ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ |
លោក ហ៊ុន សែន ចេញមុខ បកស្រាយ ខណៈ លេចឮ ថា លោក ទៅព្យាបាល ជំងឺ នៅក្រៅប្រទេស
RFA / វិទ្យុ អាស៊ី សេរី | ១៥ កក្កដា ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹក ថ្ងៃទី១៥ ខែកក្កដា ចេញមុខ តាមបណ្ដាញ សង្គម ហ្វេសប៊ុក (Faccebook) បកស្រាយ ពីព័ត៌មាន ដែលថា លោក បានទៅ សម្រាក ព្យាបាល ជំងឺ នៅបរទេស។ លោក ហ៊ុន សែន បញ្ជាក់ នៅពេលនេះ ថា, ព័ត៌មាន ទាំងនេះ ជាពាក្យ ចចាមអារ៉ាម, ហើយ ថា, លោក កំពុង ឋិតនៅរាជធានី ភ្នំពេញ។អង្គុយ និយាយ ចេញពីក្នុង រថយន្ត ក្នុងទឹកមុខ ហាក់ស្រស់ស្រាយ ជាងរូបថត ដែលលោក បានបង្ហោះ កាលពីពេល ថ្មីៗនេះ ក្នុងពេល ដែលមាន ព័ត៌មាន លេចឮ ថា, លោក កំពុង សម្រាក ព្យាបាល ជំងឺ នៅបរទេសនោះ, លោក ហ៊ុន សែន អះអាង ថា, ពេលនេះ លោក កំពុង ជិះរថយន្ត សង្កេតមើល រាជធានី ភ្នំពេញ។
ថ្លែងក្នុង វីដេអូឃ្លិប រយៈពេល ជិត ២នាទី នៅថ្ងៃ ទី១៥ កក្កដា, លោក ហ៊ុន សែន ថា, ប្រសិនជា នាយករដ្ឋមន្ត្រី បាត់ខ្លួន ឬបាត់បង់តំណែង ជាស្ថាពរ ដូចដែល ព័ត៌មាន ឬពាក្យលេចឮ នោះ ប្រទេស កម្ពុជា នឹងក្លាយ ជាច្របូកច្របល់ យ៉ាងពិតប្រាកដ៖ «ដូច្នេះ ពាក្យ ចចាមអារ៉ាម ដ៏អាក្រក់នេះ គួរតែ ត្រូវ បានបំបាត់ចោល តាមរយៈ ឃ្លិបវីដេអូ របស់ខ្ញុំ ដែលកំពុង តែ ផ្សាយចេញ ពីលើផ្លូវ ខ្ញុំ ធ្វើដំណើរ របៀបធម្មតា, ហើយ កំពុងតែ ស្ទះចរាចរណ៍ ដូចគេ ដូចឯង។ ដូច្នេះ សូម បងប្អូន មេត្តា ពិនិត្យមើល អ្នកដែលបំផុសនេះ , តើ គេ មានចេតនា អ្វី ពិតប្រាកដ?»
ការចេញមុខ បកស្រាយ របស់លោក ហ៊ុន សែន នៅពេលនេះ បន្ទាប់ ពីលោក បានបាត់មុខ ថ្លែងសារ ជាសំឡេង ចំនួន ២សប្ដាហ៍។ ការបាត់មុខ របស់លោក ក៏ស្របពេល ដែលគណៈរដ្ឋមន្ត្រី បានលើក កិច្ចប្រជុំ ពេញអង្គ ចំនួន ២ សប្ដាហ៍ ជាប់ៗគ្នា គឺ នៅថ្ងៃ ទី៧ និងទី១៤ ខែកក្កដា ទៅធ្វើ នៅពេល ក្រោយវិញ។ ក្នុងពេល ជាមួយគ្នា លោក ហ៊ុន សែន ក៏បាន អវត្តមាន នៅក្នុង កិច្ចប្រជុំ ពេញអង្គ រដ្ឋសភា កាលពីថ្ងៃ ទី១០ កក្កដា ដើម្បី ពិភាក្សា អនុម័ត ការកែប្រែ ច្បាប់ គណបក្ស នយោបាយ ដែលឈានដល់ ការដកហូត សិទ្ធិទណ្ឌិត មិនឲ្យ លូកលាន់ ជាមួយ គណបក្ស នយោបាយ ក្រោយ ពីមានបញ្ជា របស់លោក ហ៊ុន សែន ដែលជាការ កែប្រែ ច្បាប់ ដែលគេ មើលឃើញ ថា មានគោលដៅ ប្រឆាំង ទៅនឹងលោក សម រង្ស៊ី អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ។
អវត្តមានរបស់លោក ហ៊ុន សែន មិនបានចេញមុខថ្លែងសារជាសំឡេងក្នុងរយៈពេល ២សប្ដាហ៍នេះ ក៏ស្របពេលដែលមានព័ត៌មានលេខឮថា លោកបានទៅសម្រាកព្យាបាលជំងឺនៅបរទេស។
ក្នុងពេលជាមួយគ្នា ប្រភពច្បាស់ការគួរឲ្យទុកចិត្តបានមួយសុំមិនបញ្ចេញឈ្មោះបានឲ្យអាស៊ីសេរី ដឹងថា លោក ហ៊ុន សែន បានទៅសម្រាកព្យាបាលរបួសនៅក្រៅប្រទេស។ ប្រភពដដែលឲ្យដឹងថា ក្នុងពេលលេងល្បែងវាយកូនគោល កាលពីពេលកន្លងទៅនេះ លោក ហ៊ុន សែន បានដួលរបួសត្រង់ឆ្អឹងត្រគាក រួចបានចេញទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យនៅក្រៅប្រទេស។ ប្រភពដដែលនេះបន្តថា គ្រូពេទ្យតម្រូវឲ្យលោក ហ៊ុន សែន នៅសម្រាកព្យាបាលរបួសរហូតដល់រយៈពេល ១ខែ។
ហាក់ជាការឆ្លើយតបទៅនឹងព័ត៌មានទាំងអស់នេះ លោក ហ៊ុន សែន កាលពីថ្ងៃទី១០ កក្កដា បានបង្ហោះរូបថតមួយចំនួនម្ដងរួចហើយជាមួយភរិយា កូន ចៅ និងអ្នកហែហមលោកដែលហាក់មានចេតនាបង្ហាញថា មិនមានរឿងអ្វីកើតឡើងចំពោះលោកដូចព័ត៌មានលេចឮឡើយ។ អមជាមួយរូបថតទាំងនោះ លោក ហ៊ុន សែន បានសរសេរសារថា «នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក។»
ទោះជាយ៉ាងណា រូបថតដែលលោកនាយករដ្ឋមន្ត្រីបង្ហោះកាលពីថ្ងៃទី១០ កក្កដា នោះ ហាក់មិនបង្ហាញស្ថានភាពស្វាហាប់របស់លោកប៉ុន្មានទេ។ មើលទៅលោកហាក់មានសភាពអស់កម្លាំងខុសធម្មតា ហើយឃើញហាក់ដូចជាមានបង់ព្យាបាលជំងឺរុំជុំវិញចង្កេះលោកថែមទៀតផង៕
The YUON's CPP rank and file, doctors, lawyers, business communities big and small and the Cambodian youth will discreetly abandon Hun Sen on this 2018 election for the CNRP with or without Kem Sokha and Sam raingsy. And there is nothing HUN SEN can do about it. They will take HUN SEN's money to discreetly vote for the CNRP... Bravo the Khmer people [without Hun Sen]!!!
ReplyDelete