ផែនទីខេត្តត្បូងឃ្មុំ |
ស្នងការ ខេត្ត ត្បូងឃ្មុំ ថា មន្ត្រី សមត្ថកិច្ច ជំរិត យកលុយ ពីឡាន ដឹកឈើ ជាក្រុម អនាធិបតេយ្យ
RFA / វិទ្យុ អាស៊ី សេរី | ១៥ មិថុនា ២០១៧
ស្នងការនគរបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា សកម្មភាពប្រដេញរថយន្តដឹកសសរផ្ទះដើម្បីជំរិតយកប្រាក់ គឺជាសកម្មភាពល្មើសច្បាប់ ហើយបណ្ដាលឲ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសអង្គភាព ព្រមទាំងប៉ះពាល់ដល់មន្ត្រីអនុវត្តន៍ច្បាប់ដែលស្អាតស្អំ ជាដើម។
ជាងនេះទៀត សំណុំរឿងចាប់ខ្លួនមន្ត្រីនគរបាលម្នាក់ កងរាជអាវុធហត្ថ ២នាក់ និងមន្ត្រីយោធា ៣នាក់ គឺសមត្ថកិច្ចខេត្តកំពង់ចាម កំពុងស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការទៀតផង។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន មានប្រសាសន៍នៅថ្ងៃទី១៥ មិថុនា ថា ក្រុមជនល្មើសទាំង ៦នាក់នោះ គឺជាក្រុមអនាធិបតេយ្យ មិនគួរហៅពួកគេថាក្រុមសមត្ថកិច្ចនោះទេ ពីព្រោះគ្មានមេគ្មានកើយ ពោលគឺធ្វើសកម្មភាពដោយចិត្តឯង។ លោកបញ្ជាក់ថា ខាងលោកមិនបានបញ្ជាឲ្យពួកគេធ្វើសកម្មភាពទាំងនោះឡើយ ហើយក៏គ្មានប្រធានអង្គភាពណាអនុញ្ញាតឲ្យពួកគាត់ធ្វើសកម្មភាពទាំងនោះដែរ៖ «នគរបាលដែលខិតខំ ខ្ញុំលើកទឹកចិត្តពួកគេណាស់។ បើខ្ញុំយោគយល់ពួកអស់នេះ បានន័យថាខ្ញុំមិនលើកទឹកចិត្តដល់មន្ត្រីដែលខិតខំធ្វើការ។ អ៊ីចឹងនៅមេមត់ ក៏ដោយ នៅទីណាក៏ដោយ ខ្ញុំអត់គាំទ្រទេ ហើយពួកនេះក៏អត់មានសមត្ថកិច្ចនៅលើទឹកដីខេត្តត្បូងឃ្មុំ ដែរ។»
មន្ត្រីនគរបាលម្នាក់ កងរាជអាវុធហត្ថ ២នាក់ និងមន្ត្រីយោធា ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកព្រៃឈរ ខេត្តកំពង់ចាម ចាប់ខ្លួនកាលពីថ្ងៃទី១៤ មិថុនា នៅចំណុចឃុំផ្អាវ ស្រុកបាធាយ ទាក់ទងនឹងសកម្មភាពប្រដេញឡានដឹកសសរផ្ទះមួយគ្រឿងដើម្បីយកប្រាក់ និងបាញ់កាំភ្លើងគំរាមផង។
ស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល មិនបានធ្វើអត្ថាធិប្បាយយ៉ាងណាទេ ដោយលោកថាជាប់ប្រជុំ។
យ៉ាងនេះក្តី លោក បែន រ័ត្ន បញ្ជាក់ថា សមត្ថកិច្ចខេត្តកំពង់ចាម កំពុងសួរចម្លើយជនទាំងនោះដើម្បីបន្តនីតិវិធី។ លោកថា នឹងមិនបណ្តោយឲ្យមានសកម្មភាពល្មើសច្បាប់បែបនេះកើតឡើងទៀតឡើយ ហើយកន្លងទៅ ក៏មិនធ្លាប់មានករណីទាំងនេះកើតឡើងដែរ។
នេះមិនមែនជាលើកទីមួយទេ ករណីមន្ត្រីសមត្ថកិច្ចជិះរថយន្តប្រដេញយកលុយពីពលរដ្ឋដឹកឈើនៅតាមផ្លូវជាតិ។ មានករណីខ្លះ សមត្ថកិច្ចជិះប្រដេញឡានឈើប្រភេទសាំយ៉ុង ឬក្រុមម៉ូតូដឹកឈើ រហូតធ្វើឲ្យអ្នកបើកបរជ្រុលទៅបុកដើមឈើ ឬធ្លាក់ផ្លូវក្រឡាប់ស្លាប់ពលរដ្ឋ ជាដើម ប៉ុន្តែកម្រមានការទទួលខុសត្រូវណាស់។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត សាទរចំពោះវិធានការរបស់សមត្ថកិច្ចខេត្តកំពង់ចាម និងការប្ដេជ្ញាចិត្តរបស់អាជ្ញាធរខេត្តត្បូងឃ្មុំ ដើម្បីលុបបំបាត់សកម្មភាពយកប្រាក់ពីម្ចាស់រថយន្តដឹកឈើនៅតាមដងផ្លូវ។ លោកសង្កេតឃើញថា សកម្មភាពទាំងនេះ គឺមិនខ្វះឡើយនៅខេត្តត្បូងឃ្មុំ ដូចជានៅក្បែរសាលាស្រុកតំបែរ និងតំបន់ផ្សេងទៀត។ លោកយល់ថា ពួកគេហ៊ានធ្វើសកម្មភាពរបស់ខ្លួននៅតាមដងផ្លូវជាតិ ដោយគ្មានការភ័យខ្លាច គឺអាចមានស្ថាប័នរបស់មន្ត្រីទាំងនោះជាអ្នកផ្តល់ភ្លើងខៀវឲ្យ៖ «តាមពិតទៅមានរាល់តែថ្ងៃហ្នឹងឯង ហើយបើចង់ដឹងច្បាស់ ផ្លូវចេញទៅជាំ ចេញទៅចាន់មូល ហ្នឹង។ តាមផ្លូវវត្តមេមង វត្តត្រមូង ហ្នឹង យកទៅណាឡានដឹកឈើហូរហែ ហើយអ្នកចងអង្រឹងនៅក្រោមដើមកៅស៊ូ និងអ្នកបើកឡាននៅចាំអែបផ្លូវ។»
មន្ត្រីសង្គមស៊ីវិលរូបនេះ នឹងបន្តឃ្លាំមើលពីប្រសិទ្ធភាពនៃការប្ដេជ្ញាចិត្តរបស់ស្នងការខេត្ត ជៀសវាងធ្វើបានតែមួយពេលៗ។ លោកថា ប្រសិនបើរាជរដ្ឋាភិបាលមិនអាចលុបបំបាត់បញ្ហាអសកម្មទាំងនេះទេ ពលរដ្ឋនឹងវិនិច្ឆ័យនៅរដូវកាលបោះឆ្នោតបន្តទៀត៕
No comments:
Post a Comment