ដើមឈើដែលត្រូវគេកាប់រំលំនៅក្នុងព្រៃព្រះរកា ឋិតក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកជ័យសែន ខេត្តព្រះវិហារ។ រូបថតថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ RFA/Chuop Sereyroth |
ជនជាតិដើម ភាគតិច ឃុំ ប្រមេរុ ជំរុញឲ្យ មេឃុំថ្មី ទប់ស្កាត់ ការកាប់ឈើ នៅព្រៃ ព្រះ រកា
RFA / វិទ្យុ អាស៊ី សេរី | ៧ មិថុនា ២០១៧
ជនជាតិដើម ភាគតិច កួយ នៅឃុំ ប្រមេរុ ស្រុក ត្បែងមានជ័យ ខេត្ត ព្រះវិហារ អះអាង ថា មានជន ខិលខូច ជាច្រើន នៅតែ បន្ត សកម្មភាព កាប់ឈើ នៅក្នុង តំបន់ ព្រៃព្រះរកា យកទៅធ្វើ អាជីវកម្ម ខុសច្បាប់ មិន ថយចុះទេ។
សកម្មភាពកាប់បំផ្លាញព្រៃឈើ បានកើតមានយ៉ាងខ្លាំងនៅក្នុងអំឡុងពេលដែលគណបក្សនយោបាយ ជាប់ដៃធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងរយៈពេលកន្លះខែមកនេះ។
ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចង់ឲ្យមេឃុំថ្មីមកពីគណបក្សប្រជាជនកម្ពុជា ដែលនឹងឡើងកាន់តំណែងនៅពេលខាងមុខ ចាត់វិធានការដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃព្រះរកាឲ្យមានប្រសិទ្ធភាព។
ជនជាតិដើមភាគតិចកួយ ម្នាក់ក្នុងចំណោមជាច្រើនទៀត គឺលោក សិទ្ធិ សាវន។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី៧ ខែមិថុនា ថា តាំងតែពីថ្ងៃដែលគណបក្សនយោបាយទាំងអស់ចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរហូតមកដល់ពេលនេះ គឺក្រុមជនខិលខូចកាន់តែមានឱកាសលួចចូលទៅកាប់ឈើក្នុងតំបន់ព្រៃព្រះរកាយ៉ាងខ្លាំង៖ «បន្ទាប់ពីបោះឆ្នោតរួចហើយ ស្អែកឡើងគឺមនុស្សជាច្រើននៅតែសម្រុកចូលព្រៃព្រះរកា ដើម្បីកាប់ឈើ។ ឈើដែលគេកាប់ គឺដឹកចេញពីព្រៃជារៀងរាល់ថ្ងៃ ជួនកាលខ្ញុំឃើញ ២-៣គោយន្ត ជួនកាល ៤-៥គោយន្តក៏មាន។»
ស្ត្រីជនជាតិដើមភាគតិចកួយ ម្នាក់ទៀត លោកស្រី រឿង ខាន់ ក៏សម្ដែងការព្រួយបារម្ភប្រហាក់ប្រហែលគ្នាដែរ។ លោកស្រីមានសង្ឃឹមតិចតួចទៅលើមេឃុំថ្មី ដែលអាចនឹងទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃព្រះរកានោះ៖ «ខ្ញុំចង់ឲ្យមេឃុំថ្មី ទទួលខុសត្រូវ និងមានវិធានការទៅលើការបាត់បង់ព្រៃឈើ និងធនធានធម្មជាតិ រួមទាំងបញ្ហាជម្លោះដីធ្លីផងដែរ ប៉ុន្តែមិនសង្ឃឹមថាមេឃុំថ្មីនេះ អាចនឹងធ្វើបានទេ។»
ទោះបីជាយ៉ាងណា អាស៊ីសេរី មិនទាន់អាចទាក់ទងមេឃុំថ្មី ដែលនឹងឡើងកាន់តំណែង លោក ធាន ហេង ដើម្បីឆ្លើយតបនឹងកង្វល់របស់ពលរដ្ឋទាំងនោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី៧ ខែមិថុនា។
ព្រៃព្រះរកា ដែលលាតសន្ធឹងលើផ្ទៃដីជាង ៩ម៉ឺន ៦ពាន់ហិកតារ នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខេត្តព្រះវិហារ គឺទទួលរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់រយៈពេល ៣-៤ឆ្នាំមកហើយ។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ មានប្រសាសន៍ថា អាជ្ញាធរគួរតែការពារព្រៃឈើនៅតំបន់ព្រៃព្រះរកា ឲ្យបានគង់វង្ស ពីព្រោះព្រៃព្រះរកា គឺព្រៃធំ ដែលនៅសេសសល់ចុងក្រោយរបស់កម្ពុជា បន្ទាប់ពីតំបន់ព្រៃឡង់ ដែលទទួលរងការកាប់បំផ្លាញស្ទើរតែទាំងស្រុងទៅហើយនោះ៕
No comments:
Post a Comment