រដ្ឋាភិបាល ស៊ើបអង្កេត លើ NGO ដែលនៅ ពីក្រោយ របាយការណ៍ រិះគន់
|
ជាង ១ខែ បន្ទាប់ ពីអះអាង ថា ខ្លួន បានបើក ការស៊ើបអង្កេត លើសេចក្តី រាយការណ៍ ថ្មីៗ អំពី ការជួញដូរ ឈើ យ៉ាងគគ្រឹកគគ្រេង រវាង ប្រទេស កម្ពុជា និងវៀតណាម, ក្រសួង បរិស្ថាន មិនទាន់ និយាយ នៅឡើយ ទេ ថា, តើ មានវិធានការ បែបណា ប្រសិនបើ ករណីនេះ កំពុង តែ បន្ត កើតឡើង ដូចការ ចោទប្រកាន់ មែន, ប៉ុន្តែ បែរ ជាបញ្ជាក់ ថា, អង្គការ មិនមែន រដ្ឋាភិបាល មានមូលដ្ឋាន នៅចក្រភព អង់គ្លេស ដែលបាន លាតត្រដាង ពីវិសាលភាព នៃបញ្ហានេះ កំពុង ស្ថិតក្រោម ការស៊ើបអង្កេត ទៅវិញ។
ទន្ទឹមនេះ តួលេខ នាំចូល ឈើ ចុងក្រោយ បានពីប្រទេស វៀតណាម បង្ហាញថា, ការរត់ពន្ធ ឈើ បានធ្លាក់ចុះ គួរ ឱ្យកត់សម្គាល់, ប៉ុន្តែ វា នៅតែ មានទំហំ ទឹកប្រាក់ ជាច្រើន លានដុល្លារ។
ប្រតិកម្មតប ទៅនឹង សេចក្ដីរាយការណ៍ កាលពីពេល ថ្មីៗនេះ ដោយអង្គការ ទីភ្នាក់ងារ ស៊ើបអង្កេត បរិស្ថាន (Environment Investigation Agency, ហៅកាត់ EIA) ដែលលាតត្រដាង ពីការ កាប់ឈើ ខុសច្បាប់ ទ្រង់ទ្រាយ ឧស្សាហកម្ម នៅក្នុង ខេត្ត រតនគិរី ដោយក្រុមហ៊ុន វៀតណាម ដែលមាន ការសម្របសម្រួល តាមរយៈ អំពើ ពុករលួយ នៅមូលដ្ឋាន, លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន បានលើកឡើង កាលពីថ្ងៃ ទី១៤ ខែឧសភា ថា, លោក កំពុង ស៊ើបអង្កេត លើការ អះអាង ទាំងនេះ។
នៅសប្ដាហ៍នេះ រដ្ឋមន្ត្រី រូបនេះ បានបញ្ជាក់ ថា, ការស៊ើបអង្កេត កំពុង តែ បន្ត, ប៉ុន្តែ បានបដិសេធ មិនឆ្លើយ សំណួរ ផ្សេង ទៀតទេ។
ទោះជាយ៉ាងណា លោកបានលើកឡើងបន្ថែមថា ការស៊ើបអង្កេតនេះរួមមានការពិនិត្យមើលដោយយកចិត្តទុកដាក់ទៅលើលក្ខណសម្បត្តិរបស់អង្គការ EIA និងអ្នកគាំទ្ររបស់ខ្លួន ហើយបានចោទសួរពីសុច្ចរិតភាពរបស់អង្គការនេះ។ លោកថ្លែងថា “យើងមិនដឹងទេពីភាពគួរឱ្យជឿទុកចិត្តបានរបស់អង្គការ EIA ។ យើងមិនដឹងថាអ្នកណានៅពីក្រោយពួកគេទេ”។
លោក សាយ សំអាល់ បានបដិសេធមិនប្រាប់ថាតើលោកមានហេតុផលអ្វីដែលត្រូវសង្ស័យលើមូលហេតុរបស់អង្គការ EIA ឡើយ។ លោកមានប្រសាសន៍ថា “យើងមិនដែលឮពីអង្គការ EIA ទេពីមុនមក។ ដូច្នេះពេលទំនាក់ទំនងជាមួយអង្គការថ្មី យើងត្រូវពិនិត្យមើលផង”។
នៅលើគេហទំព័ររបស់ខ្លួន អង្គការ EIA និយាយថា ២០ភាគរយនៃថវិការបស់ខ្លួនទទួលបានពីការបរិច្ចាគរបស់សាធារណជន ហើយសល់ប៉ុន្មានទទួលបានពីមូលនិធិ និងស្ថាប័ននានារបស់រដ្ឋាភិបាល។ អង្គការនេះចាត់ទុកបេសកកម្មរបស់ខ្លួនថាជាបេសកកម្មស៊ើបអង្កេតបទល្មើសព្រៃឈើនៅជុំវិញពិភពលោក ហើយតស៊ូមតិដើម្បីការផ្លាស់ប្ដូរដ៏មានន័យ និងការធ្វើកំណែទម្រង់គោលនយោបាយ។
រដ្ឋាភិបាលមានទម្លាប់ចោទប្រកាន់អង្គការមិនមែនរដ្ឋាភិបាលនានាដែលរិះគន់សកម្មភាព និងគោលនយោបាយរបស់ខ្លួនថាទទួលបញ្ជាពី “ជនបរទេស” មិនបញ្ជាក់ច្បាស់លាស់ដែលមានបំណងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដល់នូវក្ដីអន្តរាយ។ប៉ុន្មានថ្ងៃមុនការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួនជាមួយនឹងម្ចាស់ជំនួយបរទេសបានស្ថិតក្រោមការអង្កេតតាមទាន់ទាក់ទិនការជួយគណបក្សប្រឆាំង ប៉ុន្តែក្រោយមកបានទទួលស្គាល់ថា លោកលើកឡើងបែបនេះគ្រាន់តែដើម្បីបំភ័យពួកគេប៉ុណ្ណោះ។
នៅពេលអង្គការក្លូបល វីតណេស (Global Witness) ជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានចេញរបាយការណ៍ផ្ទាល់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកស្ដីពីការកាប់ឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលរាលដាលកាន់តែខ្លាំងដោយសារមានអំពើពុករលួយក្នុងមូលដ្ឋាននោះ រដ្ឋាភិបាលបានប្រតិកម្មតបវិញតាមរយៈការដកហូតច្បាប់ចម្លងនៃរបាយការណ៍នោះ ហើយបានថ្កោលទោសអង្គការនេះ ព្រមទាំងបណ្ដេញបុគ្គលិករបស់អង្គការនេះចេញពីប្រទេសកម្ពុជាទៀតផង។ ក្នុងចំណោមមន្ត្រី និងពាណិជ្ជករស្ដុកស្ដម្ភដែលត្រូវបានលាតត្រដាងក្នុងរបាយការណ៍ទាំងនោះ មិនទាន់មានអ្នកណាម្នាក់ទទួលការកាត់ទោសនៅឡើយទេ។
លោក ចាហ្គោ វ៉ាដលី (Jago Wadley) អ្នកធ្វើយុទ្ធនាការព្រៃឈើជាន់ខ្ពស់នៃអង្គការ EIA បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញការលើកឡើងចុងក្រោយនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប៉ុន្តែមានប្រសាសន៍ថា លោកមិនដឹងទេថា តើរដ្ឋាភិបាលកម្ពុជាបានព្យាយាមទាក់ទងមកអង្គការនេះសួរនាំទាក់ទិនសេចក្តីរាយការណ៍របស់ខ្លួនឬក៏អត់។
ទោះជាយ៉ាងណា លោកថ្លែងថា នៅសប្តាហ៍នេះអង្គការ EIA ពិតជាបានជួបជាមួយមន្ត្រីវៀតណាម ដែលកំពុងចរចាចុះកិច្ចព្រមព្រៀងជួញដូរឈើហ៊ុបជាមួយសហភាពអឺរ៉ុប។ មន្ត្រីទាំងនោះបានប្រាប់អង្គការមិនមែនរដ្ឋាភិបាលមួយនេះថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាលខ្លួនលើការរត់ពន្ធឈើឆ្លងដែនកំពុងតែបន្ត។
លោក ចាហ្កោ វ៉ាដលី បានថ្លែងថា “ទោះជាយ៉ាងណា លក្ខណៈ វិសាលភាព និងការពិតនៃការស៊ើបអង្កេតនេះមិនទាន់មានការបញ្ជាក់នៅឡើយទេ ហើយក៏មិនទាន់មានការទំនាក់ទំនងជាសាធារណៈដែររហូតមកទល់ពេលនេះ”។
កាលពីខែមុន សហភាពអឺរ៉ុបបាននិយាយថា មន្ត្រីវៀតណាមក៏បានប្រាប់ខ្លួនដែរថា ពួកគេកំពុងតែបន្តស៊ើបអង្កេត។
អង្គការ EIA ដែលបានបញ្ជូនក្រុមស៊ើបការណ៍សម្ងាត់មកកាន់កម្ពុជា និងទៅកាន់វៀតណាម អំឡុងរដូវប្រាំងកន្លងទៅនិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងបញ្ជាក់ថាក្រុមហ៊ុនវៀតណាមដែលសូកប៉ាន់មន្ត្រីមូលដ្ឋានរាប់លានដុល្លារដើម្បីកាប់ឈើនៅក្នុងតំបន់ព្រៃការពារ ហើយបានរត់ពន្ធឈើប្រមាណ៣០០.០០០ម៉ែត្រគូបឆ្លងដែនក្នុងរយៈពេលប៉ុន្មានខែ។ ដោយមិនអើពើនឹងបម្រាមដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកាលពីខែមករា ឆ្នាំ២០១៦ លើការនាំចេញឈើទៅកាន់ប្រទេសវៀតណាម។ ប្រទេសវៀតណាមបានកត់ត្រាឈើខុសច្បាប់ទាំងនេះយ៉ាងយត្រឹមត្រូវ ហើយបានលាងវាចូលទៅក្នុងទីផ្សារឈើ៕ សុខុម
No comments:
Post a Comment