លោក សម រង្ស៊ី ចូលរួមកម្មវិធីទូរទស្សន៍អាស៊ីសេរី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។ RFA |
មន្ត្រី បក្សប្រឆាំង ថា ជំនួបពួកគេ ជាមួយ លោក សម រង្ស៊ី នៅហុងកុង ជាជំនួប ចុងក្រោយ
RFA / វិទ្យុ អាស៊ី សេរី | ១៥ កក្កដា ២០១៧
មន្ត្រី ជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បានអះអាង ថា ជំនួប របស់ មន្ត្រី ជាន់ខ្ពស់ គណបក្សនេះ ជាមួយ លោក សម រង្ស៊ី ជាជំនួប ចុងក្រោយ ហើយ។ ការលើកឡើង ដូច្នេះ ស្របពេល មន្ត្រី ជាន់ខ្ពស់ របស់ គណបក្ស សង្គ្រោះជាតិ ជិត ៤០នាក់ នាំគ្នា ស្កាត់ទៅជួប លោក សម រង្ស៊ី អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ នៅទីក្រុង ហុងកុង ដែលនៅពេលនេះ មន្ត្រី គណបក្សប្រឆាំង មួយចំនួន បានវិលត្រឡប់ មកប្រទេស កម្ពុជា វិញ និងអ្នក ផ្សេងទៀត កំពុងជួបប្រជុំ ជាមួយលោក សម រង្ស៊ី នៅឡើយ។
បើទោះជាច្បាប់គណបក្សនយោបាយកែប្រែថ្មីមិនទាន់ចូលជាធរមាន ដែលច្បាប់នេះតម្រូវឲ្យគណបក្សនយោបាយ ដករូប សំឡេង និងសកម្មភាពរបស់ទណ្ឌិតចេញពីគណបក្សក្តី។ ប៉ុន្តែអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ យល់ថា ការជួបគ្នារបស់អ្នកស្រីជាមួយលោក សម រង្ស៊ី ដែលសព្វថ្ងៃលោកកំពុងមានទោសនោះ គឺជាជំនួបចុងក្រោយ។
ទោះបែបនេះក្តី អ្នកស្រី មូរ សុខហួរ មិនបានប្រាប់ឲ្យដឹងពីខ្លឹមសារនៃកិច្ចប្រជុំនោះទេ ហើយអ្នកស្រីថា ជំនួបនេះក៏មិនមែនជាជំនួបផ្លូវការអ្វីដែរ។ យ៉ាងណាក៏ដោយចុះ អ្នកវិភាគនយោបាយយល់ថា កិច្ចប្រជុំដ៏កម្រ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ច្រើនរូប ទៅជួបលោក សម រង្ស៊ី ដូច្នេះអាចនឹងនិយាយទាក់ទងនឹងការកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយថ្មី ដែលហាមទណ្ឌិតកុំឲ្យលូកលាន់ក្នុងកិច្ចការគណបក្សនយោបាយ និងផែនការឆ្ពោះទៅការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។
អ្នកស្រី មូរ សុខហួរ ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី១៥ ខែកក្កដា គឺក្រោយពេលអ្នកស្រីបានជួបលោក សម រង្ស៊ី ថា ទោះគណបក្សសង្គ្រោះជាតិ មើលឃើញថា ការកែច្បាប់ស្ដីពីគណបក្សនយោបាយថ្មីរបស់គណបក្សប្រជាជនកម្ពុជា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ប៉ុន្តែនៅពេលច្បាប់នេះចូលជាធរមាន គណបក្សសង្គ្រោះជាតិ ត្រូវតែគោរពតាម។
អនុប្រធានគណបក្សសង្គ្រោះជាតិ រូបនេះ មិនទាន់ប្រាប់ពីគម្រោងដករូប សំឡេង និងសកម្មភាពរបស់លោក សម រង្ស៊ី ចេញពីគណបក្សសង្គ្រោះជាតិ នៅពេលណា និងថាតើកាត់ផ្ដាច់ទំនាក់ទំនងលោក សម រង្ស៊ី ដោយរបៀបណានៅឡើយទេ៖ «ជាចុងក្រោយហើយចំពោះខ្ញុំ ដូច្នេះទើបយើងប្រញាប់ប្រញាល់ទៅ (ហុងកុង)។ យើងត្រឡប់មកវិញធ្វើការងារនៅមូលដ្ឋាន។»
ដូចគ្នានេះដែរ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបង្ហោះសារដោយភ្ជាប់ជាមួយរូបថតលោក សម រង្ស៊ី តាមហ្វេសប៊ុក (Facebook) របស់លោក កាលពីយប់ទី១៤ ខែកក្កដា ថា៖ «មនុស្សដែលពួកយើង និងប្រជាពលរដ្ឋគោរព ស្រលាញ់ មិនអាចបំភ្លេចបានឡើយ ទោះបីបន្តិចទៀតនេះច្បាប់តម្រូវឲ្យយើងដករូប សំឡេង និងសកម្មភាពរបស់គាត់ចេញពីគណបក្សសង្គ្រោះជាតិ ក៏ដោយ។»
ក្នុងរូបភាពដែលមន្ត្រីគណបក្សសង្គ្រោះជាតិ ជិត ៤០នាក់ បានទៅជួបលោក សម រង្ស៊ី នៅទីក្រុងហុងកុង ហើយត្រូវបានបង្ហោះដោយមន្ត្រីគណបក្សនេះ មិនឃើញមានរូបលោក កឹម សុខា នៅទីនោះទេ។
អ្នកវិភាគនយោបាយ លោក សូ ចន្ថា យល់ថា ជំនួបរវាងលោក សម រង្ស៊ី ជាមួយមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អាចជាជំនួបចុងក្រោយ ដូច្នេះលោកថា ជំនួបនេះអាចជាសារនយោបាយបង្ហាញទៅគណបក្សនយោបាយជាគូប្រកួតប្រជែងថា លោក សម រង្ស៊ី នៅតែជាមេដឹកនាំនយោបាយសំខាន់ដែលមិនអាចខ្វះបាន ទោះបីស្ថិតក្នុងកាលៈទេសៈណាក្តី។ ទោះមន្ត្រីគណបក្សប្រឆាំងអះអាងថា ជំនួបពួកគេជាការជួបគ្នាធម្មតា ប៉ុន្តែលោក សូ ចន្ថា លើកឡើងថា គណបក្សនេះត្រូវមានផែនការយុទ្ធសាស្ត្រច្រើនទៀត ដើម្បីអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខបាន៖ «គណបក្សមួយនេះគួរមានយុទ្ធសាស្ត្របែបណាត្រៀមខ្លួនដើម្បីបញ្ចៀសបានទណ្ឌកម្ម ឬការសម្រេចមួយចំនួនដែលអាចជាការរំលាយគណបក្សដែលផ្អែកតាមច្បាប់ស្ដីពីគណបក្សនយោបាយថ្មី។»
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រេចកែច្បាប់ស្ដីពីគណបក្សនយោបាយ យ៉ាងប្រញាប់តាមការចង់បានរបស់ប្រធានរបស់ខ្លួន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយរដ្ឋសភាអនុម័តកាលពីថ្ងៃទី១០ ខែកក្កដា នៅពេលនេះ វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយបានដល់ដៃព្រឹទ្ធសភាហើយ។
ខ្លឹមសារដែលកែប្រែថ្មី ហាមគ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន។
ចំពោះទោសទណ្ឌដល់គណបក្សនយោបាយដែលបានប្រព្រឹត្តផ្ទុយពីច្បាប់នេះវិញ គឺតុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយនោះមិនលើសពី ៥ឆ្នាំ ឬអាចរំលាយគណបក្សនោះចោលតែម្ដង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ការធ្វើច្បាប់នេះមិនសំដៅទៅលើបុគ្គលណាមួយឡើយ ប៉ុន្តែលោកថា នៅពេលនេះ ច្បាប់គណបក្សនយោបាយថ្មីចូលជាធរមាន កុំថាឡើយដករូប សំឡេង លោក សម រង្ស៊ី សូម្បីស្រមោលលោក សម រង្ស៊ី ក៏គណបក្សសង្គ្រោះជាតិ ត្រូវកាត់ផ្ដាច់ចេញដែរ ត្បិតអីលោក សម រង្ស៊ី ជាទណ្ឌិត៖ «មិនឲ្យមករូបភាព សំឡេង ស្រមោល ឬមួយក៏វីដេអូឃ្លីបមកដាក់ដូចមុនបានទេ។»
ចំណែកនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់ទុកការអនុម័តវិសោធនកម្មលើកទីពីរលើច្បាប់ស្ដីពីគណបក្សនយោបាយថា កំពុងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ហើយលោករំពឹងថា សហគមន៍អន្តរជាតិនឹងមិនឈរឱបដៃមើលឲ្យលោក ហ៊ុន សែន ធ្វើអ្វីស្រេចតែអំពើចិត្តបាននោះទេ។
លោក សម រង្ស៊ី សព្វថ្ងៃកំពុងជាប់ទោសយ៉ាងច្រើនពីតុលាការក្រុងភ្នំពេញ ដែលតុលាការរងការចោទប្រកាន់ថា ទទួលសម្ពាធពីអ្នកនយោបាយ៕
The YUON's CPP rank and file, doctors, lawyers, business communities big and small and the Cambodian youth will discreetly abandon Hun Sen on this 2018 election for the CNRP with or without Kem Sokha and Sam raingsy. And there is nothing HUN SEN can do about it. They will take HUN SEN's money to discreetly vote for the CNRP... Bravo the Khmer people [without Hun Sen]!!!
ReplyDeleteDelusional.
DeleteYup, the end of the road for the YUON's troll here on T2P and everywhere else as we know it!
Delete