ដើមឈើដែលត្រូវគេកាប់រំលំនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ រូបថតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។ |
ជនជាតិដើម ភាគតិច នៅរតនគិរី ទាមទារ ឲ្យអាជ្ញាធរ ស្វែងរក អ្នកកាប់ព្រៃ នៅតំបន់ ដែនជម្រក សត្វព្រៃ
RFA / វិទ្យុ អាស៊ី សេរី | ១ កក្កដា ២០១៧
ពលរដ្ឋ ជនជាតិដើម ភាគតិច ភូមិ សមុទ្រក្រោម ឃុំ សេដា ស្រុក លំផាត់ ខេត្ត រតនគិរី ទាមទារ ឲ្យអាជ្ញាធរ ឃុំ និងស្រុក ស្វែងរក អ្នកកាប់ រានព្រៃ ហ៊ុមព័ទ្ធ យកដី នៅដែន ជម្រក សត្វព្រៃ លំផាត់ មកទទួល ខុសត្រូវ ចៀសវាង ទម្លាក់កំហុស ទៅលើ ពលរដ្ឋ ទូទៅ ក្នុងសហគមន៍ ថា ជាអ្នក បំផ្លាញ ព្រៃឈើ ខ្លួនឯង។តំណាងជនជាតិដើមភាគតិចភូមិសមុទ្រក្រោម អះអាងថា នឹងធ្វើលិខិតសុំអន្តរាគមន៍ពីអាជ្ញាធរខេត្ត និងក្រសួងបរិស្ថាន ឲ្យស៊ើបអង្កេតរកជនកាប់រានព្រៃដែនជម្រកសត្វលំផាត់ ប្រសិនអាជ្ញាធរមូលដ្ឋានមិនអាចរកឃើញជនទាំងនោះមកទទួលខុសត្រូវចំពោះមុខច្បាប់។
ការអះអាងនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ក្រោយពីរថ្ងៃដែលក្រុមការងារថ្នាក់ស្រុកបានជួបប្រជុំជាមួយពលរដ្ឋភូមិសមុទ្រក្រោម ប្រមាណ ២០០នាក់ ដើម្បីសម្របសម្រួលឲ្យអ្នកភូមិបញ្ឈប់កាប់ព្រៃ ហើយបង្ហាញតួលេខជាក់លាក់ចំពោះប្រជាពលរដ្ឋដែលគ្មានដីធ្វើស្រែចម្ការ។
តំណាងពលរដ្ឋលោក តូច ផល្លា បញ្ជាក់ថា អ្នកភូមិមិនអាចទទួលយកការសម្របសម្រួលរបស់ក្រុមការងារថ្នាក់ស្រុកដែលមិនបានស៊ើបអង្កេតរកជនប្រព្រឹត្តល្មើសនោះទេ ខណៈអ្នកភូមិចង់រកឲ្យឃើញអ្នកពាក់ព័ន្ធកាប់រានព្រៃមកទទួលខុសត្រូវ ពីព្រោះអ្នកភូមិសង្ស័យទៅលើមន្ត្រីមូលដ្ឋានភូមិឃុំ រួមជាមួយសមាជិកសហគមន៍ខ្លះ គឺជាអ្នកជាប់ពាក់ព័ន្ធហ៊ុមព័ទ្ធយកដីព្រៃរដ្ឋលក់។
លោកថា សមាជិកសហគមន៍ភាគច្រើនចង់រក្សាដីព្រៃតំបន់នោះដើម្បីបង្កើតជាព្រៃសហគមន៍អភិរក្ស និងអាស្រ័យផលតាមប្រពៃណីជនជាតិដើមភាគតិច៖ «គាត់ថា ប្រជាជនហ្នឹងជាអ្នកខុស ចំណែកកងការពារគាត់អត់មានខុសផង គាត់អត់ទៅការពារទេ។ យើងអត់ព្រម យើងមើលទៅថា ដំណោះស្រាយហ្នឹងអត់បានទេ យើងសំណូមពរទៅអភិបាលខេត្ត ទៅក្រសួងផ្សេងៗទៀត។»
កាលពីថ្ងៃទី២៧ ខែមិថុនា សមាជិកសហគមន៍ ១០នាក់ មន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ២នាក់ និងអ្នកសារព័ត៌មានបានចុះទៅកន្លែងដែលសហគមន៍រកឃើញមានការកាប់រានព្រៃហ៊ុមព័ទ្ធយកដី។ តំបន់ដែលមានការហ៊ុមព័ទ្ធយកដីជាតំបន់ទ្រនាប់នៃដែនជម្រកសត្វព្រៃលំផាត់។ ព្រៃឈើតំបន់នោះជាង ៩០ភាគរយ គឺជាដើមខ្លុង និងត្បែងមិនមានដើមឈើធំៗមានតម្លៃនោះទេ។ ព្រៃនោះឋិតនៅចម្ងាយជាងបីគីឡូម៉ែត្រពីភូមិសមុទ្រក្រោម ត្រូវគេយកថ្នាំពណ៌បាញ់នៅលើដើមឈើធ្វើជាព្រំ ហើយដើមឈើចាប់ពីព្រំនោះត្រូវគេអាររំលំទំហំទទឹងប្រមាណ ១០ម៉ែត្រ និងបណ្ដោយជាង ៣គីឡូម៉ែត្ររហូតទល់នឹងជើងភ្នំអាត។ ក្នុងតំបន់ហ៊ុមព័ទ្ធនោះដើមឈើប្រមាណ ៣០ ទៅ ៤០ហិកតារ ត្រូវគេអាររំលំថ្មីៗមិនទាន់ដុតរាននៅឡើយ។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកលំផាត់ លោក នូ ថេរ បញ្ជាក់ថា អាជ្ញាធរមិនបានបោះបង់ការស៊ើបអង្កេតករណីនេះទេ ក៏ប៉ុន្តែអ្នកភូមិមិនសហការផ្ដល់ព័ត៌មានពីអត្តសញ្ញាណអ្នកប្រព្រឹត្ត ទើបអាជ្ញាធរជួបការលំបាក។ លោកសំណូមពរឲ្យអ្នកភូមិគួរតែចូលរួមជាមួយអាជ្ញាធរ ប្រសិនពួកគេមានឆន្ទៈរកឲ្យឃើញអ្នកប្រព្រឹត្តនោះ៖ «យើងសួរអ្នកណាកាប់? ប្រជាជនអត់ប្រាប់ ថាអត់ដឹង។ ឥឡូវយើងរកដំណោះស្រាយ ដូចនៅស្រុកអ៊ីចឹងហាមចូលកាន់កាប់អ្នកណាចូលកាន់កាប់ដឹងថា ជារបស់អ្នកហ្នឹង។»
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីប្រធានមន្ទីរបរិស្ថាន លោក ផុន ខេមរិន្ទ បានទេ នៅថ្ងៃទី៣០ ខែមិថុនា ដោយសារលោកឆ្លើយតបថារវល់ភារកិច្ច។
ទោះបីជាយ៉ាងនេះក៏ដោយ អ្នកសម្របសម្រួលអង្គការអាដហុក ខេត្តរតនគិរី លោក ឌិន ខុន្នី គាំទ្រការទាមទាររបស់អ្នកភូមិ និងសំណូមពរឲ្យក្រសួងបរិស្ថាន ស៊ើបអង្កេតករណីនេះដើម្បីទប់ស្កាត់កុំឲ្យបាត់បង់ព្រៃជម្រកសត្វតទៅទៀត។ លោកថា សកម្មភាពហ៊ុមព័ទ្ធយកដីព្រៃនេះ អ្នកភូមិធម្មតាមិនអាចធ្វើបានឡើយ៖ «ទិដ្ឋភាពដែលខ្ញុំមើលឃើញបទល្មើសនេះមនុស្សធម្មតាមិនអាចប្រព្រឹត្តបទល្មើសគគ្រឹកគគ្រេងបែបនេះបានទេ ប្រាកដជាមានអ្នកសម្រួល អ្នកអនុញ្ញាត និងអ្នកចូលរួម។»
សហគមន៍ឃុំសេដា បានស្នើដី ៤ពាន់ហិកតារ នៅតំបន់ទ្រនាប់ដែនជម្រកសត្វសម្រាប់គ្រប់គ្រងជាព្រៃការពារសហគមន៍។ ករណីនេះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានសម្រេចកាត់ចេញដីជាង ១.២០០ហិកតារ សម្រាប់គម្រោងបង្កើតជាព្រៃការពាររបស់សហគមន៍នេះហើយ៕
No comments:
Post a Comment