Paris Peace Accords 23 Oct. 1991

Wednesday, June 14, 2017

លោក សម រង្ស៊ី ប្រកាស​ ចូល​ស្រុក​ ប្រកួតប្រជែង​ តំណែង​ នាយករដ្ឋមន្ត្រី​ ជាមួយ​លោក ហ៊ុន សែន | Sam Rainsy declares his return to country to compete premiership against Hun Sen

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA

លោក សម រង្ស៊ី ប្រកាស​ ចូល​ស្រុក​ ប្រកួតប្រជែង​ តំណែង​ នាយករដ្ឋមន្ត្រី​ ជាមួយ​លោក ហ៊ុន សែន

RFA / វិទ្យុ អាស៊ី សេរី | ១៣ មិថុនា​ ២០១៧


អតីត​ មេដឹកនាំ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បេ្តជ្ញា​ចិត្ត​ វិល​ត្រឡប់​ ទៅ​ប្រទេស ​កម្ពុជា ដើម្បី​ ប្រកួតប្រជែង​ តំណែង ​នាយករដ្ឋមន្ត្រី​ ជាមួយ នឹង​លោក ហ៊ុន សែន ប្រធាន​ គណបក្ស​ ប្រជាជន​ កម្ពុជា នៅ​ក្នុង​ ការ​បោះឆ្នោត ​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ។

លោក សម រង្ស៊ី ស្នើ​ឲ្យ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដក​បទបញ្ជា​ ទាំង​ឡាយ ​ដែល​ហាម​ លក់​សំបុត្រ​ យន្តហោះ​ ឲ្យ​លោក ក្នុង​ការ​ ធ្វើ​ដំណើរ​ ទៅ​កាន់ ​ប្រទេស ​កម្ពុជា ដើម្បី​ ចូលរួម​ ប្រកួតប្រជែង​ ការ​បោះឆ្នោត​ សកល ឆ្នាំ​២០១៨។

លោក សម រង្ស៊ី បាន​ថ្លែង​ នៅ​ក្នុង​វេទិការ អ្នក​ស្តាប់​ វិទ្យុ​ អាស៊ី សេរី កាល​ពី​យប់​ ថ្ងៃ​អង្គារ ទី​១៣ មិថុនា ថា ដើម្បី​ ឲ្យ​ការ​ បោះឆ្នោត​ ជាតិ​ នៅ​ពេល​ ខាង​មុខ ​ប្រព្រឹត្ត​ទៅ​ ដោយ​សេរីភាព ត្រឹមត្រូវ និង​ស្មើភាព​គ្នា​ ទៅ​បាន លុះត្រាតែ​ រដ្ឋាភិបាល​ បើក​ទ្វារ​ ឲ្យ​លោក ​ចូល​ប្រទេស​ ដើម្បី​ ប្រកួតប្រជែង​គ្នា​ តាម​លក្ខណៈ​ ប្រជាធិបតេយ្យ៖ «ដូច្នេះ​ អត់​មាន ​ក្រុមហ៊ុន​ យន្តហោះ​ ណា​ ហ៊ាន​ដឹក​ រូប​ខ្ញុំ​ ទេ ពីព្រោះ ​លោក ហ៊ុន សែន បាន​គំរាម​ ថា,  ប្រសិនបើ ​ក្រុមហ៊ុន​ យន្តហោះ​ ណា​ ហ៊ាន ​ដឹក​រូប​ខ្ញុំ​ មក​ដល់​ ទឹក​ដី ​ប្រទេស​ កម្ពុជា គឺ ​បិទ​ទ្វារ​ មិន​ឲ្យ ​​អ្នក​ធ្វើ​ដំណើរ​ ចេញ​ពី​យន្តហោះ»

រហូត​ មក​ទល់​ ពេល​នេះ លោក សម រង្ស៊ី នៅ​ជាប់​ បណ្ដឹង​ តាម​ផ្លូវ​ តុលាការ​ ដែល​គ្រប់គ្រង​ ដោយ​របប​ របស់​លោក ហ៊ុន សែន ច្រើន​ រាប់​មិន​អស់​ រហូត​ ដល់​នាំ ​ឲ្យ​មាន ​ការ​ដាក់​ បទបញ្ជា​ តឹងរ៉ឹង​ ដល់​រាល់​ក្រុមហ៊ុន​ អាកាសចរណ៍ ឬ​ក្រុមហ៊ុន​ ទេសចរណ៍​ ទាំង​ឡាយ​ មិន​ឲ្យ​ លក់​សំបុត្រ​ យន្តហោះ​ ដល់​លោក ​ថែម​ទៀត។

លោក សម រង្ស៊ី អះអាង​ ថា លោក​ មិន​ខ្លាច​ ជាប់​គុក​ នោះ​ទេ ប្រសិនបើ​ លោក ហ៊ុន សែន បើក​ច្រក​ ឲ្យ​លោក​ ចូល​ស្រុក​វិញ។  លោក​ បន្ត​ថា, លោក ហ៊ុន សែន បើក​ច្រក ​ពេល​ណា​ គឺ​ លោក​ នឹង​ធ្វើ​ដំណើរ​ ទៅ​កម្ពុជា ពេល​នោះ៖ «គ្មាន ​នរណា​ គេ​ ហ៊ាន​ ទទួល​ស្គាល់​ រដ្ឋាភិបាល​លោក ហ៊ុន សែន ទេ ប្រសិនបើ​ លោក ហ៊ុន សែន គាត់​ ឈ្នះ​ឆ្នោត​ តែ​ ម្នាក់​គាត់ ​ដោយ​គ្មាន​ គូប្រកួត​នោះ, ហើយ​ គូ​ប្រកួត​ តែមួយ​ ដែល​អាច​ តតាំង​ ជាមួយ ​គាត់ បាន ​គឺ សម រង្ស៊ី។  ហើយ សម រង្ស៊ី ដែល​តំណាង​ ឲ្យគណបក្ស​ សង្គ្រោះ​ជាតិ ពេល​នោះ នឹង​ត្រូវ​ វិល​ត្រឡប់ ទៅ​កម្ពុជា វិញ ឲ្យទាន់ ​ពេល​វេលា»


លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ ក្រោយ​ពី​សភា​ដែល​មាន​សំឡេង​ភាគ​ច្រើន​ពី​ខាង​គណបក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ហាម​មិន​អោយ​អ្នក​នយោបាយ​ទាំង​ឡាយ​ណា​ដែល​មាន​ទោស​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស ឬ​អនុ​ប្រធាន​បក្ស​គណបក្ស។

ដោយ​មើល​ឃើញ​ពី​ហានិភ័យ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ អាច​ត្រូវ​ក្រសួង​មហាផ្ទៃ រំលាយ​ដោយសារ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ហើយ លោក សម រង្ស៊ី បាន​លា​ចេញ​ពី​គណបក្ស​សង្គ្រោះជាតិ ដើម្បី​អាច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដង្ហើម​ក្នុង​ការ​បន្ត​គោលនយោបាយ​របស់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ អាណត្តិ​ទី​បួន​បាន។

លោក សម រង្ស៊ី បញ្ជាក់​ថា តួនាទី​របស់​លោក​ក្នុង​គណបក្ស​នៅ​ពេល​លោក​មាន​វត្តមាន​នៅ​កម្ពុជា មិន​សំខាន់​នោះ​ទេ​អ្វី​ដែល​សំខាន់ គឺ​គណបក្ស​អាច​ជ្រើសរើស​មនុស្ស​ម្នាក់​ដែល​អាច​តតាំង​ជាមួយ​លោក ហ៊ុន សែន ក្នុង​ការ​ប្រកួតប្រជែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន៖ «មិន​សំខាន់​ខ្ញុំ លោក កឹម សុខា ឬ​មួយ​នរណា​នោះ​ទេ អោយ​តែ​គណបក្ស​ឯកភាព​គ្នា​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ថា យើង​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​មួយ​ដើម្បី​តតាំង​ជាមួយ​លោក ហ៊ុន សែន»

លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ដល់​គណបក្ស​តូចតាច​ទាំង​អស់ រួម​ទាំង​មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផង ឲ្យ​ចូលរួម​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ សំរាប់​ប្រកួតប្រជែង​ការ​បោះឆ្នោត ឆ្នាំ​២០១៨ ខាង​មុខ៕


No comments:

Post a Comment