ក្រុមទាហានចុះសម្របសម្រួលជាមួយមន្ត្រីបរិស្ថាន និងប្រជាសហគមន៍នៅក្នុងទីតាំងជម្លោះដីព្រៃ នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។ RFA/San Sel |
ពលរដ្ឋ នៅខេត្ត កំពង់ស្ពឺ ថា ក្រុមទាហាន ឈូសរំលោភ ចូលដីព្រៃ សហគមន៍
RFA / វិទ្យុ អាស៊ី សេរី | ២៩ មិថុនា ២០១៧
ប្រជាសហគមន៍ ដែលមានទំនាស់ ដីធ្លី នៅឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ អះអាង ថា, ទាហាន កងថ្មើរជើង លេខ៧០ បានប្រើ គ្រឿងយន្ត ឈូសឆាយ ដី ចូលតំបន់ ព្រៃសហគមន៍, ក៏ប៉ុន្តែ ទាហានបដិសេធ ថា មិនបាន ឈូសរំលោភ ដីព្រៃសហគមន៍ទេ។ជម្លោះដីធ្លីរវាងសហគមន៍អម្ពរស្រែពស់ និងក្រុមទាហានចំនួន ១២គ្រួសារលើដីព្រៃទំហំប្រមាណ ៧៨ហិកតារ (៧៧,៩៥ហិកតារ) ដែលសហគមន៍បានចោទទាហានថាបានរំលោភយកដីព្រៃសហគមន៍ បានឈានដល់ការទទួលយកដំណោះស្រាយដែលសម្របសម្រួលដោយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីសប្ដាហ៍មុន។
មន្ត្រីបរិស្ថាន បានវាស់វែងកំណត់ព្រំដីដើម្បីសម្គាល់ដីព្រៃសហគមន៍ និងដីព្រៃសម្បទានដែលទាហានទទួលបានក្នុងការទប់ស្កាត់ទាហានពីការឈូសឆាយដីព្រៃសហគមន៍។
ក៏ប៉ុន្តែនៅថ្ងៃទី២៧ មិថុនា អ្នកភូមិដែលតាមឃ្លាំមើលការឈូសដីព្រៃរបស់ទាហាន អះអាងថា ក្រុមទាហានបានឈូសចូលដីព្រៃសហគមន៍អស់ទំហំ ៥០ម៉ែត្រគុណ ២០០ម៉ែត្រនៅត្រង់ចំណុចអក្សរស៊ី (C) និង ឌី (D) ដៅដោយប្រព័ន្ធ ជីភីអេស (GPS)។
លោក ឈន ធា ដែលជាពលរដ្ឋចុះល្បាតព្រៃ ចោទទាហានថាបំពានការកំណត់របស់មន្ទីរបរិស្ថាន៖ «កូនចៅទាហានប្រើអាអិច (គ្រឿងយន្តឈូសឆាយដី) ឈូសដីលើសពីលេខ (ទីតាំង) ដែលបានកំណត់ បណ្ដាលឈូសដល់ដីសហគមន៍។»
ក្រុមទាហានច្រានចោលការលើកឡើងនេះ។ លោក ឯម ម៉ៅ ដែលដឹកនាំក្រុមទាហានឈូសដីព្រៃ បញ្ជាក់ថា ពួកគេធ្វើត្រឹមត្រូវតាមការកំណត់៖ «អត់មានចូលដីសហគមន៍ទេ។ អត់មានចូល អត់មានអីទេ។»
លោកឲ្យដឹងថា ក្រុមលោកបានឈូសដីជិត ៨០ហិកតារជិតរួចរាល់ហើយ៖ «៥០ម៉ែត្រ ១០០ម៉ែត្រទៀតរួចហើយ។»
បើយោងតាមអនុប្រធានមន្ទីរបរិស្ថាន លោក នៅ ណាក់ ដែលចុះសម្របសម្រួលករណីនេះ ទាហានពិតជាបានឈូសព្រៃឆ្លងចូលដីសហគមន៍នៅត្រង់ចំណុចអក្សរអ៊ី (E)៖ «លើសប្រហែល ២០ ទៅ ៣០ម៉ែត្រទេ។ តែយើងបានឲ្យទាហានថយអាត្រាក់ មកកាយត្រឹមព្រំដែលយើងធ្វើថ្មី»
នៅពេលសម្របសម្រួលដើរវាស់វែងព្រំដីហើយកាលពីសប្ដាហ៍មុន មន្ទីរបរិស្ថាន ធានាថា នឹងដាក់មន្ត្រីរបស់ខ្លួនឃ្លាំមើលក្រុមទាហានឈូសឆាយដី ដើម្បីបញ្ចៀសកុំឲ្យឈូសបំពានលើដីសហគមន៍។
លោក នៅ ណាក់ ពន្យល់ថា ការដែលឈូសដីចូលដីសហគមន៍ បានកើតឡើងដោយក្រុមលោកមិនបានចុះទៅតាមអង្កេត៖ «ដោយសារតែគាត់ (ទាហាន) អត់បានហៅមន្ត្រីរបស់យើងចូលរួម។ យើងស្មានតែគាត់ដឹងព្រំហើយអស់ហើយ ក៏មិនបានបញ្ចូលមន្ត្រីរបស់យើងចូលរួមទៅ។»
បច្ចុប្បន្ន មន្ទីរបរិស្ថាន កំពុងស្រង់ឈ្មោះពលរដ្ឋដើម្បីរៀបចំបង្កើតសហគមន៍អភិរក្សព្រៃឈើឡើងវិញ បន្ទាប់ពីសហគមន៍ចាស់អស់សុពលភាព ហើយពួកគេនឹងជួបជជែកគ្នានៅថ្ងៃទី៣ កក្កដា ខាងមុខ៕
No comments:
Post a Comment