នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ |
លោក ហ៊ុន សែន ផ្ដាំទៅ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ ឲ្យឈប់ ចងកម្ម ចងពៀរ
RFA / វិទ្យុ អាស៊ី សេរី | ១៥ មិថុនា ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដាំទៅ នាយកប្រតិបត្តិ ទទួលបន្ទុក កិច្ចការ តំបន់ អាស៊ី នៃអង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ រ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ឲ្យកែប្រែ ទម្លាប់ និងឈប់ ចងកម្ម ចងពៀរ ជាមួយ គណបក្ស កាន់អំណាច។
ការផ្ដាំផ្ញើរបស់លោក ហ៊ុន សែន នេះ បន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែមិថុនា ដោយរិះគន់ដំណើរការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ថាធ្វើឡើងទាំងក្នុងបរិយាកាសគំរាមកំហែងទៅដល់សិទ្ធិបញ្ចេញមតិ និងការចូលរួមក្នុងនយោបាយ ដែលអាចចាត់ទុកការបោះឆ្នោតនេះថា គឺមិនបានធ្វើឡើងដោយសេរី និងយុត្តិធម៌ឡើយ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យបញ្ញាសាស្ត្រ នាវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា លោក ហ៊ុន សែន កោតសរសើរដល់ដំណើរការបោះឆ្នោតថា មានប្រជាជនចេញទៅបោះឆ្នោតច្រើន ហើយគ្មានអំពើហិង្សាណាកើតឡើង ជាពិសេសលោក ហ៊ុន សែន ថ្លែងថា ស្ថានទូតនានា ប្រចាំប្រទេសកម្ពុជា រាប់ទាំងស្ថានទូតអាមេរិក ផងនោះ សុទ្ធតែបានចេញសេចក្ដីថ្លែងការណ៍ថា ការបោះឆ្នោតនេះល្អ ហើយលើកលែងតែអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មួយប៉ុណ្ណោះ ដែលមើលឃើញថាមិនល្អ។
No comments:
Post a Comment