Paris Peace Accords 23 Oct. 1991

Sunday, July 2, 2017

តុលាការ ​អាមេរិក​ ឲ្យ​លោក សម រង្ស៊ី ដាក់​ឯកសារ​ បន្ថែម ​ក្នុង​បណ្ដឹង​ ពាក់ព័ន្ធ​ ឃាតកម្ម​ លោក កែម ឡី | US court allows Sam Rainsy to submit additional documents in case of Kem Ley's murder

ទិដ្ឋភាព​ភាព​នៅ​ខាង​មុខ ស្ដារ ម៉ាត (Star Mart) ស្ដុប​បូកគោ ក្រោយ​ពេល​លោក កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។
ទិដ្ឋភាព​ភាព​នៅ​ខាង​មុខ ស្ដារ ម៉ាត (Star Mart) ស្ដុប​បូកគោ ក្រោយ​ពេល​លោក កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។

តុលាការ ​អាមេរិក​ ឲ្យ​លោក សម រង្ស៊ី ដាក់​ឯកសារ​ បន្ថែម ​ក្នុង​បណ្ដឹង​ ពាក់ព័ន្ធ​ ឃាតកម្ម​ លោក កែម ឡី

RFA / វិទ្យុ អាស៊ី សេរី | ១ កក្កដា ២០១៧

តុលាការ ​សហរដ្ឋ អាមេរិក អនុញ្ញាត​ ឲ្យ​អតីត​ ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដាក់​ឯកសារ​ បន្ថែម​ទៀត ជុំវិញ​ បណ្ដឹង ​ដែល​លោក​ ប្ដឹង ​ឲ្យ​ក្រុមហ៊ុន ឆេវវ៉ុន (Chevron) បញ្ចេញ​ វីដេអូ​ បាញ់​សម្លាប់​ បណ្ឌិត កែម ឡី នៅ​ក្នុង​ ហាង ​ស្តារម៉ាត កាល់តិច (Caltex) នា​រាជធានី​ ភ្នំពេញ។  ដំណឹង​នេះ ធ្លាក់​ជូន​ ចំ​ពេល ​ដែល​អ្នក​គោរព ​ស្រឡាញ់ ​បណ្ឌិត កែម ឡី កំពុង​ ត្រៀម​ ធ្វើ​ពិធី​រ ម្លឹក​ខួប ១​ឆ្នាំ​ នៃ​ការ​ បាញ់​សម្លាប់​ លោក​បណ្ឌិត នៅ​ថ្ងៃ ​ទី​១០ ខែ​កក្កដា ខាង​មុខ​នេះ។


លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស និង​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ដោយ​ចាត់​ទុក​ថា នេះ​ជា​ដំណឹង​ល្អ​ពី​តុលាការ​សហរដ្ឋអាមេរិក ទាក់ទង​ទៅ​នឹង​សំណើ​របស់​លោក​ស្នើ​សុំ​ភស្តុតាង និង​ព័ត៌មាន​មួយ​ចំនួន​ពី​ក្រុមហ៊ុន ឆេវរ៉ុន។

លោក សម រង្ស៊ី ក៏​បាន​បង្ហោះ​លិខិត​មួយ​ច្បាប់​របស់​តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា (California)  សហរដ្ឋអាមេរិក ចុះ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៧។ ខ្លឹមសារ​នៃ​លិខិត​នោះ បញ្ជាក់​ថា តុលាការ​បាន​ទទួល​សំណើ​សុំ​ដាក់​ព័ត៌មាន​បន្ថែម​ចំនួន ៥​ទំព័រ ទាក់ទង​នឹង​ច្បាប់​ស្ដីពី​ការ​ការពារ​បុគ្គលិក​ក្រុមហ៊ុន​អាមេរិកាំង ពី​ដើម​ចោទ​ឈ្មោះ សម រង្ស៊ី។ តុលាការ​យល់​ព្រម​ទទួល​សំណើ​នេះ ហើយ​បង្គាប់​ឱ្យ​ក្រុមហ៊ុន ឆេវរ៉ុន ដែល​ជា​ចុង​ចោទ ដាក់​ឯកសារ​ឆ្លើយ​តប​ទៅ​នឹង​ដើម​ចោទ​មិន​អោយ​លើស​ពី ៥​ទំព័រ ដោយ​មិន​អោយ​ហួស​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា។

លោក សម រង្ស៊ី បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​ស្នើ​សុំ​ឲ្យ​តុលាការ​អាមេរិក បង្គាប់​ទៅ​ក្រុមហ៊ុន​ឆេវរ៉ុន (Chevron) ដែល​មាន​ក្រុមហ៊ុន​ប្រេងសាំង កាល់តិច ជា​ប្រតិបត្តិករ​នៅ​រាជធានី​​ភ្នំពេញ ឲ្យ​បញ្ចេញ​វីដេអូ​ឃ្លិប ដែល​ថត​បាន​ពី​សកម្មភាព​បាញ់​ប្រហារ​បណ្ឌិត កែម ឡី នៅ​ក្នុង​ហាង​ស្តារម៉ាត។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។ សវនាការ​លើ​អង្គ​សេចក្ដី​នៅ​ពេល​នោះ ត្រូវ​រង​ការ​រិះគន់​ថា តុលាការ​ហាក់​ប្រញាប់​បញ្ចប់​ការ​ជំនុំ​ជម្រះ។ ចំណែក​ការ​ដាក់​បញ្ចាំង​វីដេអូ ក៏​មិន​អស់​ប្លង់ និង​រូប​ភាព​នៅ​ក្នុង​ហាង​ស្តារម៉ាត ក៏​មើល​ឃើញ​ព្រិលៗ​មិន​ច្បាស់​ថែម​ទៀត។

ឃ្លិប​វីដេអូ​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ក្នុង​ហាង​ស្តារម៉ាត ត្រូវ​បាន​តុលាការ​ចាក់​បញ្ចាំង ដែល​ក្រោយ​មក​ឃ្លិប​វីដេអូ​នេះ ត្រូវ​បាន​សារព័ត៌មាន​យក​មក​ផ្សព្វផ្សាយ រួច​ចែក​ចាយ​បន្ត​ដោយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ គេ​មើល​ឃើញ​ថា វីដេអូ​នៅ​ក្នុង​ហាង​ស្តារម៉ាត មាន​រូបភាព​អន់​ជាង​វីដេអូ​ដែល​គេ​ទទួល​បាន​ពី​កាមេរ៉ា​នៅ​តាម​ដង​ផ្លូវ​ទៅ​ទៀត។ ករណី​នេះ​រឹតតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​មន្ទិលសង្ស័យ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​វីដេអូ នៅ​ក្នុង​ហាង​ស្តារម៉ាត​នោះ។

បើ​ទោះ​ជា​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ ជាប់​ពន្ធនាគារ​មួយ​ជីវិត​រួច​ហើយ​ក្តី អ្នក​ដែល​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ចង់​ឲ្យ​តុលាការ​ស្វែង​រក​មេខ្លោង​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​នេះ ព្រោះ​ពួកគេ​មិន​ជឿ​លើ​ចម្លើយ​សារភាព​របស់  ជួប សម្លាប់ ដែល​ថា រូប​គេ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដោយសារ​តែ​លោក​បណ្ឌិត​ជំពាក់​លុយ ៣​ពាន់​ដុល្លារ​នោះ​ទេ។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​តុលាការ​ចាត់​ការ​ទៅ​លើ​បុគ្គល​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ​ឡើយ បើ​ទោះ​ជា​តុលាការ​បាន​ប្រកាស​បំបែក​សំណុំ​រឿង​ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នេះ ដោយ​បន្ត​ស៊ើប​អង្កេត​​ទៅ​លើ​បុគ្គល​ផ្សេង​ទៀត​ក៏ដោយ។

ក្នុង​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ​ដែរ មាន​មនុស្ស​ចំនួន ៣​នាក់​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​ដោយសារ​តែ​បាន​និយាយ​ថា រដ្ឋាភិបាល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី។ មនុស្ស​ទាំង ៣​នាក់​នោះ រួម​មាន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី និង​អ្នក​វិភាគ​លោក គឹម សុខ។

លោក សម រង្ស៊ី ធ្លាប់​បញ្ជាក់​ថា ការ​ទទួល​យក​បណ្ដឹង​របស់​លោក​នៅ​តុលាការ​អាមេរិក​នេះ ដោយសារ​តែ​ករណី​នេះ​ទាក់ទង​នឹង​សំណុំរឿង ២​ផ្សេង​ទៀត គឺ​បណ្ដឹង​បរិហារកេរ្តិ៍​ដែល​លោក​ចោទ​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​បណ្ដឹង​ដាច់​ដោយ​ឡែក​មួយ​ទៀត​របស់​ពលរដ្ឋ​ខ្មែរ រួម​នឹង​រូប​លោក​ផង ដែល​ប្ដឹង​ពី​លោក​នាយករដ្ឋមន្ត្រី​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។
ចំណែក​មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) ដែល​តំណាង​ពលរដ្ឋ​រង​គ្រោះ​ក្រោម​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បណ្ដឹង​របស់​លោក​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​ឯកសារ​ថ្មីៗ​បន្ថែម​ទៀត​ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕




No comments:

Post a Comment