Paris Peace Accords 23 Oct. 1991

Wednesday, June 14, 2017

បក្ស​ប្រឆាំង ​សាទរ​ ចំពោះ​​​ ការ​ប្រកាស​ លុប​បម្រាម ​មិន​ ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក | Opposition party welcomes announcement rescinding decree prohibiting Sam Rainsy from returning into country

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA

បក្ស​ប្រឆាំង ​សាទរ​ ចំពោះ​​​ ការ​ប្រកាស​ លុប​បម្រាម ​មិន​ ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក

RFA / វិទ្យុ អាស៊ី សេរី | ១៤ មិថុនា​ ២០១៧


គណបក្ស​ សង្រ្គោះជាតិ អបអរសាទរ​ ចំពោះ ​រដ្ឋាភិបាល ដែល​បាន ​ចេញ​លិខិត ​លុប​ចោល​ បម្រាម ​កាល​ពី​ឆ្នាំ​ ២០១៦ មិន ​ឲ្យ​លោក សម រង្ស៊ី អតីត ​ប្រធាន ​គណបក្ស​ សង្រ្គោះជាតិ វិល​ចូល ​ស្រុក​វិញ។

អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្រ្គោះជាតិ លោក យឹម សុវណ្ណ បាន​ប្រកាស​ អបអរ​សាទរ​ ភ្លាមៗ នៅ​ថ្ងៃ​ ទី​១៤ ខែ​មិថុនា ក្រោយ​ពេល​ រដ្ឋាភិបាល ​បាន​សម្រេច ​លុប​ចោល ​លិខិត​លេខ ១៥១ ចុះ​ថ្ងៃ​ ទី​១២ ខែ​តុលា ឆ្នាំ​២០១៦ ហាម​ មិន​ឲ្យ​ ក្រុមហ៊ុន​ អាកាសចរណ៍ ​ទាំង​អស់​ ដឹក​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ វិញ។


លោក យឹម សុវណ្ណ អះអាង​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​នេះ គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​គណបក្ស​សង្រ្គោះជាតិ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក យឹម សុវណ្ណ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ក្រៅ​ពី​នេះ​ទេ ដូចជា​ឆ្លើយ​សំណួរ​ថា តើ​គណបក្ស​សង្រ្គោះជាតិ មាន​ចរចា​អ្វី​ពី​ក្រោយ​ខ្នង​ជាមួយ​រដ្ឋាភិបាល​ចំពោះ​ករណី​លោក សម រង្ស៊ី ឬ​ទេ ហើយ​ថា​តើ​លោក សម រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ណា​ជាដើម។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ដែល​ចុះ​ហត្ថលេខា​ដោយ​លោក តឹករ៉េត សំរេច រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លុបចោល​លិខិត ១៥១ ដែល​ជា​ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្ការ​ទប់ស្កាត់​ទុក​ជា​មុន​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​មួយ​ដឹក​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​ដឹង​ជា​មុន​ឡើយ។

ការ​ប្រកាស​របស់​រដ្ឋាភិបាល​លុបចោល​បម្រាម​នេះ​វិញ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រាប់​អាស៊ីសេរី​ថា លោក​នឹង​វិល​ចូល​កម្ពុជា វិញ​នៅ​ឆ្នាំ​២០១៨។

លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​វេទិការ​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​១៣ មិថុនា ថា លោក​បេ្តជ្ញា​ចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ជាមួយនឹង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ។


លោក សម រង្ស៊ី ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដក​បទបញ្ជា​ទាំង​ឡាយ​ដែល​ហាម​លក់​សំបុត្រ​យន្តហោះ​ឲ្យ​លោក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​លោក​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨។


No comments:

Post a Comment