ផែនទីខេត្តមណ្ឌលគិរី |
សហគមន៍ ព្នង ប្ដឹង ក្រុមហ៊ុន វៀតណាម ពីករណី ជំរិត ទារប្រាក់ ពីពលរដ្ឋ រឿងបាក់ស្ពាន
RFA / វិទ្យុ អាស៊ី សេរី | ១៩ មិថុនា ២០១៧
តំណាង ប្រជាពលរដ្ឋ ៧ ភូមិ នៅឃុំ ប៊ូស្រា ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគិរី ចោទក្រុមហ៊ុន សម្បទាន សេដ្ឋកិច្ច វៀតណាម ឈ្មោះ ដាក់ ឡាក់ (Dac Lak Economic Concession Co.) ថា ប្រើអំណាច គំរាម យកប្រាក់ ១.៤០០ ដុល្លារ ពីប្រជាពលរដ្ឋ ពីរគ្រួសារ ដែលដឹកជញ្ជូន ឈើ ជន្លង់ម្រេច, ហើយ បាក់ស្ពាន ដែលក្រុមហ៊ុន បានធ្វើ។
អាជ្ញាធរ ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគិរី អះអាង ថា បានអន្តរាគមន៍ ឲ្យក្រុមហ៊ុន ដាក់ ឡាក់ សងប្រាក់ទៅឲ្យប្រជាពលរដ្ឋវិញ ពីព្រោះក្រុមហ៊ុននេះគ្មានសិទ្ធិពិន័យប្រាក់ពីប្រជាពលរដ្ឋដែលធ្វើឲ្យបាក់ស្ពានដែលក្រុមហ៊ុនអភិវឌ្ឍនៅមូលដ្ឋាននោះឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសហគមន៍ ៧នាក់តំណាងឲ្យអ្នកភូមិជាង ១ពាន់នាក់រស់នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា កាលពីថ្ងៃទី១៩ ខែមិថុនា បានដាក់ពាក្យបណ្ដឹងតវ៉ាសុំឲ្យអាជ្ញាធរមូលដ្ឋាន ជំរុញឲ្យក្រុមហ៊ុនអភិវឌ្ឍផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដាច់ដោយឡែកពីផ្លូវក្នុងចម្ការកៅស៊ូក្រុមហ៊ុន ពីព្រោះក្រុមហ៊ុនតែងតែបង្ខំឲ្យអ្នកភូមិសងសំណងជាប្រាក់ កាលណាអ្នកភូមិធ្វើឲ្យខូចខាតដើមកៅស៊ូ ឬបាក់ស្ពានរបស់ក្រុមហ៊ុនក្នុងពេលធ្វើដំណើរឆ្លងកាត់ផ្លូវ។
អភិបាលរងស្រុកពេជ្រាដា លោក ខាំ ដារ៉ា បញ្ជាក់នៅថ្ងៃទី២០ ខែមិថុនា ថា ក្រុមហ៊ុនគ្មានសិទ្ធិធ្វើបែបនេះឡើយ។ លោកថា អាជ្ញាធរស្រុកអន្តរាគមន៍រួចហើយទៅតំណាងក្រុមហ៊ុន ដើម្បីជួបពិភាក្សាដោះស្រាយបញ្ហានេះ៖ «បាក់ស្ពានស្អីហ្នឹង យើងប្រើប្រាស់ប្រជាពលរដ្ឋប្រើប្រាស់ មិនមែនធ្វើស្ពានដើរតែឯងឯណា? វិនិយោគលើដីប្រជាពលរដ្ឋហើយ ទៅពិន័យប្រជាពលរដ្ឋ វាចប់ហើយ! អ៊ីចឹងយើងកែសម្រួលកែតម្រូវធ្វើការណែនាំណា។»
ជនជាតិដើមភាគតិចព្នង ភូមិពូលុ ពីរគ្រួសារអះអាងថា តំណាងក្រុមហ៊ុនបានបង្ខំឲ្យពួកគាត់បង់ប្រាក់ ១.៤០០ដុល្លារកាលពីអំឡុងពាក់កណ្ដាលខែឧសភា បន្ទាប់ពីពួកគាត់ទាំងពីរនាក់ដឹកជញ្ជូនឈើជន្លង់ម្រេចតាមរទេះគោយន្តពីរគ្រឿង ឆ្លងកាត់ស្ពានឈើចាស់ទ្រុឌទ្រោមមួយដែលក្រុមហ៊ុនបានសាងសង់។
ប្រជាពលរដ្ឋភូមិពូលុ លោក ថ្លាង ពួយ ឲ្យដឹងថា នេះជាករណីធ្ងន់ធ្ងរដែលពលរដ្ឋជនជាតិដើមភាគតិចត្រូវរងការកំហែងយកប្រាក់ ដោយសារតែគ្មានផ្លូវធ្វើដំណើរ។ លោកថា នេះជាករណីមួយក្នុងចំណោមករណីស្រដៀងគ្នានេះដែរ ដែលអ្នកភូមិត្រូវក្រុមហ៊ុនកំហែងយកប្រាក់បន្ទាប់ពីអ្នកភូមិធ្វើដំណើរតាមផ្លូវចម្ការកៅស៊ូរបស់ក្រុមហ៊ុន ហើយធ្វើឲ្យប៉ះពាល់ដើមកៅស៊ូដែលក្រុមហ៊ុនបានដាំកាលពីឆ្នាំ២០១៥៖ «គេយកពីខ្ញុំមួយពាន់បួនរយ! ពីរគោយន្ត គេផាកពីរគោយន្ត។ ខ្ញុំដឹកជន្លង់ម្រេចទៅខាងល្ពាក់បាក់ស្ពានគេ ស្ពានហ្នឹងស្ពានចាស់ស្រាប់ គេឲ្យយកលុយសងស្ពានគេ។»
អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ដាក់ ឡាក់ សុំបញ្ជាក់ការចោទនេះបានទេនៅថ្ងៃទី២០ ខែមិថុនា។
យ៉ាងនេះក្តី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប៊ូស្រា លោក សឿន សុភ័ក្ត្រ ទទួលស្គាល់ថា ក្រុមហ៊ុនពិតជាបានទទួលប្រាក់ ១.៤០០ដុល្លារពីអ្នកភូមិដែលធ្វើឲ្យបាក់ស្ពាននោះមែន៖ «អ៊ីចឹងមែនតើ! រឿងហ្នឹង ប៉ុន្តែខាងស្រុកគេហៅក្រុមហ៊ុនទៅដោះស្រាយទៀត។»
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកការទាមទារសំណងធ្វើឲ្យបាក់ស្ពានរបស់ក្រុមហ៊ុន ថាជាអំពើកំហែងយកប្រាក់រំលោភទៅលើគោលនយោបាយផ្តល់ដីសម្បទានរបស់រាជរដ្ឋាភិបាល ដែលកំណត់ឲ្យក្រុមហ៊ុនជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានជូនប្រជាពលរដ្ឋ។ លោកថា ក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះការផាកពិន័យ ឬទារប្រាក់ពីប្រជាពលរដ្ឋដោយខុសច្បាប់នេះ៕
No comments:
Post a Comment