រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។ RFA/Leng Maly |
ក្រសួង មហាផ្ទៃ បដិសេធ គម្រោង តែងតាំង មន្ត្រី ឃុំ-សង្កាត់ ដែលចាញ់ឆ្នោត ជាទីប្រឹក្សា
RFA / វិទ្យុ អាស៊ី សេរី | ៨ មិថុនា ២០១៧
ក្រសួង មហាផ្ទៃ ចេញសេចក្ដី បំភ្លឺមួយ នៅថ្ងៃ ទី៨ មិថុនា បដិសេធ គម្រោង តែងតាំង មន្ត្រី ឃុំ-សង្កាត់ មកពីគណបក្ស ប្រជាជន កម្ពុជា ដែលចាញ់ ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ឲ្យធ្វើ ជាទីប្រឹក្សា ឬជំនួយការ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល។
សេចក្ដីបំភ្លឺនេះធ្វើឡើងឆ្លើយតបនឹងការផ្សាយរបស់អាស៊ីសេរីកាលពីថ្ងៃទី៧ មិថុនា នូវការលើកឡើងរបស់សង្គមស៊ីវិល និងបក្សប្រឆាំង ដែលបារម្ភពីការប្រើប្រាស់ថវិកាជាតិ ដោយគ្មានប្រសិទ្ធភាពលើគម្រោងតែងតាំងមន្រ្តីទាំងនេះ។
ក្រសួងមហាផ្ទៃបំភ្លឺថា ការតែងតាំងមុខតំណែងជាទីប្រឹក្សា ឬជំនួយការនេះ ចំពោះតែមេឃុំ-ចៅសង្កាត់ និងជំទប់ទី១មួយចំនួនដែលមិនបានឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះតែប៉ុណ្ណោះ។ ក្រសួងបន្តថា ការតែងតាំងនេះ គឺជាការប្រើប្រាស់ធនធានមនុស្សដែលមានបទពិសោធន៍ និងមានសមត្ថភាពសម្រាប់ជួយការងារតាមក្រសួងស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៅតាមអង្គភាព និងថ្នាក់មូលដ្ឋាន។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់ឲ្យអាស៊ីសេរីដឹងថា ការតែងតាំងមន្ត្រីទាំងនេះ គឺប្រើប្រាស់ថវិកាជាការចំណាយរបស់គណបក្ស។ ទោះបីជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម លើកឡើងថា រដ្ឋាភិបាលបានចំណាយថវិការដ្ឋជាច្រើនទៅលើទីប្រឹក្សានានា ដែលជាការចាយវាយថវិការដ្ឋខ្ជះខ្ជាយ ធ្វើឲ្យខាតបង់ថវិកាជាតិ៕
No comments:
Post a Comment