រោងពុម្ពបោះពុម្ពសន្លឹកឆ្នោត ឋិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។ |
គ.ជ.ប. មិន ទាន់ដឹង ចំនួន នៅសល់ ពិតប្រាកដ នៃសន្លឹកឆ្នោត ដែលបោះពុម្ព លើស
RFA / វិទ្យុ អាស៊ី សេរី | ១៣ មិថុនា ២០១៧
មន្ត្រី គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ឲ្យដឹង ថា, សន្លឹកឆ្នោត ដែលបោះពុម្ព លើស ឬសន្លឹកឆ្នោត ដែលបោះពុម្ព បម្រុងទុក ត្រៀមបង្ការ ក្នុងថ្ងៃ បោះឆ្នោត គិតមកដល់ ពេលនេះ នៅមិន ទាន់ដឹង ពីចំនួន ដែលនៅសល់ ពិតប្រាកដ នៅឡើយទេ។ អង្គការ មិនមែន រដ្ឋាភិបាល ដែលឃ្លាំមើល ពីដំណើរការ បោះឆ្នោត យល់ឃើញ ថា, សន្លឹកឆ្នោត ដែលបោះលើសនេះ គឺ រក មិនទាន់ ឃើញ ពីការ ប្រើប្រាស់ ក្នុងទិសដៅ ផ្សេង ក្រៅ ពីបម្រើ ឲ្យការ បោះឆ្នោត នៅឡើយទេ។
សន្លឹកឆ្នោត ដែលបោះពុម្ព លើស សម្រាប់ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ នេះ នឹងត្រូវ បំផ្លាញចោល ៣ឆ្នាំ ក្រោយ បន្ទាប់ ពីរក្សាទុក នៅក្នុងឃ្លាំង របស់ គ.ជ.ប. រួច។
ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅទីស្ដីការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា លោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យរបស់ គ.ជ.ប អះអាងថា សន្លឹកឆ្នោតដែលបោះពុម្ពបម្រុងទុកសម្រាប់ប្រើប្រាស់ពេលមានបញ្ហាកើតឡើងក្នុងពេលបោះឆ្នោតនេះ គឺមិនទាន់ដឹងពីចំនួនដែលនៅសល់ជាក់លាក់នៅឡើយទេ។ លោកបន្តថា ក្រោយពី គ.ជ.ប សម្អាតបញ្ជីរួចរាល់នៅក្រោយថ្ងៃប្រកាសលទ្ធផលឆ្នោតជាផ្លូវការ នឹងដឹងពីចំនួនដែលសល់ពិតប្រាកដ។
លោក ហង្ស ពុទ្ធា ធ្លាប់អះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងអាណត្តិទី៤ នេះ គ.ជ.ប ដែលជាស្ថាប័នរៀបចំការបោះឆ្នោត បានបោះពុម្ពសន្លឹកឆ្នោតលើស ឬបម្រុងទុកចំនួន ២៥ភាគរយ។
នៅពេលមុនបោះឆ្នោត អ្នកជំនាញកិច្ចការបោះឆ្នោតបង្ហាញការព្រួយបារម្ភចំពោះសន្លឹកឆ្នោតដែល គ.ជ.ប បោះពុម្ពលើសរហូតដល់ ២៥ភាគរយ ខណៈប្រទេសជឿនលឿនមួយចំនួន សន្លឹកឆ្នោតដែលបោះពុម្ពលើសនេះ សង្គមស៊ីវិលដែលឃ្លាំមើលពីដំណើរការបោះឆ្នោតអះអាងថា យ៉ាងច្រើនណាស់ត្រឹម ៧ភាគរយប៉ុណ្ណោះ។
បើទោះជាបែបណាក្ដី អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែងថា ថ្វីបើសន្លឹកឆ្នោតដែលបោះពុម្ពលើសនេះមានចំនួនច្រើនហួសពីអ្វីដែលសង្គមស៊ីវិលបានគិតថា អាចនឹងប្រើក្នុងទិសដៅផ្សេងនាំឲ្យបាត់បង់តម្លាភាព ប៉ុន្តែធាតុពិត សន្លឹកឆ្នោតដែលបោះពុម្ពបម្រុងនេះ គឺនៅមិនទាន់មានបញ្ហាកើតឡើងដោយសារការបោះពុម្ពលើសនេះនៅឡើយទេ។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថា សម្រាប់សន្លឹកឆ្នោតដែលបោះពុម្ពលើសបម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺគេអាចរក្សាទុកនៅឃ្លាំង គ.ជ.ប បានរយៈពេល ៣ឆ្នាំ មុននឹងត្រូវបំផ្លាញចោល។ ដោយឡែកសន្លឹកឆ្នោតដែលបោះពុម្ពលើសសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រវិញ គឺគេត្រូវរក្សាទុករយៈពេល ៦ឆ្នាំ ទើបត្រូវកម្ទេចចោល។
យ៉ាងណា ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងអាណត្តិទី៤ នេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលពីដំណើរការបោះឆ្នោត ចាត់ទុកថាមានដំណើរការទៅល្អ និងអាចទទួលយកបាន ទាំងនីតិវិធី និងបច្ចេកទេស៕
No comments:
Post a Comment