Paris Peace Accords 23 Oct. 1991

Thursday, July 13, 2017

មន្ត្រី​CPP៖ ពេល​លោក ហ៊ុន សែន អវត្តមាន​ ក្នុង​ប្រទេស, ​លោក​ នឹង​ផ្ទេរ​សិទ្ធិ​ ឲ្យ​អ្នក​ដទៃ | CPP official: When Hun Sen is absent from country, he will transfer power to another

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទ្ទេសអេ (A) នាវិមានសន្តិភាព នៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទ្ទេសអេ (A) នាវិមានសន្តិភាព នៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៦។

មន្ត្រី CPP៖ ពេលលោក ហ៊ុន សែន អវត្តមាន ក្នុងប្រទេស, លោក នឹងផ្ទេរសិទ្ធិ ឲ្យអ្នកដទៃ

RFA / វិទ្យុ អាស៊ី សេរី | ១១ កក្កដា ២០១៧

មន្ត្រី គណបក្ស កាន់អំណាច អះអាង ថា, នៅពេល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អវត្តមាន នៅក្នុងប្រទេស លោក នឹងផ្ទេរសិទ្ធិ ទៅឲ្យ មន្ត្រី ថ្នាក់ក្រោម របស់លោក។  ការអះអាង ដូចនេះ ក្នុងពេល ដែលមាន ការលេចឮ ថា លោក ហ៊ុន សែន មិនឋិត នៅក្នុងប្រទេស និងក្រោយ ពីលោក ហ៊ុន សែន បានសរសេរ នៅលើទំព័រ ហ្វេសប៊ុក (Facebook) ថា, ទោះ លោក ផ្ទេរសិទ្ធិ ឬមិន ផ្ទេរសិទ្ធិ ទោះ លោក នៅទីណា ក៏លោក នៅតែ មានលទ្ធភាព ដឹកនាំ កិច្ចការ ប្រទេសជាតិ បានដដែល។


ហាក់ជា ការឆ្លើយតប ទៅនឹង មនុស្ សមួយចំនួន ដែលកំពុង មានមន្ទិល ចំពោះ អវត្តមាន របស់លោក ហ៊ុន សែន នៅក្នុងប្រទេស លោក ហ៊ុន សែន កាលពីថ្ងៃ ទី១០ កក្កដា បានសរសេរ នៅលើ ទំព័រ ហ្វេសប៊ុក ថា «នេះហើយ គឺខ្ញុំ ជា ហ៊ុន សែន ដែលពួក ជនពាល កំពុង ស្វែងរក»

ក្នុងពេលជាមួយគ្នា លោក ហ៊ុន សែន ក៏បានបង្ហោះរូបថតមួយចំនួនជាមួយភរិយា កូន ចៅ និងមន្ត្រីមួយចំនួនរបស់លោក មានដូចជាលោក គន់ គីម លោក ជា សុផារ៉ា និងអ្នកជំនួញ លោក គិត ម៉េង ជាដើម។ អមជាមួយរូបថតទាំងអស់នេះ លោក ហ៊ុន សែន សរសេរ ថា,  «តើ ខ្ញុំ មានសិទ្ធិ សប្បាយរីករាយ ជួបជុំ កូនចៅ ដូចក្នុង រូបថតនេះ ដែរ ឬទេ?  តើ ខ្ញុំ ត្រូវ ប្រាប់មនុស្ស គ្រប់គ្នា ពិសេស ពួកជនពាល ថា ខ្ញុំ កំពុង ឋិតនៅ ទីនេះ ឬទីនោះ ដែរ ឬទេ?»


បន្ថែមពីលើនេះ លោក ហ៊ុន សែន ថាបើទោះលោកផ្ទេរសិទ្ធិ ឬមិនផ្ទេរសិទ្ធិ ទោះលោកឋិតនៅទីណា ក៏លោកនៅតែមានលទ្ធភាពដឹកនាំប្រទេសជាតិ ពិសេសបង្ក្រាបលើការបង្កចលាចលរបស់ក្រុមដែលលោកចាត់ទុកថាជាជនពាល ជាក្រុមជ្រុលនិយម និងក្រុមកូនអ្នកក្បត់ជាតិ ជាដើម។ លើសពីនេះ លោក ហ៊ុន សែន បានសរសេរព្រលយពាក្យហាក់ឌឺដងថា បើចង់ដឹង សុំសាកមើលទៀតផង។

រូបថតដែលលោកនាយករដ្ឋមន្ត្រីបង្ហោះកាលពីថ្ងៃទី១០ កក្កដា មានសភាពខុសគ្នាស្រឡះពីរូបដែលលោកបង្ហោះកាលពីចុងសប្ដាហ៍កន្លងទៅ ពេលដែលដំណឹងថាលោកនាយករដ្ឋមន្ត្រីចាប់ផ្ដើមបែកធ្លាយថា លោកមានជំងឺ ហើយកំពុងព្យាបាលនៅក្រៅប្រទេស។ រូបថតកាលពីចុងសប្ដាហ៍នោះ បង្ហាញរូបលោកនាយករដ្ឋមន្ត្រីកំពុងយារដៃវាយកូនហ្គោល (Golf) ដែលហាក់ដូចជាចង់បង្ហាញថា លោកមានសុខភាពល្អដែលអាចនៅលេងកីឡាបាន និងហាក់ដូចជាមានគោលបំណងច្រានចោលការផ្សព្វផ្សាយថាលោកកំពុងមានជំងឺនោះ។ ប្រហែលជាមិនអាចផ្អឹបព័ត៌មានបានតទៅទៀត នៅដើមសប្ដាហ៍នេះ លោកក៏បង្ហោះរូបប៉ុន្មានសន្លឹកទៀតដែលលោកថតជាមួយគ្រួសារ និងក្រុមអ្នកហែហមមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ រូបទាំងនេះហាក់មិនបង្ហាញស្ថានភាពស្វាហាប់របស់លោកប៉ុន្មានទេ ហើយឃើញហាក់ដូចជាមានបង់រុំជុំវិញចង្កេះលោកថែមទៀតផង។

កាលពីថ្ងៃទី៣០ មិថុនា អគ្គលេខាធិការរាជរដ្ឋាភិបាល បានផ្ញើលិខិតជម្រាបពីការលើកពេលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីចំនួន ២សប្ដាហ៍ គឺនៅថ្ងៃសុក្រ ទី៧ និងទី១៤ កក្កដា។ ការប្រកាសលើកពេលកិច្ចប្រជុំទៅពេលក្រោយនេះ ស្របពេលដែលមានការលេចឮថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស។
ផៃ ស៊ីផាន ៨៥៥ ២០១៧
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំនាខេត្តសៀមរាប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។ RFA/Hang Savyouth 
ទោះជាយ៉ាងណា មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅតែប្រកែកថា លោក ហ៊ុន សែន មិនមានឈឺអ្វីឡើយ ហើយក៏កំពុងឋិតនៅក្នុងប្រទេសកម្ពុជា។ ចំពោះការលើកពេលប្រជុំចំនួន ២សប្ដាហ៍ទៅពេលក្រោយនេះ លោក ផៃ ស៊ីផាន ថ្លែងថា លោកមិនដឹងមូលហេតុច្បាស់នោះទេ ដោយលោកថាវាជាការចាត់ចែងរបស់អគ្គលេខាធិការរាជរដ្ឋាភិបាល ឬក៏មានរបៀបវារៈរវល់យ៉ាងណា លោកក៏មិនដឹង។

ជាទូទៅ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ច្រើនធ្វើឡើងនៅរៀងរាល់ថ្ងៃសុក្រ នាវិមានសន្តិភាព ក្រោមការដឹកនាំកិច្ចប្រជុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ស្របពេលដែលគណៈរដ្ឋមន្ត្រីលើកពេលកិច្ចប្រជុំ ២សប្ដាហ៍នេះដែរ នៅពេលរដ្ឋសភា ក៏មានបើកកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី១០ កក្កដា ដើម្បីពិភាក្សាអនុម័តការកែប្រែច្បាប់គណបក្សនយោបាយ ដែលឈានដល់ការដកហូតសិទ្ធិទណ្ឌិតមិនឲ្យលូកលាន់ជាមួយគណបក្សនយោបាយ តាមសំណើរបស់លោក ហ៊ុន សែន នោះ គឺពុំមានវត្តមានចូលរួមរបស់លោក ហ៊ុន សែន ដែលជាអ្នកបញ្ជាឲ្យកែប្រែច្បាប់នេះដូចពេលកន្លងទៅឡើយ។

ខណៈដែលមានហេតុការណ៍កើតឡើងផ្ទួនបែបនេះ ប្រភពច្បាស់ការគួរឲ្យទុកចិត្តបានមួយសុំមិនបញ្ចេញឈ្មោះ ឲ្យអាស៊ីសេរីដឹងថា លោក ហ៊ុន សែន កំពុងសម្រាកព្យាបាលរបួសនៅក្រៅប្រទេស។ ប្រភពដដែលឲ្យដឹងថា ក្នុងពេលលេងវាយកូនហ្គោលកាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានដួលបាក់ឆ្អឹងត្រគាក រួចបានចេញទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យនៅក្រៅប្រទេស។ ប្រភពដដែលនេះបន្តថា គ្រូពេទ្យតម្រូវឲ្យលោក ហ៊ុន សែន នៅសម្រាកព្យាបាលរបួសរហូតដល់រយៈពេល ១ខែ។
សុខ ឥសាន ២០១៦ ៨៥៥
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។ RFA/Brach Chev RFA/Brach Chev
ទោះជាយ៉ាងណា ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១១ កក្កដា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន ថាមិនមានអ្វីកើតឡើងចំពោះលោកនាយករដ្ឋមន្ត្រីឡើយ ហើយថាលោក ហ៊ុន សែន កំពុងឋិតនៅក្នុងប្រទេសបំពេញការងារធម្មតា។ លោកថា ដោយសារតែមានអ្នកដុតកំហឹងលោក ហ៊ុន សែន ពីរឿងអវត្តមាននៅក្នុងប្រទេសនេះហើយ ទើបលោក ហ៊ុន សែន ឆ្លើយតបវិញតាមរយៈហ្វេសប៊ុករបស់លោក។

ទាក់ទងនឹងការលើកពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញ លោក សុខ ឥសាន ថាវាជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី។ ចំពោះអវត្តមានរបស់លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី១០ កក្កដា ត្រូវបានលោក សុខ ឥសាន បកស្រាយថា បើទោះជាលោក ហ៊ុន សែន មិនចូលរួម ក៏បក្សកាន់អំណាចមានសំឡេងគ្រប់គ្រាន់ដើម្បីអនុម័តច្បាប់ដែរ៖ «គ្មានអីប្រែប្រួល គ្មានអីចម្លែកទេ នាយករដ្ឋមន្ត្រីលោកមានសិទ្ធិក្នុងការបង្ហាញមុខ ឬមិនបង្ហាញមុខ វាមានទាស់អី ប៉ុន្តែការដឹកនាំប្រទេសវានៅតែមានដំណើរការនិរន្តរភាពដដែល អត់មានបញ្ហាអីពាក់ព័ន្ធដល់ការដឹកនាំខ្វះចន្លោះអ្វីទេ»


កន្លងទៅ នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅពិនិត្យសុខភាពនៅក្រៅប្រទេស ជាពិសេសនៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី លោកតែងបង្ហោះហ្វេសប៊ុក ពេលខ្លះអមដោយរូបថតសម្រាកព្យាបាលនៅមន្ទីរពេទ្យផង ដើម្បីឲ្យពលរដ្ឋដឹងពីស្ថានភាពសុខភាពរបស់លោក។

លោក សុខ ឥសាន ថ្លែងថា ជាគោលការណ៍ នៅពេលនាយករដ្ឋមន្ត្រីទៅបំពេញបេសកកម្ម ឬអវត្តមាននៅក្នុងប្រទេស នាយករដ្ឋមន្ត្រីតែងផ្ទេរសិទ្ធិទៅឲ្យនាយករដ្ឋមន្ត្រីស្តីទី។ ប៉ុន្តែលោកថា ដោយសារតែលោក ហ៊ុន សែន មិនចេញទៅក្រៅប្រទេសនេះហើយ ទើបវាមិនមានការផ្ទេរសិទ្ធិនោះ។

ចំណែកអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ចាន់ វិបុល មានប្រសាសន៍ថា នាយករដ្ឋមន្ត្រីមានសិទ្ធិផ្តល់ ឬមិនផ្តល់ព័ត៌មានដល់សាធារណជនថាលោកទៅទីណានោះទេ បើស្រុកទេសមិនមានភាពអាសន្ននោះ ហើយលោកថា គឺមានតែរដ្ឋសភា ឬគណៈរដ្ឋមន្ត្រីទេដែលអាចចង់ដឹងរឿងនេះបាន។ ទាក់ទងនឹងការផ្ទេរសិទ្ធិពេលអវត្តមាននាយករដ្ឋមន្ត្រីវិញ បណ្ឌិត ចាន់ វិបុល ថាជាគោលការណ៍ គឺត្រូវតែមាន៖ «ជាគោលការណ៍ច្បាប់ គឺតែងតែមានលិខិតផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីនាយករដ្ឋមន្ត្រីទៅឧបនាយករដ្ឋមន្ត្រីណាមួយនៅក្នុងក្រុមប្រឹក្សារដ្ឋមន្ត្រី តាមគោលការណ៍ច្បាប់មិនអាចរំលងបានទេ»

ទាក់ទងនឹងសាររបស់លោក ហ៊ុន សែន ដែលឲ្យក្រុមដែលលោកចាត់ទុកថាជាជនពាល ក្រុមជ្រុលនិយម និងក្រុមកូនអ្នកក្បត់ជាតិ សាកជាមួយលោក បើចង់ដឹងថាលោកបង្ក្រាបការបង្កចលាចលបាន ឬមិនបាននោះ ត្រូវបានបណ្ឌិត ចាន់ វិបុល ផ្តល់ទស្សនៈថា មនុស្សនៅក្នុងសង្គម ពិសេសអ្នកនយោបាយគ្រប់និន្នាការទាំងអស់ គួរថ្លែងសារទាំងឡាយណាដែលរួមចំណែកក្នុងការអភិវឌ្ឍអភិបាលកិច្ចល្អ លើកកម្ពស់ដល់ការគោរពសិទ្ធិសេរីភាពពលរដ្ឋ ឬសារដែលលើកទឹកចិត្តពលរដ្ឋ គិតពីការវិវឌ្ឍន៍របស់សង្គមដែលអាចឲ្យមនុស្សក្នុងសង្គមរស់នៅបានសុខសាន្តទាំងអស់គ្នា៕





No comments:

Post a Comment