ពលរដ្ឋតម្រង់ជួរចូលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាការិយាល័យក្នុងសាលាបឋមសិក្សាស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ |
គណបក្ស ប្រឆាំង ចាត់ទុក ការបោះឆ្នោត ឃុំ-សង្កាត់ ពុំមាន ភាពសេរី និងយុត្តិធម៌ ឡើយ
RFA / វិទ្យុ អាស៊ី សេរី |៥ មិថុនា ២០១៧
មន្ត្រី ជាន់ខ្ពស់
និងជាអ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ ចាត់ទុក ថា,
បរិយាកាស នយោបាយ សម្រាប់ ការបោះឆ្នោត លើកនេះ មានភាព អាក្រក់ បំផុត ជាងពេល ណាៗ ទាំងអស់។
លោក ថា, ការបោះឆ្នោត ពុំមាន ភាពសេរី និងយុត្តិធម៌ ឡើយ
ដោយសារ តែ មានករណី គំរាមកំហែង អំពី សង្គ្រាម, ការគំរាម សម្លាប់
និងការ គាបសង្កត់ មកលើ គណបក្ស សង្គ្រោះជាតិ តាំងពី ឆ្នាំ២០១៤
មកម្ល៉េះ។ ជាមួយគ្នានេះ ប្រព័ន្ធ ផ្សព្វផ្សាយ របស់រដ្ឋ
ក៏មិនបាន គោរព តាមការ ណែនាំ របស់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត
(គ.ជ.ប.) ផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីយប់ថ្ងៃទី៤ ខែមិថុនា ដែលជាថ្ងៃបោះឆ្នោតឃុំ-សង្កាត់
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម
សុវណ្ណ មានប្រសាសន៍ថា បរិយាកាសនយោបាយមុនពេលបោះឆ្នោត
និងអំឡុងពេលឃោសនាបោះឆ្នោត
គណបក្សរបស់លោកទទួលរងនូវការគំរាមកំហែងរាប់ចាប់តាំងពីការគំរាមសម្លាប់ទៅលើថ្នាក់ដឹកនាំគណបក្ស
វោហារសាស្ត្រអំពីសង្គ្រាម
និងការកម្លាចៗនានាដែលបង្កឲ្យមានការភ័យខ្លាចទៅដល់ប្រជាពលរដ្ឋ។
លោក យឹម សុវណ្ណ ថានេះគឺជាបញ្ហាមួយដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលនៃការបោះឆ្នោត៖ «ខ្ញុំសូមបញ្ជាក់ថា
បរិយាកាសនយោបាយគឺមានការអាក្រក់បំផុត
បើប្រៀបធៀបទៅនឹងការបោះឆ្នោតលើកមុនៗ។ ក្នុងរយៈពេល ៤ឆ្នាំនេះ
គឺយើងរងការគាបសង្កត់ពីគណបក្សកាន់អំណាចខ្លាំងណាស់។
យើងស្ទើរតែគ្មានពេលដើម្បីទៅធ្វើសកម្មភាពនៅថ្នាក់មូលដ្ឋាន។
យើងទើបតែចាប់ផ្ដើមធ្វើសកម្មភាពបានប្រហែលជា ៤ ឬ
៥ខែចុងក្រោយនេះទេ។»
លោក យឹម សុវណ្ណ ថ្លែងបន្តថា
ចំណុចសំខាន់គឺការគាបសង្កត់មកលើគណបក្សសង្គ្រោះជាតិ
កើតមានចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ
គឺគណបក្សរបស់លោកទទួលរងនូវការគំរាមកំហែងសព្វគ្រប់បែបយ៉ាង
រហូតទាល់តែមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ
ដែលគោលបំណងគឺដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ចោលតែម្តង។
លោកបន្តថា នៅទីបំផុតទៅ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ
ក៏មិនបានចូលរួមមកដឹកនាំគណបក្ស ហើយថាតំណាងរាស្ត្រ
សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំគណបក្សរបស់លោក បណ្ដាញសង្គមស៊ីវិល
ក៏ដូចជាមន្ត្រី គ.ជ.ប ក៏បានទទួលរងនូវការគំរាមកំហែងរហូតទាល់តែមានការចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ ជាដើម។
ក្រៅពីនេះ លោកបញ្ជាក់ថា
ប្រព័ន្ធផ្សព្វផ្សាយទាំងរបស់រដ្ឋ និងឯកជន ជាពិសេសទូរទស្សន៍របស់ឯកជន
មិនបានគោរពទៅតាមសេចក្តីណែនាំរបស់ គ.ជ.ប ឡើយ។
លោក យឹម សុវណ្ណ
ក៏បានលើកឡើងផងដែរទាក់ទងនឹងភាពមិនប្រក្រតីមួយចំនួននៃការចុះឈ្មោះបោះឆ្នោត។
លោកថា មានប្រជាពលរដ្ឋប្រមាណជិត ២លាននាក់ មិនបានចុះឈ្មោះបោះឆ្នោត
ពីព្រោះថាពលរដ្ឋទាំងនោះធ្វើការនៅក្រៅប្រទេស។ លោកបន្តថា
លទ្ធផលនៃអ្នកដែលបានចូលរួមបោះឆ្នោតនៅពេលនេះ
គឺក្នុងចំណោមអ្នកចុះឈ្មោះជាង ៧លាន ៨សែននាក់
ពលរដ្ឋដែលបានទៅបោះឆ្នោតមានតែ ៦លាន ៧សែននាក់ប៉ុណ្ណោះ។
ពោលគឺមានពលរដ្ឋប្រមាណជាង ១លាន ១សែននាក់ ពុំបានទៅបោះឆ្នោត
ដោយសារតែរដ្ឋាភិបាលមិនអនុញ្ញាតឲ្យកម្មករឈប់សម្រាកបន្ថែម
ដើម្បីមានពេលវេលាគ្រប់គ្រាន់អាចទៅបោះឆ្នោតនៅតាមទីកន្លែងដែលពួកគេបានចុះឈ្មោះបោះឆ្នោត។
លោក យឹម សុវណ្ណ ថ្លែងថា៖ «អ៊ីចឹងតួលេខនេះ
បើមើលមែនទែនទៅ គឺខ្លឹមសារ ន័យពិតប្រាកដគឺគណបក្សសង្គ្រោះជាតិ
ឈ្នះរួចទៅហើយ។ តែនេះគឺដោយសារលក្ខណៈបច្ចេកទេស
ការដែលរៀបចំមិនទាន់បានល្អ
ហើយនឹងបញ្ហាផ្សេងៗទៀតដូចជាការបិទទ្វារបិទបង្អួចមិនឲ្យសាធារណជនមើលឃើញការរាប់សន្លឹកឆ្នោត
ការទិញភ្នាក់ងារគណបក្សដូចនៅសង្កាត់អូរឫស្សី២
គឺគេទិញភ្នាក់ងារយើងយកតែម្តង។ ហើយនៅខេត្តមួយចំនួនទៀត
ក៏បាត់ភ្នាក់ងារ ហើយយើងរកភ្នាក់ងារបន្ថែមអត់បាន។
ដូច្នេះបើកឱកាសឲ្យគេអាចធ្វើអ្វីៗបាននៅក្នុងការិយាល័យបោះឆ្នោតហ្នឹង។
ហើយការបង្ខំឲ្យភ្នាក់ងាររបស់យើងចុះហត្ថលេខាមុន
ហើយការដែលចុះហត្ថលេខាមុននេះ
គឺបើកចន្លោះឲ្យគេអាចនឹងកែតួលេខបានយ៉ាងងាយស្រួល។»
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ ថ្លែងទទួលស្គាល់ថា ចំពោះការរៀបចំរបស់ គ.ជ.ប
នៃការបោះឆ្នោត
បើទោះជាមានចំណុចខ្វះខាតដែលត្រូវកែលំអសម្រាប់ឆ្នាំ២០១៨ ក៏ដោយ
ប៉ុន្តែលោកថា
គណបក្សរបស់លោកអាចទទួលយកបាននូវទង្វើនៃការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
No comments:
Post a Comment