទៅថ្នាក់មូលដ្ឋាន គឺពុំមានអ្វីជាឧបសគ្គធំដុំនោះទេ ម្យ៉ាងគឺបង្ហាញពីភាពជាម្ចាស់ និងការរីកចម្រើននៅថ្នាក់មូលដ្ឋានទៀតផង៖ «បើធ្វើយ៉ាងនេះបាន ខ្ញុំគិតថាគឺជាជោគជ័យមួយនៃវិមជ្ឈការ។ បានន័យថាជាការអភិវឌ្ឍនៅតាមមូលដ្ឋានហ្នឹងដែរ។»
មន្ត្រីសង្គមស៊ីវិលដដែលអះអាងថា ការផ្តល់ថវិកាទៅថ្នាក់ក្រោមជាតិតិចតួចពេក ធ្វើឲ្យការអភិវឌ្ឍ និងការរីកចម្រើន ព្រមទាំងការឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ពលរដ្ឋមានភាពយឺតយ៉ាវ។
លោកកត់សម្គាល់ថា តម្រូវការចាំបាច់សំខាន់ជាងគេរបស់ពលរដ្ឋរួមមាន ការកែលំអហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ដែលរងការរិះគន់កន្លងទៅថាមានគុណភាពអន់ និងត្រូវការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ពីព្រោះជួយដល់ការងារកសិកម្មរបស់កសិករ ហើយក៏ជាសមត្ថកិច្ចរបស់ឃុំដែលអាចដោះស្រាយបានដែរ៕
Some communes are much bigger than others.
ReplyDelete