Paris Peace Accords 23 Oct. 1991

Thursday, July 13, 2017

លោក ប្រ៊ែដ អាដាម ថា, ​លោក ហ៊ុន សែន សម្លាប់​ ប្រជាធិបតេយ្យ​ នៅ​កម្ពុជា | Brad Adams says Hun Sen killing democracy in Cambodia

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។

លោក ប្រ៊ែដ អាដាម ថា, ​លោក ហ៊ុន សែន សម្លាប់​ ប្រជាធិបតេយ្យ​ នៅ​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ១៣ កក្កដា ២០១៧

នាយក​ប្រតិបត្តិ​ ទទួល​បន្ទុក​ កិច្ចការ​ តំបន់​អាស៊ី ​របស់ ​អង្គការ ​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ ការ​អនុម័ត​ វិសោធនកម្ម​ លើក​ទី​ពីរ​ លើ​ច្បាប់ ​ស្ដីពី​ គណបក្ស​ នយោបាយ​ របស់​ តំណាងរាស្ត្រ​ គណបក្ស​ កាន់​អំណាច​ របស់​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ សប្ដាហ៍​នេះ ថា ​កំពុង ​សម្លាប់​ ប្រជាធិបតេយ្យ​ នៅ​កម្ពុជា, ហើយ​ លោក​ រំពឹង ​ថា សហគមន៍​ អន្តរជាតិ​ នឹង​មិន​ ឈរ​ឱប​ដៃ​ មើល ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​អ្វី​ ស្រេច​តែ​ អំពើ​ចិត្ត​ បាន​នោះ​ទេ។

លោក មួង ណារ៉េត៖ លោក​ ធ្លាប់​មាន ​ប្រសាសន៍ ​ថា, បើ​ ច្បាប់ ​ស្ដីពី​ គណបក្ស​ នយោបាយ​នេះ ​ចូល​ជា​ធរមាន នោះ ​ប្រជាធិបតេយ្យ​ នឹង​ឈាន​ដល់​ ទី​អវសាន។  តើ​ លោក​ យល់​យ៉ាង​ដូចម្តេច​ ទៅ​វិញ ចំពោះ​ ការ​អនុម័ត​ ច្បាប់​ ដែល​រឹតត្បិត​ សិទ្ធិ​សេរីភាព​នៃ​ជីវភាព​ នយោបាយ ​របស់ ​មនុស្ស ​ដូច្នេះ?

លោក ប៊្រែដ អាដាម៖ គ្មាន​ អ្វី​ ដែល​ត្រូវ​ ភ្ញាក់ផ្អើល ​នោះ​ទេសារជាតិ​ភាព ​ដឹកនាំ ​របៀប​ផ្ដាច់ការ គឺ ​គេ​ ធ្វើ​តែ​ អ៊ីចឹង​ឯងគេ​ នាំ​គ្នា ​ប្រជុំ​ តែ​ គ្នា​គេ រួច​លើក​ដៃ​ អនុម័ត​ច្បាប់​ តាម​តែ​ អំពើ​ចិត្ត​ របស់ ​ពួក​ខ្លួន។  បំណង​ របស់​គេ គឺ​ ចង់​កម្ចាត់​ គូប្រកួត​ ចេញ​ ពី​សង្វៀន។  លោក ហ៊ុន សែន និង​គណបក្ស​ ប្រជាជន ​កម្ពុជា ធ្លាប់​ប៉ុនប៉ង​ ធ្វើ​ឃាត​លោក សម រង្ស៊ី, ធ្លាប់​ប៉ុនប៉ង ​ចាប់​គាត់​ ដាក់​គុក។  មន្ត្រី​ជាន់​ខ្ពស់​ ដទៃ​ទៀត ​របស់​ គណបក្ស​ សង្គ្រោះ​ជាតិ មាន​លោក កឹម សុខ, អ្នកស្រី មូរ សុខហួរ, និង​សកម្មជន​ ផ្សេង​ទៀត សុទ្ធតែ ​រងគ្រោះ ​ដោយ​ការ ​ប៉ុនប៉ង​ ចង់​កម្ចាត់​ គណបក្ស​ សង្គ្រោះ​ជាតិ នេះ។

ផលវិបាក​ ធំ​ ជាង​គេ គឺ​ ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច។  ពេល​មាន​ ទណ្ឌកម្ម​ សេដ្ឋកិច្ច អ្នក​មាន​ ធំៗ​ ដូចជា​ឧកញ៉ា​ ដែល​ជួយ​ គណបក្ស​ ប្រជាជន​ កម្ពុជា នឹង​បាត់បង់​ មុខ​របរ​ ជំនួញ​ របស់​ខ្លួន។  នេះ​ ជា​ប្រសាសន៍​រ បស់​លោក ប៊្រែដ អាដាម
លោក មួង ណារ៉េត៖ តើ​មាន​ប្រទេស​ណា​ខ្លះ​នៅ​លើ​លោក​យើង​នេះ ដែល​អនុម័ត​ច្បាប់​បែប​នេះ​ដែរ​ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ក្រៅ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង មួយ ខ្ញុំ​ជឿ​ថា​គ្មាន​ប្រទេស​ណា​នៅ​លើ​លោក​យើង​នេះ ធ្វើ​ច្បាប់​ខុស​គេ​ខុស​ឯង​បែប​នេះ​ទេ។ គ្មាន​ប្រទេស​ណា​ធ្វើ​ច្បាប់​ផ្តាច់​ជីវិត​នយោបាយ​របស់​មនុស្ស​បែប​នេះ​នោះ​ទេ។ ច្បាប់​នេះ​មាន​លក្ខណៈ​ប្រមាថ​ដល់​សិទ្ធិ​សេរីភាព​របស់​មនុស្ស។ តាម​រយៈ​ការ​ធ្វើ​ច្បាប់​នេះ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ឲ្យ​គេ​ឯង​ឃើញ​អំពី​ភាព​អស់​សង្ឃឹម និង​ភ័យ​លស់ព្រលឹង ព្រោះ​ដឹង​ថា​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ លោក ហ៊ុន សែន ចង់​កម្ចាត់​លោក សម រង្ស៊ី ឲ្យខាងតែ​បាន។ ប៉ុន្តែ​ធ្វើ​ដូច្នេះ ច្បាស់​ជា​ទៅ​មិន​រួច​ទេ។

លោក មួង ណារ៉េត៖ ម៉េច​បាន​ជា​លោក​ថា​ធ្វើ​ទៅ​មិន​រួច?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​ថា​ធ្វើ​ទៅ​មិន​រួច គឺ​ដោយសារ​គ្មាន​នរណា​អាច​ឃាត់ឃាំង​លោក សម រង្ស៊ី មិន​ឲ្យ​គាត់​បញ្ចេញ​មតិ​លើ​ហ្វេសប៊ុក​បាន​នោះ​ទេ។ គាត់​នៅ​តែ​អាច​កៀរគរ​រក​អ្នក​គាំទ្រ​គាត់។ ទោះ​បី​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​រើស​លោក សម រង្ស៊ី ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​មិន​បាន​នៅ​ពេល​នេះ​ក្តី ប៉ុន្តែ​បើ​ពួក​គាត់​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ឆ្នោត​ឆ្នាំ​២០១៨ ពេល​នោះ​គណបក្ស​សង្គ្រោះ​ជាតិ អាច​លុប​ចោល​ច្បាប់​នេះ​វិញ និង​អាច​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា វិញ​បាន​ជាក់​ជា​មិន​ខាន។

ប៉ូលិស ទីលាន​ប្រជាធិបតេយ្យ ៦១០
ប៉ូលិស​ឈរ​ត្រៀម​ការពារ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៤។ RFA/Mom Sophon RFA/Mom Sophon

លោក មួង ណារ៉េត៖ តើ​នេះ​ជា​ជម្រើស​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​ឬ​ទេ ដែល​មិន​ដល់​កន្លះ​ឆ្នាំ​ផង នាំ​គ្នា​កែ​ច្បាប់​រឹតត្បិត​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​ទៅ​ពីរ​ដង​យ៉ាង​ដូច្នេះ?

លោក ប៊្រែដ អាដាម៖ ជម្រើស​នេះ​មិន​មែន​បង្ហាញ​ពី​ភាព​ឆ្លាតវៃ​ទេ តែ​បង្ហាញ​ពី​ភាព​ល្ងីល្ងើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ច្បាប់​នេះ គឺ​ធ្វើ​ដើម្បី​សម្លាប់​លទ្ធិប្រជាធិបតេយ្យ។ ពិភពលោក​ទាំងមូល​នឹង​សើច​ចំអក​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក មួង ណារ៉េត៖ សហគមន៍​អន្តរជាតិ​ក្រៅ​ពី​សើច​ចំអក​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា តើ​ពួក​គេ​អាច​ធ្វើ​បាន​អ្វី​ខ្លះ​ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​រឿង​ដូច្នេះ​ចេះ​តែ​បន្ត​កើត​មាន?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​យល់​ថា អ្វី​ដែល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ធ្វើ​នេះ គឺ​មិន​មែន​បង្ហាញ​ពី​ភាព​ខ្លាំង​ទេ ប៉ុន្តែ​បង្ហាញ​ពី​ភាព​កម្សោយ​នៃ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន។ ការ​ធ្វើ​ដូច្នេះ គឺ​បង្ហាញ​ថា លោក ហ៊ុន សែន កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ភ័យ​រអា​ខ្លាំង ព្រោះ​ខ្លាច​ចាញ់​ឆ្នោត។ ទង្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ងាយ​នឹង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ខ្ញុំ​ជឿ​ថា សហគមន៍​អន្តរជាតិ​នឹង​បង្ហាញ​ជំហរ​របស់​ខ្លួន ហើយ​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា​បើ​លោក​នៅ​តែ​បន្ត​ធ្វើ​ដូច្នេះ នោះ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ នឹង​ក្លាយ​ទៅ​ជា​រឿង​បាយឡុកបាយឡ។ ពួក​យើង​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ ហើយ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​បែប​នេះ។

លោក មួង ណារ៉េត៖ តើ​កម្ពុជា នឹង​រង​ផលវិបាក​អ្វី​ខ្លះ បើ​សហគមន៍​អន្តរជាតិ​ធ្វើ​ដូច្នេះ​មែន?

លោក ប៊្រែដ អាដាម៖ ផលវិបាក​មាន​ច្រើន។ ផលវិបាក​ធំ​ជាង​គេ គឺ​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច។ ពេល​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច អ្នក​មាន​ធំៗ​ដូចជា​ឧកញ៉ា​ដែល​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បាត់បង់​មុខ​របរ​ជំនួញ​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ សហគមន៍​អន្តរជាតិ​នឹង​បិទ​ទិដ្ឋាការ ឬ​វីសា (Visa) ដោយ​ហាម​មិន​ឲ្យ​អ្នក​ទាំងនោះ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ពួក​គេ​ថែម​ទៀត​ផង។ សហរដ្ឋ​អាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​ជា​មនុស្ស​មិន​សូវ​ចូល​ចិត្ត​ផ្នែក​ការទូត​ស្រាប់​ផង គាត់​ច្បាស់​ជា​ប្រើ​ធម៌​ក្តៅ​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាក់​ជា​មិន​ខាន។ ចំណែក​សហគមន៍​អឺរ៉ុប វិញ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទាំងនោះ​រួច​ហើយ។ ឥឡូវ​នេះ ពួក​គេ​ចាត់​ទុក​លោក ហ៊ុន សែន ថា​ជា​មេ​ដឹកនាំ​ផ្ដាច់ការ ដោយ​គ្មាន​មន្ទិល​អ្វី​ទៀត​ទេ។ សហគមន៍​អន្តរជាតិ​កំពុង​រិះរក​វិធានការ​ចាត់ការ​លោក ហ៊ុន សែន ក្នុង​រឿង​នេះ។ សរុប​សេចក្តី​មក អ្វី​ដែល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​នេះ គឺ​ជា​ការ​យក​សាំង​ចាក់​ដុត​ខ្លួន​ឯង ព្រោះ​ធ្វើ​ហ្នឹង គឺ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។
តើ​ គាត់ (លោក ហ៊ុន សែន) ចង់​បន្សល់​ទុក​នូវ​កេរ​ដំណែល​អាក្រក់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដៀល​ជេរ​គាត់​ថា​ជា​ជន​ផ្ដាច់ការ ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ ឬ​យ៉ាង​ម៉េច? នេះ​ជា​ប្រសាសន៍​របស់​លោក ប៊្រែដ អាដាម
លោក មួង ណារ៉េត៖ ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​បន្ថែម​នេះ រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​ឈាន​ទៅ​រំលាយ​គណបក្ស​នេះ​ចោល​បាន​ទៀត​ផង ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ធ្វើ។ តើ​ស្ថានភាព​បែប​នេះ​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ? តើ​លោក​គិត​ថា​ការ​បោះឆ្នោត អាច​នឹង​ត្រូវ​អាក់ខាន​ដែរ​ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ទោះ​អត់​មាន​គណបក្ស​ប្រឆាំង​ចូលរួម ក៏​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែរ គឺ​ធ្វើ​ដូច​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ចិន និង​វៀតណាម អ៊ីចឹង។ ប៉ុន្តែ​ការ​បោះឆ្នោត​បែប​នេះ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ជា​ការ​បោះឆ្នោត​ធ្វើ​ឲ្យ​តែ​គ្រប់​កិច្ច។ ប៉ុន្តែ​ខ្ញុំ​យល់​ថា ពលរដ្ឋ​ខ្មែរ​មិន​ល្ងង់​ទេ។ ទោះ​បី​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​លោក សម រង្ស៊ី ក៏​ម្ចាស់​ឆ្នោត​យល់​ដឹង​រឿង​នេះ​អស់​ហើយ។ ពួក​គាត់​នឹង​មិន​ផ្លាស់ប្ដូរ​ការ​គាំទ្រ​ចំពោះ​គណបក្ស​ប្រឆាំង​នោះ​ទេ។ ប្រសិន​បើ​អត់​មាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត ប្រជាពលរដ្ឋ​នឹង​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត។ អាច​មាន​អ្នក​ទៅ​បោះឆ្នោត​ខ្លះ​ដែរ ប៉ុន្តែ​ទៅ​មិន​ច្រើន​ទេ ព្រោះ​ពួក​គេ​មិន​ពេញ​ចិត្ត។

លោក មួង ណារ៉េត៖ តើ​លោក​គិត​ថា ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា ជ្រើសរើស​យក​វិធី​ព្យាបាទ​បែប​នេះ?

លោក ប៊្រែដ អាដាម៖ រដ្ឋាភិបាល​ផ្ដាច់ការ​នៅ​លើ​ពិភពលោក តែងតែ​ជ្រើសរើស​វិធី​បែប​នេះ ប៉ុន្តែ​ជាទូទៅ គឺ​មិន​ដែល​ជោគជ័យ​ទេ។ ពេល​ដែល​រដ្ឋាភិបាល​ប្រព្រឹត្ត​បែប​នេះ គឺ​ជា​សញ្ញាណ​បញ្ជាក់​ថា​របប​ផ្ដាច់ការ​ជិត​ដាច់​ខ្យល់​ហើយ។ រឿង​នេះ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា ខ្លួន​ឯង​យ៉ាង​ដំណំ។ តាម​របាយការណ៍​បញ្ជាក់​ថា លោក ហ៊ុន សែន កំពុង​មាន​ជំងឺ។ បើ​ដឹង​ថា​ខ្លួន​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​នៅ​តែ​ប្រព្រឹត្ត​បែប​នេះ តើ​នេះ​ឬ​ជា​អ្វី​ដែល​លោក ហ៊ុន សែន ចង់​ឃើញ​ជា​កេរ​ដំណែល​របស់​គាត់? តើ​គាត់​ចង់​បន្សល់​ទុក​នូវ​កេរ​ដំណែល​អាក្រក់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដៀល​ជេរ​គាត់​ថា​ជា​ជន​ផ្ដាច់ការ ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ ឬ​យ៉ាង​ម៉េច? ខ្ញុំ​បន់​កុំ​ឲ្យ​គាត់​បន្សល់​កេរ​ដំណែល​អាក្រក់​ដូច្នេះ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​គិត​ឡើង​វិញ។

ប៉ូលិស​​បង្ក្រាប​ ទីលាន​ប្រជាធិបតេយ្យ ៦១០
ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ពលរដ្ឋ​នៅ​ម្ដុំ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៤។ CLEC Photo CLEC Photo
 
លោក មួង ណារ៉េត៖ កាលណា​លទ្ធិប្រជាធិបតេយ្យ​រង​ការ​បំផ្លាញ អំណាច​ផ្ដាច់ការ​នឹង​នៅ​តែ​ញាំញី​ប្រព័ន្ធ​នីតិរដ្ឋ ប្រជាពលរដ្ឋ​នឹង​នៅ​តែ​ជា​ជន​រងគ្រោះ។ គណបក្ស​ប្រឆាំង​ដែល​ជា​តួអង្គ​មួយ​ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​រដ្ឋាភិបាល​ជិះ​សេះ​លែង​ដៃ កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​កាន់​តែ​ខ្លាំង។ តើ​លោក​យល់​ថា​សហគមន៍​អន្តរជាតិ មាន​ឥទ្ធិពល​អ្វី​ក្នុង​រឿង​នេះ​ដែរ​ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​តាមដាន​ស្រុក​ខ្មែរ​យូរ​ក្រែល​ល្មម​ដែល​អាច​ដឹង​ច្បាស់​ថា លោក ហ៊ុន សែន ចុះ​ចាញ់​សម្ពាធ​អន្តរជាតិ ដូចជា​ការ​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ជាដើម។ យើង​ដឹង​ហើយ​ថា លោក ហ៊ុន សែន មាន​លុយ និង​អាវុធ។ លុយ និង​អាវុធ​នេះ ធ្វើ​ឲ្យ​លោក ហ៊ុន សែន អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង និង​គំរាម​មាន​សង្គ្រាម​ជា​ហូរហែ​ត​រៀង​មក។ ប៉ុន្តែ​ម្តង​នេះ ពលរដ្ឋ​ខ្មែរ​លែង​ល្ងង់​ចាញ់​សម្លុត​គាត់​ទៀត​ហើយ។ សារ​គំរាម​បែប​នេះ​លែង​មាន​ប្រសិទ្ធភាព​ទៀត​ហើយ។ ម្យ៉ាង​ទៀត មនុស្ស​ច្រើន​ណាស់​នៅ​ស្រុក​ខ្មែរ សូម្បី​តែ​ឧកញ៉ា​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ផង ក៏​ពួក​គេ​ចាប់​ផ្ដើម​គិត​ពី​អនាគត​របស់​ពួក​គេ មិន​មែន​អនាគត​របស់​លោក ហ៊ុន សែន នោះ​ទេ។ ដូច្នេះ​បើ​ពួក​គេ​នៅ​តែ​គាំទ្រ​លោក ហ៊ុន សែន ពួក​គេ​ប្រឈម​នឹង​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង។

ពួក​គេ​ត្រូវ​ចាំ​ថា បើ​មាន​រដ្ឋាភិបាល​ថ្មី​ដែល​ស្អាតស្អំ ពេល​នោះ អ្នក​ពុក​រលួយ​នឹង​មិន​រួច​ខ្លួន​ទេ រួម​ទាំង​អ្នក​ដែល​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ផង។ ម្យ៉ាង​ទៀត លោក ហ៊ុន សែន ជា​ជន​ផ្ដាច់ការ ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្ស និង​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម ដូច្នេះ​គាត់​ត្រូវ​ដឹង​ថា គាត់​មិន​អាច​លេង​ល្បែង​ដដែលៗ​នេះ​បាន​ទៀត​ទេ។ លោក ហ៊ុន សែន ត្រូវ​ដឹង​ដែរ​ថា គាត់​មិន​អាច​នៅ​បន្ត​កាន់​អំណាច​រហូត​អស់​មួយ​ជីវិត​បាន​នោះ​ទេ ហើយ​អ្នក​មាន​ធំៗ ក៏​មិន​តាម​គាំទ្រ​គាត់​រហូត​នោះ​ដែរ។ ប្រសិន​បើ​លោក ហ៊ុន សែន ចង់​ដុត​បំផ្លាញ​ស្រុក​ខ្មែរ​ឲ្យ​រលាយ​ដោយសារ​គាត់​ចង់​បន្ត​ក្រាញ​អំណាច​យូរ​តទៅទៀត ខ្ញុំ​ជឿ​ថា នឹង​មាន​មនុស្ស​ច្រើន​ណាស់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ជួយ​លុយ​ដល់​គណបក្ស​នេះ ក៏​នឹង​មិន​ព្រម​តាម​គាត់​នោះ​ដែរ។

លោក មួង ណារ៉េត៖ ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​នេះ​ចង​កំហឹង ដែល​អាច​ឈាន​ទៅ​រក​ការ​តវ៉ា។ ពេល​នោះ​រដ្ឋាភិបាល​នឹង​បង្ក្រាប​ពួក​គាត់ ដោយ​យក​លេស​ថា​រក្សា​សន្តិភាព។ ការ​បង្ក្រាប គឺ​ដើម្បី​រក្សា​អំណាច​របស់​លោក ហ៊ុន សែន។ តើ​មាន​វិធី​អ្វី​ដែល​ប្រសើរ និង​អហិង្សា​ដើម្បី​អាច​ចៀស​រួច​ពី​បញ្ហា​ទាំងអស់​នេះ​បាន?

លោក ប៊្រែដ អាដាម៖ ពេល​លោក ហ៊ុន សែន គំរាម​ថា​មាន​សង្គ្រាម គេ​ឯង​នាំ​គ្នា​អស់​សំណើច​គ្រប់​គ្នា ព្រោះ​សង្គ្រាម​អាច​កើត​ឡើង​បាន ទាល់​តែ​មាន​ទ័ព​ពីរ​បក្ស។ ប៉ុន្តែ​ស្រុក​ខ្មែរ បក្ស​ម្ខាង​ទៀត​មាន​ទ័ព​មក​ពីណា? ទ័ព​មាន​តែ​ខាង​បក្ស​លោក ហ៊ុន សែន ប៉ុណ្ណោះ​ឯង។ ដូច្នេះ គាត់​កំពុង​តែ​ស្រមើស្រមៃ​ស្មាន​ថា​យុគសម័យ​នេះ ដូច​សម័យ​រដ្ឋ​កម្ពុជា ហើយ​មើល​ទៅ។

លោក មួង ណារ៉េត៖ ប៉ុន្តែ​លោក ហ៊ុន សែន ព្រមាន​ថា សង្គ្រាម​មិន​ចាំបាច់​តែ​មាន​អាវុធ ឬ​ទ័ព​ឯណា គ្រាន់​តែ​វាចា​ក៏​អាច​ផ្ទុះ​សង្គ្រាម​បាន​ដែរ! តើ​លោក​យល់​យ៉ាង​ម៉េច​ទៅ​វិញ​ក្នុង​រឿង​នេះ?

លោក ប៊្រែដ អាដាម៖ ការ​លើក​ឡើង​បែប​នេះ គឺ​អត់​ទំនង​ទាល់​តែ​សោះ។ ប្រជាធិបតេយ្យ​មិន​អាច​ខ្ទប់​មាត់​គេ​មិន​ឲ្យ​និយាយ​ស្តី​បាន​នោះ​ទេ។ ពាក្យ​សម្ដី​ឯណា​ដែល​កើត​សង្គ្រាម​បាន​នោះ! សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី ជា​ផ្នែក​មួយ​នៃ​ជីវភាព​នយោបាយ។ សម្ដី និង​សង្គ្រាម គឺ​ដូច​ទឹក និង​ប្រេង។ វា​មិន​ត្រូវ​ធាតុ​គ្នា​ទេ។ ប្រសិន​បើ​លោក ហ៊ុន សែន ហ៊ាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​សម្លាប់​អ្នក​តវ៉ា គាត់​នឹង​ក្លាយ​ជា​មេ​ឃាតក។ ពេល​នោះ​គេ​នឹង​អូស​ក​គាត់​ទៅ​កាត់​ទោស។ គណបក្ស​ប្រឆាំង​ដូចជា​មិន​ដែល​ធ្លាប់​មាន​ប្រវត្តិ​បង្ក​សង្គ្រាម​នោះ​ទេ។ ពួក​គេ​ប្រកាន់​តែ​ជំហរ​អហិង្សា ហើយ​តវ៉ា​ដោយ​សន្តិវិធី​រាល់​តែ​ដង​ហ្នឹង។ ដូច្នេះ ពេល​លោក ហ៊ុន សែន គំរាម​ថា​មាន​សង្គ្រាម​ដើម្បី​ដោះស្រាយ​បញ្ហា ខ្ញុំ​ជឿ​ថា​សូម្បី​តែ​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏​មិន​ជឿ និង​មិន​យល់​ស្រប​តាម​គាត់​នោះ​ដែរ។ លោក ហ៊ុន សែន កំពុង​ស្ថិត​ក្នុង​ភាព​ឯកោ​ខ្លាំង​ហើយ​នៅ​ពេល​នេះ។

លោក មួង ណារ៉េត៖ សូម​អរគុណ​លោក ប៊្រែដ អាដាម ដែល​បាន​ចំណាយ​ពេលវេលា​ឲ្យ​ខ្ញុំ​សម្ភាស!

លោក ប៊្រែដ អាដាម៖ អរគុណ​ច្រើន មិន​អី​ទេ!








2 comments:

  1. Anonymous2:22 AM

    បើពិនិត្យ ពិចារណា ឲ្យគ្រប់ជ្រុងជ្រោយទៅ យើងឃើញថា លោក ហ៊ុន សែន ជាជនឡប់ៗ,
    ម្ដងខ្មោចចេញ ម្ដងខ្មោចចូល !!! (ទោះបីខ្ញុំ ជាអ្នកមិនជឿ ខ្មោចព្រាយ បិសាចក្ដី !)
    គាត់ប្រឹងធ្វើទុក្ខ បុកម្នេញ រុកគួន គូប្រជែង របស់គាត់ ហើយលាបពណ៌ឲ្យ ទៅជាទណ្ឌិត ។
    គាត់ប្រឹងបង្កើតច្បាប់ដើម្បី សង្កត់សង្កិន ហើយកម្ទេច របបប្រជាធិប្បតេយ្យ នៅកម្ពុជា។

    តែគាត់បានភ្លេច កាលពីពេលដែលគាត់ ឱបក្រសោប ថាក់ស៊ីន ស៊ីណាវ៉ាត្រា, បណ្ដោយឲ្យ
    ថាក់ស៊ីន ធ្វើសកម្មភាព នយោបាយ,ចេញចូលប្រទេសខ្មែរ បានដោយសេរី ថែមទាំង ផ្ដល់
    តំណែងជា ឧបការី ផ្នែកសេដ្ឋកិច្ចទៀតផង។

    ខ្ញុំគ្មានបញ្ហាអ្វីផ្ទាល់ខ្លួន ជាមួយលោកថាក់ស៊ីនទេ, ខ្ញុំក៏ធ្លាប់ចូលចិត្ត លោកថាក់ស៊ីន ដែរ
    ព្រោះគោលនយោបាយ របស់គាត់ បានលើកស្ទួយជីវភាព ពលរដ្ឋខ្មែរភាគតិច ដែលរស់
    នៅស្រុកថៃ, តែខ្ញុំបានឃើញថា មានពលរដ្ឋសៀមខ្លះបានប្រឆាំងនឹងលោក ថាក់ស៊ីន ។

    ផ្ទុយទៅវិញ គ្មានពលរដ្ខខ្មែរណា បានធ្វើ បាតុកម្ម ប្រឆាំង បណ្ដេញ លោក សម រង្ស៊ី ចេញ
    ពីប្រទេសខ្មែរទេ ពីព្រោះលោក សម រង្ស៊ី គ្មានទោស កំហុសអ្វី ចំពោះជាតិទាល់តែសោះ។
    ពួកអ្នកស្អប់ខ្ពើម,អ្នកញញើតលោក សម រង្ស៊ី គឺមានសុទ្ធតែ ពួកក្រុមក្រាញ អំណាច, ពួក
    អែបអប និង ពួកឧក្រិដ្ឋជន ប៉ុណ្ណោះ ។

    ហ ស បានធ្វើល្អជាមួយ ជនបរទេស ថ ស,តែបែរ ក្រឡេចក្រឡុច ធ្វើបាបខ្មែរ សម រង្ស៊ី ។

    លោក ហ ស ត្រូវចាំពី ប្រវត្តិ និងលទ្ធផលចុងក្រោយ នៃបុរសខ្លាំងៗ ខាងក្រោមនេះ ៖

    ហ្វែរឌីណង់ ម៉ារកូស នៃ ហ្វីល្លីពីន បានរលំ, ប៉ាក់ជុងហ៊ី នៃ កូរ៉េខាងត្បូង ក៏បានរលំ,
    ស៊ូហារតូ នៃឥណ្ឌូនេស៊ី ក៏បានរលំ ។ ប្រជាជន មិនមែន រំលំ របបគ្រប់គ្រងនោះទេ, តែ
    ប្រឆាំងនឹង មេដឹកនាំដែលជា ជនពុករលួយ, ជនអសមត្ថភាព, ជនផ្ដាច់ការ ។

    ReplyDelete
  2. Anonymous2:30 AM

    Correction, របបប្រជាធិប្បតេយ្យ > របបប្រជាធិបតេយ្យ

    ReplyDelete