Paris Peace Accords 23 Oct. 1991

Monday, August 14, 2017

[Vietnamization: Indochina, Military, Border, Elections] យោធា ​កម្ពុជា​ នឹង​ពង្រឹង​ កម្លាំង​ ឈរ​ជើង ​នៅ​តាម​ព្រំដែន​ បន្ទាប់​ ពី​ឡាវ​ ដក​កង​ទ័ព | Cambodian military to strengthen foot soldiers along border after Laos withdrew its troops

អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ នាយ​ឧត្ដមសេនីយ៍ គន់ គីម (កាន់​រថក្រោះ) ពេល​ដឹកនាំ​កងទ័ព​ពី​តំបន់​ព្រំដែន​ទៅ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។
អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ នាយ​ឧត្ដមសេនីយ៍ គន់ គីម (កាន់​រថក្រោះ) ពេល​ដឹកនាំ​កងទ័ព​ពី​តំបន់​ព្រំដែន​ទៅ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។

យោធា ​កម្ពុជា​ នឹង​ពង្រឹង​ កម្លាំង​ ឈរ​ជើង ​នៅ​តាម​ព្រំដែន​ បន្ទាប់​ ពី​ឡាវ​ ដក​កង​ទ័ព

RFA / វិទ្យុ អាស៊ី សេរី | ១៣ សីហា ២០១៧


មន្ត្រី​យោធា​ ជាន់​ខ្ពស់ ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ ថា, យោធា​ កម្ពុជា នឹង​ពង្រឹង​កម្លាំង​ ឈរ​ជើង ​នៅ​តាម​ព្រំដែន ​ឲ្យ​រឹងមាំ ក្រោយ​ ពី​ទាហាន​ ឡាវ បាន​ដក​ទ័ព ​ចេញ​ពី​ទឹកដី​ កម្ពុជា ក្នុង​បំណង​ ពង្រឹង​ សន្តិសុខ​ ព្រំដែន និង​ការពារ​ អធិបតេយ្យភាព​ កម្ពុជា។  ចំណែក​ មន្ត្រី​សង្គម​ស៊ីវិល ​ចង់​ឃើញ ​រដ្ឋាភិបាល ​អភិវឌ្ឍ ​ទីផ្សារ, អគ្គិសនី, សាលារៀន, គោល​នយោបាយ​ ផ្តល់​ដី​ សម្បទាន ​សង្គមកិច្ច ប្រែ​ក្លាយ​ តំបន់​ ព្រំដែន​ ជា​ច្រក​ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ក៏​ជា​សាក្សី​ ដ៏​សំខាន់​ ក្នុង​ការ​ គាំពារ​ អធិបតេយ្យ​ របស់​ កម្ពុជា ដែរ។


ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​សន្យា​របស់​ប្រមុខ​រដ្ឋ​ឡាវ នៅ​ចំពោះ​មុខ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដែល​បញ្ជាក់​ថា ភាគី​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ពន្លឿន​ដោះស្រាយ​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់ និង​ដាក់​ទិសដៅ​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​មិត្តភាព សន្តិភាព និង​ការ​អភិវឌ្ឍ ក៏ប៉ុន្តែ​ភាគី​ឡាវ នៅ​តែ​បន្ត​បញ្ជូន​កម្លាំង​ឈរ​ជើង​រំលោភ​អធិបតេយ្យភាព​កម្ពុជា តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១១ សីហា។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​បារម្ភ​ចំពោះ​ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឡាវ កាល​ពី​ពេល​ថ្មីៗ​នេះ ថា​នឹង​ដក​ទ័ព​ចេញ​ពី​ទឹកដី​របស់​កម្ពុជា ឲ្យ​អស់​មុន ​ថ្ងៃ​ទី​១៤ សីហា។

ប្រធាន ​អង្គការ​ សម្ព័ន្ធ​គណនេយ្យភាព​ សង្គម​ កម្ពុជា (ANSA) លោក សន ជ័យ ចង់​ឃើញ​យោធា​កម្ពុជា បង្កើត​ប្រព័ន្ធ​តាមដាន​ពី​ការ​ដក​ទ័ព​របស់​រដ្ឋាភិបាល​ឡាវ ចេញ​ពី​ទឹកដី​របស់​កម្ពុជា ឲ្យ​ច្បាស់លាស់ ដើម្បី​ធានា​ថា ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឡាវ ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) ជា​ការ​ពិត ឬ​យ៉ាង​ណា? ព្រោះ​ថា​កន្លង​ទៅ ប្រមុខ​រដ្ឋ​ឡាវ ធ្លាប់​សន្យា​ថា​នឹង​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ជា​តំបន់​មិត្តភាព និង​ការ​អភិវឌ្ឍ ក៏ប៉ុន្តែ​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ទេ។ លោក​ផ្តល់​មតិ​ថា ប្រសិន​បើ​ការ​អភិវឌ្ឍ​នៅ​តំបន់​ព្រំដែន​មាន​ទីលំនៅ​ពលរដ្ឋ ដី​ស្រែ​ចម្ការ ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញ​អគ្គិសនី និង​មធ្យោបាយ​នានា​ពាក់ព័ន្ធ​សេដ្ឋកិច្ច​ពលរដ្ឋ គឺ​ជា​របង​ការពារ​ទឹកដី​ដ៏​រឹងមាំ​ដែរ៖ «នៅ​ពេល​ជំនួប​ភាគី​ឡាវ រវាង​សម្ដេច ហេង សំរិន នា​ពេល​កន្លង​មក​ក៏​មាន​ការ​សន្យា​ចឹង​ដែរ គឺ​សន្យា​ថា​ដក​ទ័ព​ដែរ ប៉ុន្តែ​ពេល​នោះ​ទាហាន​ខ្មែរ​រាយការណ៍​ថា​បាន​បញ្ជូន​មក​កាន់​តែ​ច្រើន ហើយ​នៅ​ពេល​សុំ​បំភ្លឺ​ពី​ក្រសួង​ការពារ​ជាតិ ថា​ព័ត៌មាន​មិន​ពិត ជាដើម។ ចាំបាច់​ត្រូវ​តែ​មាន​ប្រព័ន្ធ​ទៅ​លើ​ការ​សម្រេច​ចិត្ត​ថា ដក​ទ័ព​របស់​ភាគី​ឡាវ ចេញ​ពី​កម្ពុជា»
កងទ័ព​ព្រំដែន​ឡាវ ២០១៧ ១៤៤០
កងទ័ព​ត្រឡប់​ពី​តំបន់​ព្រំដែន​កម្ពុជា-ឡាវ នៅ​ចំណុច​អូរ​អាឡៃ និង​អូរ​តាង៉ាវ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr
 
អាជ្ញាធរ​ឡាវ បាន​បញ្ជូន​កង​កម្លាំង​យោធា​ប្រដាប់​ដោយ​អាវុធ​មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាង៉ាវ និង​អូរ​អាឡៃ នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១១ សីហា ដោយ​លើក​ហេតុផល​ថា តំបន់​នោះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ​ដើម្បី​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។ មន្ត្រី​យោធា​ព្រំដែន​បញ្ជាក់​ថា កងទ័ព​ឡាវ បាន​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​តំបន់​នោះ​មាន​ទំហំ​ប្រហែល​ជាង ៥​ម៉ឺន​ហិកតារ នៅ​ចំណុច​អូរ​តាង៉ាវ និង​អូរ​អាឡៃ នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល​ទើប​តែ​ត្រឡប់​ពី​ព្រំដែន​កម្ពុជា-ឡាវ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ សីហា ថា កម្ពុជា បាន​ចុះ​វាយ​តម្លៃ​លើ​ស្ថានភាព​ជាក់ស្តែង​នៅ​តំបន់​វិវាទ​នោះ​រួច​រាល់​ហើយ បន្ទាប់​ពី​ឡាវ បាន​ដក​កងទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា ទាំងស្រុង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ សីហា។

លោក ផៃ ស៊ីផាន បន្ត​ថា ការ​ចុះ​វាយ​តម្លៃ​នេះ ផ្ដោត​សំខាន់​ការ​អភិវឌ្ឍ​ផ្លូវ​ក្រវាត់​ព្រំដែន​ដែល​ផ្តល់​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​បញ្ជូន​កម្លាំង​យោធា​កម្ពុជា ឲ្យ​ឈរ​ជើង​តាម​ព្រំដែន គឺ​ជា​ប្រភព​សេដ្ឋកិច្ច ហើយ​ពួក​គេ​នឹង​ទទួល​បាន​លំនៅឋាន ស្រែ​ចម្ការ​នៅ​តំបន់​នោះ ឬ​ហៅ​ថា​អភិវឌ្ឍ​យោធិន​នៅ​តាម​ព្រំដែន ដែល​កន្លង​ទៅ រដ្ឋាភិបាល​ធ្លាប់​អភិវឌ្ឍ​ទទួល​បាន​ជោគជ័យ។ លើស​ពី​នេះ យោធា​កម្ពុជា រក​ឃើញ​លេណដ្ឋាន​ចំនួន ៣៣​កន្លែង ដែល​យោធា​ឡាវ ជីក​ក្នុង​ទឹកដី​កម្ពុជា គឺ​ជា​ភស្តុតាង​បញ្ជាក់​បន្ថែម​ពី​ការ​ឈ្លានពាន​របស់​ភាគី​ឡាវ៖ «គោល​នយោបាយ​ការពារ​ទឹកដី គឺ​យើង​មាន​រួច​ហើយ។ ទី​១ យើង​មាន​ផ្លូវ​ថ្នល់​ក្នុង​ការ​ការពារ​ខ្សែ​ក្រវាត់​ការពារ​ព្រំដែន នេះ​ជា​អាទិភាព។ បន្ទាប់​មក​ទៀត គឺ​យើង​អភិវឌ្ឍ​យោធិន ដែល​គាត់​ប្រចាំ​ការ​នៅ​កន្លែង​ហ្នឹង។ គាត់​មាន​ភូមិ​គាត់​នៅ​កន្លែង​ហ្នឹង។ ចំណុច​ទី​៣ គឺ​យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​ខ្សែ​បន្ទាត់​ខណ្ឌ​សីមា​លើ​ធរណី​ជាក់ស្តែង​ច្បាស់លាស់ តាម​រយៈ​ការ​ស្វែងរក​ឯកភាព​គ្នា​លើ​បង្គោល​ព្រំដែន»


កាល​ពី​ឆ្នាំ​២០១៥ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កសាង​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​ឡាវ មាន​ប្រវែង ២៥៧​គីឡូម៉ែត្រ​ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ខែត្រ​ស្ទឹងត្រែង រហូត​ដល់​ខែត្រ​រតនគិរី។ មក​ទល់​ពេល​នេះ កសាង​សម្រេច​បាន​ជាង ១៦៧​គីឡូម៉ែត្រ។

មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ កង​កម្លាំង​យោធា​កម្ពុជា បាន​ចូល​គ្រប់គ្រង​ចំណុច​សំខាន់ៗ​ទាំងស្រុង ដែល​ឡាវ ធ្លាប់​គ្រប់គ្រង​កន្លង​ទៅ ហើយ​យោធា​កម្ពុជា នឹង​ពង្រឹង​កម្លាំង​ឈរ​ជើង​ឲ្យ​រឹងមាំ​នៅ​តាម​ព្រំដែន ធ្វើ​យ៉ាង​ណា​សម្រួល​ការ​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​ឲ្យ​បាន​ជោគជ័យ។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ កង​កម្លាំង​វិស្វកម្ម​កម្ពុជា ផ្អាក​ការ​ស្ថាបនា​ផ្លូវ​បណ្ដោះអាសន្ន ដោយសារ​កត្តា​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន។ ហេតុ​នេះ​ត្រូវ​រង់ចាំ​ដល់​រដូវ​ប្រាំង ទើប​អាច​កសាង​បាន៖ «យើង​រឹងមាំ យើង​ធ្វើ​តទៅទៀត រដូវ​ប្រាំង​យើង​រុញ​គ្រឿងចក្រ​ចូល​ទៅ​ធ្វើ​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល។ កងទ័ព​គេ​ធ្វើ​ការ​ការពារ​បែប​កងទ័ព ដូចជា​ផ្លូវ​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល។ ចែក​ព្រំប្រទល់​រវាង​យើង និង​ឡាវ គឺ​ទន្លេ​សេកុង ហ្នឹង​ហើយ។ ទន្លេ​ប៉ុណ្ណឹង​គាត់​ជិះ​ទូក​យក​ដី​យើង»

ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ដែល​នៅ​សេសសល់​មិន​ទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខែត្រ​ព្រះវិហារ និង​ខែត្រ​ស្ទឹងត្រែង៕


1 comment:

  1. Anonymous9:50 AM

    LOL, the Cambodian armors have such small guns. They are good enough to scare the civilians, and maybe the Laotian army but not Vietnam nor Thailand.

    ReplyDelete