Paris Peace Accords 23 Oct. 1991

Sunday, July 23, 2017

ព្រះមហាក្សត្រ​ យាង​ទៅ ​ចិន​ ខណៈ ​វិសោធនកម្ម​ ច្បាប់ ​បក្ស​នយោបាយ ​ថ្មី​ គ្រោង​បញ្ជូន​ ទៅ​វាំង | King leaves for China at time newly amended law on political parties to be sent to palace

ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​នរោត្តម មុនីនាថ សីហនុ ជួប​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​សិស្សានុសិស្ស​នៅ​ស្ថានីយ​រថភ្លើង​កំពង់សោម ឬ​ស្ថានីយ​រថភ្លើង​ខេត្ត​ព្រះសីហនុ ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea
ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​នរោត្តម មុនីនាថ សីហនុ ជួប​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​សិស្សានុសិស្ស​នៅ​ស្ថានីយ​រថភ្លើង​កំពង់សោម ឬ​ស្ថានីយ​រថភ្លើង​ខេត្ត​ព្រះសីហនុ ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ព្រះមហាក្សត្រ​ យាង​ទៅ ​ចិន​ ខណៈ ​វិសោធនកម្ម​ ច្បាប់ ​បក្ស​នយោបាយ ​ថ្មី​ គ្រោង​បញ្ជូន​ ទៅ​វាំង

RFA / វិទ្យុ អាស៊ី សេរី | ២៣ កក្កដា ២០១៧

 
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ នរោត្តម មុនីនាថ សីហនុ នៅ​ព្រឹក ​ថ្ងៃ​ទី​២៣ កក្កដា យាង​ទៅ ​ពិនិត្យ​ ព្រះរាជ​សុខភាព ​នៅ​ទីក្រុង​ ប៉េកាំង នៃ​សាធារណរដ្ឋ​ ប្រជាមានិត​ ចិន។  អ្នក​តាមដាន ​ស្ថានការណ៍​ នយោបាយ​ យល់​ឃើញ​ ថា, ព្រះរាជ​ដំណើរ​ របស់ ​ព្រះអង្គ​នៅ​ពេល​នេះ អាច​មាន ​ហេតុផល ​នយោបាយ ច្រើន​ជាង​ ការ​ពិនិត្យ​ ព្រះរាជ​សុខភាព។

នេះ​ គឺ​ជា​លើក​ ទី​ពីរ​ហើយ​ ដែល​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ សព្វ​ព្រះរាជ​ហឫទ័យ​ យាង​ទៅ​ ពិនិត្យ ​ព្រះរាជ​សុខភាព​ នៅ​ក្រៅ​ប្រទេស ស្រប​ពេល​ ដែល​ស្ថានការណ៍ ​នយោបាយ ​កម្ពុជា កំពុង​ ស្ថិត​ក្នុង​ភាព​ ចម្រូងចម្រាស ជុំវិញ​រឿង​ វិសោធនកម្ម​ ច្បាប់ ​គណបក្ស​ នយោបាយ​ថ្មី ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា​ ទើប​ អនុម័ត និង​ពិនិត្យ​ចប់​ សព្វគ្រប់ ​តាម​ការ​ ចង់​បាន ​របស់​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន


អ្នក​តាមដាន​ ស្ថានការណ៍​ នយោបាយ​ យល់​ឃើញ​ ថា, ការ​យាង​ចេញ​ ទៅ​ក្រៅ ​ប្រទេស ​របស់​ អង្គ​ព្រះមហាក្សត្រ​ នៅ​ពេល​នេះ អាច​ដោយសារ​ ទ្រង់​ មិន​ សព្វ​ព្រះរាជ​ហឫទ័យ និង​មិន ​ចង់​ឡាយ​ព្រះហស្តលេខា​ ដាក់​ឲ្យ ​ប្រើ​ច្បាប់​ថ្មី ដែល​មជ្ឈដ្ឋាន​នានា ​ចាត់​ទុក​ ថា​ជា​ច្បាប់​ មិន​ បម្រើ​ ផល​ប្រយោជន៍​ ជាតិ តែ​ បម្រើ​ ផល​ប្រយោជន៍​ប ក្ស​កាន់​អំណាច។

អតីត​ ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង យល់​ឃើញ​ថា ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ អាច​ដោយសារ​ទ្រង់​ស្មុគស្មាញ​ក្នុង​ព្រះ​ហឫទ័យ​ជុំវិញ​ការ​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ថ្មី ដែល​គ្រោង​នឹង​បញ្ជូន​មក​ស្ថាប័ន​ព្រះមហាក្សត្រ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៖ «ខ្ញុំ​ថា​មិន​មែន​រឿង​សុខភាព លោក​ឈឺ​អី​ញយៗ​ម្ល៉េះ! សូម​ជម្រាប​ជូន​បង​ប្អូន​ថា ព្រះបាទ សីហមុនី មិន​ងាយ​ឈឺ​ទេ។ លោក​សោយ​ប្រយ័ត្នប្រយែង​ណាស់។ លោក​កាន់​សីល​ទៅ​ទៀត។ អត់​ទេ! មិន​មែន​ជា​រឿង​ចៃដន្យ​ទេ។ និយាយ​ឲ្យ​ខ្លី​ទៅ ខ្ញុំ​មើល​ឃើញ​ថា លោក​មិន​ចង់​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ថ្មី​ហ្នឹង។ ប្រហែល​ជា​ស្មុគស្មាញ​ពេក ទើប​ព្រះអង្គ​យាង​ចេញ​ទៅ ទុក​ឲ្យ​លោក សាយ ឈុំ ចុះ​ហត្ថលេខា​វិញ»


ចំណែក​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី វិញ​គិត​ថា ការ​យាង​ចេញ​ទៅ​ប្រទេស​ចិន របស់​អង្គ​ព្រះមហាក្សត្រ​នៅ​គ្រា​នេះ អាច​ដោយសារ​ទ្រង់​មិន​សព្វ​ព្រះរាជ​ហឫទ័យ ច្រើន​ជាង​ការ​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព។ លោក​សង្កេត​ឃើញ​ថា នេះ​អាច​ជា​ទម្លាប់​របស់​ព្រះមហាក្សត្រ ព្រោះ​សូម្បី​តែ​បិតា​របស់​ទ្រង់ គឺ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ក៏​ព្រះអង្គ​តែង​យាង​ចេញ​ទៅ​បរទេស​ដែរ នៅ​ពេល​ទ្រង់​មិន​សព្វ​ព្រះរាជ​ហឫទ័យ​ចំពោះ​រាជកិច្ច​ណា​ដែល​ទ្រង់​ព្រះ​តម្រិះ​ថា ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ៖ «នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រព័ន្ធ​តុលាការ​មិន​មាន​ឯករាជ្យ ច្បាប់​ហ្នឹង​អាច​នឹង​នាំ​ទៅ​រក​ការ​បាក់​បែក ឬ​ឈាន​ទៅ​ដល់​ការ​បាត់បង់​ការ​ឯកភាព​ជាតិ​ទៅ​ថ្ងៃ​ខាង​មុខ។ បើ​សិន​ជា​ច្បាប់​នេះ​ប៉ះពាល់​ដល់​ឯកភាព​ជាតិ​មែន ហើយ​ព្រះអង្គ​មិន​ឡាយ​ព្រះហស្តលេខា នោះ​មាន​ន័យ​ថា ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី​របស់​ទ្រង់​ហើយ»

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយខុទ្ទកាល័យ​ព្រះមហាក្សត្រ លោក អ៊ំ ដារ៉ាវុធ បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ កក្កដា ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​ដំណើរ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​អង្គ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ​នៅ​ប្រទេស​ចិន នា​ពេល​នេះ។

កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា កន្លង​ទៅ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្វាយ​លិខិត​មួយ​ច្បាប់​ទៅ​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ដើម្បី​សុំ​កុំ​ឲ្យ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ទើប​ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធសភា​ប្រជុំ​អនុម័ត និង​ពិនិត្យ​ចប់​សព្វគ្រប់​កាល​ពី​ពេល​ថ្មីៗ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​សេចក្តី​ស្នើ​ច្បាប់​ថ្មី​នេះ ថា​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ធ្វើ​ឲ្យ​ជាតិ​បែកបាក់ ព្រម​ទាំង​មាន​ចរិត​នយោបាយ​គាប​សង្កត់​លើ​សិទ្ធិ​បុគ្គល និង​គណបក្ស​នយោបាយ ដែល​អាច​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​មិន​សេរី និង​មិន​យុត្តិធម៌ ហើយ​ជាពិសេស​វា​ដើរ​ផ្ទុយ​នឹង​ព្រះរាជ​បំណង​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ ទៀត​ផង ដែល​ព្រះអង្គ​ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ និង​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ។

ការ​យាង​ចេញ​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ ស្រប​ពេល​ស្ថានការណ៍​នយោបាយ​តានតឹង​នេះ បាន​កើត​ឡើង​ម្តង​រួច​មក​ហើយ​កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ។

សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​លើក​ទី​មួយ ដែល​ចែង​មិន​ឲ្យ​ទណ្ឌិត​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​បាន​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា​ជា​ច្បាប់​សំដៅ​រឹត​បន្តឹង​គណបក្ស​ប្រឆាំង និង​ប៉ះពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ក៏ប៉ុន្តែ​វា​ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ឯកភាព​លើ​ខ្លឹមសារ​ទាំងស្រុង​ដោយ​គ្មាន​ការ​កែប្រែ។ តាម​គម្រោង​នៅ​ពេល​នោះ ច្បាប់​នេះ​នឹង​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ព្រះអង្គ​ឡាយ​ព្រះហស្តលេខា ក៏ប៉ុន្តែ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ បាន​យាង​ចេញ​ទៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ដដែល​នោះ ដើម្បី​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព។

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ បាន​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​ក្នុង​នាម​លោក​ជា​ប្រមុខ​រដ្ឋ​ស្តីទី ជំនួស​ព្រះមហាក្សត្រ​ពេល​ទ្រង់​អវត្តមាន។

បច្ចុប្បន្ន​នេះ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ ដែល​រារាំង​ទណ្ឌិត​មិន​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​នោះ កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុមប្រឹក្សាធម្មនុញ្ញ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា រដ្ឋសភា​កំពុង​រង់ចាំ​ការ​ពិនិត្យ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ រួច​នឹង​បញ្ជូន​ទៅ​ស្ថាប័ន​ព្រះមហាក្សត្រ​ភ្លាមៗ​តែ​ម្តង ដោយសារ​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ជា​ការ​ប្រញាប់។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន វិញ​បញ្ជាក់​ថា ទោះ​បី​ជា​មិន​មាន​វត្តមាន​របស់​ព្រះមហាក្សត្រ​ក៏ដោយ ក៏​ច្បាប់​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​រវាង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដែរ បន្ទាប់​ពី​ប្រមុខ​រដ្ឋ​ស្តីទី គឺ​លោក សាយ ឈុំ ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ៕





2 comments:

  1. Anonymous2:49 AM

    If the people form a human barricade, a sea of bodies to protect the palace, the King would stay and refuse to sign certain laws he deems unfit.

    Unfortunately, people are stupid and listen to the dirty Kem Sokha instead.

    ReplyDelete
    Replies
    1. Anonymous9:55 AM

      YUON propagandist/troller spamming on T2P. Ignore/Skip!

      Delete