ផ្ទះរបស់ពលរដ្ឋវៀតណាម នៅលើផ្ទៃទឹកក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧។ |
ពលរដ្ឋ ក្រុងស្ទឹងត្រែង ស្នើអាជ្ញាធរ ពន្លឿន ជម្លៀស ជនជាតិ វៀតណាម ចេញ ពីមាត់ទន្លេ
RFA / វិទ្យុ អាស៊ី សេរី | ១៤ មិថុនា ២០១៧
ពលរដ្ឋ រស់នៅ ខ្សែទឹក ខាងក្រោម នៃទន្លេ មេគង្គ ក្រុង ស្ទឹងត្រែង ខែត្រ ស្ទឹងត្រែង នៅតែ ខ្វល់ខ្វាយ ពីការបំពុល បរិស្ថាន ដោយជនជាតិ វៀតណាម ដែលបន្ទោបង់ និងចោល កាកសំណល់ រឹងរាវ ចូលទន្លេ បង្កការ ប៉ះពាល់ គុណភាព ទឹកទន្លេ និងសុខភាព សាធារណៈ។ ពលរដ្ឋ អំពាវនាវ ជាថ្មីទៀត ឲ្យអាជ្ញាធរ ខែត្រ ស្ទឹងត្រែង ជម្លៀស ជនជាតិ វៀតណាម ចេញ ពីមាត់ទន្លេ ឲ្យបាន ឆាប់ ដើម្បី ធានា សុវត្ថិភាព បរិស្ថានទន្លេ។
ពលរដ្ឋរស់នៅខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ ក្នុងក្រុងស្ទឹងត្រែង នៅតែរង់ចាំវិធានការរបស់អាជ្ញាធរខែត្រស្ទឹងត្រែង ដែលមានផែនការជម្លៀសពលរដ្ឋវៀតណាម ចេញពីមាត់ទន្លេច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ នៅពុំឃើញមានពន្លឺលទ្ធផលនៅឡើយ។
ពលរដ្ឋរស់នៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង លោក សៀន ហុន ឲ្យដឹងនៅថ្ងៃទី១៤ មិថុនា ថា ភាពយឺតយ៉ាវនៃការជម្លៀសពលរដ្ឋវៀតណាម ចេញពីមាត់ទន្លេ និងលើផ្ទៃទឹកពីមួយឆ្នាំទៅមួយឆ្នាំ កំពុងក្លាយជាក្តីបារម្ភយ៉ាងខ្លាំង ខណៈអ្នកភូមិភាគច្រើនមានទម្លាប់ប្រើប្រាស់ទឹកទន្លេ ដូចជាដាំស្ល បោកគក់ និងស្រោចដំណាំ ជាដើម។ លោកថា ប្រសិនបើអាជ្ញាធរនៅតែពន្យារពេលមិនជម្លៀសពលរដ្ឋវៀតណាម ផលប៉ះពាល់នឹងកាន់តែច្រើន ទាំងបរិស្ថាន សង្គម និងសុខភាពពលរដ្ឋ ខណៈជនជាតិវៀតណាម ខ្លះបានធ្វើអាជីវកម្មឈើប្រណិតនៅមាត់ទន្លេ ចោលកាកសំណល់ចូលទន្លេ៖ «ចង់ឲ្យភូមិឃុំជម្លៀសកុំឲ្យនៅតាមដងទន្លេ វាប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកនៅខាងក្រោមទាំងអស់គ្នាហ្នឹង។»
ជនជាតិវៀតណាម ម្នាក់ក្នុងចំណោមជនជាតិវៀតណាម ច្រើនទៀត គឺលោក ឡេ យ៉ាំងឡឹង និយាយថា លោកបានមកតាំងទីលំនៅទីនេះជិត ២០ឆ្នាំហើយ ដោយប្រកបរបរនេសាទត្រី។ លោកថា អាជ្ញាធរក្រុងធ្លាប់បង្គាប់ឲ្យរុះរើចេញពីទីនេះដែរ ក៏ប៉ុន្តែលោកបានសំណូមពរឲ្យអាជ្ញាធរផ្តល់ដីសម្បទានសង្គមកិច្ចនៅតំបន់ណាមានទឹកភ្លើង និងផ្តល់ប្រាក់ថ្លៃរុះរើផង។ លោកថា គ្រួសារលោកមានទម្លាប់វេចខ្ចប់ទុកដាក់សំរាមត្រឹមត្រូវ មិនដែលបន្ទោបង់ និងបោះចោលកាកសំណល់ចូលទន្លេនោះទេ៖ «នេសាទដាក់មង បណ្ដែតមងអីតាមទន្លេ និងយើងយករបស់ដូចជាផ្ទះសម្បែងទៅពេលជម្លៀស។»
មន្ត្រីសង្គមស៊ីវិលរកឃើញថា ពលរដ្ឋរស់នៅតាមមាត់ទន្លេ និងផ្ទៃទឹកក្នុងក្រុងស្ទឹងត្រែង ផ្ដើមកើតមានជាបន្តបន្ទាប់អំឡុងឆ្នាំ១៩៩០ ហើយរហូតដល់ឆ្នាំ២០១៧ អាជ្ញាធរខែត្រស្ទឹងត្រែង ហាក់ដូចជាគ្មានវិធានការគ្រប់គ្រាន់ចាត់ចែងបញ្ហានេះ ជាពិសេសគោលនយោបាយគ្រប់គ្រងធនធានធម្មជាតិនៅខ្វះចន្លោះច្រើន។
អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង បដិសេធមិនអធិប្បាយករណីនេះទេ នៅថ្ងៃទី១៤ មិថុនា ដោយលោកជំរុញឲ្យអាស៊ីសេរី សួរអាជ្ញាធរក្រុងស្ទឹងត្រែង វិញ ព្រោះអាជ្ញាធរខែត្របានសម្រេចឲ្យអាជ្ញាធរក្រុងចាត់ចែងដោះស្រាយរឿងនេះ៖ «ទាក់ទងទៅក្រុងចុះ គាត់ដឹងហើយការងារទាំងអស់ហ្នឹង គឺនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុង។»
ចំណែកអភិបាលក្រុងស្ទឹងត្រែង លោក ប៊ុន ណារី បញ្ជាក់នៅថ្ងៃទី១៤ មិថុនា ថា អាជ្ញាធរក្រុងកំពុងរង់ចាំគោលការណ៍ដោះស្រាយបញ្ហានេះពីអាជ្ញាធរខែត្រ ខណៈយន្តការដោះស្រាយរឿងនេះជាប់ពាក់ព័ន្ធការផ្តល់ដីសម្បទានសង្គមកិច្ច ហើយផែនការរៀបចំដីសម្បទានសង្គមកិច្ចទៀតសោត ក៏ពុំទាន់បែងចែកច្បាស់លាស់នៅឡើយទេ៖ «ហើយ យើង ដោះស្រាយហ្នឹង គោលការណ៍ហ្នឹង ត្រូវ ឲ្យគាត់ ប៉ុន្មាន អីប៉ុន្មាន អ៊ីចឹង? បាទ! វា មិន ទាន់ច្បាស់ បានខ្ញុំ និយាយ ថា ពុំ ទាន់មាន គោលការណ៍ ច្បាស់។»
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល មើលឃើញថា ភាពយឺតយ៉ាវនៃការជម្លៀសពលរដ្ឋចេញពីមាត់ទន្លេ និងលើផ្ទៃទឹក គឺជាសញ្ញាបង្ហាញថា ការចាត់ចែងគោលនយោបាយសាធារណៈរបស់អាជ្ញាធរពាក់ព័ន្ធ មានលក្ខណៈមិនច្បាស់លាស់។ លោកពន្យល់ថា ការយកសម្បត្តិធម្មជាតិបម្រើប្រយោជន៍ឯកជន ឬមនុស្សមួយក្រុមដោយមិនបានគិតគូរបរិស្ថាន និងសង្គម វានឹងបង្កការប៉ះពាល់ដល់មនុស្សរាប់លាននាក់ដែលកំពុងអាស្រ័យផលទឹកទន្លេ៖ «គាត់ នៅតែ ចោលសំរាម ផ្ដេសផ្ដាស តាមមាត់ទន្លេ។ បើ និយាយ ពីទឹក មានភាព ខ្វះចន្លោះ ច្រើន ក្នុងការ អនុវត្ត គោលនយោបាយ សម្អាតក្រុងហ្នឹង។»
របាយការណ៍របស់អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO FORUM) រកឃើញថា ប្រជាជនកម្ពុជា ជាង ៩លាននាក់ដែលរស់នៅតាមដងទន្លេ អាស្រ័យផលទឹកទន្លេសម្រាប់ជីវភាពប្រចាំថ្ងៃ។
តួលេខរបស់អាជ្ញាធរក្រុងស្ទឹងត្រែង ឆ្នាំ២០១៧ បង្ហាញថា មានពលរដ្ឋរស់នៅតាមច្រាំងទន្លេ និងលើផ្ទៃទឹកក្នុងក្រុងស្ទឹងត្រែង ចំនួនជាង ៣០០គ្រួសារ ក្នុងនោះមានពលរដ្ឋខ្មែរជាង ៤០ភាគរយ៕
No comments:
Post a Comment