Paris Peace Accords 23 Oct. 1991

Wednesday, June 14, 2017

HRW៖ ការ​បោះឆ្នោត ​ឃុំ-​សង្កាត់ ​ឆ្នាំ​២០១៧ ​មិន​បាន​ ធ្វើ​ឡើង​ ដោយ​សេរី​ និង​យុត្តិធម៌ | HRW: Commune elections 2017 not free and fair

ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Rann Samnang
ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Rann Samnang

HRW៖ ការ​បោះឆ្នោត ​ឃុំ-​សង្កាត់ ​ឆ្នាំ​២០១៧ ​មិន​បាន​ ធ្វើ​ឡើង​ ដោយ​សេរី​ និង​យុត្តិធម៌

RFA / វិទ្យុ អាស៊ី សេរី | ១៤ មិថុនា​ ២០១៧



អង្គការ​ ឃ្លាំមើល​ សិទ្ធិមនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាង ​ថា, ការ​បោះឆ្នោត ​ឃុំ-​សង្កាត់ កាល​ពី​ថ្ងៃ​ ទី​៤ ខែ​មិថុនា គឺ​ ធ្វើ​ឡើង​ ទាំង​ក្នុង​ បរិយាកាស​ គំរាមកំហែង​ ទៅ​ដល់ ​សិទ្ធិ​ បញ្ចេញ​មតិ និង​ការ​ចូលរួម​ ក្នុង​នយោបាយ ដែល​អាច​ ចាត់​ទុក​ ការ​បោះឆ្នោត ​នេះ​ ថា គឺ​ មិន​បាន​ ធ្វើ​ឡើង​ ដោយ​សេរី និង​យុត្តិធម៌ ​ឡើយ។


នាយក​ប្រចាំ​ តំបន់​ អាស៊ី​ នៃ​អង្គការ ​ឃ្លាំមើល​ សិទ្ធិមនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ រ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ មិថុនា ថា ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​កម្ចាត់​មនុស្ស ១០០​នាក់ ឬ ២០០​នាក់ ប្រសិនបើ​បក្ស​កាន់​កំណាច​របស់​លោក​ចាញ់​ការ​បោះឆ្នោត​នោះ គឺ​បង្ក​ឱ្យ​មាន​បរិយាកាស​គំរាមកំហែង និង​ភាព​ភ័យ​ខ្លាច​ទៅ​ដល់​អ្នក​សារព័ត៌មាន សកម្មជន​នយោបាយ និង​ពលរដ្ឋ។

យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ធ្វើ​ឡើង​ស្រប​ពេល​សមាជិក និង​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​មាន​សមាជិក​ព្រឹទ្ធ​សភា រដ្ឋសភា និង​សមាជិក គ.ជ.ប ផង ត្រូវ​បាន​បំបិទ​សិទ្ធិ បន្ទាប់​ពី​ពួកគេ​ត្រូវ​ចោទ​ប្រកាន់​ក្រោម​ហេតុផល​នយោបាយ ដោយសារ​តុលាការ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​មនុស្ស​ជា​ច្រើន​ទៀត កំពុង​រង​ការ​គំរាម​កំហែង​ពី​បទ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ រី​ឯ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅ​តែ​និរទេស​ខ្លួន​ឱ្យ​នៅ​ក្រៅ​ប្រទេស។

លោក ប្រ៊ែដ អាដាម បាន​ថ្លែង​យ៉ាង​ដូច្នោះ​ថា៖ «វា​មិន​មែន​ជា​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើយ ប្រសិន​គណបក្ស​កាន់​អំណាច​គ្រប់គ្រង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ទាំង​អស់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ថិត​ក្រោម​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច ហើយ​សមាជិក​គណបក្ស​ប្រឆាំង​ជា​ច្រើន ត្រូវ​ប្រឈម​នឹង​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​ពី​សំណាក់​លោក ហ៊ុន សែន។ ដូច្នោះ វា​គ្មាន​ស្តង់ដារ​ទាល់​តែ​សោះ ដែល​អាច​មាន​ន័យ​ថា ការ​បោះឆ្នោត​នោះ ធ្វើ​ឡើង​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ បើ​បញ្ហា​ទាំង​អស់​នេះ​បាន​កើត​មាន»

បើ​ទោះ​ជា​ការ​បោះឆ្នោត​នេះ ធ្វើ​ឡើង​ដោយ​សន្តិវិធី​យ៉ាង​ណា​ក្ដី យូមែន រ៉ៃត៍ វ៉ច្ឆ រក​ឃើញ​ថា គណបក្ស​ប្រឆាំង​ពុំ​មាន​សិទ្ធិ​ស្មើ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​ទៀត​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច ព្រមទាំង​ការ​ខ្វះខាត​យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​អព្យាក្រឹត និង​ឯករាជ្យ។

ដោយ​ឡែក​ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​មក​លើ​គណបក្ស និង​អ្នក​គាំទ្រ​ប្រឆាំង បាន​កើត​មាន​ជា​ហូរហែ។ លោក ប្រ៊ែដ អាដាម បាន​លើក​ជា​ឧទាហរណ៍​ជាក់ស្ដែង​ដូច​ករណី​ឧត្ដមសេនីយ៍​ផ្កាយ​បួន លោក ខៀវ សុភ័គ មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​ថា ការ​គំរាមកំហែង​មុន​ការ​បោះឆ្នោត​មក​លើ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​សិទ្ធិមនុស្ស និង​សមាជិក​សង្គម​ស៊ីវិល​ដទៃ​ទៀត គឺ​ជា​ផ្នែក​នៃ​គម្រោង​ដ៏​ច្បាស់លាស់​មួយ​ដើម្បី​បំភិតបំភ័យ​ក្រុម​សង្គម​ស៊ីវិល​ទាំង​នេះ​ក្នុង​ការងារ​តាមដាន​ការ​បោះឆ្នោត។

ជាមួយ​គ្នា​នេះ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា មន្ត្រី​កងទ័ព និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច បាន​ក្រើន​រំលឹក​ជារឿយៗ​ពី​សារ​សង្គ្រាម ប្រសិន​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត។ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អគ្គបញ្ជាការ​កងទ័ព និង​ប៉ូលិស​ផង ថែម​ទាំង​បាន​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​បើក​ទូលាយ។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែល​មាន​អ្នក​សង្កេតការណ៍​ប្រហែល ១​ពាន់​នាក់ បាន​រាយការណ៍​ថា ទីតាំង​ការិយាល័យ​បោះឆ្នោត​ចំនួន ២៥​ភាគរយ​នៃ​មាន​បុគ្គលិក​ដែល​ពុំ​មាន​សមត្ថកិច្ច​ខាង​ការងារ​បោះឆ្នោត ឃើញ​មាន​វត្តមាន​នៅ​ក្បែរ​ទីតាំង​បោះឆ្នោត​ទាំង​នោះ ហើយ​អ្នក​ទាំង​នោះ គឺ​មន្ត្រី​ប៉ូលិស និង​មេ​ភូមិ​តែងតាំង​ដោយ​រដ្ឋាភិបាល ហើយ​ពួកគេ​សុទ្ធសឹងតែ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

សាក្សី​ជា​ច្រើន​នៅ​ឯ​ទីតាំង​បោះឆ្នោត​មួយ​ចំនួន​នៅ​ភ្នំពេញ​វិញ ក៏​បាន​រាយការណ៍​ប្រាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ដែរ​ថា មាន​ទាហាន​ចេញ​ពី​អង្គភាព​ឆត្រយោង កងពល ៩១១ និង ៧០ បាន​ឈរ​តម្រង់​ជួរ​គ្នា​នៅ​តាម​ការិយាល័យ​បោះឆ្នោត ដែល​ត្រួតត្រា​ដោយ​ប្រធាន​អង្គភាព​របស់​ពួកគេ ហើយ​ទាហាន​ទាំង​នោះ​ភាគ​ច្រើន គឺ​ស្ថិត​ក្នុង​ឯកសណ្ឋាន​ជា​យោធា​ទៅ​ទៀត។

ការ​រំលោភ​ច្បាប់​ស្ដីពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​វិញ គណបក្ស​នយោបាយ​បាន​ធ្វើ​ការ​ប្រកួតប្រជែង​គ្នា ដោយ​មិន​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ប្រើប្រាស់​វិទ្យុ និង​ទូរទស្សន៍ ដែល​ជា​ប្រភព​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​ព័ត៌មាន។ គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ដាច់មុខ ដែល​ធ្វើ​ឱ្យ​មាន​ភាព​អយុត្តិធម៌​ខ្លាំង​បំផុត​សម្រាប់​គណបក្ស​នយោបាយ​ដទៃ​ទៀត និង​មាន​ការ​កំណត់​ដើម្បី​ទទួល​បាន​ព័ត៌មាន​សម្រាប់​ម្ចាស់​ឆ្នោត ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​សារព័ត៌មាន​ចេញ​ពី​ទូរទស្សន៍ និង​វិទ្យុ។ ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ស្ថានីយ​ឯកជន​ជា​ច្រើន​ទៀត បាន​នាំ​គ្នា​ធ្វើការ​ផ្សព្វផ្សាយ​គាំទ្រ​គណបក្ស​កាន់​អំណាច និង​បាន​ធ្វើ​ការ​រិះគន់ ឬ​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​គណបក្ស​ប្រឆាំង។

​ចំពោះ​ដំណើរ​បោះឆ្នោត​វិញ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា បើ​ទោះបី​ជា​ធ្លាប់​ទទួល​រង​ការ​ចោទ​ប្រកាន់​កាល​ពី​ឆ្នាំ​២០១៣ មក​លើ​ស្ថាប័ន គ.ជ.ប ជុំវិញ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​លើស​ពី​តម្រូវ​ការ​ចាំបាច់ និង​ការ​ទិញ​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ​អាច​លុបលាង​ជ្រះ​វិញ​យ៉ាង​ណា​ក្ដី ក៏ គ.ជ.ប នៅ​ឆ្នាំ​២០១៧ នេះ នៅ​តែ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​បម្រុង​រហូត ១,៥​លាន​សន្លឹក ច្រើន​ជាង​តួលេខ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប និង​បាន​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៣ ដែល យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា គឺ​ធ្វើ​ឱ្យ​មាន​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង​ជា​បន្ត​ទៀត។

ទោះ​ជា​នៅ​ឆ្នាំ​២០១៧ មាន​ប្រជាជន​កម្ពុជា ច្រើន បាន​ទៅ​ចុះ​ឈ្មោះ និង​ចូលរួម​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ក្ដី យូមែន រ៉ៃត៍ វ៉ច្ឆ បាន​រិះគន់​ទៅ​ដល់​នីតិវិធី​ចុះ​ឈ្មោះ​របស់ គ.ជ.ប ដែល​មិន​អាច​ឱ្យ​ពលករ​ចំណាក​ស្រុក​ច្រើន​បំផុត​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន ជាពិសេស​ការ​មិន​ផ្ដល់​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ បាន​ទៅ​បោះឆ្នោត​រហូត​ធ្វើ​ឲ្យ​កម្មករ​ទាំង​នេះ ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​រវាង​ការ​រក​ប្រាក់កម្រៃ និង​ការ​ចេញ​ទៅ​បោះឆ្នោត។ ទោះ​ជា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​ច្រើន​យ៉ាង​នេះ​ក្ដី យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះឆ្នោត​គណបក្ស​កាន់​អំណាច​បាត់បង់​សំឡេង​ដ៏​ច្រើន​សម្បើម​ទៅ​គណបក្ស​ប្រឆាំង បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១២។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ពី​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នៅ​ពេល​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​មន្ត្រី​នាំ​ពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក ហង្ស ពុទ្ធា បាន​ទេ នៅ​ថ្ងៃ​ទី​១៣ មិថុនា ដោយសារ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ថា ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ត្រូវ​ពិភពលោក​ទទួល​ស្គាល់​ថា ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌ ប៉ុន្តែ​លោក​ថា មាន​តែ​លោក ប្រ៊ែដ អាដាម ម្នាក់​គត់ ដែល​យល់​ឃើញ​ខុសគេ​បែប​នេះ៖ «បើ​លោក ប្រ៊ែដ អាដាម លើក​ឡើង​អ៊ីចឹង​មែន មាន​ន័យ​ថា កាត់​ឆ្កួត​តែ​ម្នាក់​នៅ​ក្នុង​លោក»

ទោះជា​យ៉ាង​នេះ​ក្ដី អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា ក្នុង​នាម​ប្រទេស​កម្ពុជា គឺ​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​នយោបាយ និង​ពលរដ្ឋ ដូច្នោះ​ត្រូវ​ធានា​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​ឱកាស​ចូលរួម​បោះឆ្នោត​ដោយ​សេរី​យ៉ាង​ពិត​ប្រាកដ និង​ដោយ​គ្មាន​ការ​រើសអើង​ដោយសារ​និន្នាការ​នយោបាយ​ឡើយ។ លោក ប្រ៊ែដ អាដាម អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧ នេះ ក៏​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ នឹង​មាន​ការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត និង​ធ្វើ​ការ​បោះឆ្នោត​លើក​ក្រោយ​នេះ​សំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់ ដើម្បី​អនុវត្ត​កំណែទម្រង់​ចាំបាច់​នៅ​កម្ពុជា។

លោក​បន្ត​ថា អង្គការ​សហប្រជាជាតិ និង​ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា ទាំង​អស់ ជាពិសេស​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន ដែល​ធ្វើ​ការងារ​ដោយ​ផ្ទាល់​ជាមួយ គ.ជ.ប. គួរ​តែ​បញ្ជាក់​ឱ្យ​ច្បាស់​ទៅ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ថា ប្រសិនបើ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​នេះ ធ្វើ​ឡើង​ក្នុង​បរិយាកាស​គំរាមកំហែង​ដូច​គ្នា​នេះ ដូច្នោះ​ការ​បោះឆ្នោត​នោះ នៅ​តែ​​គ្មាន​សេរី និង​យុត្តិធម៌​ឡើយ៕



No comments:

Post a Comment