រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ថ្លែងនៅឯក្រសួងការបរទេស រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ RFA |
លោក ប្រាក់ សុខុន ថ្លែងបដិសេធ ការចោទ របស់ សហគមន៍ អន្តរជាតិ ក្នុងមហាសន្និបាត អ.ស.ប.
RFA / វិទ្យុ អាស៊ី សេរី | ២៤ កញ្ញា ២០១៧
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួង ការបរទេស ថ្លែងក្នុង មហាសន្និបាត អង្គការ សហប្រជាជាតិ លើកទី៧២ នៅក្រុង ញូវយ៉ក សហរដ្ឋ អាមេរិក កាលពីថ្ងៃសុក្រ ទី២៣ ដោយបដិសេធ ការចោទប្រកាន់ របស់ សហគមន៍ អន្តរជាតិ ថា កម្ពុជា កំពុង ដើរថយក្រោយ ពីលទ្ធិប្រជាធិបតេយ្យ, ហើយ លោក ចោទសួរវិញ ថា, តើ ប្រទេសណា ក្នុងពិភពលោកនេះ មិនចាត់ វិធានការ ប្រឆាំង នឹងការញុះញង់ ឲ្យមាន ការរើសអើង ពូជសាសន៍ ការបោះពុម្ព ផែនទី ក្លែងក្លាយ និងក្បត់ជាតិ?
លោក ប្រាក់ សុខុន ក៏ចោទប្រកាន់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដោយមិនបញ្ចេញឈ្មោះថា ជាវិទ្យាស្ថានលំអៀងទៅរកគណបក្សប្រឆាំងនៅកម្ពុជា ដោយផ្ដល់ការបណ្ដុះបណ្ដាលនយោបាយដល់គណបក្សប្រឆាំងដោយសម្ងាត់ដែលផ្ទុយទៅនឹងច្បាប់របស់កម្ពុជា។
លោក ប្រាក់ សុខុន ក៏ចោទប្រកាន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា រិះគន់តែរដ្ឋាភិបាល មិនបានរិះគន់បក្សប្រឆាំងដែលតែងតែបង្កការរើសអើង។ ចំពោះករណីចោទប្រកាន់លោក កឹម សុខា ករណីក្បត់ជាតិវិញ លោក ប្រាក់ សុខុន លើកឡើងដោយមិនបានបញ្ចេញឈ្មោះមេបក្សប្រឆាំងថា ការប្រព្រឹត្តអំពើក្បត់ជាតិ ធ្វើឡើងដោយមានការគាំទ្រពីប្រទេសមហាអំណាចដែលបណ្ដាលឲ្យកម្ពុជា រងគ្រោះ។ លោកលើកឡើងថា កម្ពុជាធ្លាប់រងគ្រោះធ្លាក់ខ្លួនក្នុងសង្គ្រាមដោយសារតែមានបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លោកសង្កត់ធ្ងន់ថា កម្ពុជាទទួលបានសន្តិភាពក្រោយការដឹកនាំដ៏វៃឆ្លាតរបស់លោក ហ៊ុន សែន ចាប់ពីឆ្នាំ១៩៩៨។
កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ពលរដ្ឋខ្មែរ-អាមេរិកាំង និងកាណាដា ជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ នៅពេលលោក ប្រាក់ សុខុន អានសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត និងជំរុញឲ្យមានការគោរពលទ្ធិប្រជាធិបតេយ្យពេញលេញ៕
No comments:
Post a Comment